អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឡាវ ទើបបានប្រគល់ឲ្យ រុស្ស៊ី រថក្រោះសូវៀតដ៏ល្បីល្បាញធុន T-34 ចំនួន ៣០ គ្រឿង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងការពារជាតិឡាវ បានប្រគល់ឲ្យក្រសួងយោធារុស្ស៊ី រថក្រោះសូវៀតដ៏ល្បីល្បាញ ធុន T-34 ចំនួន ៣០ គ្រឿង ដែលទោះបី វាផលិតតាំងពីក្នុងឆ្នាំ ១៩៤២ ម៉្លេះ ក៏វានៅតែដំណើរការដដែល។ ក្នុង យប់ឆ្លងមកថ្ងៃពុធទី ៩ មករា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា រថក្រោះ​ទាំង​នេះ ​ត្រូវបានដឹក តាមផ្លូវសមុទ្រ មកដល់ក្រុងផែ Vladivostok នៅឯចុងបូព៏ាប្រទេសរុស្ស៊ី ហើយ​ពីទីនោះ ដឹកតាម ក្បួន រថភ្លើងពិសេស ពីទិសខាងកើត ចម្ងាយជាង ៩.០០០ គម ឆ្លង​កាត់​​ប្រទេសរុស្ស៊ីទាំងមូល មកទិសខាងលិច មកកាន់បន្ទាយទាហានមួយ នៅតំបន់ជាយក្រុង​ម៉ូស្គូ។ ​រថក្រោះទាំងនេះ នឹងត្រូវរុស្ស៊ី ប្រើ សម្រាប់ចូលរួម​ ក្នុងព្យុហយាត្រា​កងទ័ព​ឧទ្ទិស​ដល់​មហាជ័យជំនះថ្ងៃ ៩ ឧសភា លើកងទ័ពហ៊ីត្លែរ សម័យសង្គ្រាមលោក លើកទី២ , សម្រាប់​ការ​ថត​ភាពយន្ត​ប្រវត្តិសាស្ត្រ សម្រាប់តាំងបង្ហាញលើទីធ្លាសារមន្ទីរ។ ទោះបី ការប្រគល់ នេះ ត្រូវ ភាគី​ឡាវ​​អះអាង​ថា ជា”កាយវិការសុឆន្ទៈ” ក៏ដោយ ក៏ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC ប៉ាន់ស្មាន ថា អាចជា ការសង ខ្លះៗ បំណុលដែលឡាវជំពាក់រុស្ស៊ី តាំងពីជំនាន់សូវៀតមក។ រថក្រោះ  T-34 ចារ ឈ្មោះជាប់ក្នុង ទំព័រប្រវត្តិសាស្ត្រ ដោយបានបង្ហាញថ្វីដៃខ្លួន នៅតាមសមរភូម៏សង្គ្រាម។ 

រដ្ឋមន្ត្រីការពារ Sergei Shoigu (ឆ្វេង​) រលាក់ដៃជាមួយលោកស្រីរដ្ឋមន្ត្រីការពារជាតិ​ឥណ្ឌា Nirmala Sitharaman មុនពេលចូលរួមមេទីញមួយ​នៅញូដ៊ែលី ឥណ្ឌា​ថ្ងៃទី​១៣ធ្នូ​ នូ​​២០១៨ ​
រដ្ឋមន្ត្រីការពារ Sergei Shoigu (ឆ្វេង​) រលាក់ដៃជាមួយលោកស្រីរដ្ឋមន្ត្រីការពារជាតិ​ឥណ្ឌា Nirmala Sitharaman មុនពេលចូលរួមមេទីញមួយ​នៅញូដ៊ែលី ឥណ្ឌា​ថ្ងៃទី​១៣ធ្នូ​ នូ​​២០១៨ ​ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិរុស្ស៊ី មានលើកឡើងថា

-ក្រសួងការពារជាតិនៃ សាធារណដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងក្របខ័ណ្ឌនៃ សហ​ប្រតិបត្តិការ​ យោធា-បច្ចេកទេសទ្វេភាគី ប្រគល់ជូន ក្រសួងយោធាសហព័ន្ធរុស្ស៊ី រថក្រោះ T-34 ចំនួន ៣០ គ្រឿង ដែល នៅដំណើរការពេញលក្ខណៈ នៅឡើយ។ មកទល់ពេលថ្មីៗ រថក្រោះ​ទាំង​នេះ បានស្ថិតនៅប្រចាំការ ក្នុង កងទ័ពប្រជាជនឡាវ។

គឺមួយឆ្នាំមុន កាលពីខែ មករា ឆ្នាំ ២០១៨ ពេលលោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី SergueiShoiguបំពេញទស្សនកិច្ច នៅប្រទេសឡាវ ដែលគូភាគីបានព្រមព្រៀងគ្នា អំពី ការបង្វែររថក្រោះ​ទាំង​នេះ​ មក ប្រទេសរុស្ស៊ីវិញ។

រថក្រោះដែលប្រគល់មកនេះ ត្រូវបានដឹកតាមផ្លូវសមុទ្រ មកដល់ក្រុងផែ Vladivostokចុង​បូព៌ា​ប្រទេស​ រុស្ស៊ី។ ហើយពីទីនោះ វាត្រូវបានដឹកតាមផ្លូវដែក មកដល់តំបន់ជាយក្រុងម៉ូស្គូ តែម្តង។

តាមការលំអិតឲ្យដឹង នៃកាណាល់ទូរទស្សន៍ Russia-24

រថក្រោះទាំងនេះ ត្រូវបាន វៀតណាមផ្ទេរទៅឲ្យ ឡាវក្នុងរង្វង់ឆ្នាំ ទី ៨០ នៃសតវត្សមុន។ វៀតណាមផ្ទាល់ បានទទួលវា ដែលកែឲ្យទំនើបទៅហើយ ក្នុងទសវត្សទី៦០ គឺ ពីសហភាព​សូវៀត ​ដើម្បីការពារទល់នឹង សង្គ្រាមឈ្លានពាន ពីខាង សរអា ពីកណា្តលទសវត្សទី ៦០ ដល់​ជិត​កណ្តាលទសវត្សទី៧០។ ​​

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBCធ្វើអត្ថាធិប្បាយ អំពីរឿងនេះ ដោយប្រមាណថា ការប្រគល់ រថក្រោះ ទាំងនេះ អាចជាការសងខ្លះៗ បំណុល ដែលឡាវជំពាក់រុស្ស៊ី តាំងពីជំនាន់​សហ​ភាព​សូវៀត​មក។  តម្លៃនៃការប្រគល់នេះ ឥតមានបង្ហើបឲ្យដឹងឡើយ។

តាមទិន្នន័យទីភ្នាក់ងារពត៌មានរុស្ស៊ី  Interfax  ភាគីឡាវ បានផ្ទេររថក្រោះ ទាំងនេះ មកឲ្យរុស្ស៊ី ក្នុងឋានៈជា “ កាយវិការសុឆន្ទៈ “ ។ ប្រភពក្នុង Interfax បន្ថែមថា ឡាវ ជាដៃគូ របស់រុស្ស៊ី ក្នុង​វិស័យ​សហប្រតិបត្តិការយោធា-បច្ចេកទេស

តើឡាវអាចសងឬទេ ភាគមួយនៃបំណុលដែលខ្លួនជំពាក់រុស្ស៊ីតាមវិធីប្រគលរថក្រោះទាំងនោះ ?

ក្នុងឆ្នាំ ២០០៣ រុស្ស៊ី បានលុបចោលអស់ ៧០% នៃបំណុលដែលឡាវ​ជំពាក់តាំងពី​ជំនាន់​សូវៀត​មក​ ក្នុង ទឹកប្រាក់ជាង ១.០០០ លានដុល្លារ។ ដោយលុបកាលណោះអស់ ៧០០ លាន ដុល្លារ ឡាវ​នៅជំពាក់រុស្ស៊ី ក្នុងទឹកប្រាក់ ៣៨០ លាន ដុល្លារ ដែលរុស្ស៊ី បានទុកពេលឲ្យឡាវសង ក្នុង​អំឡុង​ពេលដល់ទៅ ៣៣ ឆ្នាំ។ 

តម្លៃរថក្រោះ T-34 នៅលើទីផ្សារក្រៅផ្លូវការ ត្រូវពួកអ្នកជំនាញ ប្រមាណក្នុងកម្រិត ប៉ុន្មាន​សែន​ដុល្លារ​ បើ វា នៅដើរនៅឡើយ ។ តាមធម្មតា និយមទិញរថក្រោះបែបនេះ គឺ អ្នកដែល​ចូលចិត្ត​ធ្វើ​សមុច្ច័យ​វត្ថុកម្រៗ ។ ប៉ុន្តែ តើរវាងរដ្ឋ និង រដ្ឋ វាត្រូវកាត់ថ្លៃក្នុងកម្រិតណា គឺ គេមិន​អាចដឹង​ឡើយ។​

តាមមតិ លោក Serguei Denisentsev អ្នកជំនាញនៃ មជ្ឈមណ្ឌលវិភាគអំពីយុទ្ធសាស្ត្រ និង បច្ចេកវិជ្ជា  លើទីផ្សារក្រៅផ្លូវការនៃរថក្រោះចាស់ៗ តម្លៃវា គឺ អាស្រ័យនឹង សភាពបច្ចេកទេស និង គ្រឿងផ្សំ ដែលខ្លះ តម្រូវឲ្យផ្លាស់ប្តូរ។ ទោះយ៉ាងណាក៏ដោយ ក៏តម្លៃរថក្រោះបែបនេះ អាច ស្ថិតនៅចន្លោះពី រាប់ម៉ឺនដុល្លារ ដល់ រាប់សែនដុល្លារ។ បានន័យថា រថក្រោះទាំង ៣០ គ្រឿង​នោះ​ សរុបទៅបានថ្លៃមិនជាច្រើនសោះឡើយ គឺ ខ្ទង់ជុំវិញ ១.០០០.០០០ ដុល្លារ។

លោក Serguei Denisentsev បានរំលឹកព្រមជាមួយនេះថា ក្នុងខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅ មាន​លេចឮជា ដំណឹង​ដែលថា ឡាវបានទទួលពីរុស្ស៊ី រថក្រោះមួយចំនួន ធុន T-72 កែអោយ​ទំនើប​ទៅហើយ ក្រោមឈ្មោះថា T-72 B1 ។

តើ T-34 ជារថក្រោះបែបណា ?

T-34 ជារថក្រោះសូវៀតសែនល្បីល្បាញ ដែលឈ្មោះវាចារជាប់ក្នុងទំព័វប្រវត្តិសាស្ត្រ។ វាបាន​ចូល​រួម​ ក្នុង ការប្រយុទ្ធនៃ កងទ័ក្រហម សឹង​លើគ្រប់សមរភូម៌ នៃសង្គ្រាមលោកលើកទី២ បូក​ទាំង​ក្នុង​ ប្រតិបត្តិការ វាយសម្រុកចាប់យកក្រុង Berlin ជាកំពែងចុងក្រោយនៃរបប Nazi អាល្លឺម៉ង់។

រថក្រោះ T-34  នៅដើមឡើយ មានកាណុងកាលីប ៧៦ មីលីម៉ែត្រ បានបម្រើជា គ្រឹះនៃ​រថ​ពាស​ដែក ​សូវៀត រហូតដល់ឆ្នាំ ១៩៤៤ ពេលដែលកងទ័ពសូវៀត បានទទួលរថក្រោះធុននេះ ដែល​កែ​ឲ្យទំនើប ដោយកាណុងវា មានកាលីប ដល់ ៨៥ មីលីម៉ែត្រ ម៉្លោះហើយ​បានជាឈ្មោះពេញ​របស់​វា គឺ T-34-85

ក្រោយពីសង្គ្រាមលើកលើកទី២ ចប់ទៅក្នុងឆ្នាំ ១៩៤៥  រថក្រោះ T-34 បានចូលរួមក្នុង​សង្គ្រា​ម​នៅ​កូរ៉េ ពី ឆ្នាំ ១៩៥០ ដល់ ១៩៥៣ ហើយ ដោយសាររថក្រោះនេះ ដែលកងទ័ពកូរ៉េខាងជើង នា​ប៉ុន្មាន​ខែដំបូងនៃ សង្គ្រាម អាចលុកចូលទៅក្នុងដែនដីកូរ៉េខាងត្បូង។

រថក្រោះ T-34 ក៏បានចូលរួមក្នុងសង្គ្រាមអារ៉ាប-អ៊ីស្រាអែល។ ប្រទេសអេហ្ស៊ីព បានប្រើ​រថក្រោះ​នេះ​ ពេលមានផ្ទុះឡើងជា វិបត្តិកាណាល់ Suez ឆ្នាំ ១៩៥៦។ រថក្រោះ T-34 ក៏ត្រូវបានគេ​ប្រើ​ក្នុង​ សង្គ្រាមស៊ីវិល នៅ Yougoslavie ទសវត្សទី ៩០ ។

រថក្រោះ T-34 ដែលចាប់ផ្តើមផលិតដោយរោងចក្រ នៅតំបន់នាយភ្នំ Oural ក្នុងឆ្នាំ ១៩៤២ សរុបទៅ មានចំនួន ៣ ម៉ឺន ៥ ពាន់ ៤០០ គ្រឿង។ សព្វថ្ងៃ នៅក្នុងលោក វានៅសេសសល់​តិចតួច​ណាស់ ហើយ ក្លាយជា វត្ថុកម្រ។

កងទ័ពរុស្ស៊ី បច្ចុប្បន្ន បំពាក់ទៅដោយរថក្រោះទំនើបស្រករថ្មីក្រោមឈ្មោះថា Armat  បង្ហាញឲ្យ សាធារណជនឃើញជាលើកទី១ ក្នុងព្យុហយាត្រា ៣ ឆ្នាំមុន ឧទ្ទិសដល់ខួប ៧០ ឆ្នាំ នៃ​មហា​ជ័យ​​ជំនះលើ កងទ័ពអាល្លឺម៉ង់ហ្វាស៊ីស្ត៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ