ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/11 12h00 GMT

អាមេរិក-កូរ៉េខាងជើង៖​លោកគីម ជុងអ៊ុន​បាន​ត្រៀម​ខ្លួន​ជួប​លោក​ដូណាល់ ត្រាំជា​ថ្មី តែ​បាន​ព្រមាន និង​ដាក់​លក្ខខណ្ឌ

អាមេរិក-កូរ៉េខាងជើង៖​លោកគីម ជុងអ៊ុន​បាន​ត្រៀម​ខ្លួន​ជួប​លោក​ដូណាល់ ត្រាំជា​ថ្មី តែ​បាន​ព្រមាន និង​ដាក់​លក្ខខណ្ឌ
 
​លោកគីម ជុងអ៊ុន​បាន​ត្រៀម​ខ្លួន​ជួប​លោក​ដូណាល់ ត្រាំជា​ថ្មី តែ​បាន​ព្រមាន និង​ដាក់​លក្ខខណ្ឌ Reuters

ពិភពលោក​បាន​បិទ​ឆ្នាំ​ចាស់ ២០១៨ និង​បាន​ទទួល​ឆ្នាំ​ថ្មី ២០១៩ នៅ​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី១ មករា​នេះ។ ក៏​ដូច​ជា​សព្វ​មួយ​ដង ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នីមួយៗ​ក្នុង​លោក​បាន​ថ្លែង​សារ​ជូន​ពរ​សម្រាប់​ឆ្នាំ​ថ្មី​ដែល​មាន​បង្កប់​ដោយ​សារ​នយោបាយ និង​ការ​សន្យា​សម្រាប់​ឆ្នាំ​ថ្មី។ នៅ​កូរ៉េខាងជើង ប្រមុខ​ដឹកនាំ​លោក​គីម ជុងអ៊ុន​បាន​សន្យា​បន្ត​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច រំសាយ​នុយក្លេអ៊ែរ និង​ប្រាប់​ពី​ឆន្ទៈ​ចង់​បន្ត​កិច្ចសន្ទនា​ជាមួយ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ពិសេស​ត្រៀមខ្លួន​ជួប​លោក​ដូណាល់ ត្រាំ​ជា​ថ្មី។

តែ​ទន្ទឹម​គ្នា​នេះ មនុស្សខ្លាំង​កូរ៉េខាងជើង​មិន​ភ្លេច​ព្រមាន​ទេ​ថា ដើម្បី​ឲ្យ​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​បាន អាមេរិក​ត្រូវ​ដក​ទណ្ឌកម្ម​ចេញ​ពី​កូរ៉េខាងជើង​ជា​មុន​សិន។

ក៏​ដូច​ជា​រៀងរាល់​ថ្ងៃ​បញ្ចប់​ឆ្នាំ​ចាស់​ឆ្លង​ចូល​ឆ្នាំ​ថ្មី សារ​របស់​មេដឹកនាំ​គ្រាក់ៗ​ក្នុង​លោក​ដូច​យ៉ាង​ប្រធានាធិបតី​អាមេរិក ឬ​រុស្ស៊ី​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ សារ​ដែល​ពិភពលោក​ចង់​ឮ​ពី​បបូរមាត់​មេដឹកនាំ​បរទេស​គ្រាក់ៗ គឺ​ទាក់ទង​នឹង​នយោបាយ​អន្តរជាតិ ពោល​ទិសដៅ​សម្រាប់​នយោបាយ​ការបរទេស​សម្រាប់​ឆ្នាំ​ថ្មី។ នៅ​កូរ៉េខាងជើង សារ​របស់​មេដឹកនាំ​តែង​បាន​ចង្អុល​បង្ហាញ​ពី​ទិសដៅ​នយោបាយជាតិ និង​អន្តរជាតិ។ គេ​នៅ​នៅ​ចាំ​មិន​ភ្លេច​ក្នុង​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​កាល​ពី​ថ្ងៃទី១ មករា ឆ្នាំ ២០១៨ ដែល​មាន​បង្កប់​ដោយ​ភាព​ធូរស្រាល​ច្រើន បន្ទាប់​ពី​មាន​ការ​តានតឹង​ខ្លាំង​ពេញ​មួយ​ឆ្នាំ ២០១៧។

ភាព​តានតឹង​ដែល​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រមាថ រួម​ទាំង​កំញើញ​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ ពេញ​១ឆ្នាំ ២០១៨ ភាព​ធូរស្រាល​មាន​ទាំង​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ព្រម​ទាំង​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក។ ក្នុង​ឆ្នាំ ២០១៨ លោក​គីម ជុងអ៊ុន​បាន​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​ដល់​ទៅ ៣ដង និង​បាន​ជួប​លោក​ដូណាល់ ត្រាំ​ម្តង​ក្នុង​ថ្ងៃទី១២ មិថុនា។

លោក​គីម ជុងអ៊ុន​ព្រមាន និង​ដាក់​លក្ខខណ្ឌ

សារ​របស់​មេដឹកនាំ​កូរ៉េខាងជើង​សម្រាប់​ឆ្នាំ​ថ្មី ២០១៩ មាន​បង្កប់​ដោយ​ការ​គំរាម និង​ការ​ដាក់​លក្ខខណ្ឌ។ តែ​មុន​នឹង​និយាយ​ពី​ទិសដៅ​នយោបាយ​អន្តរជាតិ លោក​គីម ជុនអ៊ុន​បាន​និយាយ​ច្រើន​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កូរ៉េខាងជើង និង​ធ្វើ​ឲ្យ​ចម្រើន​នូវ​លក្ខខណ្ឌ​សេដ្ឋកិច្ច​របស់​ប្រទេស។ នៅ​ក្នុង​សម្លៀកបំពាក់​អាវធំ​ពណ៌ក្រម៉ៅ អង្គុយ​លើ​កៅអី​ធ្វើ​ពី​ស្បែក​ពណ៌ត្នោត និង​មាន​រូបថត​លោក​គីម ជុងអ៊ីល​ដែល​ជា​ឱពុក និង​លោក​គីម អ៊ីលស៊ុង​ដែល​ជា​ជីតា​នៅ​ពី​ក្រោយ រួម​ទាំង​ទង់ជាតិ និង​ទង់​គណបក្ស​ពលករ​ផង លោក​គីម ជុងអ៊ុន​បាន​សន្យា​ដោះស្រាយ​បញ្ហា​កង្វះ​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ឲ្យ​ចប់​ក្នុង​ឆ្នាំ ២០១៩។

បន្ទាប់​មក លោក​គីម ជុងអ៊ុន​បាន​រម្លឹក​ជា​ថ្មី​ពី​ឆន្ទៈ​របស់​លោក​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ រួម​ទាំង​ការ​ចង់​មាន​ជំនួបកំពូល​ជា​ថ្មី​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ នៅ​ត្រង់​ចំណុច​នេះ លោក​គីម ជុងអ៊ុន​មិន​ភ្លេច​ព្រមាន និង​ដាក់​លក្ខខណ្ឌ​ចំនួន​ពីរ​ទៅ​កាន់​លោក​ដូណាល់ ត្រាំ ទី១ សុំ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ចេញ​ពី​កូរ៉េខាងជើង និង​ទី២ សុំ​ឲ្យ​អាមេរិក​បញ្ឈប់​សមយុទ្ធ​ទ្វេភាគី​ជាមួយ​កូរ៉េខាងត្បូង។ លោក​គីម ជុងអ៊ុន​បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​លោក​ត្រាំ​មិន​អាច​គោរព ឬ​មិន​បាន​គោរព​លក្ខខណ្ឌ​ទាំង​ពីរ​នេះ​ទេ របប​ក្រុង​ព្យុងយ៉ាង​នឹង​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ខ្លួន។

ទោះ​បី​ជា​លោក​គីម ជុងអ៊ុន​មិន​លំអិត​អ្វី​បន្ថែម​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​សំដៅ​លើ​ការ​បន្ត​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​បាលីស្ទិក។

អាមេរិក និង​កូរ៉េខាងជើង​បន្ត​មើល​បណ្តាំ និង​មិន​ទុកចិត្ត​គ្នា

អ្វី​ដែល​គ្រប់​គ្នា​សង្ឃឹម​សម្រាប់​ឆ្នាំ​ថ្មី ២០១៩ គឺ​ភាព​ចម្រើន​ទៅ​មុខ​រវាង​កូរ៉េខាងជើង កូរ៉េខាងត្បូង និង​រវាង​កូរ៉េខាងជើង សហរដ្ឋអាមេរិក។ តែ​អ្វីៗ​វា​អាស្រ័យ​លើ​ឆន្ទៈនយោបាយ​ពិតប្រាកដ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។ រហូត​មក​ដល់​ពេល​នេះ ម្នាក់ៗ​សុទ្ធ​តែ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា តែ​ការ​អនុវត្ត​ជាក់ស្តែង​ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ។ នៅ​ក្នុង​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​លើក​ទី១ រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ​កាល​ពី​ថ្ងៃទី១២ មិថុនា​ក្នុង​ទឹកដី​សិង្ហបុរី បុរសខ្លាំង​ទាំង​ពីរ​រូប​បាន​សន្យា​ធ្វើ​នេះ ធ្វើ​នោះ តែ​ពាក្យ​សន្យា​ទាំង​អស់​បន្ត​មាន​តែ​នៅ​លើ​ក្រដាស់​ដដែល​មក​ដល់​សព្វថ្ងៃ។

ទន្ទឹម​គ្នា​នេះ លោក​ត្រាំ និង​លោក​គីម​ថែម​ទាំង​បន្ត​ប្រើ​ធម៌ក្តៅ និង​ធម៌​ត្រជាក់​ដាក់​គ្នា​ទៀត​ផង។ សារ​របស់​លោក​គីម ជុងអ៊ុន​សម្រាប់​ឆ្នាំ ២០១៩ ជា​សក្ខីកម្ម​ថ្មី​ដែល​បញ្ជាក់​ថា ភាព​ប្រទាញប្រទង់​គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង​កំពុង​បន្ត​មាន​ជានិច្ច។ មែនទែន​ទៅ អាមេរិក និង​កូរ៉េខាងជើង​កំពុង​បន្ត​មើល​បណ្តាំ និង​មិន​ទុកចិត្ត​គ្នា។ លោក​គីម​ថា បើ​អាមេរិក​ដក​ទណ្ឌកម្ម​ចេញ លោក​នឹង​រំសាយ​នុយក្លេអ៊ែរ តែ​លោក​ត្រាំ​ថា បើ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ អាមេរិក​នឹង​ដក​ទណ្ឌកម្ម​ចេញ។ យ៉ាង​ណា​ក៏​ដោយ លោក​ត្រាំ​នៅ​មិន​ទាន់​ឆ្លើយ​យ៉ាង​ណា​ទេ​ចំពោះ​ការ​ព្រមាន និង​ការ​លក្ខខណ្ឌ​ជា​ថ្មី​របស់​លោក​គីម​ពេល​នេះ។

តែ​លោក​ត្រាំ​ធ្លាប់​បាន​បញ្ជាក់​នា​ពេល​កន្លង​មក​ថា លោក​ក៏​ចង់​ជួប​លោក​គីម​ជា​ថ្មី​ដែរ។ ឃើញ​ថា នេះ​ជា​ខ្សែភាពយន្ត​ភាគ​ដែល​គ្រប់​គ្នា​រង់ចាំ​បន្ត​ទស្សនា​នៅ​ពេល​ខាង​មុខ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កូរ៉េខាងជើង​​ព្រមលុបចោល​កម្មវិធី​នុយក្លេអ៊ែរ​ ទាល់តែ​លែងមាន​ការគំរាម​ផ្នែកនុយក្លេអ៊ែរ​ពី​អាមេរិក​

    ស្វែងយល់បន្ថែម

  • អាមេរិក​ដាក់​ទណ្ឌកម្ម​អ្នក​ទទួល​ខុសត្រូវ​កូរ៉េ​ខាងជើង​បី​នាក់​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស

    ស្វែងយល់បន្ថែម

  • ព្យុងយ៉ាង​ចង់ត្រលប់​ទៅ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​វិញ

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង

    អាមេរិក និង​កូរ៉េ​ខាងត្បូង លប់​ចោល​សមយុទ្ធ​យោធា ដើម្បី​ថ្នមចិត្ត​កូរ៉េ​ខាងជើង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ