ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT
អាស៊ី

គណបក្ស​កាន់អំណាច​តៃវ៉ាន់ បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី ដែលមានជំហរ​កណ្តាល​និយម

media លោក​ចូ ជុងតៃ ត្រូវ​បាន​គណបក្ស​ចំរើន​ប្រជាធិបតេយ្យ​តៃវ៉ាន់ (DPP) បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​បក្ស​ថ្មី នៅថ្ងៃអាទិត្យ​ទី ៦​មករា ២០១៩ បន្ទាប់ពីលោកស្រី​ប្រធានាធិបតី​ឆៃ អ៊ីងវេន​ប្រកាស​លាលែង កាលពី​ខែ​វិច្ឆិកា ២០១៨ ©SAM YEH / AFP

នៅតៃវ៉ាន់ នៅថ្ងៃ​អាទិត្យ​ម្សិលមិញ គណបក្ស​កាន់​អំណាច​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី ដើម្បី ជំនួស​លោកស្រី​ប្រធានាធិបតី ឆៃ អ៊ីងវេន ដែល​បាន​លាលែង​ចេញ​ពី​តំណែង​ប្រធាន​បក្ស កាល​ពី​ខែ វិច្ឆិកា​កន្លងទៅ។ លោក​ចូ ជុងតៃ ដែល​មាន​ជំហរ​កណ្តាល​និយម បាន​ទទួល​សំឡេង​គាំទ្រ​ភាគច្រើន​របស់​បក្សកាន់អំណាច បើប្រៀបធៀប​នឹង​បេក្ខជន​ឯករាជ្យនិយម។ ការទាមទារ​ឯករាជ្យ​ឲ្យ​តៃវ៉ាន់ អាច​ប្រឈម​នឹង​ការវាយប្រហារ ប្រើ​កម្លាំង​យោធា ពីសំណាក់​ក្រុង​ប៉េកាំង ដែល​បាន​ចាត់ទុក​តៃវ៉ាន់ ជា​ដែនដី​កោះ​មួយ​របស់​ប្រទេស​ចិន។

ក្នុង​កាលៈទេសៈ​ដែល​ភាពតានតឹង ចិន និង​តៃវ៉ាន់​កើនឡើង​ដល់​កម្រិត​កំពូល គណបក្ស​កាន់អំណាច​តៃវ៉ាន់​បាន​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ដែល​មាន​ជំហរ​កណ្តាល​និយម ជាជាង​ជ្រើសរើស​យក​បេក្ខជន​ឯករាជ្យ​និយម សម្រាប់​ធ្វើ​ជា​ប្រធាន​ថ្មី ជំនួស​លោកស្រី ឆៃ អ៊ីងវេន។

នៅវិច្ឆិកា​ឆ្នាំមុន លោកស្រី ប្រធានាធិបតី ឆៃ អ៊ីងវេន​បាន​ប្រកាស​លាលែង​ចេញពី​តំណែង​របស់​ប្រធាន​បក្ស ចំរើន​ប្រជាធិបតេយ្យ​តៃវ៉ាន់ នៅក្រោយ​បរាជ័យ​ដ៏អាម៉ាស់​មុខ​របស់​បក្ស​កាន់អំណាច នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​តៃវ៉ាន់។ គណបក្ស​ចំរើន​ប្រជាធិបតេយ្យ​របស់​លោកស្រី ឆៃ ធ្លាប់​បាន​ឈ្នះឆ្នោត​ភ្លូកទឹក ភ្លូកដី កាលពី​ឆ្នាំ ២០១៦ លើ​គណបក្ស​គួកមិញតាង ដែល​មានជំហរ​ស្និទ្ធ​ទៅរក​ក្រុង​ប៉េកាំង។

ត្រូវ​កាន់តំណែង​ជា​ប្រធាន​បក្ស រហូត​ដល់​ឆ្នាំ​បោះឆ្នោត​ប្រធានាធិបតី ឆ្នាំ ២០២០ លោក ចូ ជុងតៃ ដែល​ត្រូវ​បាន​បក្ស​បោះឆ្នោត​គាំទ្រ ក្នុង​សំឡេង​ភាគច្រើន កាលពី​ថ្ងៃ​អាទិត្យ មាន​ជំហរ​កណ្តាល​និយម ដូច​លោកស្រី ឆៃ អ៊ីងវេន ដែល​រហូត​រង​ការដាក់សម្ពាធ​ពី​ទាំង​ពី​ខាង​ប៉េកាំង ហើយ​និងទាំងពី​ខាង​ក្រុមឯករាជ្យ​និយម នៅក្នុង​គណបក្ស​របស់​លោកស្រី។ លោកស្រីឆៃ ចង់​រក្សា​លក្ខន្តិកៈដើម ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន។

សូមអាន៖ ប្រធានាធិបតី​តៃវ៉ាន់៖ គេ​មិនអាច​លុបបំបាត់​ចោល​តៃវ៉ាន់​នោះទេ

ទោះ​មិន​ប្រកាស​ឯករាជ្យ​ឲ្យតៃវ៉ាន់ ប៉ុន្តែ លោកស្រីឆៃ បដិសេធ​មិន​ព្រម​ទទួលស្គាល់​ថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន។ ការណ៍នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ដីគោក បង្កើន​ការដាក់​សំពាធ​ការទូត ដូចជា​អូសទាញ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់ ដាក់គំនាប​សេដ្ឋកិច្ច លើតៃវ៉ាន់ និង​បញ្ចេញ​សាច់ដុំ​តាមរយៈ​សមយុទ្ធ ក្បែរ​កោះតៃវ៉ាន់។ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង នៅបាន​ព្រមាន​សាជាថ្មីថា នឹង​ប្រើ​កម្លាំង​យោធា​ដើម្បី​យក​តៃវ៉ាន់​មក​កាន់កាប់ បើសិន​ជា​តៃវ៉ាន់ ហ៊ាន​បើកមាត់​ទាមទារ​ឯករាជ្យ​ពីចិន។

សម្រាប់អ្នកជំនាញ​ផ្នែក​តៃវ៉ាន់ ដោយ​ជ្រើសរើស​បេក្ខជន​កណ្តាល​និយម គណបក្ស​កាន់អំណាច​តៃវ៉ាន់ ចង់​បន្ត​រក្សា​ជំហរ​ដូចមុន ពោល​គឺ​មិន​ចុះញ៉ម​រណប​នឹង​ប្រទេស​ចិន ដូច​ក្នុង​អាណត្តិ​រដ្ឋាភិបាល​គួកមិញតាង ប៉ុន្តែ ក៏​មិន​ប្រកាស​ឯករាជ្យ​ដែល​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ផ្ទុះកំហឹង​នោះដែរ។ មួយវិញទៀត ការជ្រើសរើស​អ្នកកណ្តាល​និយម មកធ្វើ​ជា​មេដឹកនាំ គណបក្ស​​កាន់អំណាច​តៃវ៉ាន់ ចង់​ធានា​ទៅទីក្រុង​វ៉ាស៊ីនតោន។ ទោះជា​តៃវ៉ាន់ ជា​សម្ព័ន្ធមិត្ត​ដែល​អាមេរិក​ប្រកាស​ការពារគាំទ្រ ប៉ុន្តែ អាមេរិក​នៅ​តែ​បារម្ភខ្លាច​ក្រែង​មាន​ការវាយប្រហារ​ឈ្លានពាន​របស់​យោធា​ចិន ដើម្បី​ចូលកាន់កាប់​តៃវ៉ាន់ ដោយសារ​តែ​ការប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់នោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ