អានតួអត្ថបទ
ចិន

ប្រធានាធិបតី​ចិន​ប្តេជ្ញា​បន្ត​ធ្វើ​កំណែទម្រង់ និង​បើកចំហ​ទីផ្សារ

ចិន​នឹងនៅតែ​បន្ត​ធ្វើ​កំណែទម្រង់​ទីផ្សារ ហើយ​និង​បើកចំហ​ស្វាគម​ពិភពលោក។ នេះ​ជា​ប្រសាសន៍​របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង នៅក្នុង​សារថ្លែង ស្វាគម​ឆ្នាំ ថ្មី ឆ្នាំ ២០១៩ ដែល​ត្រូវ​បាន​គ្រប់​ទូរទស្សន៍​រដ្ឋ​ចិន ចាក់ផ្សាយ​បន្តផ្ទាល់ កាលពី​យប់​ថ្ងៃ ចន្ទ​ម្សិលមិញ។ ដោយ​មិន​និយាយ​ដល់​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ប្រមុខដឹកនាំ​មហាអំណាច​ចិន បាន​ថ្លែង​ចាត់ទុក​ឆ្នាំ ២០១៩ ជា​ឆ្នាំ​ដែលនាំ​មក​នូវ​ឱកាស ហើយ​និង​បញ្ហា​ប្រឈម​ដែល​គេ​ត្រូវជំនះ។ 

ប្រធានាធិបតី​លោក​ស៊ី ជីនពីង ឆ្វេង ហើយ​និង​នាយករដ្ឋមន្រ្តី ចិន  លី ខឺឈាំង
ប្រធានាធិបតី​លោក​ស៊ី ជីនពីង ឆ្វេង ហើយ​និង​នាយករដ្ឋមន្រ្តី ចិន លី ខឺឈាំង ©REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារថ្លែង​ស្វាគម​ឆ្នាំ ថ្មី ឆ្នាំ ២០១៩ កាលពីថ្ងៃ​ចន្ទ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង បាន​ព្រមាន​ពី​បញ្ហា​ប្រឈម ដែល​ប្រទេស​ចិន​នឹង​ជួប​ប្រទះ នាពេល​ខាងមុខ។ “នៅពេល​ដែល​យើង​បើកភ្នែក មើល​ទៅកាន់​ពិភពលោក យើង​កំពុង​ប្រឈម​តទល់​នឹង​ការផ្លាស់ប្តូរ​ដ៏ធំ។ ការផ្លាស់ប្តូរ ដែល​គេ​មិនធ្លាប់​ឃើញ​មាន នៅក្នុង​រយៈពេល​១០០​ឆ្នាំ​ចុងក្រោយនេះ”។ លោក​ស៊ី ជីនពីងបាន​និយាយ​យ៉ាង​ដូច្នេះ ប៉ុន្តែ មិន​បាន​លម្អិត​អ្វីច្រើន​នោះទេ។

សម្រាប់​លោក​ប្រធានាធិបតី ចិន ទោះបី​ជា​ស្ថានភាព​អន្តរជាតិ​ផ្លាស់ប្តូរ ប្រែប្រួល​យ៉ាងណាក៏ដោយ ជំនឿទុកចិត្ត ហើយ​និងការប្តេជ្ញា​ចិត្ត​របស់​ចិន សម្រាប់​ការពារ​ដែនអធិបតេយ្យភាព ហើយ​និង​សន្តិសុខ​ជាតិ​ចិន នៅ​តែ​ដដែល មិន​ផ្លាស់ប្តូរ​នោះទេ។ មួយវិញទៀត តាម​លោក​មេដឹកនាំចិន ភាពស្មោះត្រង់ ហើយ​និង​បំណងប្រាថ្នា​របស់​ចិន ដើម្បី​រក្សា​សន្តិភាព​ក្នុង​លោក ហើយ​និង​ការអភិវឌ្ឍន៍​រួមគ្នា ក៏​មិន​ផ្លាស់ប្តូរដែរ។

ប្រទេស​ចិន​ដែល​ទើប​អបអរ​ខួប​៤០​ឆ្នាំ នៃ កំណែទម្រង់​សេដ្ឋកិច្ច​ដ៏ជោគជ័យ ដឹកនាំ​ដោយ​លោក​តេង ស៊ាវភីង នឹង​បន្ត​ធ្វើកំណែទម្រង់ ទៅមុខទៀត ហើយ​និង​បើកចំហ​ទីផ្សារ​របស់ខ្លួន ឲ្យ​កាន់តែ​ធំ សម្រាប់​ពិភពលោក។ តាម លោក​ប្រធានាធិបតី ស៊ី ជីនពីង ប្រទេស​ចិន​បាន​ធ្វើ​កំណែទម្រង់​ច្រើន​ជាង ១០០ នៅក្នុង​រយៈពេល ១ឆ្នាំ ២០១៨។ បើក្រឡេក​ទៅមើល​ឆ្នាំ ២០១៨ ប្រធានាធិបតី​ចិន​វាយតម្លៃថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​មួយ ដ៏សមរម្យ នោះបើទោះបី​ជា​ជួបប្រឈម​នឹង​បញ្ហា ហើយ​និង​ការប្រកួតប្រជែង។

រដ្ឋាភិបាល​ចិន​ធ្លាប់​បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច ៦,៥% សម្រាប់​ឆ្នាំ ២០១៨ ពោល​គឺ​ធ្លាក់​ចុះ​បន្តិច ពី ៦,៩% នៅ​ឆ្នាំ ២០១៧ និង​អាច​កាន់តែ​ធ្លាក់​ចុះ ទៅទៀត នៅ​ឆ្នាំ ២០១៩ ដោយសារ​តែ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ ធនាគារ​ពិភពលោក​វិញ បាន​ព្យាករថា ​កំណើន​សេដ្ឋកិច្ច​ចិន​ នឹង​ធ្លាក់មកនៅ​ត្រឹម​៦,២% នៅ​ឆ្នាំ ២០១៩។ ជា​អត្រា​កំណើន​ដ៏ទាប​ដែល​ចិន មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល ៣០​ឆ្នាំ ចុងក្រោយនេះ ប៉ុន្តែ វា​នៅតែ​ជា​អត្រា​ដ៏រឹងមាំ។

ឆ្នាំ ២០១៩ ជា​ឆ្នាំ​ដែល​ប្រទេស​ចិន​ប្រារព្ធ​ផងដែរ ខួប​៧០​ឆ្នាំ នៃ​ការកសាង​ប្រជាជាតិ​ចិន ដែល​នៅ​ក្នុង​នោះ ប្រធានាធិបតី ចិន​បាន​ថ្លែង​កោតសរសើរ​ប្រជាជន​ចិន ដែល​ខំប្រឹង​ធ្វើការ ពឹងអាស្រ័យ​លើ​ខ្លួនឯង រហូត​បង្កើត​បាន​ប្រទេស​ចិន​មួយ ដែល​កំពុង​ទាក់ទាញ​ខ្លាំង ចំណាប់​អារម្មណ៍​របស់​ពិភពលោក​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ