ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT

តើ​ចិន និង​កាណាដា កំពុង​លេង​ល្បែង​ចាប់​ចំណាប់ខ្មាំង?

តើ​ចិន និង​កាណាដា កំពុង​លេង​ល្បែង​ចាប់​ចំណាប់ខ្មាំង?
 
លោកស្រី​ម៉េង វ៉ាន់ចូវ កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន Huawei ត្រូវ​តុលាការ​កាណាដា ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន នៅថ្ងៃទី ១១​ធ្នូ ២០១៨ នៅមុន​ពេល​សម្រេច​ត្រូវ​ធ្វើ​បត្យាប័ន​ទៅ​អាមេរិក ©REUTERS/Lindsey Wasson

ជនជាតិ​កាណាដា​ទី២ ត្រូវ​បាន​ចាប់ខ្លួន ក្នុង​ប្រទេស​ចិន ក្នុង​បទចោទ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​ចិន។ តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​នៅថ្ងៃ​ព្រហស្បតិ៍​នេះ គេ​កំពុង​បើកការស៊ើបអង្កេត​ទៅលើ​ជនជាតិ​កាណាដា ទាំងពីររូប ដែល​គេ​សង្ស័យថា បាន​ធ្វើ​សកម្មភាព គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ចិន។

 ដំណឹង​ធ្លាក់​ជាបន្តបន្ទាប់ ស្តីពីការចាប់ខ្លួន​ជនជាតិ​កាណាដា ធ្វើឡើង​នៅក្រោយ​ដែល​តុលាការ​កាណាដា បាន​ចាប់ខ្លួន នៅ​ដើម​ខែធ្នូនេះ និងកំពុង​ពិចារណា​ធ្វើ​បត្យាប័ន អ្នកទទួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​Huawei ទៅតាម​ការទាមទារ​របស់​តុលាការ​អាមេរិកាំង។ ដោយ​ចាប់ខ្លួន​ជនជាតិ​កាណាដា ក្នុង​ទឹកដី​ខ្លួន តើ​ចិន​កំពុង ចង់​ដាក់សម្ពាធ សងសឹក នឹង​កាណាដា ដែល​បាន​ចាប់ខ្លួន មន្រ្តីជាន់ខ្ពស់​របស់​ក្រុមហ៊ុនHuawei?

 

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន នៅថ្ងៃ​ព្រហស្បតិ៍នេះ​បាន​បញ្ជាក់​ដំណឹង​ស្តីពីការចាប់ខ្លួន ជនជាតិ​កាណាដា ពីរ​រូប ក្នុង​ប្រទេស​ចិន ក្នុង​បទសង្ស័យថា បាន​ធ្វើ​សកម្មភាព​គំរាមកំហែង​”សន្តិសុខ​ជាតិ​ចិន”។

ធ្វើ​សកម្មភាព​គំរាមកំហែង​សន្តិសុខ​ជាតិ​ចិន គឺ​ជា​ហេតុផល​ដែល​អាជ្ញាធរ​ចិន​ប្រើ ជាទូទៅ ​ដើម្បី​ចាប់ខ្លួន​ជនបរទេស ជាពិសេស នៅក្នុង​សំណុំរឿង​ចារកម្ម។ នៅក្នុង​ករណី របស់​ជនជាតិ​កាណាដា ទាំងពីរ​រូប ដែល​អាជ្ញាធរ​ចិន​បាន​ចាប់ខ្លួន តាំង​ពី​ថ្ងៃចន្ទ ទី ១០​ធ្នូមកនេះ គេ​មិនទាន់​ដឹងថា តើ​ពួកគេ​ទាំងពីរ​រូប​ពិត​ជា​បាន​ធ្វើ​សកម្មភាព​យកការណ៍​សម្ងាត់ ដូចការ​ចោទប្រកាន់​នៅឡើយទេ។

អ្វី​ដែល​គេ​ដឹងរហូតមកដល់​ពេលនេះ គឺ​ថា ជនជាតិ​កាណាដា​ទី១ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន គឺ​ជាអតីត​មន្រ្តីទូត កាណាដា។ លោក​Michael Kovrig ធ្លាប់​បម្រើការ​នៅ​ស្ថានទូតកាណាដា ក្នុង​ទីក្រុង​ប៉េកាំង រហូត​ដល់​ឆ្នាំ ២០១៦។ នៅ​ថ្ងៃ​ចន្ទ លោក​ត្រូវ​បាន​ចាប់ខ្លួន នៅទីក្រុង​ប៉េកាំង នៅ​ក្នុងនាម​លោក​ជា​អ្នកជំនាញ បម្រើការ​ឲ្យ​ស្ថាប័ន​អន្តរជាតិ មួយ របស់​អឺរ៉ុប ឈ្មោះ ICG ប្រចាំ នៅ​ទីក្រុង​ហុងកុង ដែល​ធ្វើការ​ទៅលើ​ការស្រាវជ្រាវ ដើម្បី​កាត់បន្ថយ​ជម្លោះ​ក្នុង​ពិភពលោក។

តាមអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន សកម្មភាព​របស់​លោក​Michael Kovrig នៅ​ប្រទេស​ចិន ខុសច្បាប់ ព្រោះថា អង្គការ​ ICG ដែល​លោក​ធ្វើការ​ឲ្យ នោះ គ្មាន​បាន​ចុះ​បញ្ជីរ​នៅក្នុង​ប្រទេស​ចិន​នោះ​ទេ។ អ្នកទទួល​ខុសត្រូវ​របស់​អង្គការ​ICG បានទទួលស្គាល់​ថា អង្គការ​បាន​រើទីតាំង​ចេញពី​ប្រទេស​ចិន តាំង​ពី​ឆ្នាំ ២០១៦ នៅក្រោយ ទីក្រុង​ប៉េកាំង​បាន​បង្កើត​ច្បាប់ថ្មី​ស្តីពី​អង្គការ​បរទេស នៅក្នុង​ប្រទេស​ចិន។ ប៉ុន្តែ អ្វី​ដែល​គេ​ចំលែក​គឺ​ថា រហូតមកលោក​ Michael Kovrig ឧស្សាហ៍ ចេញចូល​ទៅទីក្រុង​ប៉េកាំង​ដើម្បី ជួប​ពិភាក្សា ជាមួយ មន្រ្តីជាន់ខ្ពស់​ចិន សម្រាប់​សរសេរ​របាយការណ៍​ដ៏អព្យាក្រិតមួយ។ មន្រ្តីចិន​ស្គាល់​ពីសមត្ថភាព និង​អព្យាក្រិតភាព​របស់​លោក​ Michael Kovrig ប៉ុន្តែ ហេតុអ្វី បាន​ជាមក​សម្រេច​ចាប់ខ្លួន លោក នៅពេលនេះទៅវិញ?

នៅក្នុង​ករណី​របស់​ គឺ​លោក​Michael Spavor គឺ​រដ្ឋមន្រ្តីការបរទេស​កាណាដា ដែល​បាន​បញ្ជាក់ដំណឹង​ពីការបាត់​ខ្លួន​ជនជាតិ​កាណាដា​ទី២​នៅ​ថ្ងៃ​ម្សិលមិញ គឺ​នៅបន្ទាប់​ពី  លោក​ Michael Spavor បានទាក់ទង​ទៅ​មន្រ្តីទូត​កាណាដា​នៅ​ប៉េកាំង ពីការដែល​ថា លោក​ត្រូវ​បាន​អាជ្ញាធរចិន​ឃាត់​សាកសួរ នៅ​ព្រលាន​យន្តហោះ។

លោក​ Michael Spavor ត្រូវ​បានគេ​ស្គាល់​ច្រើន នៅ​ក្នុង​បណ្តាញព័ត៌មាន​បរទេស និង​ជនបរទេស​នាំមុខគេ​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ លោកគីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង។ Michael Spavor ដែល​រស់នៅ​ភាគខាងជើង​ប្រទេស​ចិន បាន​បើក​ក្រុមហ៊ុន​ឯកជន​មួយ​សម្រាប់​សម្របសម្រួល​ការធ្វើជំនួញ​របស់​ក្រុមហ៊ុន​បរទេស នៅ​ប្រទេស​កូរ៉េខាងជើង។ គឺ លោក​ Michael Spavor ដែល​បាន​ជួយ​ធ្វើ​ជាអន្តរការី រៀបចំ​ដំណើរទស្សនកិច្ច​របស់​កីឡាករ​អាមេរិកាំង ដែល​ជា​មិត្ត​របស់​មេដឹកនាំ​កូរ៉េខាងជើង​ទៅ​ទីក្រុង​ព្យុងយ៉ាង កាលពី​ឆ្នាំ ២០១៣​កន្លងទៅ។ ការចាប់ខ្លួន លោក​ Michael Spavor ក្នុង​បទ​ចោទប្រកាន់ថា ធ្វើសកម្មភាព​គំរាមកំហែង​សន្តិសុខ​ចិន គឺ​រឹតតែប្លែក ទៅទៀត ព្រោះ​លោក​​ Michael Spavor ទៅតាំង​រស់នៅ​ប្រទេស​ចិន ជាយូរឆ្នាំមកហើយ និង​គិត​តែ​ផ្តោត​តែ​ទៅលើ​មុខ​ជំនួញ​តែប៉ុណ្ណោះ។

ចិន និង​កាណាដា​កំពុង​លេង​ល្បែង ចាប់មនុស្ស​ធ្វើ​ចំណាប់ខ្មាំង។

ជាផ្លូវការ ទាំង​រដ្ឋាភិបាល​កាណាដា ហើយ​និង​អាជ្ញាធរ មិន​បាន​ទាញភ្ជាប់​រឿង​ទាំងពីរ​នេះ​ទេ។ ប៉ុន្តែ សម្រាប់​អ្នកជំនាញ ហើយ​និង​ក្រុមគ្រួសារ​របស់​ជនជាតិ​កាណាដា ទាំងពីរ​រូប វា​ច្បាស់ណាស់ថា ​ Michael Spavor ហើយ​និង​Michael Kovrig ត្រូវ​បាន​ជាប់ខ្លួន ដោយសារ​តែរឿង តុលាការ​កាណាដា ចាប់ខ្លួន លោកស្រី ម៉េង វ៉ាន់ចូវ កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុនហួវៃ​របស់​ចិន កាលពី​ថ្ងៃទី ១​ធ្នូ។

លោកស្រី​ម៉េង ត្រូវ​បាន​តុលាការ​កាណាដា ដោះលែង ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​អង្គារ ដើម្បី​រង់ចាំ​ការសម្រេច​បន្ត​របស់​តុលាការ​ដែល​ថា តើត្រូវ​ធ្វើបត្យាប័ន​លោកស្រី ទៅអាមេរិក ទៅតាម​ការទាមទារ​របស់​តុលាការ​ញូវយ៉កដែរឬទេ។

នៅក្រោយ​ការចាប់ខ្លួន​លោកស្រី​ម៉េង វ៉ាន់ចូវ ក្រុង​ប៉េកាំង ធ្លាប់​បាន​ចោទ​កាណាដា ថា មិន​បាន​ជូនដំណឹង ទៅភាគីចិន និង​បាន​ចាប់ខ្លួន ជនជាតិ​ចិន ដោយ​ខុសច្បាប់ និង​គ្មាន​លក្ខណៈ​មនុស្សធម៌។ នៅ​មុន ដំណឹង​ចាប់ខ្លួន​ជនជាតិ​កាណាដា ទាំងពីរ​រូប​ខាងលើ ក្រុង​ប៉េកាំង ធ្លាប់​បាន​ព្រមាន​រួចហើយ​រដ្ឋាភិបាល​កាណាដា ពី​ផលវិបាក បើសិន​កាណាដា មិន​ព្រម ដោះលែង លោកស្រី ម៉េង។

សម្រាប់​អតីត​មន្រ្តីទូត​កាណាដា​នៅ​ប្រទេស​ចិន ច្បាស់​ណាស់ថា ទីក្រុង​ប៉េកាំង​ចាប់ខ្លួន ជនជាតិ​កាណាដា លើកនេះ ដើម្បី​ដាក់​សម្ពាធ ការទូត កាន់តែ​ខ្លាំង ដើម្បី​ឲ្យ​កាណាដា ព្រម​ដោះលែង លោកស្រី​ម៉េង វ៉ាន់ចូវ មកវិញ។

កាណាដា​នឹង​ធ្វើ​បត្យាប័ន​លោកស្រី​ម៉េង ទៅ​អាមេរិក?

នៅក្នុង​សំណុំរឿង ចាប់ខ្លួន កូនស្រី​របស់ស្ថាបនិក​ក្រុមហ៊ុន Huawei នាយករដ្ឋមន្រ្តី​កាណាដា លោក​Justine Trudeau បាន​អះអាងជាថ្មី ថា កាណាដា នៅតែ​បន្ត​គោរព​ច្បាប់ អន្តរជាតិ នោះបើទោះបី​ជា​ប្រទេស​ដទៃ កំពុង​គិត​ធ្វើអ្វី​ផ្សេងក៏ដោយ។ នាយករដ្ឋមន្រ្តី​កាណាដា​ចង់​និយាយ​សំដៅ​ដល់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​កាលពី​ថ្ងៃ​អង្គារ​បាន​ពន្លយថា លោក​នឹង​អាច​អន្តរាគមន៍​លូកដៃ ក្នុង​សំណុំរឿង​លោកស្រី ម៉េង ដែល​តុលាការ​អាមេរិក​ចោទប្រកាន់​ថា បាន​រំលោភ ការដាក់ទណ្ឌកម្ម​របស់​អាមេរិក ទៅលើ​អ៊ីរ៉ង់។ សម្រាប់​លោកដូណាល់ ត្រាំ លោកអាច​អន្តរាគមន៍ បើសិន​សំណុំរឿងនេះ ជួយ​ឲ្យ​អាមេរិក​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ពីការចរចា​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​នៅថ្ងៃ​ខាងមុខ។ លោក​ថា ដើម្បី​ប្រយោជន៍ សន្តិសុខ​ជាតិ​អាមេរិកាំង លោក​អាច​អន្តរាគមន៍​ជួយ​លោកស្រី​ម៉េងបាន។

មើលទៅ ដោយ​ចាប់ខ្លួន​លោកស្រី​ម៉េង ទៅតាម​ការទាមទារ​ចង់​បាន​របស់​តុលាការ​អាមេរិក កាណាដា ពេលនេះ ​ដឹងខ្លួន​ថា ខ្លួន​កំពុង​ចាញ់ស្នៀត​របស់​អាមេរិក សំណុំរឿង​លោកស្រី ម៉េង ដែល រំលោភ​ច្បាប់​របស់​អាមេរិក នៅពេលនេះ ត្រូវ​បាន​លោកដូណាល់ ត្រាំ យក​ទៅធ្វើជាចំណាប់ខ្មាំង​នយោបាយ ដើម្បី តថ្លៃ​ថ្នូរ​ខ្ពស់​ជាមួយ​ចិន​ទៅ​វិញ។

ដោយ​ចង់​គោរព​ច្បាប់ ពោល គឺ​ធ្វើបត្យាប័នលោកស្រី​ម៉េង វ៉ាន់ចូវ ទៅ​តាម​ការទាមទារ​របស់​តុលាការ​ក្រុង​ញូវយ៉ក តើ​កាណាដា នឹងព្រម​ធ្លាក់​លង់​ចូល​ក្នុង​អន្ទាក់ ជម្លោះ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ឬ​យ៉ាងណា?

តើ​កាណាដា​ចង់​គោរព​ច្បាប់តែ​ម្នាក់ឯង​ដល់ពេលណា បើ​អាមេរិក​របស់លោក​ដូណាល់ ត្រាំ គឺ​លែង​ខ្វល់​ច្បាប់ ប៉ុន្តែ គិត​តែ​ប្រយោជន៍​ជាតិ​អាមេរិក​នោះ?


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចិន-កាណាដា

    រាជអាជ្ញា​កាណាដា​ប្រឆាំង​មិន​ឲ្យ​​ដោះលែង​កូនស្រី​របស់​ក្រុមហ៊ុនHuaweiឲ្យ​នៅក្រៅឃុំ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

    ស្វែងយល់បន្ថែម

  • ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​Huawei ​ត្រូវបាន​ចាប់ខ្លួន​នៅ​កាណាដា

    ស្វែងយល់បន្ថែម

  • អាមេរិក​ចង់​ដោះដៃ កាណាដា​ងាក​មក​ស្រវា​អោប​ចិន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ