ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT

នាវា​យោធា​អាមេរិកទៅ​សមុទ្ទ​ចិន​ខាងត្បូង ចំ​ពេលប៉េកាំង​និង​វ៉ាស៊ីនតោន​​បើក​កិច្ចចរចាពាណិជ្ជកម្ម

នាវា​យោធា​អាមេរិកទៅ​សមុទ្ទ​ចិន​ខាងត្បូង ចំ​ពេលប៉េកាំង​និង​វ៉ាស៊ីនតោន​​បើក​កិច្ចចរចាពាណិជ្ជកម្ម
 
លោក Donald Trump និង​លោក Xi Jinping រូបថត​​ថ្ងៃ៩ វិច្ឆិកា ២០១៨ REUTERS/Damir Sagolj

នៅ​ថ្ងៃ​ចន្ទ​នេះ នាវា​ចម្បាំង​អាមេរិក​មួយ​គ្រឿងបាន​ធ្វើ​ដំណើរ​ចូល​ទៅ​កៀក​តំបន់​ប្រជុំ​កោះ​ប៉ារ៉ាសែល នៃ​សមុទ្ទ​ចិន​ខាង​ត្បូង ដែលចិន​​ជាប់​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង។ វត្តមាន​របស់​នាវា​យោធា​អាមេរិក​ ​ក្នុង​តំបន់​ដែល​ប៉េកាំង​ទាមទារ​​គ្រប់​គ្រង​​​ស្ទើរ​តែ​ទាំង​មូល ​ប្រព្រឹត្ត​​ទៅ​ជួន​ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ ចិន​-អាមេរិក​ ត្រូវ​ជួប​ពិភាក្សា​ស្វែង​​រក​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះពាណិជ្ជកម្ម នៅ​ទីក្រុង​ប៉េកាំង។

នាវា​ចម្បាំង​អាមេរិក USS McCampbell ​បានបើក​​​ចូល​ទៅ​ក្នុង​តំបន់​​ប្រជុំ​កោះ​ប៉ារ៉ាសែល និង​ចូល​កៀក​ចម្ងាយ​ប្រមាណ​តែ​១២​ម៉ាយ​ប៉ុណ្ណោះ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ អ្នក​នាំពាក្យ​យោធា​អាមេរិក​បាន​ប្រកាស​ថា នាវា​ចម្បាំង​អាមេរិក​​កំពុង​បំពេញ​​​បេសកកម្ម ក្នុង​ក្របខ័ណ្ឌ​នៃ​​ការ​ការពារ “សេរីភាព​​ចរាចរណ៍​”​ ប្រឈម​នឹង​ការ​ទាមទារ​គ្រប់គ្រង​ដែន​ទឹក​ជ្រុល​ហួស​ហេតុ។ សម្រាប់​អាមេរិក​ ប្រតិបត្តិការ​នេះ​គ្មាន​ទិសដៅ​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​ជាពិសេស​ឡើយ ! និង​ក៏​គ្មាន​សោះ​ដែរ​ទិសដៅ​នយោបាយ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​កង​ពល​នាវា​ចម្បាំង​ដដែល។

​ប៉ុន្តែ​សម្រាប់​ចិន ដូច​ជា​រៀង​រាល់​លើក ប៉េកាំង​មិន​ពេញ​ចិត្ត​ទេ។ ថ្ងៃ​នេះ ក្រសួង​ការបរទេស​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ ដោយ​អះអាង​ថា បេសកកម្ម​របស់​កងនាវា​អាមេរិក រំលោភ​ច្បាប់​ផ្លូវ​ទឹក និង​បាន​ជំរុញ​ឱ្យ​អាមេរិក​ឈប់​​ធ្វើ​ប្រតិបត្តិការ​បែប​នេះ​ទៀត នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។ ចិន​ខឹង​និង​រិះគន់​សកម្មភាព​របស់​អាមេរិក​នេះ​ខ្លាំង​ណាស់។ ប៉ុន្តែ​គេ​នៅ​មិន​អាច​វាស់​វែង​​ផល​ប៉ះពាល់​លើ​​កិច្ចពិភាក្សា​ស្វែង​រក​កិច្ចព្រមព្រៀង​​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម បាន​ទេ ក្នុង​ពេល​ភ្លាម​នេះ។

សូម​បញ្ជាក់​ថា តាំង​ពី​​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​មក ទំនាក់ទំនងផ្នែក​​យោធា​រវាង​អាមេរិក-​ចិន​ ក៏​បាន​ធ្លាក់​ដល់​កំរិត​​ទាប​ស្ទើរ​ដល់​បាត​ដែរ។ មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ដូច​ជា វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី តែវ៉ាន់​ ចិន​បានទាមទារ​និ​ង​ចាត់​ទុក​តំបន់​​​សមុទ្ទ​ចិន​ខាង​ត្បូង ជា​យុទ្ធសាស្ត្រ ជា​របស់​ខ្លួន​ស្ទើរ​តែ​ស្រុង​។ ឯ អាមេរិករបស់​លោក​ត្រាំ ដោយ​ឈរ​លើ​គោលការណ៍​ការពារ​សេរីភាព​នៃ​ការធ្វើ​ចរាចរណ៍​ដែន​ទឹក មិន​ដែល​បាន​បន្ធូរបន្ថយ​សម្ពាធ​យោធា​នៅ​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូង​ទេ។ កាលពី​ដើម​ខែតុលា ២០១៨ នាវា​យោធា​អាមេរិក​វិះ​តែ​នឹង​បុក​នាវា​ចិន នៅក្នុង​សមុទ្ទ​ខាង​ត្បូង​នេះ។ ហើយ​មួយ​សប្តាហ៍​មុន​នេះ​ទៀត ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ហាត់​ហ្វឹកហ្វឺន​​តាម​ទម្លាប់ យន្តហោះ​ទម្លាក់​គ្រាប់​បែក​B52 ពីរគ្រឿង ​ហោះចេញ​ពី​កោះ​ហ្កាំ​របស់​អាមេរិក សំដៅ​សមុទ្ទ​ចិន​ខាង​ត្បូង ជា​លើក​ទី​មួយ​។ ពេល​នោះ​ ភាព​តាន​តឹង​បាន​ឡើង​ខ្លាំង​ដល់​កំពូល មិន​ថា​លើ​ផ្នែក​ពាណិជ្ជកម្ម​ឬ​យោធា​ទេ ! ​

គ្រាន់​តែ​ថា​ វត្តមាន​នាវា​យោធា​អាមេរិក​ក្នុងតំបន់​សមុទ្ទ​ចិន​ខាង​ត្បូង ថ្ងៃនេះ វា​ចំពេល​ពេក​ទៅ​នឹង​ថ្ងៃ​បើក​ជំនួប ដែល​មាន​ទិសដៅ​បិទ​បញ្ចប់​សង្គ្រាម​​ពាណិជ្ជកម្ម។

​​ជំនួប​ពិភាក្សា​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​វិញ

​ជំនួប​ពិភាក្សា​ បាន​ចាប់​ផ្តើម ប៉ុន្តែ​ក្នុង​ស្ថានភាព​មិន​ហ៊ឹកហាក់សោះ​ខ្លាំង។ សូម្បីតែ​ទីតាំង​កន្លែង​ប្រជុំ​​ក៏​មិន​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ផង។ ខាង​ប៉េកាំង បាន​ត្រឹម​ព្រលយ​បញ្ជាក់​ថា កិច្ចពិភាក្សា​ពិត​ជា​នឹង​ប្រព្រឹត្ត​​ទៅ​មែន នៅ​ថ្ងៃ​ចន្ទ​និង​អង្គារ​នេះ។ ​​ប្រតិភូ​អាមេរិក​ដឹកនាំ​ដោយ​តំណាងមក​ពី​​ក្រសួង​ពាណិជ្ជកម្ម​ ព្រមទាំង​តំណាង​នៃ​ក្រសួង​កសិកម្ម ថាមពល​ សេតវិមាន ក្រសួង​ហិរញ្ញវត្ថុ​ និង​ការបរទេស បាន​ចាក​ចេញ​ពី​សណ្ឋាគារ ដោយ​គ្មាន​ថ្លែង​ពាក្យ​អ្វី​សូម្បី​តែមួយ​ម៉ាត់ ទៅ​កាន់​អ្នក​យក​ព័ត៌មានដ៏​​ច្រើនកកកុញ​​ ដែល​តាមដាន​ហេតុការណ៍​នេះ។

នេះ​ជា​ការ​ធម្មតា​ទេ ព្រោះគិត​ចាប់​តាំង​ពី​លោក​ដូណាល់ ត្រាំ និង​លោក​ស៊ីជីនពីង បាន​ព្រមព្រៀង​ ទុក​ពេល​បី​ខែ ចរចាមក ​នេះ​ជា​លើក​ទីមួយ ដែល​ភាគី​ជម្លោះ​ពាណិជ្ជកម្ម​ទាំង​ពីរ បាន​មកអង្គុយ​ទល់​មុន​គ្នា ​ពិភាក្សា​​ ដោយ​ផ្ទាល់ ដើម្បី​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​​សង្គ្រាមពាណិជ្ជកម្ម​នោះ។

ព័ត៌មាន​ដែល​គេ​អាច​ដឹង​បាន​ច្រើន គឺ​តាម​តែ​រយៈ​សារ​របស់​លោក​ដូណាល់ ត្រាំ​តែ​ប៉ុណ្ណោះ។ កាលពី​ថ្ងៃអាទិត្យ លោក​បាន​គូស​បញ្ជាក់​ជា​ថ្មី ថា​ការ​ចរចា​ពាណិជ្ជកម្ម​ ជាន់​ខ្ពស់​ ជាមួយ​ចិន ដោយ​មានបុគ្គល​​ប្រធានាធិបតី​ទាំង​ពីរ​ប្រទេស​ចូល​រួម​ផង មាន​ដំណើរការ​​ទៅ​យ៉ាង​រលូន​ល្អ ហើយ​សញ្ញា​នៃ​សេដ្ឋកិច្ច​ចុះ​ថយ​របស់​ចិន ជា​ការ​បើក​ផ្លូវ​ឱ្យ​ប៉េកាំង មើល​ឃើញ​ពី ហេតុផល​នៃការ​ស្វែង​រក​កិច្ចព្រមព្រៀងឱ្យ​ឃើញ។ ប៉ុន្តែ​លោក​ក៏​មិន​បាន​ផ្តល់​អំពី ខ្លឹមសារ​លម្អិត​នៃ​កិច្ចពិភាក្សា​ថ្ងៃ​នេះ​ទេ ហើយ​ក៏​គ្មានបញ្ជាក់​ឡើយ​ថា​តើ​ការ​ចរចា​ជឿន​លឿនបានកំរិត​ប៉ុណ្ណានោះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចិន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​បង្កើន​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក​

    ស្វែងយល់បន្ថែម

  • ចិន-អាមេរិក

    ចិន និង​អាមេរិក​កំពុង​បន្ត​បង្ហាញ​​សាច់ដុំ​ដាក់​គ្នា​នៅក្នុង​សមុទ្រចិន​ខាងត្បូង

    ស្វែងយល់បន្ថែម

  • ចិន-អាមេរិក

    ចិន​បរិហារ​វត្តមាន​យន្តហោះ​អាមេរិក B៥២ នៅ​ក្នុង​សមុទ្រចិន​ថា​ជា​ការ​បង្ក​រឿង

    ស្វែងយល់បន្ថែម

  • ចិន-អាស៊ាន

    ចិន​ចង់ធ្វើ​សមយុទ្ធ​ជាមួយ​អាស៊ាន ដោយ​គ្មាន​ប្រទេស​ទីបី ចូលពាក់ព័ន្ធ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ