អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រីឆេក ហាស៊ីណា ពី​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​ទៅ​ជា​អ្នក​កាន់​អំណាចផ្តាច់ការ​នៅ​បង់ក្លាដែស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស គណបក្ស​សម្ព័ន្ធអាវ៉ាមី​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ឆេក ហាស៊ីណា​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​នា​ថ្ងៃ​អាទិត្យ ទី៣០ ធ្នូ។ តាម​លទ្ធផល​ផ្លូវការ គណបក្ស​សម្ព័ន្ធ​អាវ៉ាមី​ទទួល​បាន ២៨៨អសនៈ​នៅ​ក្នុង​ចំនួន​អសនៈ​ទាំង ៣០០ នៅ​ក្នុង​រដ្ឋសភា។ ក្រុម​គណបក្សប្រឆាំង​បាន​ច្រាន​ចោល​លទ្ធផល​នេះ និង​ទាមទារ​ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។ តែ​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បដិសេធ​សំណើ​របស់​ក្រុម​គណបក្សប្រឆាំង។ ជាមួយ​នឹង​ជោគជ័យ​ដែល​គណបក្ស​សម្ព័ន្ធ​អាវ៉ាមី​ទទួល​បាន​ពេល​នេះ លោកស្រី​ឆេក ហាស៊ីណា​បាន​ត្រៀមខ្លួន​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី​អាណត្តិទី៤។ តើ​លោកស្រី​ឆេក ហាស៊ីណា​ជា​នរណា និង​ថា ហេតុអ្វី​បាន​ជា​លោកស្រី​អាច​បន្ត​កាន់តំណែង​ជា​បន្តបន្ទាប់​របៀប​នេះ?

លោកស្រីឆេក ហាស៊ីណា ពី​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​ទៅ​ជា​អ្នក​កាន់​អំណាចផ្តាច់ការ​នៅ​បង់ក្លាដែស?
លោកស្រីឆេក ហាស៊ីណា ពី​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​ទៅ​ជា​អ្នក​កាន់​អំណាចផ្តាច់ការ​នៅ​បង់ក្លាដែស? REUTERS/Alessia Pierdomenico
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៧១ឆ្នាំ លោកស្រី​ឆេក ហាស៊ីណា​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ចំនួន ៣អាណត្តិ។ អាណត្តិ​ទី១ ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១ និង​កាន់​ពីរ​អាណត្តិ​ជាប់​គ្នា​តាំង​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៨ ហើយ​កំពុង​ត្រៀម​ខ្លួន​កាន់​អាណត្តិទី៤ រយៈពេល ៥ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២៣។ លោកស្រី​ឆេក ហាស៊ីណា​ត្រូវ​បាន​ក្រុម​អ្នកគាំទ្រ​លោកស្រី​ចាត់​ទុក​ជា « មាតា​មនុស្សជាតិ »។ ជា « មាតា​មនុស្សជាតិ » ព្រោះ​ទី១ លោកស្រី​បាន​បើក​ទ្វារ​ទទួល​ពួក​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនាអ៊ីស្លាម​ជា​ច្រើន​ម៉ឺននាក់​ដែល​បាន​ភៀសខ្លួន​ពី​ប្រទេស​ភូមា​ក្នុង​ឆ្នាំ ២០១៧ និង​ទី២ លោកស្រី​បាន​ធ្វើ​ឲ្យ​ប្រទេស​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់។

ក្នុង​រយៈពេល​នៃ​ការ​កាន់​អំណាច​របស់​លោកស្រី​ឆេក ហាស៊ីណា បង់ក្លាដែស​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ចំនួន ៦,៣% ក្នុង​មួយ​ឆ្នាំ។ ក្នុង​ឆ្នាំ ២០១៧ ផលិតផល​សរុប​ក្នុង​ស្រុក​បាន​កើន​ចំនួន ៧,៨៦% ហើយ​លោកស្រី​ថែម​ទាំង​សន្យា​ធ្វើ​ឲ្យ​បង់ក្លាដែស​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ពីរ​ខ្ទង់​នា​ពេល​ខាង​មុខ។ ជាមួយ​នឹង​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ល្អ បង់ក្លាដែស​ដែល​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ​ជា ១៦៥លាននាក់​បាន​ស្គាល់​អត្រា​អ្នកក្រីក្រ​ធ្លាក់​ចុះ។ យោង​តាម​ធនាគារពិភពលោក មាន​ពលរដ្ឋ​បង់ក្លាដែស​ម្នាក់​ក្នុង​ចំនួន ៤នាក់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នកក្រក្នុង​ឆ្នាំ ២០១៦ ទល់​នឹង​មាន​ម្នាក់​ក្នុង​ចំនួន ៣នាក់​ក្នុង​ឆ្នាំ ២០១០។

ជា​មាតា​មនុស្សជាតិ​សម្រាប់​ក្រុម​អ្នកគាំទ្រ​លោកស្រី តែ​ជា​មាតា​ផ្តាច់ការ​កណ្តាប់ដៃដែក​សម្រាប់​ក្រុមអ្នកប្រឆាំង។ ក្នុង​រយៈពេល​នៃ​ការ​សោយរាជ្យ លោកស្រី​ឆេក ហាស៊ីណា​មិន​ញញើត​នឹង​ធ្វើ​ការ​បោសសំអាត​ពួក​ប្រឆាំង​តាម​គ្រប់​រូបភាព ដូច​យ៉ាង​ចាប់​ញាត់គុក ឬ​មួយ​ចាប់​ជម្លៀស​ដោយ​បង្ខំ​ជា​ដើម។ សត្រូវ​ស៊ូពូជ និង​ស៊ីសាច់ហុតឈាម​របស់​លោកស្រី គឺ​លោកស្រី​ខាលីដា ហ្សា​ដែល​កំពុង​ដេក​ក្នុង​គុក​ក្រោម​បទ​ចោទប្រកាន់​រឿង​អាស្រូវពុករលួយ។ ជាមួយ​នឹង​ទម្ងន់ទោស រួម​ទាំង​សុខភាព​មិន​ល្អ​ផង លោកស្រី​ខាលីដា ហ្សា​ហាក់​គ្មាន​ថ្ងៃ​វិល​ត្រឡប់​ចូល​ក្នុង​ឆាកនយោបាយ​ជា​ថ្មី​ឡើយ នោះ​បើ​ទោះ​បី​ជា​លោកស្រី​បន្ត​មាន​ទម្ងន់​នយោបាយ​នៅ​ក្នុង​សង្គម​បង់ក្លាដែស​ក្តី។

តាម​ពិត​ទៅ លោកស្រី​ឆេក ហាស៊ីណា និង​លោកស្រី​ខាលីដា ហ្សា​ធ្លាប់​ជា​ដៃគូ​នយោបាយ​តាំង​ពី​ដើម​ទសវត្ស​ឆ្នាំ ៩០។ ការ​ឆ្លាស់​គ្នា​កាន់​អំណាច​រវាង​ស្រ្តីអ្នកនយោបាយ​ជើងខ្លាំង​ទាំង​ពីរ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ដំណើរ​ផ្លាស់ប្តូរ​នៃ​ជីវិត​នយោបាយ​បង់ក្លាដែស។ គួរ​រម្លឹក​ថា ឱពុក​របស់​លោកស្រី​ឆេក ហាស៊ីណា គឺ​លោក​ឆេក មូហ្ស៊ីបួរ រ៉ាម៉ាន់​ជា​បិតា​ស្ថានិក​ប្រទេស​បង់ក្លាដែស​ដោយ​បាន​ទាមទារ​ឯករាជ្យ​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ឆ្នាំ ១៩៧១។ នៅ​ថ្ងៃទី១៥ សីហា ឆ្នាំ ១៩៧៥ ក្រុម​ទាហាន​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ឆេក មូហ្ស៊ីបួរ រ៉ាម៉ាន់ ហើយ​ចូល​ក្នុង​ផ្ទះ​សម្លាប់​លោក ប្រពន្ធ រួម​ទាំង​កូនប្រុស ៣នាក់។ ពេល​នោះ លោកស្រី​ឆេក ហាស៊ីណា និង​ប្អូនស្រី​កំពុង​ស្ថិត​នៅ​បរទេស។

ក្រោយ​រដ្ឋប្រហារ លោកស្រី​ឆេក ហាស៊ីណា​បាន​បង្ខំ​ខ្លួន​ជ្រកកោន​ក្នុង​ប្រទេស​ឥណ្ឌា។ នៅ​ទសវត្ស​ឆ្នាំ ៨០ លោកស្រី​បាន​ចង​សម្ព័ន្ធ​រួម​កម្លាំងជាមួយ​លោកស្រី​ខាលីដា ហ្សា ហើយ​បាន​វិល​ចូល​ស្រុក​វិញ​ក្នុង​ឆ្នាំ ១៩៨១ ដើម្បី​ប្រឆាំង​នឹង​អំណាច​យោធា​ផ្តាច់ការ។ តែ​ក្រោយ​ការ​ផ្តួលរំលំ​របប​យោធា​ផ្តាច់ការ និង​កសាង​បាន​វិញ​នូវ​របប​ប្រជាធិបតេយ្យ សម្ព័ន្ធនយោបាយ​រវាង​ស្រ្តី​ជើងខ្លាំង​ទាំង​ពីរ​បាន​ផ្តើម​ប្រេះឆា ហើយ​រាត្រី​ទឹកឃ្មុំ​ក៏​បាន​ក្លាយ​ជា​រាត្រី​ទឹកខ្មោះ​រហូត​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​បង្ហូរ​ឈាម​ទៀត​ផង។

បន្តិច​ម្តងៗ ពិសេស​ក្នុង​អាណត្តិ​ទី៣ ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ លោកស្រី​ឆេក ហាស៊ីណា​ដែល​ធ្លាប់​ជា​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​របប​ផ្តាច់ការ​យោធា បាន​ជាន់​ពន្លិច​ក្រុមប្រឆាំង និង​ផ្តើម​កសាង​ប្រទេស​បង់ក្លាដែស​តាម​ប្រព័ន្ធ​នយោបាយ​ដែល​ដឹកនាំ​ដោយ​​គណបក្ស​តែ​មួយ​ដូច​គំរូ​នៅ​ក្នុង​ប្រទេស​ខ្លះ​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ