អាមេរិកនិងចិន បោះជំហានទៅរកការព្រមព្រៀងពាណិជ្ជកម្មនឹងគ្នា
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសៅរ៍ទី ២៩ធ្នូថា បានជួបពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង តាមទូរស័ព្ទ យ៉ាងរលូន។ បើតាមលោកប្រធានាធិបតី សហរដ្ឋអាមេរិកនិងចិន កំពុងតែឈានទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០១
វាយហើយអង្អែល តើនេះជាយុទ្ធសាស្ត្ររបស់លោកត្រាំឬ ?! បន្ទាប់ពីបានគំរាមយកពន្ធគយលើផលិតផលចិនឱ្យកាន់តែធ្ងន់ធ្ងរចាប់ពីឆ្នាំ២០១៩ទៅ លោកត្រាំ ថ្ងៃនេះ បែរជាអួតសរសើរអំពីកិច្ចពិភាក្សាដ៏វិជ្ជមានជាមួយលោក ស៊ី ជីនពីងទៅវិញ។ កិច្ចព្រមព្រៀងកំពុងចាប់មានទម្រង់ហើយ ! ជាកិច្ចព្រមព្រៀងដ៏ពេញលេញ ផ្តោតលើគ្រប់ប្រធានបទ គ្រប់វិស័យ និងគ្រប់ចំណុចដែលអាមេរិកនិងចិនធ្លាប់ខ្វែងគ្នា។ ការចរចាបានផ្តល់ភាពជឿនលឿនច្រើន។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ ត្រាំ ដែលបានអះអាងថាបានជជែកពិភាក្សាគ្នា យ៉ាងយូរ តាមទូរស័ព្ទ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
សារព័ត៌មានផ្លូវការចិន ក៏បានបញ្ជាក់ថាប្រធានាធិបតីទាំងពីរពិតជាបានជួបពិភាក្សាគ្នាតាមទូរស័ព្ទមែន កាលពីថ្ងៃសៅរ៍ម្សិលមិញ និងបានប្រកាសថាក្រុមការងារទាំងពីរប្រទេស កំពុងធ្វើការរួមគ្នាដើម្បីសម្រេចកិច្ចព្រមព្រៀង។ លោក ស៊ី ជិនពីង សង្ឃឹមថាអាមេរិកនិងចិននឹងបន្តដំណើររួមគ្នា ហើយប្រឹងរកឃើញកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលផ្តល់ប្រយោជន៍ដល់គ្នាទៅវិញមក។
សូមបញ្ជាក់ថាដំណឹងនេះធ្លាក់មក ក្នុងខណៈដែលចិនបានបង្ហាញកាយវិការសម្របសម្រួលច្រើន។ ជាក់ស្តែង កាលពីមុននេះមួយថ្ងៃ ចិនព្រមឱ្យមានការនាំចូលអង្ករអាមេរិកទៅចិន ជាលើកទីមួយ។ នៅក្នុងជំនួបនៅប្រទេសអាហ្សង់ទីន កាលពីដើមខែ លោក ដូណាល់ ត្រាំ និងលោកស៊ីជីនពីង បានព្រមព្រៀងគ្នាផ្អាកសង្គ្រាម និងផ្អាកការយកពន្ធគយ រយៈពេល៩០ថ្ងៃ ដើម្បីទុកពេលចរចាគ្នាស្វែងរកកិច្ចព្រមព្រៀងគោលមួយ។
សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនបានផ្ទុះឡើងតាំងពីជិតមួយឆ្នាំ ជាក្តីព្រួយបារម្ភរបស់ពិភពលោកទាំងមូល។ ហើយក្រៅអំពីបញ្ហាពាណិជ្ជកម្ម មហាអំណាចទាំងពីរ ខ្វែងគំនិតគ្នាលើចំណុចជាច្រើនទៀត។ កាលពី១០ថ្ងៃមុន អាមេរិកបានធ្វើការចោទប្រកាន់ជនជាតិចិនពីរនាក់ពីបទវាយប្រហារអ៊ីនធ័រនែត។ ហើយមុននេះទៀត មានការចាប់ខ្លួនកូនប្រធានក្រុមហ៊ុនទូរស័ព្ទហួរវ័យរបស់ចិន នៅកាណាដា តាមសំណើអាមេរិកទៀត។ ការនេះបានធ្វើឱ្យប្រទេសទាំងពីរមើលមុនគ្នាកាន់តែមិនចំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ