ចិនផ្អាកការដំឡើងពន្ធនាំចូលរថយន្តអាមេរិកមួយរយៈ
ឆ្នាំថ្មី ទំនាក់ទំនងថ្មីឬ ? សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន កំពុងលេចសញ្ញានៃភាពធូរស្បើយ ! នៅថ្ងៃសុក្រនេះ ចិនបានប្រកាសផ្អាកការដំឡើងពន្ធនាំចូលរថយន្តនិងគ្រឿងបន្លាស់ “Made in USA” គិតចាប់ពី ថ្ងៃទី១មករា ២០១៩ តទៅ និងសម្រាប់រយៈពេលបីខែ! នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិន ដែលបញ្ជាក់ថានេះជាវិធានការជាក់ស្តែងដែលធ្វើឡើង ស្របតាមកិច្ចព្រមព្រៀងរបស់ប្រមុខដឹកនាំទាំងពីរប្រទេស កាលពីថ្ងៃទី១ធ្នូ។
ចុះផ្សាយនៅថ្ងៃ៖
កាលពីដើមរដូវក្តៅ ដើម្បីជាការសងសឹកតបតទៅនឹងទង្វើរបស់វ៉ាស៊ីនតោន ដែលសម្រេចដំឡើងពន្ធនាំចូលផលិតផលចិនទៅអាមេរិក ប៉េកាំងបានសម្រេចដំឡើងពន្ធនាំចូលរថយន្ត និងគ្រឿងបន្លាស់ “Made in USA” ពី ១៥% ទៅ៤០%។ ប៉ុន្តែនៅថ្ងៃនេះ ចិនសម្រេចព្យួរការដំឡើងពន្ធនេះមួយរយៈ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិន ដោយបន្ថែមទៀតថា ៖ “ដោយការគោរពគ្នាទៅវិញទៅមក ដើម្បីសមភាព និងការគោរពពាក្យសំដី តែមានលក្ខខណ្ឌ យើងសង្ឃឹមថាភាគីទាំងពីរនឹងបង្កើនការពិគ្រោះយោបល់គ្នាដើម្បីឈានដល់ការលុបបំបាត់ទាំងស្រុងនូវការដំឡើងពន្ធ”។
កាលពីថ្ងៃទី ១ ធ្នូ ក្នុងឱកាសជំនួបកំពូលហ្សេ ២០ នៅប្រទេសអាហ្សង់ទីន លោក ស៊ីជីនពីង ប្រធានាធិបតីចិន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសរកឃើញការព្រមព្រៀងគ្នា បិទបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលអូសបន្លាយជាច្រើនខែកន្លងមក។ ក្រោយជំនួបភ្លាម ភាគីទាំងពីរបានផ្តល់សេចក្តីបំភ្លឺបញ្ច្រាសទិសគ្នា ដែលជាហេតុធ្វើឱ្យទីផ្សារភាគហ៊ុនជ្រួលច្របល់យ៉ាងខ្លាំង។ ហើយក្នុងថ្ងៃដដែលនោះ មានករណីចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ប្រមុខដឹកនាំក្រុមហ៊ុនទូរគមនាគមន៍Huaweiដ៏ធំរបស់ចិន នៅប្រទេសកាណាដា តាមសំណើអាមេរិកទៀត។ តើធ្វើម្តេចនឹងស្តារទំនាក់ទំនងទ្វេភាគីអាមេរិកចិននេះបានទៅ ?!
ប៉ុន្តែនៅថ្ងៃនេះ ប៉េកាំងបានប្រកាសវិធានការដូចអ្វីដែលអ្នកទទួលខុសត្រូវសេតវិមានចង់បាន។ នេះពិតជាសញ្ញាវិជ្ជមានជាក់ស្តែង នៃការផ្អាកសង្គ្រាមពាណិជ្ជកម្មផង និងជាសារបញ្ជាក់ថាកិច្ចចរចាពាណិជ្ជកម្មដោះស្រាយវិបត្តិកំពុងបន្តធ្វើផង។ ចំណែកឯទំនាក់ទំនងទ្វេភាគីអាមេរិក-ចិន ក៏មិនត្រូវបានរំខាន ដោយការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ។ ជាប្រធានហិរញ្ញវត្ថុក្រុមហ៊ុនHuawei លោកស្រី ម៉េងវ៉ាន់ចូវ ត្រូវបានតុលាការអាមេរិកសង្ស័យថារំលោភទណ្ឌកម្មអាមេរិកប្រឆាំនឹងកូរ៉េខាងជើងនិងអ៊ីរ៉ង់ និងទារធ្វើបត្យាប័នមកអាមេរិក។ ប៉ុន្តែ លោកស្រីបានទទួលសេរីភាព ដោយមានលក្ខខណ្ឌនៅកាណាដា កាលពីថ្ងៃអង្គារ។ ហើយទំនងដើម្បីសងសឹក ប៉េកាំងបានចាប់ខ្លួនជនជាតិកាណាដាពីរនាក់វិញ កាលពីថ្ងៃចន្ទ ពីបទដឹកនាំធ្វើសកម្មភាពដែលគំរាមដល់សន្តិសុខចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ