អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការនេសាទ​ច្រើន​ហួសហេតុ៖ មនុស្ស​កំពុង​វាយកម្ទេច​ឆ្នាំងបាយ​របស់ខ្លួន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​ឱកាស​ដែល​ពិភពលោក​កំពុង​ប្រារព្ធ​ពិធីបុណ្យ អបអរ​បិទបញ្ចប់​ឆ្នាំចាស់ ប្រទេស​ជប៉ុន បាន​ប្រកាស​ដកខ្លួន​ចេញពី​អង្គការ​អន្តរជាតិ​ការពារ​ត្រីបាឡែន។ ការសម្រេចចិត្ត​របស់​ជប៉ុន​បាន​បង្ក​ឲ្យ​មានការរិះគន់ រួមទាំង​ការបារម្ភ ព្រោះ​វា​កំពុង​បើកផ្លូវ​ឲ្យ​ជប៉ុន​អាច​ចេញមុខ​នេសាទ និង​ធ្វើអាជីវកម្ម​ត្រីបាឡែន តាមចិត្តចង់។ ការធ្វើ​អាជីវកម្ម​ត្រីបាឡែន​របស់​ជប៉ុន​នឹង​បន្ថែម​កង្វល់​មួយកម្រិត​ទៀត ដល់​អង្គការ​ការពារ​ជីវិត​ក្រោម​ទឹកសមុទ្រ ដែល​កត់សំគាល់​ឃើញ ការធ្លាក់ថយចុះ គួរ​ឲ្យ​បារម្ភ ជីវិត​សត្វសមុទ្រ ដោយសារ​តែ​នេសាទ​ច្រើនជ្រុល ហួសហេតុ​របស់​មនុស្ស។ 

កប៉ាល់​នេសាទ​ត្រីបាឡែន​របស់​ជប៉ុន ត្រូវ​បាន​ថត​នៅថ្ងៃទី ២៦​មេសា ឆ្នាំ ២០១៤ នៅក្រោយ​ការកាត់ក្តី​ថ្កោល​ទោស​របស់​តុលាការអន្តរជាតិ លើការនេសាទ​ខុសច្បាប់​របស់ជប៉ុន
កប៉ាល់​នេសាទ​ត្រីបាឡែន​របស់​ជប៉ុន ត្រូវ​បាន​ថត​នៅថ្ងៃទី ២៦​មេសា ឆ្នាំ ២០១៤ នៅក្រោយ​ការកាត់ក្តី​ថ្កោល​ទោស​របស់​តុលាការអន្តរជាតិ លើការនេសាទ​ខុសច្បាប់​របស់ជប៉ុន ©KAZUHIRO NOGI / AFP
ផ្សាយពាណិជ្ជកម្ម

ការនេសាទ​ច្រើនជ្រុល​ហួសហេតុ​របស់​មនុស្ស​មិនមែន​ជះផលអវិជ្ជមាន​តែទៅលើ​ជីវជម្រុះ នៅក្នុង​សមុទ្រ​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​កាត់បន្ថយ​ផងដែរ​ប្រភព​ចំណីអាហារ​របស់​មនុស្ស ក្នុង​រយៈពេល​វែង។ នេះ​បើតាម​របាយការណ៍​ស្តីពី​ការនេសាទ នៅ​លើ​ពិភពលោក ចេញផ្សាយ នៅ​ឆ្នាំ ២០១៨ ដោយ​អង្គការ​អាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ FAO។ របាយការណ៍​របស់FAO បាន​បង្ហាញថា នៅ​ឆ្នាំ​២០១៦ ផលិតផល​នេសាទ​បាន​កើនឡើង​ដល់​កម្រិតមួយ​ដ៏សែនខ្ពស់​មិនធ្លាប់មាន គឺ​ប្រមាណ ១៧១លាន​តោន ដែល​នៅ​ក្នុង​នោះ ៨៨% ​សម្រាប់​មាត់មនុស្ស ពោលគឺ ២០គីឡូក្រាម ក្នុងមនុស្សម្នាក់។ លើសពីនោះ ៣៣​ភាគរយ នៃ​ផលិតផល​នេសាទ បាន​មក​ស្តុក​បម្រុង ដែលតាមពិតទៅ​គេ​ត្រូវ​មាន​ជាចាំបាច់ ដើម្បី​ធានា​កុំឲ្យ​មាន​ការផុតពូជ​របស់​ប្រភេទ​សត្វសមុទ្រ ទៅ​ថ្ងៃ​អនាគត។ គេ​អាច​និយាយ​បានថា ការនេសាទ​សព្វថ្ងៃ របស់​មនុស្ស គឺ​មាន​ច្រើន​លើស​ហួស​ពី​សមត្ថភាព ដែល​មហាសមុទ្រ អាច​ផ្គង់ផ្គង់​ទៅ​ទៀត។

ធនធាន​សមុទ្រ​ជាប្រភព​ផ្គត់ផ្គង់​ទ្រទ្រង់​ជីវិត​មនុស្ស​ដ៏ចាំបាច់។ ប៉ុន្តែ បើសិន​គេ​នៅតែ​នេសាទ ច្រើនជ្រុល ដោយ​មិន​គិតខ្វល់​ពី​បញ្ហា​ជីវចម្រុះ ឬ​អនាគត​ជីវិត​ក្នុង​សមុទ្រ​ទេ តើ​គេ​នឹង​អាច​ធានា​ចិញ្ចឹម​មាត់​មនុស្ស​១០ពាន់​លាន​នាក់ នៅលើ​ផែនដី នៅ​ឆ្នាំ ២០១៥បាន​យ៉ាងដូចម្តេច?

តាម​មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ WWF ការធ្លាក់ចុះ​នៃ​សត្វសមុទ្រ​ក្នុង​ស្តុកបម្រុង​កើតមាន​ជាពិសេស នៅតាម​ប្រទេស​ដែលរស់​ពឹង​អាស្រ័យ​លើ​ការនេសាទ។ គេ​រកឃើញ​ថា ក្នុង​ចំណោម​ប្រទេស​ចំនួន ៤៩ ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការនេសាទ មាន ៤៦ ជាប្រទេស​កំពុង​អភិវឌ្ឍ។ ការនេសាទ​ច្រើន​ជ្រុល រហូត​ទៅប៉ះពាល់​ដល់​ស្តុកបម្រុង​របស់សត្វសមុទ្រ​មិន​បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​នេសាទ​នោះទេ។ គេ​វាយតម្លៃ​ថា ៦០​ភាគរយ​នៃ​ត្រីសមុទ្រ​ដែល គេ​ដាក់​លក់​នៅទីផ្សារ​អន្តរជាតិ មាន​ប្រភពមកពី​ប្រទេស​កំពុង​អភិវឌ្ឍ។ ចំណែក ប្រទេស​នៅ​ភាគខាងជើង​ផែនដី ពោល​គឺ​សហភាព​អឺរ៉ុប​តែម្តង ដែលទិញ​នាំចូលត្រី​ច្រើន​ជាងគេ នៅ​ក្នុង​ពិភពលោក។

ប្រទេស និង​ទីកន្លែង​ដែល​មាន​ការនេសាទ​ច្រើនជ្រុល

ការនេសាទ​ច្រើនជ្រុល ហួសសមត្ថភាព​ផ្គត់ផ្គង់​របស់​សមុទ្រ​នឹង​គំរាមកំហែង​ដល់​អនាគត​ជីវិត​សត្វ​សមុទ្រ ដែល​មួយចំនួន កាន់តែ​ថយចុះ ឬ​កំពុង​ប្រឈម​នឹង​ការលាយ​ផុតពូជ។ វិធីសាស្រ្ត​នេសាទ ហើយ​និង​ការបង្កើន​សកម្មភាព​ឧស្សាហកម្ម​នេសាទ ជាកត្តា​គ្រោះថ្នាក់​សំខាន់​ពីរ​សម្រាប់​ធនធាន​ក្នុង​សមុទ្រ។ ការសិក្សា​មួយ​របស់​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ជាច្រើន ដែល​មាន​តាំង​ពី Sky Truth Global Fishing Watch National Geographic Society បាន​បង្ហាញថា ការនេសាទ​តាមបែប​ឧស្សាហកម្ម ពោល​គឺ​មាន​ប្រើទូក គ្រឿងចក្រ កាន់តែ​ធំសម្បើម និង​នេសាទ ជាប្រចាំ បានគ្របដណ្តប់​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ផ្ទៃសមុទ្រ​លើ​ផែនដី។ តួលេខ​របស់​ផ្កាយរណប​វិញ​បាន​បង្ហាញថា តំបន់​នេសាទ ដែល​ធ្លាប់​គ្របដណ្តប់​លើ​៦០ភាគរយ នៃ​ផ្ទៃមហាសមុទ្រ​សរុប នៅ​ឆ្នាំ ១៩៥០ គឺ​បានកើន​ឡើង មក​ដល់​៩០ភាគរយ នាពេល​សព្វថ្ងៃនេះ។ ពោល​គឺ​នៅ​សល់​តែ​តំបន់​ប៉ូល​ទឹកកក​ត្រជាក់​ខ្លាំង​តែប៉ុណ្ណោះ ដែល​មិន​ទាន់​ត្រូវ​បាន​គេ​លុកលុយ​ចូល​ទៅ​នេសាទ​ច្រើន។ យ៉ាងណាក៏ដោយ ប្រទេស​ចិន តៃវ៉ាន់ កូរ៉េខាងត្បូង និង​អេស្ប៉ាញ ដែល​មិន​មែន ជា​ប្រទេស​ពូកែ បរិភោគ​ត្រី សត្វសមុទ្រទេនោះ គឺ​មាន​បំពាក់​រួចទៅហើយ កប៉ាល់​នេសាទ​ទំនើបៗ និង​មាន​គោលនយោបាយ អនុគ្រោះ​ពន្ធ ដើម្បី លើកទឹកចិត្ត ឲ្យ​មានការចេញ​ទៅ​នេសាទ នៅ​កន្លែងឆ្ងាយៗ ពី​ដែនទឹក​របស់ខ្លួន។

គ្រឿងចក្រ​នេសាទ​កាន់តែ​ទំនើប

នៅពេល​ដែល​បរិមាណ​ស្តុក​បម្រុង​សត្វសមុទ្រ​កាន់តែ​ចុះ​ថយ ឬអាច​ថា សត្វសមុទ្រ​កាន់តែ​ខ្សត់​នៅ​ក្នុង​តំបន់​នេសាទ បច្ចេកទេស និង​គ្រឿងចក្រ​ធ្ងន់ៗ សម្រាប់​នេសាទ គឺ​កាន់តែ​ទំនើប ប៉ុន្តែ ក៏កាន់តែ​គ្រោះថ្នាក់​បំផ្លាញ​ខ្លាំងណាស់​ដែរ ដល់​ជីវចម្រុះ។ គេ​វាយតម្លៃថា វិធីសាស្រ្ត​នេសាទ ដោយ​ប្រើ​សំណាញ់ កាន់តែ​ល្អិត ផ្ទាល់ដី ក្នុង​ទឹកសមុទ្រ បាន​បំផ្លាញ​ផ្កាថ្ម និង​ជំរក​សត្វសមុទ្រ។ ម្យ៉ាងទៀត ជីវិត​សត្វសមុទ្រ​ជាច្រើន ត្រូវស្លាប់​ខ្ជះខ្ជាយ បោះចោល​ទៅក្នុង​ទឹកសមុទ្រ​វិញ ដោយសារ​តែ​ការប្រើ​សំណាញ់​តូចល្អិត ប្រមូល​បោស​ចាប់ មិន​រើសមុខ។

នៅ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ការប្រើ​សារធាតុ​គីមី Cyanure​ដើម្បី​ចាប់ត្រី ដែលនៅរស់ សម្រាប់​ទូកញ្ចក់​ភោជនីយដ្ឋាន​ចិន បាន​បំផ្លាញ​យ៉ាងសម្បើម សារ៉ាយ និង​ផ្កាថ្ម។

គឺ​មនុស្ស​ដែល​នឹង​រងគ្រោះថ្នាក់ ដោយសារ​អំពើ​របស់ខ្លួន

ការនេសាទ​ច្រើន​ហួស​ប្រមាណ របស់​មនុស្ស ជា​កត្តា​គំរាមកំហែង​មួយ​សម្រាប់​ជីវិត​សត្វសមុទ្រ គឺ បន្ថែម​ពីលើ​កត្តា​គំរាមកំហែង​ផ្សេងទៀត ជាពិសេស ការឡើងកំដៅ​ផែនដី ដែល​ជា​បច្ច័យអាក្រក់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ជីវចម្រុះ ក្នុង​សមុទ្រ ដូចជា​ផ្កាថ្ម ត្រូវបំផ្លាញ ឬ​ផ្លាស់ប្តូរ​ខុសពី​ធម្មជាតិ។ កក្តាគំរាមកំហែង​ជីវិត​សមុទ្រផ្សេងទៀត​ដែល​គេ​មិនអាច​មើល​រំលង​បានដែរនោះ គឺ ការបំពុល​បរិស្ថាន ដោយសារ​សំរាមប្លាស្ទិក ហើយ​និង​ប្រេង​ដែល​លេចហៀរចេញ​ពី​ស្ថានីយ៍បូមប្រេង ក្នុង​សមុទ្រ។ គេ​វាយតម្លៃ​ថា សំរាម​ប្លាស្ទិក​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មាន​ទំហំ​ស្មើ​នឹង​រដ្ឋ​តិចសាស់​របស់​អាមេរិកឯណោះ។ សត្វសមុទ្រ​ជាច្រើន  ជាពិសេស អណ្តើក សមុទ្រ បាន​ស្លាប់​រងគ្រោះច្រើន ដោយសារ​តែ​បាន​លេបយក​ស្មោង​ប្លាស្ទីក​ដែល​វា​គិតថា ជា​ចំណី​របស់​វា គឺ​ត្រីពពុះសមុទ្រ Jellyfish។ ដោយសារ​តែ​ការធ្លាក់ថយចុះ​នៃ​ចំនួនសត្វ​អណ្តើក​សមុទ្រ ​ត្រី​ធូណា ហើយ​និង​គូប្រជែង​ចំណីPlancton ដូចជា​ត្រីសាឌីន ដែល​ត្រូវ​មនុស្ស​ចាប់នេសាទ​ច្រើនហួសប្រមាណ ​ត្រីពពុះសមុទ្រ បានកើតពូន សម្បុក រីកសាយភាព​នៅតាម​ឆ្នេរសមុទ្រ។

ត្រីពពុះសមុទ្រ​មិនត្រឹម​តែ​មិនអាច​ជា​ចំណី​របស់​មនុស្ស ប៉ុន្តែ វា​ចង្រៃ មុតចាក់​ដៃជើង មនុស្ស​ថែមទៀត។ វត្តមាន​កាន់តែ​ច្រើន​របស់​វា គឺ​កាន់តែ​គ្រោះថ្នាក់ ធ្វើ​ឲ្យ​វិនាស​ពូជត្រី​កាន់តែ​ខ្លាំង​ព្រោះក្រៅតែ​ពី​Plancton សត្វពពុះសមុទ្រ​មួយចំនួន​ចិញ្ចឹមជីវិត ដោយចាប់កូនត្រី​តូចល្អិត​ជា​អាហារ។ ជាក់ស្តែង នៅ​តាម​ឆ្នេរ​របស់​ប្រទេស​ណាមីប៊ី អ្នកវិទ្យាសាស្រ្ត​រកឃើញថា ចំនួន​ត្រីពពុះសមុទ្រ Jellyfish មាន​ចំនួន​កើនឡើង ច្រើនជាង ត្រីទៅទៀត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ