ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT
អាស៊ី

ប៉ូឡូញ​ចាប់ខ្លួន​ប្រធាន​សាខា​ក្រុមហ៊ុន Huawei ក្នុង​បទ​សង្ស័យ​ប្រព្រឹត្ត​ចារកម្ម

media ទីស្នាក់ការ​របស់​សាខា​ក្រុមហ៊ុន​Huawei នៅទីក្រុង​វ៉ាសូវី​ប្រទេស​ប៉ូឡូញ © REUTERS/Kacper Pempel

តុលាការ​ប៉ូឡូញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្រេច​ឃុំខ្លួន​មនុស្ស​ពីរនាក់ ដែលនៅក្នុង​នោះ ម្នាក់ ជា​ជនជាតិ​ចិន នៅក្នុង​បទសង្ស័យ​ធ្វើ​ចារកម្ម​នៅក្នុង​ទឹកដី​ប៉ូឡូញ។ នេះ​បើ​តាមប្រកាស របស់​មន្រ្តី​ជាន់ខ្ពស់​ប៉ូឡូញ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ កាសែត​ប៉ូឡូញ វិញ​បាន​បញ្ជាក់ថា ជនជាតិ​ចិន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ជាមួយ ជនជាតិ​ប៉ូឡូញ ម្នាក់ទៀត កាលពី​ថ្ងៃ​អង្គារ នោះ ជា​ប្រធាន​សាខា​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ក្នុង​ប្រទេស​ប៉ូឡូញ។

 

នៅក្រោយ​ដំណឹងចាប់ខ្លួន​អ្នកជំនួញ​ចិន នៅសប្តាហ៍នេះ នៅ​ប្រទេស​ប៉ូឡូញ ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​ពីការព្រួយបារម្ភ​របស់ខ្លួន និង​បានទាមទារ​ឲ្យ​អាជ្ញាធរ​ប៉ូឡូញ​ធានា​គោរព​សិទ្ធិ​របស់​ជនសង្ស័យ​ជាតិ​ចិន។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ក្រុមហ៊ុន​Huawei វិញ បាន​បដិសេធ​ មិន​បញ្ជាក់​ថា តើ​ជនសង្ស័យ ដែល​អាជ្ញាធរ​ប៉ូឡូញ​ចាប់ខ្លួន នៅ​ដើម​សប្តាហ៍នេះ ជា​បុគ្គលិក​របស់​Huawei ដែរ​ឬ​យ៉ាងណា​នោះទេ។ Huawei គ្រាន់​តែនិយាយ ខ្លួន​នឹង​តាមដាន​ឃ្លាំមើល​ករណី​ចាប់ខ្លួន​ជនជាតិ​ចិន​លើកនេះ។

ចាប់ខ្លួន កាលពី​ថ្ងៃ​អង្គារ នៅ​ទីក្រុង​វ៉ាសូវី ជាមួយ ជនជាតិ​ប៉ូឡូញម្នាក់ ដែល​ជាអ្នកជំនាញ​ខាងព័ត៌មានវិទ្យា អ្នកជំនួញ​ជាតិ​ចិន ត្រូវ​បាន​កាសែត ក្នុង​ស្រុក​អះអាងថា អ្នកទទួល​ខុសត្រូវ​ម្នាក់​របស់​សាខាក្រុមហ៊ុន​Huawei​ក្នុង​ប្រទេស​ប៉ូឡូញ។ ចំណែក​អ្នកនាំពាក្យ​របស់​ក្រសួង​ប្រឆាំង​ចារកម្ម​ប៉ូឡូញ វិញ គ្រាន់តែ​បញ្ជាក់ថា ជនជាតិ​ចិន ដែល​ប៉ូលិស​បាន​ចាប់ខ្លួន ជា​អ្នកជំនួញ ធ្វើការ​ឲ្យ​សាខា​ក្រុមហ៊ុន​បច្ចេកវិទ្យាមួយ​នៅប៉ូឡូញ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ជនសង្ស័យ​ទាំងពីរនាក់ ត្រូវ​បាន​តុលាការ​ប៉ូឡូញ សម្រេច​ដាក់ឃុំខ្លួន បណ្តោះអាសន្ន ៣ខែ ក្នុង​បទ​ចោទប្រកាន់​ធ្វើ​ចារកម្ម​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចិន និង​សំដៅ​បំផ្លាញ​ប៉ូឡូញ។

ស្ថាបនា បង្កើត​ឡើង​ដោយ​អតីត​វិស្វករ​ព័ត៌មានវិទ្យា​របស់​កងទ័ព​ចិន ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំជាងគេ​របស់​ចិន Huawei​កំពុង​ប្រឈម​នឹង​អរិភាព​របស់​ប្រទេស​លោក​ខាងលិច ដូចជា​អូស្ត្រាលី អាមេរិក ជប៉ុន និង​នៅអឺរ៉ុប ជាដើម ដែល​សង្ស័យ​ថា ក្រុមហ៊ុន​Huawei កំពុង​ធ្វើចារកម្ម លួច​យក​ការណ៍​សម្ងាត់​ឲ្យ​ក្រសួង​ការពារ​ជាតិចិន។

កាលពីពាក់កណ្តាល​ខែ​ធ្នូ ទីភ្នាក់ងារ​សន្តិសុខ​ព័ត៌មានវិទ្យា​របស់​សាធារណរដ្ឋ​ឆែក​បាន​ព្រមាន​ពីការប្រើប្រាស់​សំភារៈ ហើយ​និង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei ហើយ​និងក្រុមហ៊ុន​ចិន ZTE​មួយទៀត ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចាត់ទុក​ជា​ការគំរាមកំហែង ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ឆែក។

ក្រុមហ៊ុន​Huawei​វិញ បាន​រុញច្រាន​ចោល ការចោទប្រកាន់ និង​ព្យាយាម​ការពារ​មុខជំនួញ​របស់ខ្លួន​នៅ​ទឹកដី​អឺរ៉ុប តាមរយៈ​ការចុះ​កិច្ចសន្យា ដំឡើង​ប្រព័ន្ធ​ទូរស័ព្ទ​ទំនើប​ជំនាន់​ទី ៥ ជាមួយ​ប្រទេស​ក្នុង​រង្វង់​សហភាពអឺរ៉ុប។ នៅ​មុន​ការចាប់ខ្លួន អ្នកទទួល​ខុសត្រូវ​របស់​សាខា​ក្រុមហ៊ុន​ Huawei ប៉ូឡូញ​ជា​ប្រទេស​មួយ ដែល​បានបើកដៃ ​ទទួល​យក​បច្ចេកវិទ្យា របស់​ក្រុមហ៊ុន Huawei ដែល​បាន​បោះទីតាំង ​ទីស្នាក់ការ​សាខា​របស់ខ្លួន នៅ​ក្នុង​រដ្ឋធានី​វ៉ាសូវី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ