អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពិភពលោក​លើកដៃ​លា​ឆ្នាំ ២០១៨ ឆ្នាំ​ដ៏​ច្របូកច្របល់ ដើម្បី​ស្វាគម​ឆ្នាំ ២០១៩!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​រាត្រីថ្ងៃចន្ទ ទី ៣១​ធ្នូ ២០១៨ ប្រជាជន​នៅទូទាំង​ពិភពលោក នឹង​ប្រារព្ធ​អបអរ​ទទួល​ឆ្នាំ​ថ្មី ឆ្នាំ ២០១៩។ ទីក្រុង​ស៊ីដនី ដែល​នឹង​ឆ្លងឆ្នាំថ្មី មុនគេ នៅក្នុង​លោក បាន​ត្រៀម​ទស្សនីយភាព​ភ្លើង​កាំជ្រួច​ដ៏​ធំ​មិន​ធ្លាប់​មាន នៅក្នុង​ពេល​ដែល​ពិធីបុណ្យ​អបអរឆ្នាំ​ថ្មី នៅ​កន្លែង ផ្សេង ដូចជា នៅ​ប្រទេស​បារាំង​ជាដើម ត្រូវ​ប្រព្រឹត្ត​ទៅ នៅក្រោម​ការយាមការពារ​សន្តិសុខ ដ៏ តឹងរ៉ឹង ដោយសារ​ខ្លាច​មាន​ការវាយប្រហារ​ភេរវកម្ម។ ពិភពលោក​នឹង​បិទ​ទំព័រ​ចាស់ លា ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​ដ៏​ច្របូកច្របល់​ខ្លាំង មិនថា ក្នុង​ផ្នែក​សេដ្ឋកិច្ច ភូមិសាស្រ្ត​នយោបាយ ឬ​អាកាសធាតុ។ 

រូបថត​ស្រ្តី​ចិនដើរកាត់​លេខ​ឆ្នាំ ២០១៩ នៅ​ប្រទេស​ចិន
រូបថត​ស្រ្តី​ចិនដើរកាត់​លេខ​ឆ្នាំ ២០១៩ នៅ​ប្រទេស​ចិន © STR / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ ទី ៣១​ធ្នូ ដែល​ជាថ្ងៃ​ចុងក្រោយនៃ​ឆ្នាំ ២០១៨។ ក្រៅតែ​ពី​ការបំពុល​អតីតទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ រុស្ស៊ី នៅ​អង់គ្លេស ការដើរចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប ហើយ​និង​វិបត្តិសង្គម នៅប្រទេស​បារាំង ជាទី ដែល ក្រុមអាវកាក់លឿង ធ្វើ​បាតុកម្ម ដ៏ហិង្សា នៅ​ទីក្រុង​ប៉ារីស​ដើម្បី តវ៉ា ពី​រឿង​ប្រេងឡើងថ្លៃ នៅមាន​ព្រឹត្តិការណ៍​លេចធ្លោ​ផ្សេងទៀត ដែល​បាន​កើតឡើង នៅ​ឆ្នាំ ២០១៨។

ឆ្នាំ ២០១៨ កត់សំគាល់​ដោយ​រឿងច្របូកច្របល់​ច្រើន តាំង​ពី​ជម្លោះ ភូមិសាស្រ្ត​នយោបាយ សេដ្ឋកិច្ច ឬ​គ្រោះធម្មជាតិ​ដែល​កើតផ្ទុះមាន​នៅគ្រប់​កន្លែង ក្នុង​ពិភពលោក។

សង្រ្គាម​ដ៏រ៉ាំរ៉ៃ នៅ​ស៊ីរី និង​យេម៉ែន

នៅ​ខែ មីនា ឆ្នាំ ២០១៨ សង្រ្គាម​ដ៏រ៉ាំរ៉ៃ នៅ​ប្រទេស​ស៊ីរី ដែល​ឈាន​ចូល​ដល់​ឆ្នាំ ទី ៧។ សង្រ្គាម​ស៊ីរី ដែលផ្ទុះឡើង​ដំបូង​ ដោយសារ​តែ​ការបង្រ្កាបដ៏ហិង្សា របស់​រដ្ឋាភិបាល​ទៅលើ​បាតុកម្ម​របស់​ក្រុម​ប្រឆាំង រហូតមកដល់​ថ្ងៃនេះ បាន​បំផ្លាញ ស្ទើរទាំងស្រុង ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ប្រទេស​ស៊ីរី សម្លាប់​ប្រជាជន ស៊ីរី​រាប់ម៉ឺននាក់ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់ ត្រូវ​ធ្លាក់ខ្លួន​ជា​ជនភៀសខ្លួន នៅ​ប្រទេស​ដទៃ។ បន្ទាប់​ពី​ស៊ីរី តំបន់​ដើមបូព៌ា​កំពុង​ជួប​ផងដែរ សង្រ្គាម​ស៊ីវិល​នៅ​ប្រទេស​យេម៉ែន។ នៅ​ប្រទេស​ទាំងពីរ ក្រុមប្រទេស​ខាងក្រៅ ដែល​មាន​និន្នាការ​ប្រជែងគ្នា ខ្លាំង នៅក្នុង​តំបន់​ដូចជា អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត ជាដើម សុទ្ធតែ​បាន​លូកដៃ ជួយ​ផ្តល់​អាវុធ ឲ្យ​ក្រុមគាំទ្រ​រៀងៗខ្លួន។ សង្រ្គាម​បង្ហូរឈាម នៅស៊ីរី យេម៉ែន ដែល​បន្តសល់​ពី​ឆ្នាំ​២០១៧ និង​ដែល​អាច​នៅ​រ៉ាំរៃ រហូត​ដល់​ឆ្នាំ​ថ្មី ឆ្នាំ ២០១៩ទៀត។

ឃាតកម្ម​លើ​អ្នកកាសែត អារ៉ាប៊ សាអូឌីត ហ្សាម៉ាល់ ខាស៊្ហូជី

ក្រៅតែ​ពី​សង្រ្គាម​បង្ហូរឈាម តំបន់​ដើមបូព៌ា ជា​កន្លែង​បង្កភាពតានតឹង​ការទូត ផងដែរ បន្ទាប់​ពី​អាមេរិក​របស់លោក​ដូណាល់ ត្រាំ បាន​សម្រេច​រើស្ថានទូត​អាមេរិក នៅទៅ​ទីក្រុង​ហ៊្សេរុយសាឡិម នៅក្រោម​កំហឹង ខឹងសម្បារ ហើយ​និង ​បាតុកម្ម​ហិង្សា​របស់​ប្រជាជន​ប៉ាឡេស្ទីន។ រើស្ថានទូត ​ទៅនៅ​ហ៊្សេរុយសាឡិម គឺ​មាន​ន័យ​ថា ​អាមេរិក​ទទួលស្គាល់​ហ៊្សេរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។ ដោយ​ធ្វើ​ដូច្នេះ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដើរចាកឆ្ងាយ​ពី​ការប្រឹងប្រែង​ចរចាសន្តិភាព ដើម្បីដោះស្រាយ​ជម្លោះ អ៊ីស្រាអែល​ប៉ាឡេស្ទីន។

មួយវិញទៀត លោកដូណាល់ ត្រាំ ត្រូវ​បាន​រិះគន់ ទាំង ពីក្រៅស្រុក និង​សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ​របស់លោក ដោយសារ​តែសំណុំរឿង​ឃាតកម្ម​ទៅលើ​អ្នកកាសែត អារ៉ាប៊ី សាអូឌីត ដែល​បម្រើការ​ឲ្យ​កាសែត Washington Post។ លោក​ហ្សាម៉ាល់ ខាស៊្ហូជី​ត្រូវ​បាន​អាជ្ញាធរ​តួកគី​វាយតម្លៃ​ថា ត្រូវបាន​ក្រុមស៊ើបការណ៍​សម្ងាត់​អារ៉ាប៊ី សាអូឌីត ដែល​ទទួល​បញ្ជា​ពី​រាជបុត្រ​ស្នងរាជ្យ បិនសាល់ម៉ាន សម្លាប់​នៅក្នុង​ស្ថានកុងស៊ុល​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល។ ទោះមាន​ភស្តុតាង និង​ការអះអាងបញ្ជាក់​របស់​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA លោក​ដូណាល់ ត្រាំ នៅតែ​ប្រកាស​ជំហរ​គាំទ្រ រាជបុត្រ ស្នងរាជ្យ និង​បញ្ជាក់​ពី​សារៈសំខាន់​នៃកិច្ចសន្យា​ទិញ​អាវុធ តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់​អារ៉ាប៊ី សាអូឌីត។

សង្រ្គាម​ពាណិជ្ជកម្ម​ចិន អាមេរិក

២០១៨ ជា​ឆ្នាំ ដែល​លោក​ដូណាល់ ត្រាំ បើក​សម្ពោធ​នយោបាយ​ការពារ​នយោបាយ ឬ នយោបាយ​សម្រាប់ជនជាតិ​អាមេរិក​ដំបូងគេ។ អាមេរិក​បាន​ចាប់ធ្វើ​​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន បន្ទាប់ពី​លោក​ដូណាល់ ត្រាំ ដែល​បាន​ចោទ​ចិន​ក្នុង​រឿង​ធ្វើ​ជំនួញ​មិន​ស្មោះត្រង់ លួច​កម្មសិទ្ធិ​បញ្ញា បាន​សម្រេច​ដំឡើងពន្ធ​លើ​ទំនិញ​ចិន ទាំងអស់ ដែល​នាំចូល​អាមេរិក។

ក្រៅតែ​ពី​រករឿង​ចិន លោកដូណាល់ ត្រាំ សើរើ រករឿង មិនថា ជាមួយ សត្រូវ​ដូចជា​អីរ៉ង់ ឬ សម្ព័ន្ធមិត្ត​អឺរ៉ុប។ នៅ​ខែ​ឧសភា លោកដូណាល់ ត្រាំ បាន​សម្រេចដោយ អត្តនោម័ត ដកអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​បាន​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកកិច្ច លើ​ផ្នែក​ថាមពល ប្រេង រហូត​ធ្វើ​ឲ្យ​មាន​ភាពជ្រួលច្របល់ នៅ​ទីផ្សារ​ប្រេង។

លោកដូណាល់ ត្រាំ បានបង្ក​ផងដែរ ឲ្យ​មាន​មន្ទិល​សង្ស័យ​ជុំវិញ ជំហរ​ការពារ​របស់​អាមេរិក សម្រាប់​សម្ព័ន្ធមិត្ត​អឺរ៉ុប បន្ទាប់ ពីលោកដូណាល់ បាន​រិះគន់ និង​ទាមទារ​ឲ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប បង្កើន​វិភាគទាន​របស់ខ្លួន សម្រាប់​អូតង់។

ឆ្នាំ ២០១៨ កត់សំគាល់​ផងដែរ ដោយសារ​ការឡើង​កាន់​អំណាច​របស់​ក្រុមស្តាំនិយម ជាតិនិយម ដូចជា​នៅ អ៊ីតាលី ប្រេស៊ីល ដែល​ឡើងកូដ ដោយសារ​តែ​នយោបាយ ប្រឆាំង​ មិនទទួល​ស្វាគម​ជនអន្តោប្រវេសន៍។ វិបត្តិ​ជនអន្តោប្រវេសន៍​ និង​ជនភៀសខ្លួន បាន​រាលដាល​ចេញពីអឺរ៉ុប ទៅនៅ​អាស៊ី ដូចជា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ានៅ​បង់ក្លាដែស ដែល​រត់គេចចេញពី​អំពើហិង្សា​នៅ​ប្រទេស​ភូមា។ វិបត្តិ​ជនអន្តោប្រវេសន៍​បានកើតមាន​ផងដែរ នៅ​តំបន់អាមេរិកឡាទីន។ ប្រជាជន​មក​ពី​អាមេរិកកណ្តាល​រាប់ម៉ឺននាក់​បានធ្វើ​ដំណើរ​ថ្មើរជើង ឆ្លងកាត់​ប្រទេស​ម៉ិចស៊ិក សំដៅ​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​ទឹកដី​អាមេរិក។ ប៉ុន្តែ លោកដូណាល់ ​ដែល​បាន​ប្រកាស​សាងសង់​ជញ្ជាំង​នៅ​ព្រំដែន​ម៉ិចស៊ិក បាន​គំរាម​សាជាថ្មី​នឹង​បិទព្រំដែន ជាមួយ​ប្រទេស​ម៉ិចស៊ិក បើសិន​ម៉ិចស៊ិក​មិន​ចាត់វិធានការ​ទប់ស្កាត់ លំហូរ​ជនអន្តោប្រវេសន៍​មក​ពី​អាមេរិកកណ្តាល។

គ្រោះ​ធម្មជាតិ គ្រោះទឹកជំនន់ និង​ភ្លើងឆេះព្រៃ នៅក្នុង​ពិភពលោក

បើប្រៀបធៀប​នឹង​ប្រទេស​ផ្សេងទៀត ឥណ្ឌូណេស៊ី រងគ្រោះថ្នាក់​ខ្លាំងជាងគេ​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ។ នៅក្នុង​តែ​មួយឆ្នាំ នេះ ប្រទេស​កោះ​ឥណ្ឌូណេស៊ី រងគ្រោះ​ស្លាប់​មនុស្ស​រាប់រយ​នាក់ ដោយសារកំហឹង​របស់​ផែនដី​ដល់​ទៅបីលើក ដែលនៅក្នុង​នោះ មាន​គ្រោះ​រញ្ជួយដី ២លើក ហើយ​និង​ចុងក្រោយ​គឺ​រលកយក្ស​ស៊ូណាមី ដោយសារ​តែ​ការផ្ទុះភ្នំភ្លើង អាណាក់ក្រាកាតូអា។

នៅពេល​ដែល​ឥណ្ឌូណេស៊ី​រងគ្រោះ​ដោយសារ​រលកយក្ស​ស៊ូណាមី ហ្វីលីពីន​កំពុង​តែរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ បង់ក្លាដែស មាន​មនុស្ស​ស្លាប់ ដោយសារ​គ្រោះ​រលំបាក់ដី ដោយសារ​តែ​ភ្លៀងជោគជាំ។ នៅ​អឺរ៉ុប ហើយ​និង​អាមេរិក​ឯណោះវិញ នៅ​រដូវ​ក្តៅ​កន្លងទៅ ក៏ធ្លាប់​ជួប​រឿង​ភ្លើងឆេះព្រៃ ដូចជា នៅ​ក្រិក អេស្ប៉ាញ អ៊ីតាលី។ តាម​អង្គការ​សហប្រជាជាតិ ឆ្នាំ ២០១៨ ជា​ឆ្នាំ ដ៏សែនក្តៅ​បំផុត ដែល​ពិភពលោក​កម្រ​នឹង​ជួប ចំណែក ការបញ្ចេញ ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ដើមហេតុ​មួយ​ធ្វើ​ឲ្យ​ផែនដី​ឡើង​កំដៅ ក៏​កើនឡើង​ដល់​អត្រា​មួយ​ខ្ពស់​បំផុត​ដែរ។

រឿងល្អៗ នៅ​ឆ្នាំ ២០១៨

ឆ្នាំ ២០១៨ កត់សំគាល់​ដោយ​ការងើបស្រុះគ្នា របស់​ក្រុម​ទាមទារ​សិទ្ធិ​ស្រ្តី នៅចំពោះមុខ​ការរំលោភបំពារបំពាន​ផ្លូវភេទ​នៅ​ក្នុង​ពិភពលោក ដូចជា​ចលនា​ស្រ្តី​ឈ្មោះ Metoo ជាដើម។

មួយវិញទៀត ពិភពលោក​ឆ្នាំ ២០១៨ បាន​ធូរស្រាលទៅវិញ បន្ទាប់​ពី​ស្ថិតនៅ​មាត់ជ្រោះ​សង្រ្គាម​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ។ នៅ​ខែ​មិថុនា នៅប្រទេស​សិង្ហបុរី លោក​ដូណាល់ ​ត្រាំ ប្រធានាធិបតី អាមេរិកាំង​ដ៏​មិននឹងនរ បាន​សម្រេច​ឲ្យ​មាន​ជំនួប​ចរចា​ទ្វេភាគី ជា​ប្រវត្តិសាស្រ្ត​អាមេរិក និង​កូរ៉េខាងជើង។ ជំនួប​ទ្វេភាគី រវាង​លោកដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន​បានជួយ​ឲ្យ​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​ស្រាកស្រាន្ត និង​បានជំរុញ ឲ្យបងប្អូន​កូរ៉េ​ទាំងពីរ ត្រលប់​ទៅ​ចរចា និង​កាត់បន្ថយ​ច្រើន ភាព​តានតឹង​ផ្នែក​អាវុធ នៅ​ព្រំដែន កូរ៉េទាំងពីរ។

រឿង​ល្អមួយទៀត នៅ​ឆ្នាំ២០១៨ គឺ​ការរួមគ្នា ជួយសង្រ្គោះ​ ក្មេងថៃ ចេញ​ពី​រោងភ្នំ នៅ​ខេត្ត​ឈៀងរ៉ៃ។ ព្រឹត្តិការណ៍នេះ បាន​ឆ្លុះបញ្ចាំង​ពី​ភាពក្លាហាន សាមគ្គី ហើយ​និង​ការតស៊ូ អត់ធ្មត់​របស់​មនុស្សជាតិ នៅពេល​គ្រោះអាសន្ន​កើតឡើង។

ចំណែក​ដំណឹង​ល្អ​សម្រាប់​បិទ​បញ្ចប់​ឆ្នាំ ២០១៨ គឺ​ការដែល​យានអវកាស​ផ្ទុករ៉ូបូ​របស់​ទីភ្នាក់ងារ​ណាសាបាន​ទៅ ចុះចត​ដោយ​ជោគជ័យ នៅលើ​ឋានព្រះអង្គារ។ ជោគជ័យ​លើកនេះ បញ្ជាក់​ពីបច្ចេកវិទ្យា​ដ៏​ទំនើប កសាង​ឡើង​ដោយ​​មនុស្ស​លើ​ផែនដី ដែល​មាន​សមត្ថភាព ចេញ​ទៅ​សិក្សា​ស្វែងយល់​ពី​ជីវិត នៅ​លើ​ភពផ្សេង​ដទៃទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ