ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT

អ្វីទៅ​ជា​ដើមចម​នៃ​ការ​ងើប​បះបោរ​របស់​ក្រុមឧទ្ទាម​អ្នកកាន់​ព្រះពុទ្ធសាសនា​នៅ​ភូមា?

អ្វីទៅ​ជា​ដើមចម​នៃ​ការ​ងើប​បះបោរ​របស់​ក្រុមឧទ្ទាម​អ្នកកាន់​ព្រះពុទ្ធសាសនា​នៅ​ភូមា?
 
កម្លាំង​ប៉ូលិស​ភូមា REUTERS/Soe Zeya Tun

នៅ​ក្នុង​ប្រទេស​ភូមា អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​ដែល​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំងទ័ព​រដ្ឋាភិបាល និង​កម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​អ្នកកាន់​ព្រះពុទ្ធសាសនា​ឈ្មោះ « កងទ័ព​អារ៉ាខាន់ » កំពុង​បន្ត​កើត​មាន​យ៉ាង​ហិង្សា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ នា​ថ្ងៃ​សុក្រ ទី៤ មករា ក្រុម​ឧទ្ទាម​បាន​បើក​ការ​វាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​ចំនួន ៤កន្លែង​ដោយ​សម្លាប់​បាន​ប៉ូលិស​ចំនួន ១៣នាក់ និង​របួស ៩នាក់​ផ្សេង​ទៀត។

ព្រឹត្តិការណ៍​ហឹង្សា​មួយ​នេះ​បាន​និង​កំពុង​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ថ្មី ព្រោះ​មាន​ជនស៊ីវិល​ជា​ច្រើន​រយនាក់​បាន​នាំ​គ្នា​រត់ភៀសខ្លួន​ចោល​ផ្ទះសម្បែង។ គួរ​រម្លឹក​ថា គឺ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ដដែល​នេះ​ហើយ​ដែល​មាន​ពួក​រ៉ូហ៊ីងយ៉ាង​ជាង​កន្លះលាន​នាក់​បាន​រត់ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុកបុកម្នេញ​ពី​ទាហាន​រដ្ឋាភិបាល​ភូមា។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​បាន​នាំ​គ្នា​និយាយ​ច្រើន​ពី​បញ្ហា​ពួក​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​បាន​នាំ​គ្នា​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស​ក្បែរខាង។ រហូត​មក​ទល់​សព្វថ្ងៃ រឿងរ៉ាវ​មួយ​នេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់ និង​កំពុង​បន្ត​ក្លាយ​ជា​ប្រធានបទ​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លាំង​រវាង​រដ្ឋាភិបាល​ភូមា និង​សហគមន៍​អន្តរជាតិ។ ភូមា​ដែល​មាន​ប្រជាជន​ជាង ៩០% ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ពួក​រ៉ូហ៊ីងយ៉ា​អ្នក​កាន់សាសនា​អ៊ីស្លាម​មិន​ត្រូវ​បាន​ទទួល​ស្វាគមន៍​ជា​ជនជាតិ​ភាគតិច និង​ថែម​ទាំង​ទទួល​ការ​ស្អប់​យ៉ាង​ខ្លាំង​ទៀត​ផង នោះ​បើ​ទោះ​បី​ជា​ពួក​នេះ​បាន​រស់នៅ​ក្នុង​ទឹកដី​ភូមា​ត​កូន ត​ចៅ​អស់​ជា​ច្រើន​ជំនាន់​ក៏​ដោយ​ក្តី។

ពួក​រ៉ូហ៊ីងយ៉ា​អ្នកកាន់សាសនា​អ៊ីស្លាម​ជា​បញ្ហា​មួយ​ដែល​រដ្ឋអំណាច​ភូមា​ហាក់​ពិបាក​ដោះស្រាយ ពិសេស​ប្រឈម​នឹង​គំនាប​របស់​សហគមន៍​អន្តរជាតិ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បញ្ហា​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​រដ្ឋអំណាច​កណ្តាល​នៅ​ភូមា​ក្រពុល​មុខ ឈឺ​ក្បាល​ខ្លាំង​ជាង​នេះ គឺ​ការ​បះបោរ​របស់​ចលនា​ឧទ្ទាម​អ្នកកាន់​ព្រះពុទ្ធ​សាសនា ពិសេស​គឺ​ចលនា​ទាមទារ​ផ្តាច់ទឹកដីនិយម​អ្នកកាន់​សាសនា​ព្រះពុទ្ធ ឬ​ហៅ​ថា កងទ័ព​អារ៉ាខាន់។ ចលនា​ឧទ្ទាម​មួយ​នេះ​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ២០០៩ មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ និង​មាន​កម្លាំង​យុទ្ធជន​ជិត ២ ០០០នាក់​ដែល​បំពាក់​ដោយ​អាវុធ​ល្អៗ រួម​ទាំង​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ច្បាស់លាស់។

កងទ័ព​អារ៉ាខាន់​ចង់​បាន​ស្វ័យភាព និង​ការ​ទទួល​ស្គាល់​អត្តសញ្ញាណដើម

យើង​គួរ​បញ្ជាក់​បន្តិច​ថា អារ៉ាខាន់ និង​រ៉ាក់ឃីន​ជា​រដ្ឋ​តែ​មួយ តែ​គេ​ច្រើន​នាំ​គ្នា​ហៅ​រដ្ឋរ៉ាក់ឃីន។ រដ្ឋ​មួយ​នេះ​ធ្លាប់​ជា​រាជាណាចក្រ​ឯករាជ្យ​មួយ​អស់​ជា​ច្រើន​សតវត្ស មុន​នឹង​ត្រូវ​បាន​អំណាច​ភូមា​ក្នុង​របប​រាជានិយម Konbaungវាយ​យក​ក្នុង​ឆ្នាំ ១៧៨៥។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា កងទ័ព​អារ៉ាខាន់​ជា​ចលនា​ទាមទារ​ផ្តាច់ទឹកដី​មួយ បន្ទាប់​ពី​រាជាណាចក្រ​រ៉ាក់ឃីន​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​របស់​របប​ភូមា​ក្នុង​ឆ្នាំ ១៧៨៥។ អ្វី​ដែល​កងទ័ព​អារ៉ាខាន់​បន្ត​ទាមទារ​តាម​រយៈ​ការ​តស៊ូប្រដាប់អាវុធ​ពេល​នេះ គឺ​ស្វ័យភាព​រដ្ឋអារ៉ាខាន់ ឬ​រដ្ឋរ៉ាក់ឃីន និង​ដើម្បី​ការពារ​អត្តសញ្ញាណ​វប្បធម៌ ហើយ​សាសនា​របស់​ប្រជាជន​អារ៉ាខាន់។

កងទ័ព​អារ៉ាខាន់​ចង់​ឲ្យ​រដ្ឋអំណាចកណ្តាល​ភូមា​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ពួក​គេ​ក្នុង​នាម​ជា​ជនជាតិ​ភាគតិច។ សូម​ជម្រាប​ថា​នៅ​ភូមា មាន ១៣៥ជនជាតិ​ភាគតិច​ខុសៗ​គ្នា​ដែល​តំណាង​ឲ្យ ១ភាគ៣ នៃ​ប្រជាជន​ភូមា​សរុប​ជាង ៥០លាននាក់។ នៅ​ក្នុង​អតីតកាល​ក៏​ដូច​ជា​បច្ចុប្បន្នកាល រដ្ឋអំណាច​ភូមា​គ្រប់ជំនាន់​តែង​បន្ត​ប្រឈម​មុខ​នឹង​ការ​បះបោរ​ពី​សំណាក់​ចលនា​ឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី​និយម​ធំៗ ដូច​យ៉ាង​កងទ័ព​អារ៉ាខាន់​ពេល​នេះ។ ម្យ៉ាង​ទៀត កិច្ចចរចា​ក៏​ធ្លាប់​បាន​ធ្វើ និង​ព្យាយាម​ធ្វើ​ជា​ហូរហែ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ភូមា​ដឹកនាំ​ដោយ​គណបក្សសម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី​បាន​បើក​ទ្វារ​ចរចា​ជាមួយ​គ្រប់​ក្រុម​ជនជាតិ​ភាគតិច​តស៊ូប្រដាប់​អាវុធ​ទាំង​អស់។

តែ​គេ​សង្កេត​ឃើញ​ជា​រួម​ថា មាន​ចលនា​ឧទ្ទាម​ខ្លះ​យល់​ព្រម​ចូល​តុចរចា និង​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព តែ​ខ្លះ​ទៀត​បាន​ជ្រើស​យក​ផ្លូវ​បន្ត​ការ​តស៊ូ​ផ្លូវអាវុធ។ នេះ​ក៏​ដោយសារ​ថា ការ​ទាមទារ​របស់​ពួក​គេ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ទទួល​យក ហើយ​រដ្ឋាភិបាល​វិញ​មក​ទល់​ពេល​នេះ ហាក់​មិន​បាន​ត្រៀម​ខ្លួន​ធ្វើ​សម្បទាន និង​បន្ត​ជ្រើស​ផ្លូវ​វាយប្រហារ​ប្រដាប់​អាវុធ​តប​វិញ។

ចរចា​នៅ​ជា​សេណារីយ៉ូ​ដើម្បី​រក​ច្រក​ចេញ

ជម្រើស​ដ៏​ល្អ​សម្រាប់​រដ្ឋាភិបាល​ភូមា និង​ចលនា​ឧទ្ទាម គឺ​បន្ត​ការ​ចរចា​ជាជាង​បន្ត​ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវ​អាវុធ​នៅ​លើ​សមរភូមិ។ តែ​អ្វី​ដែល​សំខាន់​នៅ​ចំពោះ​មុខ​សម្រាប់​រដ្ឋាភិបាល​ភូមា និង​ចលនា​ឧទ្ទាម គឺ​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ឆន្ទៈ និង​ការ​ចង់​បាន​រៀងៗខ្លួន ពិសេស​ចោទ​សួរ​ថា តើ​ចរចា​ដើម្បី​អ្វី និង​ត្រូវ​លើក​យក​បញ្ហា​អ្វី​ខ្លះ​ទៅ​ដាក់​លើ​តុ​ដើម្បី​ជជែក​គ្នា។

គួរ​បញ្ជាក់​ថា បញ្ហា​ឧទ្ទាម​ជនជាតិ​ភាគតិច​នៅ​ភូមា​ជា​បញ្ហា​ស្មុគស្មាញ ចម្រូងចម្រាស និង​កំពុង​បន្ត​ស៊ីរូង​ប្រទេស​ដ៏​រុំារ៉ៃ​តាំង​ពី​ភូមា​ទទួល​បាន​ឯករាជ្យ។ តាំង​ពី​ជំនាន់​របបសឹក​រហូត​ដល់​របបស៊ីវិល រដ្ឋាភិបាល​តែង​ប្រើ​កម្លាំងបាយ​ដើម្បី​ដោះស្រាយ​បញ្ហា។ នេះ​អាច​ថា​ជា​ជ្រើស​មួយ​ត្រឹមត្រូវ ព្រោះ​កុំ​ថា​ឡើយ​ភូមា សូម្បី​តែ​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ក៏​មិន​ចង់​ឃើញ​ដី​មួយ​ដុំ​ណា​របស់​ខ្លួន​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុមឧទ្ទាម ឬ​ចលនា​ប្រដាប់​អាវុធ​ណា​មួយ​ឡើយ។

ក្នុង​ឆ្នាំ ២០១៦ លោកស្រី​អ៊ុង សានស៊ូជី​ធ្លាប់​បាន​បើក​ទ្វារ​ចរចា​ជាមួយ​គ្រប់​ចលនា​ឧទ្ទាម​ជនជាតិ​ភាគតិច​ទាំង​អស់។ តែ​បញ្ហា​នៅ​ត្រង់​ថា លទ្ធផល​ដែល​ទទួល​បាន​គឺ​មាន​តែ​ជាមួយ​ចលនា​ឧទ្ទាម​តូចតាច និង​មាន​កម្លាំង​ខ្សោយ​ប៉ុណ្ណោះ។ ចំណែក​ចលនា​ឧទ្ទាម​គ្រាក់ៗ​នៅ​បន្ត​រឹង​ក្បាល​មិន​ព្រម​ចរចា បន្ត​ប្រកាន់​ជំហរ​របស់​ខ្លួន និង​មិន​ព្រម​ទទួល​យក​សម្បទាន​ពី​រដ្ឋាភិបាល​ទេ។ ក្រុម​អ្នក​វិភាគ​នយោបាយ​ភូមា​បាន​មើល​ឃើញ​ថា បើ​រដ្ឋាភិបាល​ភូមា​បន្ត​ប្រើ​កណ្តាប់ដៃដែក នោះ​ស្ថានការណ៍​នឹង​កាន់​តែ​ដុនដាប ព្រោះ​ចង់​ឬ​មិន​ចង់ សក្តានុពល​របស់​ចលនា​ឧទ្ទាម​មិនមែន​កម្រិត​ត្រឹម​ក្នុង​តែ​រដ្ឋ​រ៉ាក់ឃីន​ឯណា តែ​នឹង​អាច​រីករាល​ដាល​ចេញ​ពី​ចលនា​ឧទ្ទាម​ប្រដាប់​អាវុធ​នៅ​ក្នុង​រដ្ឋ​ផ្សេង។

សរុប​មក​វិញ រដ្ឋាភិបាល​ភូមា​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ពី​ការ​ផ្តើម​គិតគូរ​ឡើង​វិញ​លើ​ជំហរ​របស់​ខ្លួន ព្រោះ​នេះ​ជា​ដង្កូវ​ចេញ​ពី​សាច់ឯង​ដែល​ពិបាក​ដោះស្រាយ​ជាង​បញ្ហា​ពួក​រ៉ូហ៊ីងយ៉ា​ឆ្ងាយ​ណាស់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ភូមា

    ភូមា៖ អំពើហិង្សា ប្រយុទ្ធគ្នា នៅរដ្ឋរ៉ាឃីន រវាងក្រុមឧទ្ទាមពុទ្ធសាសនា និងកងទ័ពភូមា កើនឡើងខ្លាំង គួរឲ្យព្រួយ

    ស្វែងយល់បន្ថែម

  • ភូមា

    យោធាភូមាប្រកាសផ្អាកប្រតិបត្តិការសឹក នៅភាគ​ខាងជើង​និង​ខាងកើត

    ស្វែងយល់បន្ថែម

  • ក្រុមហ៊ុន​ហ្វេសប៊ុក​ លុប​ទំព័រហ្វេសប៊ុក​ដែលជាប់ពាក់ព័ន្ធនឹង​យោធាភូមា​

    ស្វែងយល់បន្ថែម

  • HCR ៖ រ៉ូហ៊ីងយ៉ា ដែល​គេ​ចាប់​បញ្ជូន​ទៅ​​ជំរំ​​ភូមា​វិញ ត្រូវការ​ជំនួយ​ជា​បន្ទាន់

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ