អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​​ប្រារព្វ​​ខួប​​៤០ឆ្នាំ​​នៃការធ្វើ​​កំណែ​​ទម្រង់​​សេដ្ឋកិច្ច​​បើក​​​ទី​ផ្សារ​​​សេរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​អង្គារ​ទី ១៨ ធ្នូ ២០១៨ នេះ​ ចិន​បាន​ប្រារព្វ​ខួប ​៤០​ឆ្នាំ គត់ នៃ​ការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច ផ្តួចផ្តើម​ដោយ​ប្រមុខ​ តេង ស៊ាវពីង។ ជា​កំណែទម្រង់​ដ៏​សំខាន់ ដែល​ជា​ឬ​សគល់នៃ​ជោគជ័យ​សេដ្ឋកិច្ច​​ចិន​រហូត​មក​ទល់​សព្វថ្ងៃ និង​ដែល​បាន​រុញ​ច្រាន​ចិន​ឱ្យ​បានក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​​ពិភពលោក អាច​ប្រកួត​ប្រជែង​បាន​នឹង​សហរដ្ឋ​អាមេរិក​​ ! ជាមួយ​នឹង​​មោទនភាព​នេះ លោក​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​​ប្រកាស​ប្រឹង​ធ្វើ​កំណែទម្រង់​បន្ថែម​ទៀត​ ប៉ុន្តែ​ដោយ​គ្មាន​បង្ហាញ​អំពី​វិធានការ​ថ្មី​ទេ។

លោក​ស៊ីជីនពីង និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន ក្នុង​ពិធី​ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​ការ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច
លោក​ស៊ីជីនពីង និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន ក្នុង​ពិធី​ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​ការ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

​ថ្ងៃ​នេះ ចិន​កំពុង​ប្រារព្វ​ខួប​៤០​ឆ្នាំ​​នៃ​ការធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​លោក តេង ស៊ាវពីង។ ​កំណែទម្រង់សេដ្ឋកិច្ច​ បិទ​បញ្ចប់​សេដ្ឋកិច្ច​សមូហភាព ​ត្រូវ​បាន​ប្រកាស​ធ្វើ​នៅ​ថ្ងៃទី ១៨ ធ្នូ ឆ្នាំ ១៩៧៨ ដោយ​ដាក់​ជំនួស​មក​វិញ​នូវ របបកម្មសិទ្ធិឯកជន និង​ទីផ្សារ​សេរី។ ​ប្រជាពលរដ្ឋ​​ចិន​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​​ធ្វើ​កសិកម្ម រក​ស៊ី ​ជាលក្ខណៈ​​ឯកជន ហើយ​អាច​យក​ផល​ដែល​ផលិតបាន​​​ទៅលក់​នៅលើ​ទីផ្សារ នៅ​ក្នុង​តម្លៃ​​ដែល​កំណត់​ដោយ​ការព្រមព្រៀង រវាង​អ្នក​ទិញ និង​អ្នកលក់ ស្របទៅតាម​យន្តការ​នៃ​ទីផ្សារ​សេរី។

សូមអាន ៖ តេង ស៊ាវពីង និងកំណែទម្រង់​សេដ្ឋកិច្ច

លើសពីនេះ​ទៅទៀត ប្រជាជន​ចិន​ម្នាក់ៗ មាន​សិទ្ធិ​បោះទុន​រកស៊ី បង្កើត​ជា​​ក្រុមហ៊ុន​សហគ្រាស​ជាលក្ខណៈ​ឯកជនសុទ្ធសាធ ដែល​ជា​រឿង​មិន​ធ្លាប់​មាន ចាប់តាំង​ពី​បក្ស​កុម្មុយនិស្ត​ឡើងកាន់អំណាច កាល​ពី​ឆ្នាំ​១៩៤៩។ វិស័យ​វិនិយោគ​នេះ ​ក៏​ត្រូវ​បាន​បើក​ចំហ​យ៉ាងទូលំទូលាយ​​ទទួល​​វិនិយោគិន​បរទេស។ ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេស តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ត្រូវ​បាន​បង្កើតឡើង នៅ​តាម​តំបន់​ជាប់​នឹង​ឆ្នេរ​សមុទ្រ។

៧៤០​លាន​នាក់​រួច​ពី​ភាព​ក្រីក្រ

គិត​មក​ទល់​ថ្ងៃ​នេះ ចិន​បាន​បើក​ចំហ​ និង​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច បាន​៤០​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​ប៉េកាំង ពិធីការ​បែប​កុម្មុយនិស្ត​ នៅ​រក្សា​ទុក​ដដែល ! ​នៅ​ក្នុង​សុន្ទរកថា​ដ៏វែង​អន្លាយ ជិត​មួយ​ម៉ោង​កន្លះ​ ទៅ​កាន់​មន្ត្រី​ជាន់​ខ្ពស់ដ៏​​ស្រគត់​ស្រគំតាម​បែប​​កុម្មុយនិស្ត លោក​ប្រធានាធិបតី ស៊ី ជីនពីង បាន​ឧទ្ទិស​ជា​ពិសេស​ដល់​ភាពរីក​ចម្រើន​នៃ​សេដ្ឋកិច្ច​និង​សង្គម​ ដ៏​ខ្លាំង​ក្លារបស់ចិន ៖ “កាលពី​ ៤០​ឆ្នាំ​មុន ពលរដ្ឋ​ចិន ត្រូវ​មាន​ប្រកាន់​ដៃ​ដើម្បី​អាច​ទិញ​សម្លៀក​បំពាក់ ត្រី-សាច់ អង្ករ ឬ​តៅហ៊ូ តែ​ថ្ងៃ​នេះ​ប្រកាន់​ដៃ​នោះ​ចូល​សារមន្ទីរ​អស់​ហើយ !”

លោកបាន​​​ស្វាគមស្នាដៃ​របស់​ប្រមុខ​ដឹកនាំ​មុន​ៗ និង​បាន​ប្រកាស​ថា “កំណែទម្រង់​សេដ្ឋកិច្ច​និ​ងការ​បើក​ចំហ​ប្រទេស ដែល​ផ្តួចផ្តើម​ឡើង​ដោយ​លោក តេង ស៊ាវពីង តាំង​ពី​ឆ្នាំ​១៩៧៨​មក បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចិន​ ចំនួន ៧៤០​លាន​នាក់ រួច​ផុត​ពី​ភាព​ក្រីក្រ”។ សម្រាប់​​លោកស៊ីជីនពីង ​គំរូសេដ្ឋកិច្ច​បែប​​​សង្គមនិយម​​ចិន​ ក្រោម​ម្លប់​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត ជាជោគជ័យ។ ​

"បើក​ចំហសេដ្ឋកិច្ច​នាំ​មក​នូវ​ភាព​ជឿនលឿន ឯការ​បិទ​ទ្វារ​នាំ​ទៅរកភាព​អន់ថយ" ... ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ចិន​ ត្រូវ​ប្រឹង​បន្ថែម​ទៀត ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ដោយ​គាំទ្រ និង​ដឹកនាំ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ឯកជន ពង្រីក​ការ​វិនិយោគ​បរទេស តែ​មិន​អនុញ្ញាត​ឱ្យ​បរទេស​មក​ជ្រៀតជ្រែក​ផ្លូវ​ដើរ​របស់​ខ្លួន​ទេ ៖ “គ្មាន​នរណា​អាច​មក​បញ្ជា​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើ​នេះ ឬ​មិន​ធ្វើនោះ​ឡើយ !” នេះ​ទំនង​ជា​ឃ្លាដែល​លោក​ស៊ី ជីនពីង ចង់​ផ្លែផ្កា​ឱ្យ​​អាមេរិក ដែល​​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​គ្នា​។

លោក​ស៊ី ជីនពីង បន្ត​ធ្វើ​កំណែទម្រង់​តែ​គ្មានផ្តល់​​វិធានការ​ថ្មី

ដោយ​សារ​កំណែទម្រង់​បើក​ចំហ​ទីផ្សារ​នេះ ចិន​បាន​ក្លាយ​មហាអំណាច​សេដ្ឋកិច្ច ទី​ពីរ​ ដែល​កំពុង​ដេញ​ប្រកួត​ជាមួយ​​​អាមេរិកទៀត​។ លោក ស៊ី ជីនពីង ប្រមុខ​ដឹកនាំ​ចិន ដ៏​មាន​អំណាច​បំផុត​បន្ទាប់​ពី​ម៉ៅ សេទុង បានប្រកាស​ថា​ចិន​នឹង​ប្រឹង​បើក​ចំហ​ទីផ្សារ​ និងពង្រឹង​​កំណែទម្រង់​បែប​នេះ​តទៅទៀត​​។

ប៉ុន្តែ ថ្វី​បើ​​លោក​ស៊ីជីនពីង បាន​ធានា​អះអាង​ថា ចិន​នឹង​បន្តដំណើរ តាមគន្លង​របស់​លោក​ តេងស៊ាវពីង ​​បើក​ចំហប្រទេស និង​ធ្វើ​កំណែទម្រង់​អភិវឌ្ឍ​សេដ្ឋកិច្ចមែន​ ក៏​ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​វិធានការ​អ្វី​ជាក់ស្តែង​​ទេ ក្រៅ​អំពី​ត្រៀម​បើក​ចំហ​ប្រទេស​ទទួល​ក្រុមហ៊ុន​បរទេស​ឱ្យ​បាន​ច្រើន​ជាង​មុន ព្រោះ​សម្ពាធ​មក​ពី ក្រៅ​ជាពិសេស​មក​ពីអាមេរិក​ខ្លាំងក​។ ប៉ុន្តែ​លោក ស៊ី ជីនពីង ​បានឆ្លៀត​បញ្ជាក់​ថា ចិន​ធ្វើ​ការ​ប្តូរផ្លាស់​នូវ​អ្វី​ដែល​អាចធ្វើ​កំណែទម្រង់​បាន និង​មិន​ប្តូរ​ផ្លាស់​នូវ​អ្វី​មាន​គួរ​ឬ​មិន​អាច​ទេ​។

​បើក​ចំហ និង​ការ​ធ្វើ​កំណែទម្រង់ ជា​ភាព​សំខាន់​និង​ចាំបាច់មែន​​ ​ តែ​ចិន​ក៏​ត្រូវ​ការ​រក្សា​ស្ថិរភាព​ប្រទេស​ និង​ដំឡើង​គុណភាព​ផលិតផល​រក​ឃើញ​ថ្មី ព្រម​ទាំង​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​អាកាសធាតុ ដោយ​ត្រូវ​ប្រឹង​ទប់​ទល់​នឹង​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ទៀត។ ហើយ​សម្រាប់​លោក ស៊ី ជីនពីង ភាព​ចាំបាច់​សង្កត់​ធ្ងន់​ទៅ​លើ​ លំនឹង រវាង​ការ​ធ្វើ​កំណែទម្រង់​ អភិវឌ្ឍ​និង​ស្ថិរភាព​ ព្រោះ​ចិន​ពេល​នេះ ដែល​ជាប់​​បំណុល​យ៉ាង​ធ្ងន់ធ្ងរ​ កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ក៏​បន្ថយ​ល្បឿន។

ដើម្បី​ទប់​ស្កាត់​ការ​បន្ថយ​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​ ចិន​បានចាត់​វិធានការ​មួយ​ខ្សែ​រួច​​ហើយ ដូច​ជា​បន្ទាប​ប្រាក់​បំរុង បន្ទាប​ពន្ធ​ និង​បង្កើន​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ។

នៅ​ថ្ងៃ​នេះ មាន​សេចក្តី​អំពាវនាវ​របស់​លោកស៊ី ជីនពីង ដូច្នេះ​នៅ​ប៉ុន្មានថ្ងៃ​ខាង​មុខ​ ទំនង​ជា​នឹង​អាច​មានជំនួប​ប្រជុំ​សំខាន់​ស្តី​ពី​កំណែទម្រង់​សេដ្ឋកិច្ច​​ហើយ។ ហើយ​បើ​តាមអ្នក​វិភាគ​នយោបាយ​នៅ​ប៉េកាំង ​ថ្វីបើ​សង្គ្រាមពាណិជ្ជកម្មចិន​ជាមួយ​អាមេរិក​ បើ​អូស​បន្លាយ​ពេល​យូរ នឹង​អាច​ធ្វើ​ឱ្យ​មាន​ទស្សនវិស័យ​ច្រើន​សម្រាប់​ការ​នាំ​ចេញ មែន​ តែ​អាច​ជា​ឱកាស​ល្អ​ទៅ​វិញ ក្នុង​ការ​ធ្វើ​​កំណែទម្រង់​ធំ​ដំណាក់កាល​ទីពីរ​។ ដោយ​ហេតុ​ថា​​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ មិន​ប្តូរ​ផ្លាស់ប្រព័ន្ធ​នយោបាយ ! កំណែទម្រង់​ដំណាក់កាលទីពីរ​អាច​​ជួយ​បក្ស​ឱ្យ​កាន់​តែ​ ផ្តាច់ការ និង​រស់​បាន​យូរអង្វែង។ នេះ​បើ​តាម​អ្នក​វិភាគ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ