អូស្ត្រាលីប្រកាសទទួលស្គាល់ ហ្ស៊េរុយសាឡិមខាងលិចជារដ្ឋធានីរបស់អ៊ីស្រាអែល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៣
នៅថ្ងៃសៅរ៍ទី ១៥ ធ្នូ ២០១៨នេះ អូស្ត្រាលីបានប្រកាសទទួលស្គាល់ហ្ស៊េរុយសាឡិមខាងលិច ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។ ប៉ុន្តែទន្ទឹមពេលជាមួយគ្នានេះ អូស្ត្រាលីបានបញ្ជាក់ថាមិនរើស្ថានទូតមកតាំងនៅទីក្រុងនេះទេ ! នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Scott Morrison។ អូស្ត្រាលីរង់ចាំទាល់តែអ៊ីស្រាអែលនិងប៉ាឡេស្ទីនរកឃើញកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាសិន។ អូស្ត្រាលីក៏បានព្រលយជំហរគាំទ្រដំណោះស្រាយសន្តិភាព តាមរយៈការបង្កើតរដ្ឋពីរអ៊ីស្រាអែល និងប៉ាឡេស្ទីន រស់នៅក្បែរគ្នា។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កត់ ម៉ូរីសាន់ (Scott Morrison) បានធ្វើសេចក្តីប្រកាសទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមខាងលិចជារដ្ឋធានីរបស់អ៊ីស្រាអែល នៅក្នុងសុន្ទរកថាពីទីក្រុងស៊ីដនី។ ប៉ុន្តែទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានធានាអះអាង អំពីជំហរគាំទ្រការស្វែងរកសន្តិភាពឱ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីន តាមរយៈដំណោះស្រាយបង្កើតរដ្ឋពីរ។ អូស្ត្រាលីបានប្រកាសត្រៀមជាស្រេចនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយដែលមានហ្ស៊េរុយសាឡិមខាងកើតជារដ្ឋធានី។
ហេតុដូច្នេះហើយបានជាសម្រាប់ពេលនេះ អូស្ត្រាលីមិនរើស្ថានទូតដែលមានទីតាំងបច្ចុប្បន្ននៅក្រុងទែលអាវីលទៅហ្ស៊េរុយសាឡិមខាងលិច តាមអាមេរិកទេ។ ការរើទីតាំងស្ថានទូតនឹងធ្វើឡើង ដរាបណាតែក្រុងហ្ស៊េរុយសាឡិមមានលក្ខន្តិកៈច្បាស់លាស់ ពោលគឺនៅពេលដែលអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានរកឃើញកិច្ចព្រមព្រៀងសន្តិភាពជានិរន្ត។ ក្នុងពេលរង់ចាំ អូស្ត្រាលី នឹងរៀបចំឱ្យមានការិយាល័យទទួលបន្ទុកការពារជាតិនិងពាណិជ្ជកម្មនៅភាគខាងលិចនៃទីក្រុងហ្ស៊េរុយសាឡិម។
ហ្ស៊េរុយសាឡិមនេះ ខាងលិចនិងខាងកើត
ហ្ស៊េរុយសាឡិម ជាក្រុងសក្តិសិទ្ធ និងក្រុងសក្ការៈរបស់សាសនាបី ៖ គ្រិស្តសាសនាតំណាងដោយ វិហារSaint Sépulcre ! ហ្ស៊េរុយសាឡិមជាទីសក្ការៈទីបី របស់សាសនាអ៊ីស្លាម តំណាងដោយវិហារ Al Aqsa និងសម្រាប់ជនជាតិជ្វីហ្វ (អ៊ីស្រាអែល) គឺ ជញ្ជាំងLamentation។ ទីសក្ការៈទាំងបី ដែលជាប្រភពនឹងភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ស្ថិតនៅតំបន់ភាគខាងកើត ឬ ហៅថាហ្ស៊េរុយសាឡិមខាងកើតទាំងអស់។
នៅឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានបោះឆ្នោតលើផែនការបែងចែកក្រុងហ្ស៊េរុយសាឡិម ក្នុងទស្សនៈវិស័យបង្កើតរដ្ឋប៉ាឡេស្ទីនមួយនាពេលអនាគត។ ប៉ុន្តែគម្រោងនេះមិនត្រូវបានភាគីណាគោរពទេ ហើយសង្គ្រាមអ៊ីស្រាអែល-អារ៉ាបក៏បានផ្ទុះឡើង នៅឆ្នាំ ១៩៤៨។ អ៊ីស្រាអែលក៏បានចូលកាន់កាប់ក្រុងហ្ស៊េរុយសាឡិមខាងលិច។ ឯហ្ស៊េរុយសាឡិមខាងកើត ស្ថិតក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធអារ៉ាបហ្ស័កដានី និងគ្រប់គ្រងដោយហ្សកដានី ចាប់ពីឆ្នាំ១៩៥០មក។ ហ្ស៊េរុយសាឡិមត្រូវបានពុះចែកជាពីរ ចំណែកប៉ាឡេស្ទីនសល់តែតំបន់ស៊ីហ្សកដានី។
នៅឆ្នាំ១៩៦៧ សង្គ្រាមអ៊ីស្រាអែល-អារ៉ាបបានផ្ទុះឡើងម្តងទៀត “សង្គ្រាម៦ថ្ងៃ” ! អ៊ីស្រាអែលបានឈ្នះទៀត និងបានកាន់កាប់បានហ្ស៊េរុយសាឡិមទាំងមូល ព្រមទាំងបានចូលទៅធ្វើអាណានិគមកិច្ច នៅតំបន់ស៊ីហ្សកដានីទៀត។ ក្នុងនាមជាអ្នកគ្រប់គ្រងក្រុង ទាំងមូល អ៊ីស្រាអែលបានបោះឆ្នោតជាឯកតោភាគីនៅឆ្នាំ១៩៨០ ចាត់ទុកហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់ខ្លួន ជានិរន្តនិងមិនអាចបំបែកពុំច្រៀកបានឡើយ។ អ៊ីស្រាអែលសម្អាងលើគន្លងប្រវត្តិសាស្ត្រនៃរាជាណាចក្ររបស់ស្តេច David កាលពីសតវត្សរ៍ទី១០មុនគ្រិស្តសករាជ។
ប៉ុន្តែអង្គការសហប្រជាជាតិមិនបានទទួលស្គាល់ទេ ! សហគមន៍អន្តរជាតិក៏ចាត់ទុកហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែលផង និងជារបស់អនាគតរដ្ឋប៉ាឡេស្ទីនផង។ ប៉ាឡេស្ទីនទាមទារយកហ្ស៊េរុយសាឡិមខាងកើតមកធ្វើជារដ្ឋធានីរបស់ខ្លួន។ តែរាល់គ្រប់ការប៉ុនប៉ងដោះស្រាយជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន រាប់ទាំងកិច្ចព្រមព្រៀងក្រុងអូស្លូឆ្នាំ១៩៩៣ផងតែងគិតរាប់ព្រំដែនត្រង់ឆ្នាំ១៩៦៧។
តាំងពីឆ្នាំ១៩៨០មក មានតែ១៣ប្រទេសប៉ុណ្ណោះ (បូលីវី - ស៊ីលី- កូឡុំប៊ី- កូស្តារីកា- សាធារណរដ្ឋដូមីនីក- ហៃទី- ហូឡង់- ប៉ាណាម៉ា- អ៊ុយរ៉ាហ្កាយ និងវេណេស៊ុយអេឡា) ដែលបានដាក់ទូតនៅហ្ស៊េរុយសាឡិម។ នៅឆ្នាំ២០១៧ លោក ដូណាល់ត្រាំ បានប្រកាសទទួលស្គាល់ហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល ក្នុងទស្សនៈវិស័យឱ្យប៉ាឡេស្ទីនយកក្រុងជិតនោះមកធ្វើជារដ្ឋធានី ដើម្បីបង្កើតរដ្ឋ។
ខុសពីលោកដូណាល់ ត្រាំ ដែលចង់ឃើញក្រុងហ្ស៊េរុយសាឡិមទាំងមូលជារដ្ឋធានីរបស់អ៊ីស្រាអែល នាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសបញ្ជាក់យ៉ាងច្បាស់ទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមតែខាងលិចជារបស់អ៊ីស្រាអែល ចំណែកខាងកើតទុកឱ្យប៉ាឡេស្ទីន។
តើអូស្ត្រាលីរង់ចាំប្រយោជន៍អ្វីពីសេចក្តីប្រកាសនេះ ?
បក្យប្រឆាំងអូស្ត្រាលីមិនពេញចិត្តនឹងជំហររបស់រដ្ឋាភិបាលទេ ! បើតាមបក្សពលករ នេះជាសេចក្តីសម្រេចចិត្តប្រកបដោយហានិភ័យខ្ពស់ ដែលនាំតែភាពតានតឹង និងដែលគ្មាននាំប្រយោជន៍អ្វីសោះដល់ប្រទេសអូស្ត្រាលីសោះ។ ជាក់ស្តែង គ្រាន់តែបានឮប្រកាសរបស់នាយករដ្ឋមន្ត្រីភ្លាម រដ្ឋអំណាចប៉ាឡេស្ទីន បានអំពាវនាវហៅប្រទេសអារ៉ាប និងអ៊ីស្លាមទាំងអស់ ដកស្ថានទូតចេញពីអូស្ត្រាលី និងចាត់វិធានការសេដ្ឋកិច្ចប្រឆាំងអូស្ត្រាលី។
ប៉ុន្តែសេចក្តីសម្រេចចិត្តនេះ អាចជាការស្តារមុខមាត់បុគ្គល។ នេះបើតាមបក្សប្រឆាំងអូស្ត្រាលីដដែល។ នៅឆ្នាំក្រោយ អូស្ត្រាលីត្រូវរៀបចំការបោះឆ្នោត ! ហេតុដូច្នេះហើយបានជា ប្រមុខរដ្ឋាភិបាលអូស្ត្រាលី ចង់ទាក់ទាញសំឡេងឆ្នោតពីពលរដ្ឋជាជនជាតិជ្វីហ្វ និងគ្រិស្តសាសនិកជនអភិរក្សខ្លាំងផង ព្រមទាំងចង់បានគុណពីសេតវិមានផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ