អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូស្ត្រាលី​ប្រកាស​ទទួល​ស្គាល់ ហ្ស៊េរុយសាឡិម​ខាង​លិច​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សៅរ៍​ទី ១៥ ធ្នូ ២០១៨​នេះ អូស្ត្រាលី​បាន​ប្រកាស​ទទួល​ស្គាល់​ហ្ស៊េរុយសាឡិមខាង​លិច​ ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល។ ប៉ុន្តែទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ អូស្ត្រាលី​បាន​បញ្ជាក់​ថា​មិន​រើ​ស្ថានទូត​​មក​តាំង​នៅ​ទីក្រុង​នេះ​ទេ ! នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ Scott Morrison។ អូស្ត្រាលី​រង់ចាំ​ទាល់​តែ​អ៊ីស្រាអែលនិង​​ប៉ាឡេស្ទីន​រក​ឃើញ​កិច្ចព្រមព្រៀង​សន្តិភាពជាមួយគ្នាសិន។ ​អូស្ត្រាលី​ក៏​បាន​ព្រលយ​​ជំហរ​គាំទ្រ​​​ដំណោះស្រាយ​សន្តិភាព តាម​រយៈ​ការ​បង្កើត​រដ្ឋ​ពីរ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន រស់​នៅ​ក្បែរ​គ្នា។

ផែនទី​ក្រុង​ហ្ស៊េរុយសាឡិម ខៀវ=ហ្ស៊េរុយសាឡិម​ខាង​លិច បៃតង=ហ្ស៊េរុយសាឡិមខាង​កើត
ផែនទី​ក្រុង​ហ្ស៊េរុយសាឡិម ខៀវ=ហ្ស៊េរុយសាឡិម​ខាង​លិច បៃតង=ហ្ស៊េរុយសាឡិមខាង​កើត wikipedia
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ស្កត់ ម៉ូរីសាន់ (Scott Morrison) បាន​ធ្វើ​សេចក្តី​ប្រកាស​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​ខាង​លិច​​​ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល នៅក្នុង​សុន្ទរកថា​ពី​ទីក្រុង​ស៊ីដនី។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ធានា​អះអាង​ អំពី​ជំហរ​គាំទ្រការ​ស្វែង​រក​សន្តិភាព​ឱ្យ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន តាមរយៈ​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ។ អូស្ត្រាលី​បាន​ប្រកាស​​​ត្រៀម​ជា​ស្រេច​នឹង​ទទួល​ស្គាល់​​​រដ្ឋ​ប៉ាឡេស្ទីន​​មួយ​ដែល​​មាន​ហ្ស៊េរុយសាឡិម​ខាង​កើត​ជា​រដ្ឋធានី។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សម្រាប់​ពេល​នេះ​ អូស្ត្រាលី​​​មិន​រើ​ស្ថានទូត​​ដែល​មាន​ទី​តាំង​បច្ចុប្បន្ន​នៅ​ក្រុង​ទែលអាវីលទៅ​ហ្ស៊េរុយសាឡិម​ខាង​លិច​ តាម​អាមេរិក​ទេ។ ការ​រើ​ទីតាំង​ស្ថានទូត​នឹង​​ធ្វើ​ឡើង​ ដរាប​ណា​តែ​ក្រុង​ហ្ស៊េរុយសាឡិម​មាន​លក្ខន្តិកៈ​ច្បាស់​លាស់ ពោល​គឺ​នៅ​ពេល​ដែល​អ៊ីស្រាអែល​និ​ងប៉ាឡេស្ទីន​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​សន្តិភាព​ជា​និរន្ត។ ក្នុង​ពេល​រង់ចាំ​ អូស្ត្រាលី​ នឹង​រៀបចំ​ឱ្យ​មាន​ការិយាល័យ​ទទួល​បន្ទុក​ការពារជាតិ​និង​ពាណិជ្ជកម្ម​នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង​ហ្ស៊េរុយសាឡិម។

ហ្ស៊េរុយសាឡិម​នេះ ខាង​លិច​និង​ខាង​កើត​

ហ្ស៊េរុយសាឡិម ជា​ក្រុង​សក្តិសិទ្ធ​ និងក្រុង​​សក្ការៈ​របស់​​​សាសនា​បី ៖​ គ្រិស្ត​សាសនា​តំណាង​ដោយ​ វិហារ​Saint Sépulcre ! ហ្ស៊េរុយសាឡិម​ជា​ទីសក្ការៈ​ទី​បី របស់​សាសនា​អ៊ីស្លាម តំណាង​ដោយ​វិហារ Al Aqsa និង​សម្រាប់​ជនជាតិ​ជ្វីហ្វ (អ៊ីស្រាអែល) គឺ ជញ្ជាំង​Lamentation។ ទីសក្ការៈ​ទាំង​បី ដែល​ជាប្រភព​នឹង​ភាព​តាន​តឹង​​រវាង​​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ស្ថិត​នៅ​តំបន់​ភាគ​ខាង​កើត ឬ ហៅ​ថា​ហ្ស៊េរុយសាឡិម​ខាង​កើតទាំង​អស់។

នៅ​ឆ្នាំ​១៩៤៧ អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​លើ​ផែនការ​បែង​ចែក​​ក្រុង​ហ្ស៊េរុយសាឡិម​ ក្នុង​ទស្សនៈវិស័យ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​មួយ​​នា​ពេល​អនាគត។ ប៉ុន្តែ​គម្រោង​នេះ​មិន​ត្រូវ​បាន​ភាគី​ណា​គោរព​ទេ ហើយ​សង្គ្រាម​អ៊ីស្រាអែល-​អារ៉ាប​ក៏​បាន​ផ្ទុះ​ឡើង នៅ​ឆ្នាំ ១៩៤៨។ អ៊ីស្រាអែល​ក៏​បាន​ចូល​កាន់​កាប់​ក្រុង​ហ្ស៊េរុយសាឡិម​ខាង​លិច។ ឯ​ហ្ស៊េរុយសាឡិម​ខាង​កើត​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សម្ព័ន្ធ​អារ៉ាប​ហ្ស័កដានី និង​គ្រប់គ្រង​ដោយ​​ហ្សកដានី ​ចាប់​ពី​ឆ្នាំ​១៩៥០​មក។ ហ្ស៊េរុយសាឡិម​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ ចំណែក​ប៉ាឡេស្ទីន​សល់​តែ​តំបន់​ស៊ីហ្សកដានី​។

នៅ​ឆ្នាំ​១៩៦៧ សង្គ្រាម​អ៊ីស្រាអែល​-អារ៉ាប​បាន​ផ្ទុះ​ឡើង​ម្តង​ទៀត “សង្គ្រាម​៦ថ្ងៃ” ! អ៊ីស្រាអែល​បាន​ឈ្នះ​ទៀត និង​បាន​​កាន់​កាប់​បាន​​​ហ្ស៊េរុយសាឡិម​ទាំង​មូល ព្រមទាំង​បានចូល​​ទៅ​ធ្វើ​អាណានិគមកិច្ច នៅ​តំបន់​ស៊ីហ្សកដានី​ទៀត។ ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ក្រុង ​ទាំង​មូល អ៊ីស្រាអែល​បាន​បោះឆ្នោតជា​ឯកតោភាគី​​នៅ​ឆ្នាំ​១៩៨០ ចាត់​ទុកហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​​របស់ខ្លួន ជា​និរន្ត​និង​មិនអាច​បំបែក​ពុំ​ច្រៀក​បាន​ឡើយ។ អ៊ីស្រាអែល​សម្អាង​លើ​​គន្លង​ប្រវត្តិសាស្ត្រ​នៃ​រាជាណាចក្រ​របស់​ស្តេច David កាលពីសតវត្សរ៍​ទី​១០​មុន​​គ្រិស្ត​សករាជ​។

ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​មិន​បាន​ទទួល​ស្គាល់​ទេ ! សហគមន៍​អន្តរជាតិ​ក៏​ចាត់​ទុក​ហ្ស៊េរុយសាឡិម​​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ផង និង​ជា​របស់​អនាគត​រដ្ឋ​ប៉ាឡេស្ទីន​ផង។ ប៉ាឡេស្ទីន​ទាមទារ​យក​ហ្ស៊េរុយសាឡិម​ខាង​កើត​មក​ធ្វើ​ជា​រដ្ឋធានី​របស់​ខ្លួន។ តែ​រាល់​គ្រប់​ការ​ប៉ុនប៉ង​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន រាប់​ទាំង​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ​ឆ្នាំ​១៩៩៣​ផងតែង​​គិត​រាប់​ព្រំដែនត្រង់​​ឆ្នាំ​១៩៦៧។

តាំង​ពី​ឆ្នាំ​១៩៨០​មក ​មានតែ​​១៣​ប្រទេស​​ប៉ុណ្ណោះ (បូលីវី - ស៊ីលី- កូឡុំប៊ី- កូស្តារីកា- សាធារណរដ្ឋ​ដូមីនីក- ហៃទី- ហូឡង់- ប៉ាណាម៉ា- អ៊ុយរ៉ាហ្កាយ និង​វេណេស៊ុយអេឡា) ដែល​បានដាក់ទូត​នៅ​ហ្ស៊េរុយសាឡិម។ ​នៅ​ឆ្នាំ​២០១៧ លោក​ ដូណាល់​ត្រាំ​ បាន​ប្រកាស​ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​​ជា​រដ្ឋធានី​​របស់​អ៊ីស្រាអែល ក្នុង​ទស្សនៈ​វិស័យ​ឱ្យ​ប៉ាឡេស្ទីន​យក​ក្រុង​ជិត​នោះ​មក​ធ្វើ​ជា​រដ្ឋធានី​ ដើម្បី​បង្កើត​រដ្ឋ។​

ខុស​ពី​លោក​ដូណាល់ ត្រាំ ដែល​ចង់​ឃើញ​ក្រុង​ហ្ស៊េរុយសាឡិម​ទាំង​មូល​ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ប្រកាស​បញ្ជាក់​យ៉ា​ងច្បាស់​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​តែ​ខាង​លិច​ជា​របស់​អ៊ីស្រាអែល ចំណែក​ខាង​កើត​ទុក​ឱ្យ​ប៉ាឡេស្ទីន។

តើ​អូស្ត្រាលី​រង់ចាំ​ប្រយោជន៍​អ្វី​ពី​សេចក្តី​ប្រកាសនេះ​ ?

បក្យ​ប្រឆាំង​អូស្ត្រាលី​មិនពេញ​ចិត្ត​នឹង​ជំហរ​របស់​រដ្ឋាភិបាល​ទេ ! បើ​តាម​បក្ស​ពលករ​ ​នេះ​ជា​​សេចក្តី​សម្រេច​ចិត្តប្រកប​ដោយ​​ហានិភ័យ​ខ្ពស់​ ដែល​នាំ​តែ​ភាព​តាន​តឹង និង​ដែល​គ្មាន​នាំ​ប្រយោជន៍​អ្វី​សោះ​ដល់​ប្រទេសអូស្ត្រាលី​សោះ។ ជាក់ស្តែង គ្រាន់​តែ​បាន​ឮ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ភ្លាម រដ្ឋ​អំណាច​ប៉ាឡេស្ទីន បាន​អំពាវនាវ​ហៅ​ប្រទេស​អារ៉ាប​ និង​អ៊ីស្លាម​ទាំង​អស់ ដក​ស្ថានទូត​ចេញ​ពី​អូស្ត្រាលី​ និ​ងចាត់​វិធានការ​សេដ្ឋកិច្ច​ប្រឆាំង​​អូស្ត្រាលី។

ប៉ុន្តែសេចក្តី​សម្រេច​ចិត្ត​នេះ អាច​​ជាការ​​ស្តារ​មុខ​មាត់​បុគ្គល។ នេះ​បើ​តាម​បក្ស​ប្រឆាំង​អូស្ត្រាលី​ដដែល។ នៅ​ឆ្នាំក្រោយ​ អូស្ត្រាលី​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​ ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​​ ចង់​ទាក់ទាញ​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​ជា​ជនជាតិ​ជ្វីហ្វ និង​គ្រិស្ត​សាសនិកជន​អភិរក្ស​ខ្លាំងផង​ ព្រមទាំង​ចង់​បាន​គុណ​ពី​សេតវិមានផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ