អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន៖​ព្យុះសង្ឃរា Usman បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ១២៦នាក់

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន រដ្ឋអំណាច​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី៦ មករា​នេះ​ថា ព្យុះសង្ឃរា Usman ដែល​បាន​បោកបក់​លើ​ប៉ែកកណ្តាល​ប្រទេស​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​នូអែល​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ១២៦នាក់ បាត់ខ្លួន ២៦នាក់ និង​មាន​អ្នក​រងរបួស​យ៉ាង​តិច ៧៥នាក់។ តាម​រដ្ឋអំណាច ចំនួន​អ្នកស្លាប់​មួយ​ភាគ​ធំ​បាន​ស្លាប់​ដោយ​ដីបាក់​សង្កត់​ពី​លើ។ គួរ​រម្លឹក​ថា​ជា​រៀងរាល់​ឆ្នាំ ហ្វីលីពីន​បាន​រងគ្រោះ​ដោយ​ព្យុះសង្ឃរា​ប្រមាណ​ជា ២០ដង និង​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​រយនាក់។

នៅ​ហ្វីលីពីន ​ព្យុះសង្ឃរា Usman បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ១២៦នាក់
នៅ​ហ្វីលីពីន ​ព្យុះសង្ឃរា Usman បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ១២៦នាក់ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃ​ទី២៩ ធ្នូ ពោល​ក្រោយ​បុណ្យ​ណូអែល​បាន ៣ថ្ងៃ​ដែល​ព្យុះសង្ឃរា Usman បាន​បោកបក់​យ៉ាង​ខ្លាំង​ទៅ​លើ​ប៉ែកកណ្តាល និង​ប៉ែកខាងកើត​ប្រទេស ពិសេស​នៅ​តំបន់​ព្រៃភ្នំ​ប៊ីកុល។ ជា​ទូទៅ តំបន់​ព្រៃភ្នំ​មួយ​នេះ​តែង​ទទួល​រង​ព្យុះសង្ឃរា​ញឹកញាប់ និង​តែង​ទទួល​ការ​ប្រកាស​អាសន្ន​ជា​មុន​នៅ​ពេល​ព្យុះ​ធ្វើ​ដំណើរ​ជិត​ដល់។ តែ​បើ​តាម​មើល​ទៅ ប្រហែល​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​មិន​បាន​ចាត់​វិធានការ​ម៉ត់ចត់​ដើម្បី​ប្រឈម​ទប់​នឹង​ឥទ្ធិពល​ហិង្សា​របស់​ខ្យល់ព្យុះ។ ម្យ៉ាង​ទៀត មាន​ពលរដ្ឋ​ភាគច្រើន​ហាក់​បាន​រារែក​ក្នុង​ការ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ទៅ​កាន់​តំបន់​សុវត្តិភាព​ក្នុង​ពេល​បុណ្យ​ណូអែល។ ទន្ទឹម​គ្នា រដ្ឋអំណាច​ក្នុង​តំបន់​ក៏​មិន​បាន​ផ្តល់​សញ្ញាអាសន្ន​ជា​មុន​ពី​ការ​មក​ដល់​នៃ​ព្យុះសង្ឃរា​ដែរ។

លោក Edgar Posadas អ្នក​នាំពាក្យ​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ធម្មជាតិ​បាន​ថ្លែង​ថា ក្នុង​រយៈពេល​តែ ២ថ្ងៃ បរិមាណ​ទឹកភ្លៀង​ដែល​បាន​បង្ក​ដោយ​ព្យុះសង្ឃរា Usman មាន​កម្រិត​ស្មើ​នឹង​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ក្នុង​រដូវកាល​ធម្មតា​ជាង ១ខែ​នៅ​ក្នុង​តំបន់​ព្រៃភ្នំ​ប៊ីកុល។ ខណៈ​នេះ ក្រុម​អ្នកជួយសង្រ្គោះ​កំពុង​បន្ត​ការ​ស្រាវជ្រាវ​ដើម្បី​ស្វែង​រក​អ្នក​បាត់ខ្លួន​ចំនួន ២៦នាក់។ គួរ​រម្លឹក​ថា​ក្រៅ​ពី​មាន​អ្នក​ស្លាប់ អ្នក​បាត់ខ្លួន និង​អ្នក​របួស ព្យុះសង្ឃរា Usman បាន​បង្ខំ​ឲ្យ​មាន​អ្នក​ភៀសខ្លួន​ចេញ​ពី​ផ្ទះសម្បែង​ជាង ១៥ម៉ឺន​នាក់។

ជា​រៀងរាល់​ឆ្នាំ ហ្វីលីពីន​តែង​ទទួល​រង​ព្យុះសង្ឃរា​ប្រមាណ​ជា ២០ដង និង​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​រយនាក់។ ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៣ ព្យុះសង្ឃរា​ហាយយ៉ាន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​បាត់ខ្លួន​ជាង ៧ ៣៥០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ