ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
អាស៊ី

២០១៨ ឆ្នាំ​ដ៏​អាក្រក់​របស់​អាហ្វហ្កានីស្ថាន ហើយ​ឆ្នាំ​២០១៩ អាច​កាន់តែ​ធ្ងន់ធ្ងរថែម​​ទៀត

media  
កង​កម្លាំង​រក្សា​សន្តិសុខ​អាហ្វហ្កានីស្ថាន​​ចេញ​ល្បាត​ក្នុង​ថ្ងៃ​ទី ២៤ ធ្នូ ២០១៨ REUTERS/Omar Sobhani

ឆ្នាំ​ថ្មី​ ​​ក្តី​សង្ឃឹម​​ថ្មី ? មិន​ប្រាកដ​ទេ សម្រាប់​អាហ្វហ្កានីស្ថាន! ឆ្នាំ​២០១៩​ ទំនង​ជា​នឹង​កាន់​អាក្រក់​ទៅវិញ​ផង​ ព្រោះ​​អាហ្វហ្កានីស្ថាន ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ផង ហើយ​អាមេរិកហាក់​ដូច​ជា​កំពុង​ចង់​ដកកងទ័ព​ខ្លះ​​ចេញ​ពី​ប្រទេស​នេះ​ទៀត។ ចំណែក​​ពួក​​តាលីបង់វិញ ​បាន​ប្រកាស​ដាច់​ខាត​មិន​ជួប​ចរចានឹង​តំណាង​រដ្ឋាភិបាលក្រុង​កាប៊ូល​ នៅ​ខែ​មករា​ខាង​មុខ​នេះ ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដើម្បី​ស្វែង​រក​សន្តិភាព​ឱ្យ​អាហ្វហ្កានីស្ថានទេ។

សេចក្តី​សម្រេច​របស់​លោក​ដូណាល់ ត្រាំ ចង់​កាត់​បន្ថយ​ចំនួន​កងទ័ព​អាមេរិក​ពាក់​កណ្តាល​ពី​អាហ្វហ្កានីស្ថាន មុន​នឹង​ការ​ចរចា​សន្តិភាព​លេច​ជា​រូប​រាង​ បានមក​រំលាយ​​ក្តី​សង្ឃឹម​របស់​អាហ្វហ្កានីស្ថាន​មួយ​ភាគ​ធំ​។ ​សេតវិមាន​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​​​អំពី​សេចក្តីសម្រេច​ចិត្ត​​នេះ​ទេ តែគេ​​អាច​ចាត់​ទុក​ថា​ជា​ដំណឹង​អាក្រក់​មួយ​បន្ថែម​ស្ថានភាព​ដុន​ដាប​ស្រាប់​។ បើ​តាម​​​​ទិន្នន័យរបស់​អង្គការ​អាមេរិក​Armed Conflict Location និង Event Data Project ចំនួន​មនុស្ស​ស្លាប់​នៅ​អាហ្វហ្កានីស្ថាន បានឡើង​ដល់​ជាង​៤ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៨ ពោល​គឺ​ជិត​ស្មើ​នឹង​ចំនួន​​មរណភាព​ជនស៊ីវិល​នៅ​ស៊ីរី និង​យេម៉ែន​បូក​បញ្ចូល​គ្នា​ទៀត។

ពលរដ្ឋ​អាហ្វហ្កានីស្ថានកាន់​តែ​ច្រើន​ឡើង ​ គ្មាន​សុទិដ្ឋនិយមនឹង​ឃើញ​ប្រទេស​រក​សន្តិភាព​ទេ ! បើ​តាម​ការ​សិក្សា​របស់​អង្គការ​Asia Foundation ពលរដ្ឋ​មួយ​ភាគ​ធំ (៦០%) ​យល់​ថា​​ ស្ថានភាព​ប្រទេសអាក្រក់​ទៅៗ ហើយ​ជឿ​ថា នៅ​ឆ្នាំ​២០១៩​ខាង​មុខ អាហ្វហ្កានីស្ថាន​នឹង​ស្គាល់​គ្រោះ​ភ័យ​ ការ​បង្ហូរ​ឈាម​និង​ស្លាប់​មនុស្ស​ច្រើន​ជាង​ ឆ្នាំ​២០១៨ដែលតាំង​ពី​ដើម​ឆមាស​ដំបូង ​ចំនួន​ជន​រងគ្រោះ​បាត់បង់​ជីវិត​បាន​ឡើង​ដល់​កំរិត​កំពូល។​​

នៅ​ឆ្នាំ​២០១៩ អាហ្វហ្កានីស្ថាន ត្រូវ​រៀប​ចំ​បោះឆ្នោត​ប្រធានាធិបតី ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​ថ្ងៃទី ២០ មេសា តែ​ទើប​ត្រូវ​បាន​ប្រកាស​លើក​ពេល​ទៅថ្ងៃទី ២០​​ខែ​កក្កដា​វិញ​។ ការ​បោះឆ្នោត​នេះ​អាច​នឹង​រុញ​ច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​រលក​ហិង្សា​មួយ​​កំរិត​ទៀត ដូច​អ្វី​ដែល​គេ​ធ្លាប់​បាន​ឃើញ​ក្នុង​សម័យ​បើឆ្នោត​សភា​កាលពី​តែ​តុលាមុន។

ចំណែក​ឯ​ការ​ចរចា​ស្វែង​រក​សន្តិភាព​វិញ នៅ​​ពុំ​ទាន់​មាន​កោះត្រើយទេ។ ​ថ្វី​បើ​ នៅ​ឆ្នាំ​២០១៨ ​​តំណាង​តាលីបង់ បាន​ជួប​អន្តរការី​អាមេរិក បី​ដងនិង​​ដង​​ចុងក្រោយ​​នៅថ្ងៃទី ១៧​ធ្នូ ​នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប​រួម ហើយ​គ្រោង​នឹង​មាន​ជំនួប​​សា​ជា​ថ្មី​ទៀត នៅ​ខែ​មករា​ខាង​មុខ នៅ​ប្រទេស​អាប៊ីសាអូឌីតមែន ប៉ុន្តែ​តាលីបង់​​​បដិសេធ​ដាច់​ខាត​​​​នៅ​ថ្ងៃអាទិត្យ​នេះ ថា​នឹង​មិន​ជួប​ចរចា​ជាមួយ​​ជា​តំណាង​រដ្ឋាភិបាល​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ