អានតួអត្ថបទ

ចិន​ផ្អាក​ការដំឡើងពន្ធ​នាំ​ចូល​​​​​រថយន្ត​អាមេរិក​មួយរយៈ

ឆ្នាំ​ថ្មី ទំនាក់ទំនង​ថ្មី​ឬ ? សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន កំពុង​លេច​សញ្ញា​នៃ​ភាព​ធូរ​ស្បើយ​ ! នៅ​ថ្ងៃ​សុក្រ​នេះ ចិន​បាន​ប្រកាស​ផ្អាក​ការដំឡើង​ពន្ធ​នាំ​ចូល​រថយន្ត​និងគ្រឿង​បន្លាស់​ “Made in USA” គិត​ចាប់​ពី ថ្ងៃទី​១​មករា​ ២០១៩​ តទៅ និងសម្រាប់​​រយៈ​ពេល​បី​ខែ! នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ចិន ដែល​បញ្ជាក់​ថា​នេះ​ជា​វិធានការ​ជាក់ស្តែង​​ដែល​ធ្វើ​ឡើង​ ស្រប​តាម​កិច្ចព្រមព្រៀង​របស់​​ប្រមុខ​ដឹកនាំ​​ទាំង​ពីរ​ប្រទេស កាលពី​ថ្ងៃទី​១ធ្នូ។

ចិន​ផ្អាក​ការដំឡើង​ពន្ធ​លើ​ផលិតផល​រថយន្ត​អាមេរិក​មួយរយៈ
ចិន​ផ្អាក​ការដំឡើង​ពន្ធ​លើ​ផលិតផល​រថយន្ត​អាមេរិក​មួយរយៈ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ដើម​រដូវ​ក្តៅ ដើម្បី​ជា​ការ​សង​សឹក​តប​ត​ទៅ​​នឹង​ទង្វើ​របស់វ៉ាស៊ីនតោន ដែល​សម្រេច​ដំឡើង​ពន្ធ​នាំចូល​ផលិត​ផល​ចិន​ទៅ​អាមេរិក​ ប៉េកាំង​បាន​សម្រេច​ដំឡើង​ពន្ធ​នាំ​ចូល​រថយន្ត និង​គ្រឿង​បន្លាស់​ “Made in USA” ពី ១៥% ទៅ​៤០%។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ចិន​សម្រេច​ព្យួរ​ការ​ដំឡើង​ពន្ធ​នេះ​មួយ​រយៈ។ នេះ​បើ​តាម​​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ចិន ដោយ​បន្ថែម​ទៀត​ថា ៖ “ដោយ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក ដើម្បី​សមភាព និង​ការ​គោរព​ពាក្យ​សំដី តែ​មាន​លក្ខខណ្ឌ យើង​សង្ឃឹម​ថាភាគី​ទាំង​ពីរ​នឹង​បង្កើន​ការ​ពិគ្រោះ​យោបល់​គ្នា​​ដើម្បី​ឈាន​ដល់​ការ​លុប​បំបាត់​ទាំង​ស្រុង​នូវការ​ដំឡើងពន្ធ”។

កាលពី​ថ្ងៃទី ១ ធ្នូ ក្នុង​ឱកាស​ជំនួប​កំពូល​ហ្សេ ២០ នៅ​ប្រទេស​អាហ្សង់ទីន លោក ស៊ីជីនពីង ប្រធានាធិបតី​ចិន និង​សមភាគី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​រក​ឃើញ​ការ​ព្រមព្រៀង​គ្នា ​បិទ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​​ ដែល​អូស​បន្លាយ​ជា​ច្រើន​ខែ​កន្លង​មក​។ ​ក្រោយ​ជំនួបភ្លាម ភាគី​ទាំង​ពីរ​បាន​ផ្តល់​សេចក្តី​បំភ្លឺ​បញ្ច្រាស​ទិស​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទីផ្សារ​ភាគហ៊ុន​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​។ ហើយ​​ក្នុង​ថ្ងៃ​ដដែល​នោះ មាន​ករណី​ចាប់​ខ្លួនលោកស្រី​ ម៉េង វ៉ាន់ចូវ ប្រមុខ​ដឹកនាំ​ក្រុមហ៊ុន​ទូរគមនាគមន៍​Huawei​ដ៏​ធំ​របស់​ចិន​ នៅ​ប្រទេស​កាណាដា តាម​សំណើ​អាមេរិកទៀត។ តើ​ធ្វើ​ម្តេច​នឹង​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​ចិននេះ​បានទៅ ?!

​ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ប៉េកាំង​បានប្រកាស​វិធានការ​ដូច​អ្វី​ដែល​អ្នក​ទទួល​ខុស​ត្រូវ​សេតវិមាន​ចង់​បាន​។ នេះ​​​ពិត​ជា​​សញ្ញា​វិជ្ជមាន​ជាក់​ស្តែង​ នៃ​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្មផង និងជា​​សារ​បញ្ជាក់​ថា​កិច្ចចរចា​ពាណិជ្ជកម្ម​ដោះស្រាយ​វិបត្តិ​កំពុង​បន្ត​ធ្វើ​ផង។ ចំណែក​ឯ​​​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក-ចិន ក៏​មិន​ត្រូវ​បាន​រំខាន​ ដោយ​ការ​ចាប់​ខ្លួន​លោកស្រី ម៉េង វ៉ាន់ចូវ។ ជា​ប្រធាន​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​Huawei លោកស្រី​ ម៉េងវ៉ាន់​ចូវ ត្រូវ​បាន​តុលាការ​អាមេរិក​​​សង្ស័យ​ថា​រំលោភ​ទណ្ឌកម្ម​អាមេរិក​ប្រឆាំនឹង​កូរ៉េខាង​ជើង​និង​អ៊ីរ៉ង់ និង​ទារ​ធ្វើ​បត្យាប័ន​មក​អាមេរិក។ ប៉ុន្តែ​ លោកស្រី​បាន​ទទួល​សេរីភាព​ ដោយ​មាន​លក្ខខណ្ឌ​នៅ​កាណាដា​ កាលពី​ថ្ងៃ​អង្គារ។ ហើយ​ទំនង​ដើម្បី​សងសឹក ប៉េកាំង​បាន​ចាប់​ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​វិញ កាលពី​ថ្ងៃចន្ទ ពី​បទ​ដឹកនាំ​ធ្វើ​សកម្មភាព​ដែល​គំរាម​ដល់​សន្តិសុខ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ