អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅ​មុខ​តុលាការ​ជប៉ុន លោក​ការឡូស ហ្គោន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​ការឡូស ហ្គោន (Carlos Ghosn) ដែល​ជា​ប្រធាន​ក្រុមហ៊ុន​រថយន្តបារាំង​រឺណូ (Renault) និង​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​រថយន្តជប៉ុន​នីសាន់ (Nissan) បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ក្រុង​តូក្យូ​ជា​សាធារណៈ​លើកទី១ នៅ​ចំពោះ​មុខ​ចៅក្រម​ម្នាក់​នា​ថ្ងៃ​អង្គារ ទី៨ មករា។ គួរ​រម្លឹក​ថា ជនជាតិ​បារាំង​ដើមកំណើត​លីបង់​វ័យ ៦៤ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​ជប៉ុន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ ២០១៨ ក្រោម​បទ​ចោទ​ប្រកាន់​កេងបន្លំ​លុយកាក់។ បន្ទាប់​មក លោក​ហ្គោន​ត្រូវ​បាន​បន្ត​ឃុំខ្លួន​ក្នុង​បទ​ចោទប្រកាន់​រឿង​ផ្សេង​ទៀត ពិសេស​ការ​រំលោភ​លើ​សេចក្តី​ទុកចិត្ត។ តែ​នៅ​ក្នុង​តុលាការ លោក​ហ្គោន​បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់។

នៅ​មុខ​តុលាការ​ជប៉ុន លោក​ការឡូស ហ្គោន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់
នៅ​មុខ​តុលាការ​ជប៉ុន លោក​ការឡូស ហ្គោន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់ Kyodo/Reuters
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​លោក​ការឡូស ហ្គោន​នៅ​ក្នុង​តុលាការ​ក្រុង​តូក្យូ​ថ្ងៃ​នេះ​មិនមែន​ជា​ការ​កោះហៅ​របស់​តុលាការ​ដើម្បី​បើក​ដំណើរការ​កាត់ទោស​លោក​ទេ តែ​ជា​សវនាការ​មួយ​ដែល​បាន​រៀបចំ​ឡើង​តាម​សំណើ និង​ការ​ចង់​បាន​របស់​លោក​ការឡូស ហ្គោន។ តាំង​ពី​ត្រូវ​បាន​ប៉ូលិស​ជប៉ុន​ចាប់ខ្លួន​ឃុំ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ ២០១៨ មក នេះ​ជា​លើក​ទី១ ដែល​ប្រធាន​ក្រុមហ៊ុន​រថយន្តបារាំង​រឺណូ (Renault) និង​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​រថយន្តជប៉ុន​នីសាន់ (Nissan) បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ក្រុង​តូក្យូ​ជា​សាធារណៈ​លើកទី១ នៅ​ចំពោះ​មុខ​ចៅក្រម​ម្នាក់។ នៅ​ក្នុង​សម្លៀកបំពាក់​អាវធំ​ពណ៌ក្រម៉ៅ លោក​ការឡូស ហ្គោន​ដែល​ហាក់​ធ្លាក់​ខ្លួន​ស្គមខ្លាំង និង​មាន​ថ្ពាល់ខូង​បាន​ធ្វើ​ដំណើរ​ដល់​តុលាការ​ជាមួយ​នឹង​ដៃ​ជាប់ខ្នោះ មាន​ទឹកមុខ​មាំ និង​មិន​ភ័យ​តក់ស្លុត។

សវនាការ​តាម​សំណើ​របស់​លោក​ការឡូស ហ្គោន​បាន​ចាប់​ផ្តើម​នៅ​ម៉ោង ១០ ៣០នាទី​ព្រឹក​ម៉ោង​ក្នុង​ប្រទេស​ជប៉ុន ត្រូវ​ជា​ម៉ោង ៨ ៣០នាទី​ព្រឹក​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា។ សវនាការ​មាន​រយៈពេល​ប្រមាណ​ជា ២ម៉ោង។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន ព្រោះ​មាន​មនុស្ស​ប្រមាណ​ជា​ជាង ១ពាន់នាក់ ពិសេស​អ្នកកាសែត​ជាតិ និង​អន្តរជាតិ​បាន​នាំ​គ្នា​តម្រង់ជួរ​តាំង​ពី​ព្រឹកព្រលឹម​ដើម្បី​ចូល​ក្នុង​បន្ទប់​សវនាការ។ តែ​ដោយ​កន្លែង​មាន​កម្រិត មាន​មនុស្ស​ភាគ​ច្រើន​មិន​អាច​ចូល​បាន​ទេ។ ក្រៅ​ពី​វត្តមាន​ជនសង្ស័យ និង​មេធាវី ក៏​គេ​សង្កេត​ឃើញ​មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​ជប៉ុន ឥស្សរជន​បរទេស​មួយ​ចំនួន និង​ពលរដ្ឋ​ធម្មតា។

លោក​ការឡូស ហ្គោន​ចង់​ឲ្យ​តុលាការ និង​ពិភពលោក​ស្តាប់​លោក​និយាយ​ម្តង

តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​លោក​ការឡូស ហ្គោន​ដោយ​ប៉ូលិស​ជប៉ុន​ក្នុង​ថ្ងៃ​ទី១៩ វិច្ឆិកា ឆ្នាំ ២០១៨ មក គ្រប់​ព័ត៌មាន​ស្តីពី​ការ​ចោទ​ប្រកាន់​លើ​លោក​ត្រូវ​បាន​បែក​ធ្លាយ​តែ​ពី​ខាង​ភាគី​ជប៉ុន ហើយ​ព័ត៌មាន​មួយ​នេះ​ក៏​ត្រូវ​បាន​គ្រប់​មធ្យោបាយ​ឃោសនា​មហាជនជាតិ និង​អន្តរជាតិ​យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។ តើ​ព័ត៌មាន​ដែល​បាន​លើក​ឡើង​ដោយ​ភាគី​ជប៉ុន​ទាំង​អស់​នេះ​ជា​រឿង​ពិត ឬ​មួយ​ជា​រឿង​ប្រឌិត?។ អត់​មាន​នរណា​ម្នាក់​អាច​ឆ្លើយ​បាន​ទេ ព្រោះ​លោក​ការឡូស ហ្គោន​ដែល​ជា​រូប​ជនសង្ស័យ និង​ជនជាប់ចោទ​មិន​ដែល​បាន​និយាយ ហើយ​ក៏​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​និយាយ​អ្វី​ជា​សាធារណៈ។

គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​លោក​ការឡូស ហ្គោន​បាន​ធ្វើ​សំណើ​ទៅ​កាន់​តុលាការ​សុំ​ឲ្យ​មាន​ការ​រៀបចំ​សវនាការ​ក្នុង​ថ្ងៃ​អង្គារ ទី៨ មករា​​នេះ​ឡើង។ មិនមែន​ជា​សវនាការ​ដើម្បី​កាត់ទោស​លោក​ទេ តែ​ជា​សវនាការ​មួយ​ដែល​លោក​ការឡូស ហ្គោន​ចង់​ឲ្យ​តុលាការ និង​ពិភពលោក​ស្តាប់​លោក​និយាយ​ម្តង ព្រោះ​កន្លង​មក គេ​បាន​ឮ​តែ​ការ​លើក​ឡើង​របស់​តែ​ភាគី​ម្ខាង។ នៅ​ត្រង់​ថា អ្វី​ដែល​លោក​និយាយ​នោះ ពិត ឬ​មិន​ពិត​ជា​រឿង​ផ្សេង។ គួរ​បញ្ជាក់​ថា នីតិវិធី​មួយ​​នេះ​ជា​រឿង​កម្រ ព្រោះ​នៅ​ជប៉ុន មាន​ជនសង្ស័យ ឬ​ជនជាប់ចោទ​ប្រមាណ​តែ ០,៦% ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​សំណើ​ឲ្យ​មាន​សវនាការ​របៀប​នេះ។

តែ​ទោះ​បី​ជា​ជនសង្ស័យ ឬ​ជនជាប់ចោទ​នោះ​សារភាព​អ្វី ឬ​និយាយ​អ្វី​ក៏​ដោយ ក៏​ចៅក្រម​បាន​ត្រឹម​យក​ត្រចៀក​ម្ខាងស្តាប់ រួច​បញ្ចេញ​តាម​ត្រចៀក​ម្ខាង​ទៀត មាន​ន័យ​ថា ការ​ចោទ​ប្រកាន់​ពី​ដំបូង​ទាំង​ប៉ុន្មាន​នៅ​បន្ត​តម្កល់​ដដែល ពោល​ដក​ចេញ​វិញ​ក៏​អត់ ហើយ​បន្ធូរបន្ធយ​ក៏​អត់​ដែរ៕

បារាំង​បន្ត​ទាមទារ​ឲ្យ​គោរព​សិទ្ធិ​របស់​លោក​ការឡូស ហ្គោន​ដែល​នៅ​ត្រឹមតែ​ជា​ជនសង្ស័យ

នៅ​ក្នុង​សវនាការ ប្រធាន​ក្រុមហ៊ុន​រថយន្តបារាំង​រឺណូ (Renault) និង​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​រថយន្តជប៉ុន​នីសាន់ (Nissan) បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​លើ​លោក។ គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ លោក​ការឡូស ហ្គោន​បាន​ជាប់ចោទ​ក្នុង​បទ​ចោទ​ប្រកាន់​ចំនួន ៣ ដែល​មាន​ជាប់​ពាក់ព័ន្ធ​តែ​នឹង​ក្រុមហ៊ុនរថយន្ត​ជប៉ុន​នីសាន់​មួយ​គត់ ទី១ កេងបន្លំ​លុយ​ដោយ​លាក់​រឿងប្រាក់ខែ​ដើម្បី​គេច​ពន្ធ​នៅ​ចន្លោះ​ឆ្នាំ ២០១០ និង ២០១៥ ដែល​មាន​ទឹកប្រាក់​ចំនួន ៤០លានអឺរ៉ូ ទី២ កេងបន្លំ​រឿង​ប្រាក់ខែ​ដូច​គ្នា​នេះ​នៅ​ចន្លោះ​ឆ្នាំ ២០១៥ និង ២០១៨ ដែល​មាន​ទឹកប្រាក់​ជាង ៣៥លានអឺរ៉ូ និង​បទចោទប្រកាន់​ទី៣ គឺ​ការ​រំលោភ​លើ​សេចក្តី​ទុកចិត្ត។

ថ្លែង​ជា​ភាសា​អង់គ្លេស លោក​ការឡូស ហ្គោន​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​សម្រាប់​បទចោទប្រកាន់​នីមួយៗ តែ​បាន​ច្រានចោល​ការ​ប្រកាន់​ទាំង​អស់​ដោយ​ចាត់​ទុក​ជា​រឿង​មិនពិត។ បន្ទាប់​មក លោក​ការឡូស ហ្គោន​បាន​និយាយ​ប្រាប់​ចៅក្រម​ពី​ភាព​សុចរិត និង​ភាព​ស្មោះត្រង់​របស់​លោក​ដែល​បាន​ចំណាយ​ពេល ២ទសវត្ស​ដើម្បី​ស្រោចស្រង់​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​នីសាន់​តាម​រយៈ​ការ​ចង​សម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​រថយន្ត​បារាំង​រឺណូ។ លោក​ហ្គោន​បាន​បន្ថែម​ថា លោក​មិន​ដែល​មាន​ចេតនា​ណា​មួយ​ដើម្បី​កេងប្រវ័ញ្ច​លុយកាក់​ពី​ក្រុមហ៊ុន​នីសាន់​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ។

ពិត​ណាស់ ចម្លើយ​របស់​លោក​ការឡូស ហ្គោន​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​បទ​ចោទប្រកាន់​លើ​លោក​ត្រូវ​បាន​លើក​ចេញ ឬ​បន្ធូរបន្ធយ​ទេ។ តែ​វា​ពិត​ជា​និមិត្តរូប​សំខាន់​ខ្លាំង​ណាស់​សម្រាប់​លោក ព្រោះ​ពិភពលោក ពិសេស​ក្រុម​អ្នកកាសែតជាតិ និង​អន្តរជាតិ​បាន​ទទួល​ព័ត៌មាន​ពី​ភាគី​ម្ខាង​ទៀត​ដែល​ពួក​គេ​មិន​ធ្លាប់​មាន។ យ៉ាង​ណា​ក៏​ដោយ និង​ក្នុង​ពេល​រង់ចាំ​សវនាការ​កាត់ទោស​នា​ពេល​ខាង​មុខ លោក​ការឡូស ហ្គោន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ត​ស្ថិត​ក្នុង​បន្ទប់​ឃុំឃាំង​ជប៉ុន​ឡើយ។ ចំណែក​ភាគី​បារាំង​បាន​ត្រឹម​បន្ត​បញ្ចេញ​ប្រតិកម្ម​ទាមទារ​ឲ្យ​គោរព​សិទ្ធិ​របស់​លោក​ការឡូស ហ្គោន​ដែល​នៅ​ត្រឹមតែ​ជា​ជនសង្ស័យ ពោល​នៅ​មិន​ទាន់​មាន​ការ​ជំនំជម្រះ​ទោស​ពី​តុលាការ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ