បារាំងចោទប្រកាន់ជាផ្លូវការប្រធានគណៈកម្មការអូឡាំពិកជប៉ុនពីបទពុករលួយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៣
ការប្រកួតកីឡាអូឡាំពិករដូវក្តៅ លើកក្រោយនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុន - ! តូក្យូ២០២០ នឹងត្រូវចាប់ផ្តើម នៅរវាង១៨ខែទៀតប៉ុណ្ណោះ ប៉ុន្តែប្រធានគណៈកម្មការអូឡាំពិកជប៉ុន លោក Tsunekazu Takeda មនុស្សដ៏សំខាន់បំផុតដែលបានជួយឱ្យជប៉ុនបានធ្វើជាម្ចាស់រៀបចំកម្មវិធី បានរងការចោទប្រកាន់ជាផ្លូវការ ពីបទពុករលួយសកម្ម។ តុលាការបារាំង ទើបបានធ្វើការបញ្ជាក់ព័ត៌មាននេះ នៅថ្ងៃសុក្រម្សិលមិញ។ លោក តាកេដា បានសេចក្តីថ្លែងការណ៍បដិសេធភ្លាមដែរ។
លោក តាកេដា ជាឥស្សរជនដ៏សំខាន់ម្នាក់របស់ជប៉ុន ! លោក ជាសរសរទ្រូងនៃកីឡាអូឡាំពិកជប៉ុន។ មានអាយុ៧១ឆ្នាំ ខ្ពស់សង្ហារ ត្រូវបានជប៉ុនចាត់ទុកជាអ្នកធ្វើឱ្យមានJO២០២០ នៅតូក្យូ។
ជាចៅទូតរបស់អធិរាជជប៉ុន Meiji លោកបានចូលរួមJO ៥ដងហើយ គិតចាប់តាំងឆ្នាំ១៩៧២មកក្នុងនាមជាអ្នកប្រណាំងនិងគ្រូបង្វឹកក្រុមប្រណាំងសេះ។ លោកបានក្លាយជាប្រធានគណៈកម្មការអូឡាំពិកជប៉ុននៅឆ្នាំ២០០១ និងគ្រោងដាក់បេក្ខភាពនេះជាថ្មី គម្រប់អាណត្តិទី១១ទៀតផង បើទោះបីជាលោកមានវ័យលើសច្បាប់កំណត់ក៏ដោយ។ នៅឆ្នាំ២០១២ លោកបានក្លាយជាសមាជិកគណៈកម្មការអូឡាំពិកអន្តរជាតិCIO និងក៏ជាប្រធានបេក្ខភាពជប៉ុនសម្រាប់JO។ គឺដោយសារតួនាទីនេះឯង លោក តាកេដា ត្រូវជាប់ចោទ ប្រព្រឹត្តអំពើពុករលួយនេះ។
តុលាការបារាំងបានសម្រេចធ្វើការចោទប្រកាន់លោក តាកេដា ពីបទប្រព្រឹត្តអំពើពុករលួយសកម្ម តាំងពីថ្ងៃទី ១០ធ្នូមកម្ល៉េះ តែទើបត្រូវបានបញ្ជាក់ព័ត៌មានជាផ្លូវការ នៅថ្ងៃសុក្រម្សិលមិញ នៅពេលដែលរដ្ឋមន្ត្រីក្រសួងកីឡាជប៉ុន មកបំពេញទស្សនកិច្ចនៅប្រទេសបារាំង។
ប្រភពស្និទ្ធនឹងសំណុំរឿងបានធានាអះអាងថាគ្មានពាក់ព័ន្ធនឹងរឿងប្រធានក្រុមហ៊ុនរឺណូបារាំងឡើយ។ តាមការពិត សំណុំរឿងលោក ស៊ូណេកាស្ហុ តាកេដា នេះ ត្រូវបានតុលាការបារាំងបើកអង្កេត តាំងពីបីឆ្នាំ (ឆ្នាំ២០១៥) មក។ តុលាការសង្ស័យថាជប៉ុនបានជាប់ឆ្នោតនៅខែកញ្ញា២០១៣ (សំឡេងគាំទ្រ៦០ទល់នឹង៣០សម្រាប់បេក្ខភាពតួកគីជាគូប្រជែង) ក្លាយជាប្រទេសម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវក្តៅឆ្នាំ JO-២០២០ ដោយបានទិញសំឡេងសមាជិកគណៈកម្មការអូឡាំពិកមកពីទ្វីបអាហ្វ្រិក។
នៅក្នុងអំឡុងពេលឃោសនាកាលពីឆ្នាំ២០១៣ មានសកម្មភាពបង់ថវិកា ចំនួនពីរ (ខែកក្កដា និងតុលា២០១៣) គួរឱ្យសង្ស័យ ក្នុងតម្លៃសរុបប្រមាណ២,៨លានដុល្លារសិង្ហបុរី មកពីធនាគារជប៉ុន។ ហេតុអ្វីបានជាជប៉ុនត្រូវការបង់ប្រាក់មុននិងក្រោយ ការជាប់ឆ្នោត ទៅឱ្យក្រុមហ៊ុនBlack Tiding របស់សិង្ហបុរី ?
តុលាការជប៉ុនថា លោក តាកេដា ស្អាតស្អំ
ក្នុងនាមជាប្រទេសពាក់ព័ន្ធ ជប៉ុនពិតជាបានបើកអង្កេតរបស់ខ្លួនដែរ ! ហើយនៅខែកញ្ញា ២០១៦ តុលាកាជប៉ុនពិតបានសម្អាតទោសឱ្យលោក តាកេដា ថាគ្មានប្រលាក់ប្រលូសនឹងការចោទប្រកាន់ពុករលួយនោះឡើយ ប៉ុន្តែកាលណោះជប៉ុនមិនបានដឹកនាំធ្វើអង្កេតអ្វីស៊ីជម្រៅទេ ដោយគ្រាន់តែរកឃើញថា ថវិកាជាប់សង្ស័យ ត្រូវគ្នានឹងប្រាក់ខែស្របច្បាប់របស់អ្នកពិគ្រោះយោបល់ និងមិនដឹងថាក្រុមហ៊ុនBlack Tiding របស់សិង្ហបុរីដែលជាអ្នកទទួលលុយនោះជានរណាឡើយ។
ឯខាងបារាំងវិញ នៅពេលអង្កេត ស្រាប់តែរកឃើញថា អ្នកដែលទទួលលុយពីជប៉ុន ឬអ្នកទទួលផលពីក្រុមហ៊ុនBlack Tiding គឺមនុស្សជាប់ដីកាអន្តរជាតិរបស់បារាំង ដែលអាស្រូវកេរ្ត៍ខ្លាំងនឹងសំណុំរឿងពុករលួយកីឡាជាច្រើន ៖ មានឈ្មោះថា Papa Massata Diack ហើយបានយកលុយនោះមកចាយវាយនិងលាងនៅលើទឹកដីបារាំងទៀត ទើបតុលាការបារាំងយល់ថាខ្លួនត្រូវមានសមត្ថកិច្ចអង្កេត។
រត់ទៅលាក់ខ្លួននៅសេណហ្កាល់ ត្រូវជាកូនរបស់អតីតប្រធានគណៈកម្មការអូឡាំពិក ដ៏ល្បីល្បាញ និងដ៏មានអំណាច Lamine Diack (១៩៩៩-២០១៥) Papa Massata Diack ក៏ជាសមាជិកគណៈកម្មការអូឡាំពិក ដ៏មានឥទ្ធិពលដែរ តែត្រូវវន្តកមានឈ្មោះជាប់ក្នុងបញ្ជីជនជាប់ប្រព្រឹត្តអំពើពុករលួយ រំលោភទំនុកចិត្ត ចំពោះសកម្មភាពសង្ស័យជាអ្នកទៅបញ្ចុះបញ្ចូលទិញសំឡេងក្រុមអូឡាំពិកអាហ្វ្រិកឱ្យគាំទ្របេក្ខភាព ប្រេស៊ីល សម្រាប់កីឡាអូឡាំពិករីយូ ២០១៦ និងព្យុងឆាង២០១៨...
តាមសំណើរបស់តុលាការបារាំង តុលាការជប៉ុនក៏បានចោទសួរ លោក តាកេដា ជាថ្មីម្តងទៀត កាលពីដើមឆ្នាំ២០១៧ ព្រោះសកម្មភាពជួយបញ្ចុះបញ្ចូលសមាជិកផ្សេងដើម្បីគាំទ្របេក្ខភាពខ្លួន មានទម្រង់ស្ទើរដូចជាអំពើពុករលួយពេក។
គណៈកម្មការអូឡាំពិកបានបើកប្រជុំភ្លាម និងបានសម្រេចដាក់ឱ្យសំណើរការសំណុំបែបទ បន្តតាមដានស្ថានការណ៍ តែដរាបណាមិនទាន់មានសាលក្រមគណៈកម្មការគោរពជានិច្ចភាពជាជនគ្មានទោសរបស់លោក តាកេដា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ