អានតួអត្ថបទ

ឡាន​បុក​សម្លាប់​មនុស្ស​លើ​ផ្លូវ​ដ៏មមាញឹក នៅ​តូក្យូ នៅថ្ងៃ​ឆ្លងឆ្នាំថ្មី

នៅ​ជប៉ុន បុរស​ម្នាក់ បាន​បើកឡាន​សំដៅ​ហ្វូងមនុស្ស​ដែល​កំពុង​ចូលរួម ទទួល​ឆ្នាំថ្មី ២០១៩។ ហេតុការណ៍នេះ បាន​កើតឡើង នៅ​លើ​ផ្លូវផ្សាររាត្រី ​ដ៏​មមាញឹក​មួយ ក្នុង​ទីក្រុង​តូក្យូ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស ៩នាក់ ដែល​ក្នុង​នោះ មានម្នាក់​ជា​និស្សិត​ដែល​​រងរបួស​ធ្ងន់។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ជប៉ុន ប៉ូលិស​កំពុង​បើក​ការស៊ើបអង្កេត ដើម្បី​ចង់ដឹងថា តើ​ជនសង្ស័យ​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន អាច​ត្រូវ​តុលាការ​ជំនុំជម្រះ​ដែរឬទេ។ 

ប៉ូលិស​ត្រួតពិនិត្យ​រថយន្ត​ដែល​ជនសង្ស័យ​អាយុ ២១​ឆ្នាំ បាន​បើក​បុក​សម្លាប់​មនុស្ស​នៅលើ​ផ្លូវ​ផ្សាររាត្រី Kakeshitaនៅទីក្រុង​តូក្យថ្ងៃអង្គារ​ទី ១​មករា ២០១៩
ប៉ូលិស​ត្រួតពិនិត្យ​រថយន្ត​ដែល​ជនសង្ស័យ​អាយុ ២១​ឆ្នាំ បាន​បើក​បុក​សម្លាប់​មនុស្ស​នៅលើ​ផ្លូវ​ផ្សាររាត្រី Kakeshitaនៅទីក្រុង​តូក្យថ្ងៃអង្គារ​ទី ១​មករា ២០១៩ ©REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

នៅភ្លាមៗ ក្រោយ​ហេតុការណ៍​បុកសម្លាប់ ប៉ូលិស​ជប៉ុន​បាន​ចាប់ខ្លួន ជនល្មើស ក្នុង​បទសង្ស័យ ប៉ុនប៉ង​សម្លាប់មនុស្ស។ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ជប៉ុន NHK ជនសង្ស័យ​ដែលបាន​បើកឡាន បុកសម្លាប់​មនុស្ស ដោយ​ចេតនា មាន​អាយុ២១​ឆ្នាំ និង​មាន​ឈ្មោះថា Kazuhiro Kusakebe។ តាម​ប៉ូលិស​ជប៉ុន នៅ​ម៉ោង​១២​អាធ្រាត្រ ថ្ងៃ​ចន្ទ ឆ្លង​ចូល​អង្គារ ជន​សង្ស័យ បាន​បើក​ឡាន សំដៅ​ហ្វូង​មនុស្ស ដែល​កំពុង​អបអរ​ចូល​ឆ្នាំថ្មី ២០១៩ នៅ​លើ​ផ្លូវ​ថ្មើរជើង ដ៏អ៊ូរអ​មួយ ឈ្មោះ Kakeshita។ ​Kakeshita ជា​ផ្លូវ​ផ្សារ​រាត្រី ដ៏​ល្បីល្បាញ ខាង​ម៉ូដសំលៀកបំពាក់ និង​អាហារ នៅ​ទីក្រុង​តូក្យូ ដែល​ទាក់ទាញ មិនថា យុវជន ជប៉ុន និង​ទេសចរ​បរទេស​រាប់ម៉ឺននាក់ ក្នុង​មួយថ្ងៃៗ។

រហូតមកដល់​ពេលនេះ នៅមិនទាន់​មាន​ការអះអាង​ណាមួយ ដែល​ថា មាន​ជនបរទេស ក្នុង​ចំណោម​អ្នករងរបួស នៅក្នុង​ហេតុការណ៍​បុកសម្លាប់​មនុស្ស​នៅយប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នោះទេ។ ប៉ុន្តែ តាម​កាសែត​ក្នុង​ស្រុកជប៉ុន ជនរងគ្រោះ​ភាគច្រើន ជា​ជនជាតិ​ជប៉ុន ដែល​ធ្វើដំណើរ​ទៅ​បន់ស្រន់ សម្រាប់​ឆ្នាំថ្មី នៅ​វិហារ​ក្បែរនោះ។

តាម​ប៉ូលិស​ជប៉ុន ដែល​ដកស្រង់​ប្រភព ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដំបូង​ឡើយ ជនសង្ស័យ បាន​និយាយ​ប្រាប់​ប៉ូលិស​ថា ខ្លួន​ធ្វើ​សកម្មភាព​ភេរវកម្ម ប៉ុន្តែ ក្រោយ​មក​ជនសង្ស័យ​បាន​អះអាង​វិញ​ថា ខ្លួន​បើកឡាន​បុករះ​សម្លាប់មនុស្ស​ដើម្បី​សងសឹក​ទៅនឹង​ការប្រហារជីវិត។ គេ​មិន​ច្បាស់ទេថា តើ​ជនសង្ស័យ​ចង់​សំដៅ​ទៅលើ​ការប្រហារជីវិត​ពិសេស ណាមួយ ឬ​ក៏​ការអនុវត្ត​ទោសប្រហារ​ជីវិត​ជាទូទៅ នៅប្រទេស​ជប៉ុន។

ប្រភព​ពីខាង​ក្រុម​ស៊ើបអង្កេត​វិញ ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ជប៉ុន​ក្យូដូថា គេ​បាន​រកឃើញ សាំង​យន្តហោះ​មួយធុង នៅ​ក្នុង​រថយន្ត ដែល​ជនសង្ស័យ​អះអាង​ថា គេ​គ្រោង​នឹង​ដុតឲ្យ​ឆេះ​នៅ​ក្នុងហេតុការណ៍​យប់មិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ