អានតួអត្ថបទ
ម៉ាឡេស៊ី-ចិន

តើ​ចិន​លូកដៃ​ក្នុង​រឿងអាស្រូវ​ពុករលួយ លួចបង្វិល​មូលនិធិ​1MDB របស់​ម៉ាឡេស៊ី?

អាជ្ញាធរ ម៉ាឡេស៊ី​បាន​អះអាងថា នៅថ្ងៃ​អង្គារ​ទី ៨​មករា ថា នឹង​ពិនិត្យ​ពិចារណា​ទៅលើ​ការជាប់​ពាក់ព័ន្ធ​របស់​ចិន ក្នុង​សំណុំរឿង​អាស្រូវ លួចបន្លំ​ប្រាក់​របស់​មូលនិធិ​ជាតិ​របស់​ម៉ាឡេស៊ី 1MDB។ ការបើក​ករណី​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ម៉ាឡេស៊ី ធ្វើឡើង នៅ​ក្រោយ​ការចុះផ្សាយ​របស់​កាសែត​អាមេរិក Wall Street Journal ដែល​ថា ភាគី​ចិន ធ្លាប់​បាន​ស្នើ​ចូលខ្លួន ដោះស្រាយ បញ្ហា​ប្រាក់បំណុល​របស់​មូលនិធិ​ជាតិ​ម៉ាឡេស៊ី ដែល​ជា​សំណុំរឿង​ពុករលួយ មានជាប់ពាក់ព័ន្ធ​ដោយ​អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​ណាជីប រ៉ាហ្សាក់។ 

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​រ៉ាហ្សាក់ (កណ្តាល) ធ្វើ​អធិបតីភាព​លើ​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​ក្នុង​ក្របខ័ណ្ឌផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ កាលពី​ឆ្នាំ ២០១០
នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​រ៉ាហ្សាក់ (កណ្តាល) ធ្វើ​អធិបតីភាព​លើ​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​ក្នុង​ក្របខ័ណ្ឌផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ កាលពី​ឆ្នាំ ២០១០ © AFP PHOTO/Saeed KHAN
ផ្សាយពាណិជ្ជកម្ម

តាម​អត្ថបទ​ស៊ើបអង្កេត​របស់​កាសែត​អាមេរិកាំង Wall Street Journal នៅក្នុង​ដំណើរទស្សនកិច្ច​របស់​មន្រ្តី ម៉ាឡេស៊ី ទៅទីក្រុង​ប៉េកាំង កាលពី​ឆ្នាំ ២០១៦ មន្រ្តីចិន​ធ្លាប់​បាន​ប្រាប់​ទៅ​ភាគី​ម៉ាឡេស៊ី ថា ចិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់បំណុល​របស់​មូលនិធិ​វិនិយោគ​សាធារណៈ 1MDB ហើយ​និង​អាច​អន្តរាគម​ជួយ​បិទខ្ទប់​កុំ​ឲ្យ​មាន​ការស៊ើបអង្កេត​ទៅលើ​សំណុំរឿង​អាស្រូវ​របស់​មូលនិធិ ដែល​មាន​ជាប់ពាក់ព័ន្ធ អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ហើយ​និង​បក្សពួក។ ជា​ថ្នូរ​មកវិញ អ្នកទទួល​ខុសត្រូវម៉ាឡេស៊ី​បាន​សន្យា​ឲ្យ​មាន​ការចូលរួម​របស់​ចិន នៅក្នុង​គម្រោង​សាងសង់​ផ្លូវដែក ហើយនិង​បំពង់បង្ហូរ​ប្រេង របស់​ប្រទេស​ម៉ាឡេស៊ី។

ប៉ុន្មាន​ខែ​ក្រោយ ជំនួប​មន្រ្តីចិន និង​ម៉ាឡេស៊ី រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្រ្តី​ណាជីប រ៉ាហ្សាក់ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​វិនិយោគ តម្លៃ​រាប់ពាន់​លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន​រដ្ឋចិន នៅក្នុង​ក្របខ័ណ្ឌ នៃ​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់ មួយ របស់​ចិន។

ឆ្លើយទៅនឹង​សំណួរ​របស់​អ្នកកាសែត នៅទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃម្សិលមិញ បាន​អះអាងថា គេ​មិន​បាន​ខ្លឹមសារ​ចុះផ្សាយ​របស់​កាសែត​Wall Street Journal នោះ​ទេ និង​ថា ចិន និង​ម៉ាឡេស៊ី នៅបន្ត​ធ្វើការ​ជាមួយគ្នា លើ​គម្រោង​នានា ហើយ​និង​នៅតែ​បន្ត​រក្សា​ទំនាក់ទំនង មិត្តភាព​រវាង​ប្រទេស​ទាំងពីរ។ ក្រសួង​ការបរទេស​ចិន​ធ្លាប់​បាន​បដិសេធ ការចោទប្រកាន់​​កន្លងមក និង​ថា ​ចិន​មិនបាន​ប្រើប្រាស់​មូលនិធិ​នៃ​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ ដើម្បី​ជួយ​ស្តារវិបត្តិ​ប្រាក់បំណុល​របស់​មូលនិធិ​ម៉ាឡេស៊ីនោះទេ។

នៅ​ថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា នឹង​មានការស៊ើបអង្កេត​មួយ នៅក្រោយ​ការចុះផ្សាយ​របស់​កាសែត Wall Street Journal។

ទំនាក់ទំនង​ចិន និង​ម៉ាឡេស៊ី​បាន​ក្លាយ​ជា​ល្អក់កករ ចាប់តាំង​ពីណាជីប រ៉ាហ្សាក់ ចាញ់ឆ្នោត និង​ត្រូវ​ចាប់ឃុំ​ខ្លួន ក្នុងសំណុំរឿង​អាស្រូវ​ពុករលួយ 1MDB។ នៅពេល​ចូល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ថ្មីភ្លាម លោក​មហាធៀរ​បាន​សម្រេច​លុប​ចោល​គម្រោង​វិនិយោគ​របស់​ចិន នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​តម្លៃ ២២​ពាន់​លាន​ដុល្លារ ក្នុងហេតុផល​កាត់បន្ថយ​ប្រាក់បំណុលជាតិ៕។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ