អានតួអត្ថបទ
កូរ៉េខាងជើង-ចិន

លោកគីម ជុងអ៊ុន​ធ្វើដំណើរ​ជាលើកទី៤ ទៅ​ប្រទេស​ចិន

នៅក្នុង​ដំណើរ​ទស្សនកិច្ច ដែល​មិន​ប្រកាស​ឲ្យ​ដឹង ជាមុន មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​អង្គារនេះ។ វត្តមាន​របស់​លោក គីម ជុងអ៊ុន នៅ​ប្រទេស​ចិន ទៅតាម​ការអញ្ជើញ​របស់លោក ប្រធានាធិបតី ស៊ី ជីនពីង ធ្វើឡើង នៅក្នុង​កាលៈទេសៈ ដែល​កំពុង​មាន​ការចរចា ដើម្បី​បើកជំនួប​កំពូល​លើកទី២ រវាង​ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ហើយ​និង​លោកគីម ជុងអ៊ុន។ 

លោក​គីម ជុងអ៊ុន និង​ភរិយា​ធ្វើដំណើរ​ចេញពីទីក្រុង​ព្យុងយ៉ាង តាមរថភ្លើង​ផ្ទាល់ខ្លួន នៅថ្ងៃទី ៧មករា សំដៅទីក្រុង​ប៉េកាំង
លោក​គីម ជុងអ៊ុន និង​ភរិយា​ធ្វើដំណើរ​ចេញពីទីក្រុង​ព្យុងយ៉ាង តាមរថភ្លើង​ផ្ទាល់ខ្លួន នៅថ្ងៃទី ៧មករា សំដៅទីក្រុង​ប៉េកាំង ©KCNA via REUTERS
ផ្សាយពាណិជ្ជកម្ម

ដូច​ទម្លាប់ចាស់ ដំណើរ​ទស្សនកិច្ច របស់​មេដឹកនាំ​កូរ៉េខាងជើង ទៅប្រទេស​ចិន ធ្វើឡើង​ដោយ​អាថ៌កំបាំង មិន​ប្រកាស​ឲ្យ​គេ​ដឹងជា​មុននោះទេ។ ដំណឹងនៃ​ការធ្វើទស្សនកិច្ច ជាលើកទី៤ របស់​លោកគីម ជុងអ៊ុន​នៅប្រទេស​ចិន បែកលេចធ្លាយ​ដំបូង ដោយសារ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ ដែលបាន​សរសេរ​ចុះផ្សាយ ពី​រថភ្លើង​ពិសេស ឆ្លងកាត់​ព្រំដែន​កូរ៉េខាងជើង ចូល​ប្រទេស​ចិន។

នៅថ្ងៃ​អង្គារនេះ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNAបាន​ចុះផ្សាយ​ថា លោក គីម ជុងអ៊ុន អមដំណើរ​ដោយ​ភរិយា ហើយ​និង​មន្រ្តីជាន់ខ្ពស់​របស់​កូរ៉េខាងជើង​បាន​ចាកចេញពី​ទីក្រុង​ព្យុងយ៉ាង តាមរយៈ រថភ្លើង​ពិសេស កាលពី​ថ្ងៃ​ចន្ទ។ តាម​ទីភ្នាក់ងារ​KCNA និង​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី លោក​គីម ជុងអ៊ុន នឹង​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ចិន រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទៅតាម​ការអញ្ជើញ​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង។

វត្តមាន​របស់លោកគីម ជុងអ៊ុន នៅ​ប្រទេស​ចិន ធ្វើឡើង​នៅក្រោយ​មាន​ដំណឹង​ស្តីពី​ការរៀបចំ​ជំនួប​កំពូល លើកទី២ រវាង​មេដឹកនាំ​អាមេរិក ហើយនិង​កូរ៉េខាងជើង។ នៅថ្ងៃ​អាទិត្យ លោកដូណាល់ ត្រាំ បាន​លើកឡើង​ពី​ការចរចា ដើម្បី​កំណត់កន្លែង​សម្រាប់​បើកជំនួបកំពូល​លើកទី២ ជាមួយ លោក គីម ជុងអ៊ុន ប៉ុន្តែ លោកមិន​បាន​បញ្ជាក់​ពីកាលវេលា​ពិតប្រាកដ​នោះ​ទេ។

សម្រាប់​អ្នកជំនាញ​នយោបាយ​ឧបទ្វីបកូរ៉េ លោក គីម ជុងអ៊ុនធ្វើដំណើរ​ទៅជួប​លោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បី សម្របសម្រួល កំណត់​យុទ្ធសាស្រ្ត​រួម មួយ នៅ​មុន​ពេល​លោក គីម ជុងអ៊ុន​ជួបចរចា​ជាមួយ លោកដូណាល់ ត្រាំ។

នៅ​ប្រទេស​ចិន លោក​គីម ជុងអ៊ុន ទំនង​ជា​នឹង​សុំ​ឲ្យ​សម្ព័ន្ធមិត្ត​ចិន​ជួយអន្តរាគមន៍ បន្ថែមទៀត ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ បិទបញ្ចប់​ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅ​លើ​កូរ៉េខាងជើង។ នៅ​ក្នុង​សារ ថ្លែង​ស្វាគម​ឆ្នាំថ្មី កន្លងទៅ លោកគីម ជុងអ៊ុន​ធ្លាប់​បាន​ព្រមាន​ថា នឹង​ផ្លាស់ប្តូរ​ជំហរ នៅក្នុង​រឿង​លុបបំបាត់ចោល អាវុធ​នុយក្លេអ៊ែរ បើសិន​ជា​អាមេរិក​មិន​ព្រម​ធ្វើ​តាមលក្ខខណ្ឌ​ទាមទារ​២​របស់​កូរ៉េខាងជើង គឺ​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​និង​បញ្ឈប់​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង។

នៅ​ថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​បញ្ជាក់​សាជាថ្មីថា ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង នៅតែបន្តមាន រហូតដល់​ពេលណា​ដែល​អាមេរិក​បាន​ឃើញ សញ្ញា​ជា​វិជ្ជមាន​ក្នុងសំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

អ្នកវិភាគមួយ​ចំនួន​វិញ​យល់​ថា ​មិនមែន​ជារឿង​ចៃដន្យ​នោះទេ ដែល​មេដឹកនាំ​កូរ៉េខាងជើង ធ្វើដំណើរ​ទៅ​ប្រទេស​ចិន នៅពេលនេះ។ ប្រទេស​ចិន ដែល​កំពុង​បើកកា​រចរចា ជាមួយ​ភាគី​អាមេរិក នៅ​ថ្ងៃ​អង្គារ​នេះ នៅទីក្រុង​ប៉េកាំង ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ទំនង​ជា​ចង់​ទាញ​ប្រយោជន៍​ពី​ទស្សនកិច្ច​របស់​លោក គីម ជុងអ៊ុន នៅ​ប្រទេស​ចិន។ រដ្ឋាភិបាល​ចិនអាច​ចង់​ប្រើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដើម្បី​ដាក់​សម្ពាធ ទាមទារ​ប្រយោជន៍ ពីអាមេរិក នៅក្នុង​ការចរចា​ជម្លោះ​ពាណិជ្ជកម្ម​លើកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ