ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

កាសែតចិន៖ លោកស៊ី ជីនពីង​គាំទ្រ​ជំហរ​របស់​កូរ៉េខាងជើង

កាសែតចិន៖ លោកស៊ី ជីនពីង​គាំទ្រ​ជំហរ​របស់​កូរ៉េខាងជើង
 
ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ទទួល​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន យ៉ាងអធិកអធម នៅក្នុង​ដំណើរទស្សនកិច្ច​ជាលើកទី៤ នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ១០មករា ២០១៩ © Huang Jingwen/Xinhua via

នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ព្រហស្បតិ៍ ទី ១០ មករា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន បាន​បញ្ជាក់ថា ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង ទៅ​ទីក្រុង​ប៉េកាំង ជាសញ្ញា​ដែល​បង្ហាញ​ថា ជំនួបកំពូល​ជា​លើក​ទី២ រវាង​លោកដូណាល់ ត្រាំ ហើយ​និង​លោកគីនៅក្នុង​ដំណើរ​ទស្សនកិច្ច នៅទីក្រុង​ប៉េកាំង មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​និយាយ​ប្រាប់​ប្រធានាធិបតី ចិន លោកស៊ី ជីនពីង ពី​បំណង​ចង់​ឃើញ លទ្ធផល​ជា​ផ្លែផ្កា នៅក្រោយ​ជំនួប​កំពូល​ជាលើក​ទី២ ជាមួយ លោកប្រធានាធិបតី​អាមេរិក។ នេះបើតាម​កាសែត​រដ្ឋ​ចិន ចុះផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍នេះ។

 

ទីភ្នាក់ងារ​ព័ត៌មានចិន​ថ្មី​ បាន​ចុះផ្សាយ​ថា លោកប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​បាន​និយាយ​ប្រាប់​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​ថា ចិន​នៅគាំទ្រ​ជំហរ​របស់​កូរ៉េខាងជើង និង​ថា ចិន​គាំទ្រ​ឲ្យ​មាន​ជំនួបកំពូល​អាមេរិក និង​កូរ៉េខាងជើង សម្រាប់​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

ប៉ុន្តែ លោក​ស៊ី ជីនពីង បាន​ទាមទារ​ឲ្យ​ភាគី​ទាំងពីរ​គឺ​អាមេរិក និង​កូរ៉េខាងជើង គួរ​ជួបគ្នា នៅ​ផ្លូវ​កណ្តាល​មួយ។ នៅក្នុង​ជំនួប នៅថ្ងៃ​ពុធម្សិលមិញ មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន​បានលើកឡើង​ពីការលំបាក ហើយ​និង​ក្តីបារម្ភ នៅក្នុង​ការជួបចរចា​ជាមួយ​ភាគី​អាមេរិក។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង។

ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​អាមេរិក និង​កូរ៉េខាងជើង កាលពី​ខែ​មិថុនា ឆ្នាំ ២០១៨ នៅ​ប្រទេស​សិង្ហបុរី ​បាន​ឈាន​ទៅ​បង្កើត​កិច្ចព្រមព្រៀង មួយ ដែល​មាន​ន័យ​ទូលំទូលាយ មិន​ច្បាស់លាស់​ទាក់ទង​នឹង​ការលុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ នៅក្រោយ​ជំនួប​កំពូល ​ជាមួយ​ប្រធានាធិបតី អាមេរិក មេដឹកនាំ​កូរ៉េខាងជើង​បាន​ទាមទារ​ឲ្យ​អាមេរិក​ដកចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច ប៉ុន្តែ អាមេរិក​របស់​លោកដូណាល់ ត្រាំ បាន​បញ្ជាក់ នៅថ្ងៃអាទិត្យ​ទី ៦​មករា​ថា ទណ្ឌកម្ម​នៅតែ​មាន និង​ខ្លាំង​ដូចមុន ដរាបណា អាមេរិក​មើលមិនឃើញ​ការអនុវត្ត​ជាក់ស្តែង​របស់​កូរ៉េខាងជើង ក្នុង​ការឈាន​ទៅ​បំផ្លាញ​អាវុធ នុយក្លេអ៊ែរទេនោះ។

នៅ​ក្នុង​សារ​ស្វាគម​ឆ្នាំថ្មី ឆ្នាំ ២០១៩ លោក​គីម ជុងអ៊ុន​ធ្លាប់​បាន​ព្រមានថា បើសិន​អាមេរិក​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម និង​ទាមទារ​ដាក់​លក្ខខណ្ឌ លើ​កូរ៉េខាងជើង ជា​ឯកតោភាគី​តទៅទៀត កូរ៉េខាងជើង នឹង​ផ្លាស់ប្តូរ​ជំហរ ស្វែងរក​មធ្យោបាយ​ថ្មី ដើម្បី ការពារ​អធិបតេយ្យភាព​របស់​ប្រទេស។

នៅក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង នៅថ្ងៃ​ពុធ លោក​ប្រធានាធិបតី ចិន ស៊ី ជីនពីង បាន​និយាយ​ថា កូរ៉េខាងជើង​បាន​ធ្វើ​សកម្មភាព​វិជ្ជាមាន​ជាច្រើន។ កូរ៉េខាងជើង​ធ្លាប់​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ដែលអាច​ហោះ​ទៅដល់​ទឹកដី​អាមេរិក។ ប៉ុន្តែ ក្នុង​រយៈពេល​១ឆ្នាំ​ចុងក្រោយនេះ កូរ៉េខាងជើង បាន​ផ្អាក​រាល់​សកម្មភាព សាកល្បង​នុយក្លេអ៊ែរ ដែល​អង្គការ​សហប្រជាជាតិ ហាមឃាត់។ ចិន និង​រុស្ស៊ី បាន​ទាមទារ​ឲ្យ​មាន​ការបន្ធូរបន្ថយ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ អាមេរិក​បដិសេធ។

ដំណើរទស្សនកិច្ច​របស់មេដឹកនាំ កូរ៉េខាងជើង ទៅ​ប្រទេស​ចិន​ជាលើកទី៤ ត្រូវបាន​គេមើលឃើញថា ជា​ដំណើរ​ទៅ​សុំ​យោបល់​ពី​សម្ព័ន្ធមិត្ត​ចិន ដើម្បីរក​​កិច្ចព្រមព្រៀង​ជាយុទ្ធសាស្ត្រ នៅមុន​ពេល​ដែល​មេដឹកនាំ​កូរ៉េខាងជើង ត្រូវបើក​ជំនួបកំពូល​ជាលើកទី២ ជាមួយ​លោកដូណាល់ ត្រាំ។

តាម​ទម្លាប់ លោក​គីម ជុងអ៊ុន តែង​ធ្វើដំណើរ​ទៅជួប​មេដឹកនាំ​ចិន នៅ​មុន ឬ​នៅក្រោយ​មាន​ជំនួបកំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិកាំង។ លោកគីម ជុងអ៊ុន​ដែល​មិនធ្លាប់​ធ្វើដំណើរ​ទៅប្រទេស​ចិន ចាប់តាំង​ពី​ចូលកាន់តំណែង​កំពូល​របស់​កូរ៉េខាងជើង តាំង​ពី​ឆ្នាំ ២០១១ បាន​បង្កើន​ដំណើរ​ទស្សនកិច្ច​របស់ខ្លួន​ទៅ​ប្រទេស​ចិន ជាបន្តបន្ទាប់ នៅមុន​ពេល​បើកជំនួបកំពូល​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ឬ​លោក​ដូណាល់ ត្រាំ កាលពី​ខែ​មិថុនា​ឆ្នាំមុន។

នៅក្រោយ​ជំនួបកំពូល នៅ​ប្រទេស​សិង្ហបុរី ការចរចា​រវាងកូរ៉េខាងជើង និង​អាមេរិក​ហាក់នៅ​ជាប់គាំង បន្ទាប់ពី​លោកដូណាល់ ត្រាំ បាន​ប្រកាស​លុបចោល​ដោយប្រថុចញ៉ុច​បំផុត ដំណើរទស្សនកិច្ច​របស់​ប្រមុខការបរទេស​អាមេរិក​ទៅកាន់ទីក្រុង​ព្យុងយ៉ាង។ នៅថ្ងៃ​អាទិត្យ លោកដូណាល់ ត្រាំ បាន​អះអាងថា ភាគី​ទាំងពីរ​កំពុង​ចរចា​គ្នា​ពីទីកន្លែង ដែល​អាច​បើកជំនួបកំពូល​អាមេរិក និង​កូរ៉េខាងជើង ​លើកទី ២។ កាសែត​កូរ៉េខាងត្បូង​បាន​លើកឡើង​ពី​ទីក្រុង​ហាណូយ សម្រាប់​ជំនួបកំពូល​លើកទី​២​រវាង​លោកដូណាល់ ត្រាំ ហើយ​និង​លោក​គីម ជុងអ៊ុន។

សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជា​កូនអុក​របស់​ចិន សម្រាប់​ចរចា​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

នៅពេល​ដែល​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ប្រាកដណាស់ថា ប្រធានាធិបតី​ចិន អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង នៅពេលនេះ ដើម្បី​ប្រយោជន៍​ជា​យុទ្ធសាស្រ្ត​របស់​ចិន តទល់​នឹង​អាមេរិក។ អាមេរិក​បាន​ប្រកាស​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ដើម្បី ធ្វើ​ឲ្យ​ចិន​ទ័លច្រក។ ប៉ុន្តែ ចិន​វិញ ចង់​ប្រើ​ទំនាក់ទំនង​របស់ខ្លួន ជាមួយ កូរ៉េខាងជើង ដើម្បី​ទប់ទល់​នឹង​អាមេរិកវិញ។ ដោយចាប់ដៃ ល្អូកល្អឺន​ជាមួយ លោកគីម ជុងអ៊ុន ប្រធានាធិបតី​ចិន​ចង់​បង្ហាញ​ទៅ​ភាគី​អាមេរិក ថា ខ្លួន​នៅតែ​មាន​កូរ៉េខាងជើង ដែល​មាន​អាវុធ​នុយក្លេអ៊ែរនោះ ជា​កូនអុក សម្រាប់​ការចរចា​ជម្លោះពាណិជ្ជកម្ម​ជាមួយអាមេរិក។

ក្រុង​ប៉េកាំង​បាន​បដិសេធ​រហូតមកថា មិន​យក​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​កូនអុក ជាឈ្នាន់ ដើម្បីដាក់សម្ពាធ​លើក​អាមេរិក នៅក្នុង​ការចរចា​ជម្លោះ​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ ទង្វើ​របស់​ចិន បាន​ស្តែង​យ៉ាងច្បាស់ ថា ចិន​បាន​ប្រើ​គ្រប់មធ្យោបាយ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អាមេរិក​ទន់ជំហរ ក្នុង​ការចរចា​ជាមួយ​ចិន។ ដោយពិតទៅ ចិន​ធ្វើដូច្នេះ តាម​ចិត្ត​ខ្លួនឯង ផង និង​តាម​ការចង់​បាន​របស់​អាមេរិកផង។ ត្រូវដឹងថា​ចាប់តាំង​ពី​បង្កើត​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ ចិន តាមរយៈ​ការបង្កើន​ពន្ធ លើ​ទំនិញ​ចិន នាំចូល​ទៅ​អាមេរិក លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ដំបូងគេ ដែល បាន​ទនិ្ទញ ហើយ​ទន្ទិញទៀតថា ដរាបណា ចិន មិន​ព្រមធ្វើចូល​រួម​ដាក់សម្ពាធ​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​ទេ នោះ​ទណ្ឌកម្ម​ដាក់ពន្ធ​របស់​អាមេរិក​ទៅលើ​ទំនិញ​ចិន នឹង​កាន់តែ​ខ្លាំង ធ្ងន់ធ្ងរ​ជាងមុនទៅទៀត។

ទស្សនកិច្ច លើកទី៤​នៅប៉េកាំង ជា​សារ​របស់​មេដឹកនាំ​កូរ៉េខាងជើង ទៅ​គ្រប់ភាគី

កូរ៉េខាងជើង​អាច ចង់​ឆ្លៀត​ឱកាស​ដែលចិន​និង​អាមេរិក​កំពុង​មាន​ទំនាក់ទំនង​មិន​ល្អ និង​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​គ្នា​ ដើម្បី ទាញ​ប្រយោជន៍​ផ្ទាល់ខ្លួន។ ដោយធ្វើដំណើរ​ទៅ​ជួប​ប្រធានាធិបតី​ចិន លើកនេះ មេដឹកនាំ​កូរ៉េខាងជើង​ចង់​ផ្ញើសារ ទៅ​ប្រទេស​សំខាន់​ពីរ គឺ​ចិន និង​អាមេរិក។

ដំបូងគេ លោកគីម ជុងអ៊ុន​ចង់ បង្ហើរ​សារ ទុក​ជា​មុន ទៅ​ប្រធានាធិបតី​អាមេរិក។ នៅ​មុន​បើក​ជំនួបកំពូល​ជាលើកទី២ ជាមួយ​ប្រធានាធិបតី​អាមេរិកាំង មេដឹកនាំ​កូរ៉េខាងជើង ចង់​ប្រាប់​ទៅ​ភាគី​អាមេរិក​ថា ខ្លួន​នៅតែ​មាន​ជានិច្ច ចិន​ជា​បង្អែក ដែល​គាំទ្រ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា​ដល់​កូរ៉េខាងជើង នោះ​បើ​ទោះបី​ជា​កូរ៉េខាងជើង​រង​ការដាក់​ទណ្ឌកម្ម​ពី​អាមេរិក​ក៏ដោយ។ ដោយ​បើកយុទ្ធនាការ​ការទូត និង​ឈប់សម្រាក មិន​បាញ់​មីស៊ីល នៅ​មួយឆ្នាំ​ចុងក្រោយនេះ ព្រមទាំង​បំផ្លាញ ផ្លូវចូល​ទៅ​កន្លែង​បាញ់សាកល្បង​អាវុធ​នុយក្លេអ៊ែរផង ក្រុង​ព្យុងយ៉ាង ​ចង់​បង្ហាញ ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ​ផងដែរថា កូរ៉េខាងជើង​ខំប្រឹង​ឈ្មុសឈ្មុល ដើម្បីសន្តិភាព ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដើម្បីឈាន​ទៅ​លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ តាម​ការសន្យា​របស់ខ្លួន គឺផ្ទុយពី​លោក​ដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ ដែល​នៅ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង។

មួយវិញទៀត ដោយ​ទៅ​ជួប មេដឹកនាំ​ចិន នៅ​មុនបើកជំនួប​លើកទី២ ជាមួយ​អាមេរិក មេដឹកនាំ​កូរ៉េខាងជើង ចង់​បញ្ជូន​សញ្ញា​ទៅ​ភាគី​ចិន សម្ព័ន្ធមិត្ត​របស់ខ្លួន ដែរថា កូរ៉េខាងជើងនឹង មាន​ឱកាស​ច្រើន​ដើម្បី​ទៅ​ចរចា ទទួល​បាន​សម្បទាន​ច្រើន​ពីខាងអាមេរិក។ ពោល​គឺ​កូរ៉េខាងជើង អាច​ចុះសម្រុង​ជាមួយ​ប្រទេស​ដទៃ ដោយ​មិន​ចាំបាច់​ត្រូវការ​ពឹង​ជំនួយ​ទាំងស្រុង​របស់​ចិន​នោះទេ។ កូរ៉េខាងជើង​ដែល​ប្រកាស​ដាក់ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ ចង់​បញ្ជាក់​ទៅ​ចិន​ថា ខ្លួន​មាន​សារៈសំខាន់ ដែល​ចិន មិនត្រូវ​មើល​រំលង​នោះទេ។ ជាពិសេស នៅពេល​ដែល​ចិន កំពុង​ឈ្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ទៀតនោះ គឺ​ថា កូរ៉េខាងជើង​នឹង​រឹតតែ​ដើរតួ ផ្តល់ជំនួយ​សំខាន់​ដល់​សម្ព័ន្ធមិត្ត​ចិន។

យុទ្ធសាស្រ្ត​ទាញ​យក​ប្រយោជន៍​ទាំង​សងខាង គឺ​ពី​ភាគី​ជម្លោះ​ទាំងពីរ​យ៉ាងដូច្នេះ ធ្លាប់​ត្រូវ​បាន​ជីតា​របស់​លោក​គីម ជុងអ៊ុន គឺ​លោក​គីម អ៊ីលស៊ុង ធ្លាប់​បាន​ប្រើ​ម្តងហើយទៅលើ​ប្រទេស​ចិន ហើយ​និង​សហភាព​សូវៀត ដែល​ឈ្លោះដណ្តើម​ឥទ្ធិពល​ប្រទេស​កុម្មុយនិស្ត នៅក្នុង​សម័យ​សង្រ្គាម​ត្រជាក់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កូរ៉េខាងជើង-ចិន

    លោកគីម ជុងអ៊ុន​ធ្វើដំណើរ​ជាលើកទី៤ ទៅ​ប្រទេស​ចិន

    ស្វែងយល់បន្ថែម

  • ចិន-កូរ៉េខាងជើង

    លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​អំពាវនាវ​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​ឲ្យ​បន្ត​ធ្វើ​ការ​រួម​គ្នា

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង

    កូរ៉េខាងជើង ធ្វើ​បុណ្យ​រំលឹក​ខួប​ទី​៧០​ ដោយ​ពុំមាន​បង្ហាញ​មីស៊ីល​បាលីស្ទីក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ