អានតួអត្ថបទ
ស្រីលង្កា

វិបត្តិនយោបាយ​ស្រីលង្កា៖ តុលាការ​កំពូល​បើកផ្លូវ​ឲ្យ​សភា​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី

តុលាការ​កំពូល​ស្រីលង្កា នៅថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ធ្នូ បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ ចោទប្រកាន់​ប្រធានាធិបតី​Maithripala Sirisena​ថា បាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ បន្ទាប់ពី​លោក​បាន​ប្រកាស​រំលាយ​សភា កាល​ពី​ខែ​វិច្ឆិកា។ ការសម្រេច​យ៉ាងដូច្នេះ​របស់​តុលាការ​កំពូល​កំពុង​បើកផ្លូវ​ឲ្យ​សភា​ស្រីលង្កា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​របស់​អតីតសម្ព័ន្ធមិត្ត​របស់​បក្សកាន់អំណាច ឈាន​ទៅ​បោះឆ្នោត​ទម្លាក់​លោក Sirisena ពី​តំណែង​ប្រធានាធិបតី។ 

ប្រធានាធិបតីស្រីលង្កា លោក​​Maithripala Sirisena​ និយាយ​នៅ​វិមាន​ប្រធានាធិបតី​នៅថ្ងៃទី ២៥​វិច្ឆិកា ២០១៨
ប្រធានាធិបតីស្រីលង្កា លោក​​Maithripala Sirisena​ និយាយ​នៅ​វិមាន​ប្រធានាធិបតី​នៅថ្ងៃទី ២៥​វិច្ឆិកា ២០១៨ ©REUTERS/Dinuka Liyanawatte/File Photo
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការសម្រេច​ជា​ឯកច្ឆ័ន្ទ​របស់​ចៅក្រម​ទាំង៧​រូប តុលាការ​កំពូល​ស្រីលង្កា​បាន​សម្រេច​ថា លោក​ប្រធានាធិបតី​ Sirisena​បាន​បំពាន​រដ្ឋធម្មនុញ្ញ នៅពេល​លោក​ប្រកាស​រំលាយ​សភា និង​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត មុនកាលកំណត់។ ជាការពិត រដ្ឋធម្មនុញ្ញ​ស្រីលង្កា​បាន​ចែងយ៉ាងច្បាស់​ថា គេ​មិនអាច​រំលាយ​សភា បានទេ ដរាប​សភា មិនទាន់​ធ្វើការ​គ្រប់ ៤ឆ្នាំ យ៉ាងតិច។ ប៉ុន្តែ នៅ​ថ្ងៃ​ទី ៩​វិច្ឆិកា លោក​ប្រធានាធិបតី​ Sirisena បាន​ប្រកាស​រំលាយ​សភាស្រីលង្កា​ដែល​ទើប​ធ្វើការ​បាន​៣ឆ្នាំ ក្នុង​អាណត្តិ​៥ឆ្នាំ​របស់ខ្លួន ដោយសារ​តែ​សភា​មិន​ព្រម​បោះឆ្នោត គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្រ្តី​ថ្មី ដែល​ស្នើ​ឡើង​ប្រធានាធិបតី។

សម្រាប់​ប្រធាន​ចៅក្រម​តុលាការ​កំពូល ក្រឹត្យ​ប្រធានាធិបតី​ដើម្បី​រំលាយ​សភា ខុសច្បាប់ និង​មិនអាច​ជាធរមាន​បានទេ។ នៅមុន​ការសម្រេច​របស់​ចៅក្រម​តុលាការ​កំពូល លោក​ប្រធានាធិបតី ត្រូវ​បាន​គណបក្ស​របស់​អតីត​នាយករដ្ឋមន្រ្តី ដែល​គ្រប់គ្រង​សភា ចោទប្រកាន់​ម្តងហើយថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ ដោយ​បាន​ដកហូត​តំណែង​នាយករដ្ឋមន្រ្តី​ពី​លោក Wickremeshinghe។ រដ្ឋធម្មនុញ្ញស្រីលង្កា ដែលត្រូវបាន​ធ្វើ​វិសោធនកម្ម កាលពីឆ្នាំ២០១៥ បានហាមឃាត់ លែងឲ្យ​ប្រធានាធិបតី អាចមាន​សិទ្ធិ​ដកហូត​តំណែង​នាយករដ្ឋមន្ត្រី បានដូចមុន​ទៀត គឺ មានតែសភា​មួយគត់ ដែលមានសិទ្ធិបោះឆ្នោត ដក ឬផ្តល់​សេចក្តីទុកចិត្ត​ដល់​នាយករដ្ឋមន្ត្រី។

នៅ​ថ្ងៃ​ពុធ សភា​ស្រីលង្កា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​របស់​អតីត​នាយករដ្ឋមន្រ្តី បាន​បោះឆ្នោត ទាមទារ​ឲ្យ​ប្រធានាធិបតី តែងតាំង​លោក Wickremeshinghe​ឲ្យធ្វើ​ជា​នាយករដ្ឋមន្រ្តី​ឡើងវិញ។ ប៉ុន្តែ ប្រធានាធិបតី​បាន​ឆ្លើយតប​ប្រឆាំង​ដាច់ខាត​មិនធ្វើតាម។ ការប្រជែង​អំណាច ដើម្បី ឈរឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី សម្រាប់​អាណត្តិ​ថ្មី អាច​ជា​ដើមហេតុ ដែល ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Sirisena​ដោះដៃ និង​ដកហូត​តំណែង​នាយករដ្ឋមន្រ្តី ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន។ នៅ​ថ្ងៃ​ព្រហស្បតិ៍ គណបក្ស​របស់​អតីត​នាយករដ្ឋមន្រ្តី​ស្រីលង្កា ដែល​ត្រូវ​ប្រធានាធិបតី Sirisena ដកហូត​តំណែង​បាន​និយាយ​ថា គេ​នឹង​រង់ចាំ សាលក្រម​របស់​តុលាការ​កំពូល ដើម្បី​អាច​បើក​និតិវិធី នៅ​រដ្ឋសភា បោះឆ្នោត ទម្លាក់​លោកប្រធានាធិបតី Sirisena។

តុលាការ​ក្រុង​កូឡុំបូ​វិញ នៅ​សប្តាហ៍នេះ បាន​សម្រេច​ផ្អាកព្យួរ​អំណាច​របស់​រដ្ឋាភិបាល​របស់​លោក​Rajapakse ដែលលោកប្រធានាធិបតី​ជ្រើសតាំង ជា​នាយករដ្ឋមន្រ្តី ថ្មី​របស់​ស្រីលង្កា។ ការជាប់គាំង​នយោបាយ​ជាង​៧សប្តាហ៍​នៅ​កោះស្រីលង្កា កំពុង​រុញច្រាន​ប្រទេស​មួយនេះ ឲ្យ​ទៅធ្លាក់​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច។ តាម​អតីត​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ស្រីលង្កា ដោយសារ​តែ​សភា​មិន​បោះឆ្នោត​គាំទ្រ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្រ្តី​ថ្មី ហើយ​និង​ច្បាប់​ថវិកា​សម្រាប់​២០១៩ នោះ រដ្ឋាភិបាល​ស្រីលង្កា​របស់​នាយករដ្ឋមន្រ្តី​មិន​ស្របច្បាប់ មិន​អាច​ចំណាយ​ថវិការដ្ឋ​សូម្បី មួយសេន ចាប់តាំង​ពី​ដើមខែ មករា​ឆ្នាំក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ