អានតួអត្ថបទ

ចិន​ចាប់​ខ្លួន​ពលរដ្ឋ​កាណាដា​ម្នាក់​ទៀត

អាជ្ញាធរ​កាណាដា បាន​បញ្ជាក់​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃពុធ​ម្សិលមិញថា ពិត​ជាមាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​កាណាដា​ម្នាក់ទៀត ជាគម្រប់​បី​នាក់ នៅ​ក្នុង​​ប្រទេស​ចិនមែន។ ប៉ុន្តែ​ គ្មាន​អ្វី​ដែល​ត្រូវ​គិតថា​ការ​ចាប់ខ្លួន​នេះ​មាន​ពាក់ព័ន្ធ​នឹង​ការ​ឃាត់​ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​យក្ស​ចិន​Huaweiឡើយ។ នេះ​ជាការ​ធានាអះអាង​បន្ថែម​របស់​កាណាដា។

ចិន​ចាប់​ខ្លួន​ពលរដ្ឋ​កាណាដា​ម្នាក់​ទៀត
ចិន​ចាប់​ខ្លួន​ពលរដ្ឋ​កាណាដា​ម្នាក់​ទៀត 路透社
ផ្សាយពាណិជ្ជកម្ម

“រដ្ឋាភិបាល​បាន​ដឹង​អំពីការ​ចាប់ខ្លួនពលរដ្ឋកាណាដានៅ​ចិន ! ប៉ុន្តែ​​បើ​តាម​ព័ត៌មាន​បឋម ការ​ឃាត់​ខ្លួន​នេះ​​គ្មាន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​ចិន​ឡើយ” ! នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​ក្រសួងការបរទេស​កាណាដា នៅ​ក្នុង​សន្និសីទ​កាសែត ដោយ​បញ្ជាក់​ថា ខុស​ពី​ការ​ចាប់ខ្លួន​ពលរដ្ឋ​កាណាដា​ពីរ​នាក់មុន ករណី​ចាប់​ខ្លួនជន​ទីបី​នេះ មានទម្រង់​ជា​បញ្ហា​ទិដ្ឋាការ​ច្រើន​ជាង។

ជនទីបី​នេះ មិនមែន​ជា​អ្នកការទូត ហើយ​ក៏​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​ក្រុមហ៊ុន​រកស៊ី​នៅ​ចិនដែរ។ អាជ្ញាធរ​កាណាដា​បាន​ជំរុញ​ឱ្យ​ក្រុមគ្រួសារ​ ដោះស្រាយ​បញ្ហា​ហើយ តែ​គោរព​​ជីវិត​ឯកជន ទើប​ពុំ​មានការ​លាត​ត្រដាងព័ត៌មាន​បន្ថែម​នោះ។ នេះ​បើ​តាម​ប្រភព​ផ្លូវការ​កាណាដា​។

សូមបញ្ជាក់​ថា​កាលពី​ថ្ងៃទី ១០​ធ្នូ ក្នុងពេល​ដែល​កាណាដា​និង​ចិន​កំពុង​មាន​វិបត្តិ​ការទូត ទាក់ទង​នឹង​សំណុំ​រឿង​Huawei អាជ្ញាធរ​ប៉េកាំង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​កាណាដា​ពីរ​រូប គឺ លោក Michael Kovrig ​អតីត​អ្នក​ការទូត​ ​កំពុង​បម្រើការ​ឱ្យ​អង្គការ​វិភាគ​នយោបាយ International Crisis Group និង​លោក Michael Spavor ដែល​តែង​ផ្តល់​​ប្រឹក្សា​ជា​រឿយៗ​អំពី​​ទំនាក់ទំនង​ជាមួ​យ​កូរ៉េខាង​ជើង។ ជា​ផ្លូវការ​​ ប៉េកាំង​ចាប់​ខ្លួន​ជនទាំង​ពីរ​ ពី​បទ​មាន​​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ​ចិន ដែល​គ្មានជាប់​ចំណង​អ្វី​ជាមួយ​នឹង​ការ​ឃាត់​ខ្លួន​លោកស្រី ម៉េង វ៉ាន់ចូវ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​Huaweiទេ។ តែ​បើ​តាម​អ្នកសង្កេត​ការណ៍ ការ​ចាប់​ខ្លួន​នេះ គឺ​ដើម្បី​មាន​មធ្យោបាយ​ដាក់​សម្ពាធ​លើ​កាណាដា​ ក្នុង​សំណុំ​រឿង​Huawei​តែ​ប៉ុណ្ណោះ។

ប៉េកាំង​បាន​គំរាម​ថា​កាណាដា​នឹងរង​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិន​បើ​មិន​ឆាប់​ផ្តល់​សេរីភាព​ឱ្យ​លោកស្រី​ម៉េង វ៉ាន់ចូវ។ នៅទីបំផុត ក្នុង​ពេល​រង់ចាំ​សិក្សា​សំណើ​ធ្វើ​បត្យាប័ន​ទៅ​អាមេរិក ​លោកស្រី​ម៉េង បាន​ទទួល​សេរីភាព រស់​នៅ​ក្នុង​ផ្ទះ​គាត់​ដ៏​ស្កឹមស្កៃនៅ​ក្រុង​វ៉ាន់កូវឺ គ្រាន់​តែពុំ​​អាច​ចាក​ចេញ​ពី​ទឹក​ដីកាណាដាបាន។

​ថ្វី​បើ​កាណាដា បាន​ធានា​ថា​គ្មាន​អន្តរាគមន៍​នយោបាយ​ក្នុង​សំណុំ​​រឿងចាប់​ខ្លួន​កូន​ស្រី​របស់​ស្ថាបនិក​​Huawei​នេះ​មែន តែ​លោក​ដូណាល់ ត្រាំ បាន​សាបព្រោះ​ភាព​សង្ស័យ​ ដោយ​ប្រកាស​ត្រៀម​ខ្លួន​ធ្វើ​អន្តរាគមន៍​ ប្រសិន​បើ​សំណុំ​រឿង​នេះ​អាច​ជួយ​​ស្វែង​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​ជាមួយ​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ