អានតួអត្ថបទ

Huawei ចេញមុខ​ការពារ​​ខ្លួន ថា​គ្មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន

ក្រោយ​រឿង​អាស្រូវ​ចាប់​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ និង​ជាប់​បម្រាម​មិន​ឱ្យ​ចូល​ធ្វើ​ចរាចរណ៍​ក្នុង​ទីផ្សាររបស់​ប្រទេស​ធំៗ​ជា​ច្រើន និង​ជា​បន្ត​បន្ទាប់​​​មក ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រុមហ៊ុន​Huawei បាន​រៀប​ចំ​​​​សន្និសីទ​កាសែត​ នៅទីស្នាក់​ការ​ធំ​របស់​ក្រុមហ៊ុននា​​ទីក្រុង​Shenzhen ដើម្បី​បំបែក​ភាព​សង្ស័យ។ ប្រធាន​ក្រុមហ៊ុន Huawei ​បានចេញ​មុខ​បដិសេធ ដោយ​ចំៗ​ថា​ក្រុមហ៊ុន​គ្មាន​ចំណង​ទាក់ទង​ជាមួយ​ភ្នាក់ងារ​ចារកិច្ច​របស់​ប៉េកាំង​ទេ។

Huawei អះអាង​ថា​គ្មាន​ពាក់ព័ន្ធ​នឹង​ប៉េកាំង
Huawei អះអាង​ថា​គ្មាន​ពាក់ព័ន្ធ​នឹង​ប៉េកាំង huawei chine
ផ្សាយពាណិជ្ជកម្ម

“គ្មាន​ភស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​Huawei គំរាម​កំហែង​សន្តិសុខ​ជាតិ​ប្រទេស​ណា​មួយ​ឡើយ!” នេះ​ជា​ប្រសាសន៍​លោក​ Ken Hu ដែល​ជា​ប្រធានក្រុមហ៊ុន​ដោយ​ធានា​អះអាង​​ទៀត​ថា ក្រុមហ៊ុន​ ​មិន​ដែល​បាន​ទទួល​សំណើស្វែង​រក​ទិន្នន័យ​អ្វី​សោះ​​ពី​រដ្ឋាភិបាល​ចិន។

ដើម្បី​ឆ្លើយ​តប​ទៅនឹង​សេច​ក្តី​​ព្រួយ​បារម្ភ​របស់​ក្រុម​បស្ចឹម​លោក ក្នុង​វិស័យ​សន្តិសុខ​និង​ចារ កិច្ច និង​ដើម្បី​ផ្តល់​ភាព​ជឿជាក់​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​បរទេស ក្រុមហ៊ុន​Huawei បាន​សម្រេច​បើក​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​របស់​ខ្លួន​ឱ្យ​អ្នកកាសែត​ចូលមើល និង​ឱ្យ​ក្រុមហ៊ុន​បរទេស​ចូល​សាកល្បង​ប្រើសម្ភារៈ​បរិក្ខារ​ក្នុង​មន្ទីរពិសោធន៍​ ជាមួយ​នឹង​លេខ​សម្ងាត់​សម្រាប់​ចូល​ដល់​ប្រភព​ដើម​ទៀត​ផង។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ Huawei បាន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ! អាមេរិក​ដែល​បារម្ភ​នឹង​ភាព​លូតលាស់​​របស់​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា បាន​ញុះ​ញង់​សម្ព័ន្ធ​មិត្ត​ឱ្យ​ឈប់​ប្រើ​សម្ភារៈ​បរិក្ខារ​ទូរគមនាគមន៍​​របស់​Huawei ជា​ពិសេស​សម្ភារៈ​ពាក់ព័ន្ធ​ប្រព័ន្ធ​ចល័ត​5G ដែល​កំពុង​លូតលាស់ និង​ជាវិស័យដ៏​មាន​អនាគត។​ អាមេរិក​បាន​ថែម​ទាំង​ជំរុញ​កាណាដា​ឱ្យ​ឃាត់​ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​​បាន​ទៀត។ ផលិតផល​​របស់​Huawei ​ត្រូវ​បាន​ហាមឃាត់ តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ នៅ​​អាមេរិក អូស្ត្រាលី នូវែលហ្សេឡង់ អង់គ្លេស​ បារាំង ​ឬអាល្លឺម៉ង់។ សាធារណរដ្ឋ​ឆែក ទើប​បាន​ហាមឃាត់​ដែរ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ភ្នាក់ងារ​សន្តិសុខ​ព័ត៌មាន​និង​អ៊ីនធ័រនែត​យល់​​ថា កម្មវិធី​និង​បរិក្ខារ​ទូរគមនាគមន៍​របស់​Huawei គំរាម​ដល់​សន្តិសុខ​ជាតិ។

ប៉ុន្តែ​ "ហាមឃាត់​ក្រុមហ៊ុន​មួយ ជាពិសេស​ដូច្នេះ មិន​អាច​ដោះស្រាយ​បញ្ហា​សន្តិសុខ​អ៊ីនធ័រនែត​បាន​ទេ" ! នេះ​បើ​តាម​លោក​ប្រធានក្រុមហ៊ុន​Huawei ដោយ​រំលឹក​ថា​ ក្រុមហ៊ុន​ជា​របស់​បុគ្គលិក​១០០% គ្មាន​ចំណែក​របស់​រដ្ឋ​ឬ​យោធា​ចិន​លូក​ឡំ​ទេ។ Huawei បាន​ធ្វើ​វិនិយោគ​ដល់​ទៅ​រាប់​ពាន់​លាន​អឺរ៉ូ ដើម្បី​អភិវឌ្ឍន៍​បណ្តាញ​5G និង​បាន​ចុះ​កិច្ចសន្យា​ពាណិជ្ជកម្ម​ចំនួន​២៥​ ព្រមទាំង​​ផ្តល់​ការងារ​ដល់​បុគ្គលិក​ជាង​៨​ម៉ឺន​​នាក់ ក្នុង​នោះ​ជិត​ពាក់កណ្តាល​ជា​អ្នក​ស្រាវជ្រាវ​និង​អភិវឌ្ឍ។ ​

សាកល្បង​​ បញ្ជាក់​មតិ​សាធារណៈ​តាំង​ពី​ជាង​មួយ​ឆ្នាំ​មក​ហើយ​ថា​ ក្រុមហ៊ុន​គ្មានទំនាក់ទំនង​ជាមួយ​ប៉េកាំង​ ប្រធាន​ក្រុមហ៊ុន​Huawei បាន​បង្ហាញ​ក្តីសង្ឃឹម និង​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ ក្នុង​ប្រទេស​ដែល​ហាមឃាត់​មិន​ឱ្យ​ប្រើ​ផលិតផល​Huawei។ ប៉ុន្តែ​លោក កេន ហ៊ូ Ken Hu បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ទាក់​ទង​នឹងការ​ចាប់ខ្លួន​លោក​ស្រី ម៉េង វ៉ាន​ចូវ ប្រធាន​​ហរិញ្ញវត្ថុរបស់​ក្រុមហ៊ុន នៅ​កាណាដា។

ក្រុមបស្ចឹម​លោក មិន​ទុកចិត្ត​​Huawei ដោយ​ហេតុ​តែ​ស្ថាបនិក​របស់​ក្រុម គឺ​លោក Ren Zhengfei ជា​អតីត​វិស្វករ​របស់​យោធា​ចិន៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ