នៅមុខតុលាការជប៉ុន លោកការឡូស ហ្គោនច្រានចោលរាល់ការចោទប្រកាន់ទាំងអស់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៥
នៅក្នុងប្រទេសជប៉ុន លោកការឡូស ហ្គោន (Carlos Ghosn) ដែលជាប្រធានក្រុមហ៊ុនរថយន្តបារាំងរឺណូ (Renault) និងជាអតីតប្រធានក្រុមហ៊ុនរថយន្តជប៉ុននីសាន់ (Nissan) បានបង្ហាញខ្លួននៅក្នុងតុលាការក្រុងតូក្យូជាសាធារណៈលើកទី១ នៅចំពោះមុខចៅក្រមម្នាក់នាថ្ងៃអង្គារ ទី៨ មករា។ គួររម្លឹកថា ជនជាតិបារាំងដើមកំណើតលីបង់វ័យ ៦៤ឆ្នាំរូបនេះត្រូវបានប៉ូលិសជប៉ុនចាប់ខ្លួនកាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ ២០១៨ ក្រោមបទចោទប្រកាន់កេងបន្លំលុយកាក់។ បន្ទាប់មក លោកហ្គោនត្រូវបានបន្តឃុំខ្លួនក្នុងបទចោទប្រកាន់រឿងផ្សេងទៀត ពិសេសការរំលោភលើសេចក្តីទុកចិត្ត។ តែនៅក្នុងតុលាការ លោកហ្គោនបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់។
វត្តមានរបស់លោកការឡូស ហ្គោននៅក្នុងតុលាការក្រុងតូក្យូថ្ងៃនេះមិនមែនជាការកោះហៅរបស់តុលាការដើម្បីបើកដំណើរការកាត់ទោសលោកទេ តែជាសវនាការមួយដែលបានរៀបចំឡើងតាមសំណើ និងការចង់បានរបស់លោកការឡូស ហ្គោន។ តាំងពីត្រូវបានប៉ូលិសជប៉ុនចាប់ខ្លួនឃុំគួរឲ្យភ្ញាក់ផ្អើលក្នុងថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ ២០១៨ មក នេះជាលើកទី១ ដែលប្រធានក្រុមហ៊ុនរថយន្តបារាំងរឺណូ (Renault) និងជាអតីតប្រធានក្រុមហ៊ុនរថយន្តជប៉ុននីសាន់ (Nissan) បានបង្ហាញខ្លួននៅក្នុងតុលាការក្រុងតូក្យូជាសាធារណៈលើកទី១ នៅចំពោះមុខចៅក្រមម្នាក់។ នៅក្នុងសម្លៀកបំពាក់អាវធំពណ៌ក្រម៉ៅ លោកការឡូស ហ្គោនដែលហាក់ធ្លាក់ខ្លួនស្គមខ្លាំង និងមានថ្ពាល់ខូងបានធ្វើដំណើរដល់តុលាការជាមួយនឹងដៃជាប់ខ្នោះ មានទឹកមុខមាំ និងមិនភ័យតក់ស្លុត។
សវនាការតាមសំណើរបស់លោកការឡូស ហ្គោនបានចាប់ផ្តើមនៅម៉ោង ១០ ៣០នាទីព្រឹកម៉ោងក្នុងប្រទេសជប៉ុន ត្រូវជាម៉ោង ៨ ៣០នាទីព្រឹកម៉ោងក្នុងប្រទេសកម្ពុជា។ សវនាការមានរយៈពេលប្រមាណជា ២ម៉ោង។ ព្រឹត្តិការណ៍មួយនេះបានធ្វើឲ្យមានអ្នកចាប់អារម្មណ៍ច្រើន ព្រោះមានមនុស្សប្រមាណជាជាង ១ពាន់នាក់ ពិសេសអ្នកកាសែតជាតិ និងអន្តរជាតិបាននាំគ្នាតម្រង់ជួរតាំងពីព្រឹកព្រលឹមដើម្បីចូលក្នុងបន្ទប់សវនាការ។ តែដោយកន្លែងមានកម្រិត មានមនុស្សភាគច្រើនមិនអាចចូលបានទេ។ ក្រៅពីវត្តមានជនសង្ស័យ និងមេធាវី ក៏គេសង្កេតឃើញមានវត្តមានឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសជប៉ុន ឥស្សរជនបរទេសមួយចំនួន និងពលរដ្ឋធម្មតា។
លោកការឡូស ហ្គោនចង់ឲ្យតុលាការ និងពិភពលោកស្តាប់លោកនិយាយម្តង
តាំងពីថ្ងៃចាប់ខ្លួនលោកការឡូស ហ្គោនដោយប៉ូលិសជប៉ុនក្នុងថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ ២០១៨ មក គ្រប់ព័ត៌មានស្តីពីការចោទប្រកាន់លើលោកត្រូវបានបែកធ្លាយតែពីខាងភាគីជប៉ុន ហើយព័ត៌មានមួយនេះក៏ត្រូវបានគ្រប់មធ្យោបាយឃោសនាមហាជនជាតិ និងអន្តរជាតិយកទៅចុះផ្សាយយ៉ាងព្រោងព្រាត។ តើព័ត៌មានដែលបានលើកឡើងដោយភាគីជប៉ុនទាំងអស់នេះជារឿងពិត ឬមួយជារឿងប្រឌិត?។ អត់មាននរណាម្នាក់អាចឆ្លើយបានទេ ព្រោះលោកការឡូស ហ្គោនដែលជារូបជនសង្ស័យ និងជនជាប់ចោទមិនដែលបាននិយាយ ហើយក៏មិនត្រូវបានគេអនុញ្ញាតឲ្យនិយាយអ្វីជាសាធារណៈ។
គឺនៅក្នុងន័យនេះហើយបានជាលោកការឡូស ហ្គោនបានធ្វើសំណើទៅកាន់តុលាការសុំឲ្យមានការរៀបចំសវនាការក្នុងថ្ងៃអង្គារ ទី៨ មករានេះឡើង។ មិនមែនជាសវនាការដើម្បីកាត់ទោសលោកទេ តែជាសវនាការមួយដែលលោកការឡូស ហ្គោនចង់ឲ្យតុលាការ និងពិភពលោកស្តាប់លោកនិយាយម្តង ព្រោះកន្លងមក គេបានឮតែការលើកឡើងរបស់តែភាគីម្ខាង។ នៅត្រង់ថា អ្វីដែលលោកនិយាយនោះ ពិត ឬមិនពិតជារឿងផ្សេង។ គួរបញ្ជាក់ថា នីតិវិធីមួយនេះជារឿងកម្រ ព្រោះនៅជប៉ុន មានជនសង្ស័យ ឬជនជាប់ចោទប្រមាណតែ ០,៦% ប៉ុណ្ណោះដែលបានធ្វើសំណើឲ្យមានសវនាការរបៀបនេះ។
តែទោះបីជាជនសង្ស័យ ឬជនជាប់ចោទនោះសារភាពអ្វី ឬនិយាយអ្វីក៏ដោយ ក៏ចៅក្រមបានត្រឹមយកត្រចៀកម្ខាងស្តាប់ រួចបញ្ចេញតាមត្រចៀកម្ខាងទៀត មានន័យថា ការចោទប្រកាន់ពីដំបូងទាំងប៉ុន្មាននៅបន្តតម្កល់ដដែល ពោលដកចេញវិញក៏អត់ ហើយបន្ធូរបន្ធយក៏អត់ដែរ៕
បារាំងបន្តទាមទារឲ្យគោរពសិទ្ធិរបស់លោកការឡូស ហ្គោនដែលនៅត្រឹមតែជាជនសង្ស័យ
នៅក្នុងសវនាការ ប្រធានក្រុមហ៊ុនរថយន្តបារាំងរឺណូ (Renault) និងជាអតីតប្រធានក្រុមហ៊ុនរថយន្តជប៉ុននីសាន់ (Nissan) បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់លើលោក។ គួររម្លឹកថាមកទល់ពេលនេះ លោកការឡូស ហ្គោនបានជាប់ចោទក្នុងបទចោទប្រកាន់ចំនួន ៣ ដែលមានជាប់ពាក់ព័ន្ធតែនឹងក្រុមហ៊ុនរថយន្តជប៉ុននីសាន់មួយគត់ ទី១ កេងបន្លំលុយដោយលាក់រឿងប្រាក់ខែដើម្បីគេចពន្ធនៅចន្លោះឆ្នាំ ២០១០ និង ២០១៥ ដែលមានទឹកប្រាក់ចំនួន ៤០លានអឺរ៉ូ ទី២ កេងបន្លំរឿងប្រាក់ខែដូចគ្នានេះនៅចន្លោះឆ្នាំ ២០១៥ និង ២០១៨ ដែលមានទឹកប្រាក់ជាង ៣៥លានអឺរ៉ូ និងបទចោទប្រកាន់ទី៣ គឺការរំលោភលើសេចក្តីទុកចិត្ត។
ថ្លែងជាភាសាអង់គ្លេស លោកការឡូស ហ្គោនបានលើកយកហេតុផលទៅពន្យល់សម្រាប់បទចោទប្រកាន់នីមួយៗ តែបានច្រានចោលការប្រកាន់ទាំងអស់ដោយចាត់ទុកជារឿងមិនពិត។ បន្ទាប់មក លោកការឡូស ហ្គោនបាននិយាយប្រាប់ចៅក្រមពីភាពសុចរិត និងភាពស្មោះត្រង់របស់លោកដែលបានចំណាយពេល ២ទសវត្សដើម្បីស្រោចស្រង់ក្រុមហ៊ុនរថយន្តជប៉ុននីសាន់តាមរយៈការចងសម្ព័ន្ធជាមួយក្រុមហ៊ុនរថយន្តបារាំងរឺណូ។ លោកហ្គោនបានបន្ថែមថា លោកមិនដែលមានចេតនាណាមួយដើម្បីកេងប្រវ័ញ្ចលុយកាក់ពីក្រុមហ៊ុននីសាន់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ។
ពិតណាស់ ចម្លើយរបស់លោកការឡូស ហ្គោនពេលនេះមិនបានធ្វើឲ្យបទចោទប្រកាន់លើលោកត្រូវបានលើកចេញ ឬបន្ធូរបន្ធយទេ។ តែវាពិតជានិមិត្តរូបសំខាន់ខ្លាំងណាស់សម្រាប់លោក ព្រោះពិភពលោក ពិសេសក្រុមអ្នកកាសែតជាតិ និងអន្តរជាតិបានទទួលព័ត៌មានពីភាគីម្ខាងទៀតដែលពួកគេមិនធ្លាប់មាន។ យ៉ាងណាក៏ដោយ និងក្នុងពេលរង់ចាំសវនាការកាត់ទោសនាពេលខាងមុខ លោកការឡូស ហ្គោនគ្មានជម្រើសអ្វីផ្សេងក្រៅពីបន្តស្ថិតក្នុងបន្ទប់ឃុំឃាំងជប៉ុនឡើយ។ ចំណែកភាគីបារាំងបានត្រឹមបន្តបញ្ចេញប្រតិកម្មទាមទារឲ្យគោរពសិទ្ធិរបស់លោកការឡូស ហ្គោនដែលនៅត្រឹមតែជាជនសង្ស័យ ពោលនៅមិនទាន់មានការជំនំជម្រះទោសពីតុលាការនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ