ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
អាស៊ី

ចិន​ត្រៀម​ទទួល​តំណាង​​អង្គការ​សហប្រជាជាតិ នៅ​ស៊ីនជាំង

media ពួកអ៊ុយហ្គួរ​ម្ចាស់ស្រុក​ប្រឈមមុខ​នឹង​កងសន្តិសុខ​ចិន​ © RFI

ចិនបាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ ថា​បាន​​ត្រៀម​ខ្លួនស្រេច​បាច់​ហើយ​​នឹង​ទទួល​តំណាង​អង្គការ​សហប្រជាជាតិ​ ឱ្យ​​ចុះ​ទៅ​ខេត្ត​ស៊ីនជាំង ដែល​ជា​តំបន់​ដាច់​ស្រយាល​ខ្លាំង​របស់​ចិន និង​ដែល​​មាន​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​​រស់​នៅ។ ប៉ុន្តែអ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ទាំង​នោះ​​ត្រូវ​គោរព​តាម​​លក្ខខណ្ឌ និង​បែប​បទ​របស់​ប្រទេស !

ឆ្លើយ​តប​ទៅនឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ស្តី​អំពី​ការ​អញ្ជើញ​តំណាង​អង្គការ​សហប្រជាជាតិ ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ស៊ីនជាំង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​អះអាង​ថា ចិន​រង់​ចាំ​ស្វាគមន៍​គ្រប់​​ភាគី​ រាប់​ទាំង​អង្គការ​សហប្រជាជាតិ​ផង ឱ្យ​តែអ្នក​ទាំង​នោះ​​​បំពេញ​បាន​តាម​សំណុំ​បែប​បទធ្វើ​ដំណើរ​បាន​​ត្រឹមត្រូវ ! ប៉ុន្តែ​​​តំណាង​អង្គការ​សហប្រជាជាតិ ត្រូវ​តែ​ចៀស​វាង​មិន​លូក​ដៃ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ត្រូវ​ប្រកាន់​ឥរិយាបថត្រឹមត្រូវ​និង​អព្យាក្រឹត្យ។

ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី Michelle Bachelet បាន​ប្រកាសកាលពី​ខែធ្នូ​​កន្លង​ទៅ​ អំពី​ចេតនា​ចង់​ចុះ​ទៅ​ខេត្ត​ស៊ីនជាំង​របស់​ចិន ដើម្បី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ថា​តើ​ពិត​ជា​មាន​ជំរំ​លត់​ដំ​ដូច​ដំណឹង​លេច​ឮ​មែន​ឬយ៉ាងណា។

ចិន​ជាប់​ចោទ​តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ ថា​បើក​ជំរំ​លត់​ដំ​មួយ នៅ​ក្នុង​ខេត្ត​ស៊ីនជាំង ខេត្ត​ដាច់​ស្រយាល នៅ​ភាគ​លិច​នៃ​ប្រទេស ដែល​មាន​សហគមន៍​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ ដើម​កំណើត​តួកគី និង​កាន់​សាសនា​អ៊ីស្លាម រស់​នៅច្រើន។ បណ្តាប្រទេស​លោក​ខាង​លិច មានជាអាទិ៍​​ បារាំង អាល្លឺម៉ង់ សហរដ្ឋ​អាមេរិក​ ជា​ដើម ធ្លាប់​បាន​អំពាវនាវ​កាលពី​ដើម​ខែ​វិច្ឆិកា​ឱ្យ​ចិន បិទ​ជំរំ​អប់​រំ​នោះ​ ព្រោះ​បើ​តាម​ក្រុម​ប្រឆាំង​ ជំរំនោះ​មាន​ឃុំឃាំង​ជនជាតិ​អ៊ុយហ្គួ​ ព្រមទាំង​អ្នក​កាន់​សាសនា​អ៊ីស្លាម​ផ្សេង​ទៀត ដល់​ទៅ​ជាង​មួយ​លាន​នាក់។

ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នេះ ​​អាជ្ញាធរ​ចិនបាន​អះអាង​ថា​នេះ​​ជា​វិធានការសន្តិសុខ​ដ៏​​ចាំបាច់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​រីក​សាយ​ឥទ្ធិពល​របស់​ក្រុម​ជ្រុលនិយម​នៅ​ស៊ីនជាំង។ ចិន​ថែម​ទាំង​បាន​បើក​យុទ្ធនាការ​​ការពារ​នយោបាយ​ចិន​នៅ​ស៊ីនជាំង​ដោយ​ បាន​អញ្ជើញ​អ្នក​ការទូត​មក​ពី ១២ប្រទេស (មិន​ជា​បស្ចឹម​ប្រទេស) ឱ្យ​ចុះ​ទៅ​ដល់​ស៊ីនជាំង។ អ្នក​កាសែត​មួយ​ក្រុម​តូច មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​គ្នា​ រាប់​ទាំង​​ភ្នាក់ងារ​Reuters ផង​បាន​ចុះ​ទៅ​ដល់​មជ្ឈមណ្ឌល​​បី​កន្លែង ក្នុង​ទម្រង់​ជា​មជ្ឈមណ្ឌល​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​អប់​រំ ​ ដែល​និស្សិត​អ៊ុយហ្គួរ​ ត្រូវ​រៀនជា​​ភាសាចិន​អំពី​គ្រោះ​ថ្នាក់​នៃ​ទស្សនៈ​ជ្រុលនិយម៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ