អានតួអត្ថបទ

ស្រីលង្កា​មាន​រដ្ឋាភិបាល​ថ្មី បិទ​បញ្ចប់​វិបត្តិនយោបាយ​ផ្ទៃក្នុង

វិបត្តិ​នយោបាយ​ដែល​បាន​ធ្វើ​ឱ្យ​ស្រីលង្កា​ជាប់​គាំង​អស់​រយៈ​ពេល​៧​សប្តាហ៍ បាន​ឈាន​ចូល​វគ្គ​បញ្ចប់។ បន្ទាប់ពី​បាន​ព្រមព្រៀង​តែង​តាំង​នាយក​រដ្ឋមន្ត្រី​​ទម្លាក់​ពី​តំណែង ឱ្យឡើង​កាន់​តួនាទីជា​ថ្មី​​វិញ កាលពី​ថ្ងៃ​អាទិត្យ នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​ប្រធានាធិបតី​ស្រីលង្កា លោក Maithripala Sirisena បាន​ប្រកាស​តែង​តាំង​រដ្ឋាភិបាល​ថ្មី ដែល​មាន​សមាជិក​សរុប ៣០​រូប។

លោក Ranil Wickremesinghe ដែល​ប្រធានាធិបតី​ទើប​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ជា​ថ្មី
លោក Ranil Wickremesinghe ដែល​ប្រធានាធិបតី​ទើប​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ជា​ថ្មី LAKRUWAN WANNIARACHCHI / AFP
ផ្សាយពាណិជ្ជកម្ម

​“ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ ជួប​ភាព​យឺតយ៉ាវ​ ក៏ព្រោះ​តែ​ប្រធានាធិបតី​​ចង់​រក្សា​អំណាច​គ្រប់គ្រង​ប្រព័ន្ធឃោសនា​ព័ត៌មាន​និង​ប៉ូលិស” ! នេះ​បើ​តាម​សេចក្តី​ពន្យល់​បំភ្លឺ​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល ក្នុង​ឱកាស​ប្រកាស​បង្ហាញ​អំពី​សមាសភាព​រដ្ឋាភិបាល​ថ្មី ដោយ​បន្ថែម​ទៀត​ថា ពេល​នេះ ប្រធានាធិបតី​ព្រលែង​ក្រសួង​ព័ត៌មានមួយ​ហើយ។ តែ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក Maithripala Sirisena មាន​ទំនួល​ខុស​ត្រូវ​លើ​​ស្ថាប័ន​ប៉ូលិស បន្ថែម​ពី​លើ​តួនាទី​ជា​ប្រមុខ​រដ្ឋទៀត។

គ្មាន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សន្តិសុខ​សាធារណៈ រដ្ឋាភិបាល​ស្រីលង្កា​ថ្មីនេះ ត្រូវ​ដឹកនាំ​ដោយ លោក Ranil Wickremesinghe ជា​អតីតនាយក​​រដ្ឋមន្ត្រី ​​​​ដែល​ទើប​ត្រូវ​បាន​តែងតាំង​​ជា​ប្រមុខ​រដ្ឋាភិបាល កាលពី​ថ្ងៃអាទិត្យ ទី ១៦​ធ្នូ។

ចំណែក​​​ក្រសួង​​សំខាន់ៗ​ដូច​ជា ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ការបរទេស ត្រូវ​បាន​រក្សា​ទុក និង​ប្រគល់​ទៅ​ឱ្យ​រដ្ឋមន្ត្រីនៃ​រដ្ឋាភិបាល​មុន​គ្រប់គ្រង​ដដែល​។

សូម​បញ្ជាក់​ថា កាលពីថ្ងៃទី ២៦​តុលា ប្រធានាធិបតី​ស្រីលង្កា លោក Maithripala Sirisena បាន​សម្រេចជា​អត្តនោម័តិ​ដក​លោក Ranil Wickremesinghe ចេញ​ពី​តួនាទី​នាយក​រដ្ឋ​មន្ត្រី ហើយ​ដាក់​​អ្នក​ជាតិ​និយម​លោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សេ ជំនួស​វិញ។ ប៉ុន្តែដោយ​គ្មាន​សម្លេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​រដ្ឋសភា ដោយ​ប្រឈម​នឹង​ការ​បដិសេធ​របស់​​បក្ស​ប្រឆាំង និង​​ការ​បដិសេធ​របស់​តុលាការ​ស្រីលង្កា ទើប​លោកប្រធានាធិបតី​​ក៏​សុខ​ចិត្តដក​ថយ នាពេលនេះ។ កាលពី​ថ្ងៃអាទិត្យ​ទី ១៦ធ្នូ លោក​បាន​ប្រកាស​ទទួល​ស្គាល់ និង​តែង​តាំង​លោក Ranil Wickremesinghe ជា​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ ដោយ​អះអាង​ថា លោក​នៅ​តែ​មិន​ចង់​តែង​តាំង​លោក Wickremesinghe ជាប្រមុខ​រដ្ឋាភិបាល​ថ្មី​ដដែល ប៉ុន្តែ​លោក​គ្មាន​ជម្រើស​អ្វី​ក្រៅ​អំពី​ទទួល​ព្រម​ស្តាប់​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ