អានតួអត្ថបទ
ឥណ្ឌូណេស៊ី

គេបាន​រកឃើញ​ប្រអប់​ខ្មៅទី២​របស់​យន្តហោះ​ប៊ូអ៊ីង ដែល​ធ្លាក់​នៅ ឥណ្ឌូណេស៊ី

នៅ​ថ្ងៃ​ចន្ទទី ១៤​មករា ក្រុម​អ្នកមុជទឹក​បាន​រកឃើញ​ប្រអប់ខ្មៅ​ទី២ របស់​យន្តហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ដែល​បាន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌូណេស៊ី​ កាល​ពី​​ឆ្នាំ​មុន។ ប្រអប់​ខ្មៅ​ទី២ ដែល​មានថត​រាល់​កិច្ចសន្ទនា​របស់​អ្នកបើក​យន្តហោះ នឹង​ផ្តល់​ពន្លឺ​សំខាន់​សម្រាប់​ក្រុមស៊ើបអង្កេត​ដែល​ចង់ដឹង​ពី​មូលហេតុ ពិតប្រាកដ ដែល​ធ្វើ​ឲ្យ​យន្តហោះ ប៊ូអ៊ីង ជួប​គ្រោះថ្នាក់ បណ្តាល​ឲ្យ​មានមនុស្ស ស្លាប់​ចំនួន​១៨៩​នាក់​កាលពី​ថ្ងៃទី ២៩​តុលា ២០១៨។ 

បំណែក​របស់​យន្តហោះ​ប៊ូអ៊ីង ៧៣៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Airដែល​ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ​កាលពី​ថ្ងៃទី ២៩ តុលា​២០១៨
បំណែក​របស់​យន្តហោះ​ប៊ូអ៊ីង ៧៣៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Airដែល​ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ​កាលពី​ថ្ងៃទី ២៩ តុលា​២០១៨ ©REUTERS/Willy Kurniawan
ផ្សាយពាណិជ្ជកម្ម

ប្រអប់​ខ្មៅ​ទី២ ដែល​មាន​ថត​សំលេង​សន្ទនា​របស់​អ្នកបើក​យន្តហោះ ត្រូវ​បាន​គេរកឃើញ នៅព្រឹក​ថ្ងៃ​ចន្ទនេះ នៅ​ក្នុង​ជម្រៅ​ទឹក ៨ម៉ែត្រ និង​នៅ ប្រមាណ ១០​ម៉ែត្រ​ពី​កន្លែង​ដែល​គេ​បាន​រកឃើញ​ប្រអប់ខ្មៅ​ទី១ កាលពី​ថ្ងៃទី​១​វិច្ឆិកា​កន្លងទៅ។ តាម​អ្នកទទួលខុសត្រូវ​របស់​គណៈកម្មាធិការ​សន្តិសុខ​ខាងផ្នែក​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ប្រអប់ខ្មៅ​ទី២​ដែល​គេ​រកឃើញ​នៅថ្ងៃ​ចន្ទនេះ បាន​បាក់​ជាពីរ ប៉ុន្តែ គេ​សង្ឃឹមថា នឹង​អាចប្រើប្រាស់​ដើម្បី​ស្តាប់​ការសន្ទនា​នៅក្នុង​បន្ទប់​បើក​យន្តហោះ ដែល​ប្រអប់​ខ្មៅ​ថតបាន នៅមុន​យន្តហោះ​ជួប​គ្រោះថ្នាក់ ធ្លាក់​ចូលទៅក្នុង​ទឹកសមុទ្រ។

សូមបញ្ជាក់​ថា នៅ​មុន​រក​ឃើញ​ប្រអប់ខ្មៅ​ទី២ ដែល​នឹង​ផ្តល់​ព័ត៌មាន​សំខាន់​ទាក់ទង​នឹង​ការធ្លាក់​យន្តហោះ​នេះ​ទៅទៀត ក្រុមអ្នកស៊ើបអង្កេត​ឥណ្ឌូណេស៊ី ដែល​បាន​ពឹងផ្អែក​លើ​ទិន្នន័យ​របស់​យន្តហោះ ថត​បាន​ដោយ​ប្រអប់​ខ្មៅ​ទី ១ ធ្លាប់​បាន​ចេញ​របាយការណ៍​បឋម​មួយកាលពី​ខែ​វិច្ឆិកា។ របាយការណ៍​បឋម​បាន​លើកឡើង​ពី​បញ្ហា​បច្ចេកទេស ដូចជា​ប្រព័ន្ធហោះហើរ​ដោយ​ស្វ័យប្រវត្តិ ហើយ​និង​ភាពរអាក់រអួល​របស់​ប្រព័ន្ធ​បញ្ជា ជាពិសេស​ការផ្តល់ព័ត៌មាន​មិនពិត​របស់​យន្តហោះ ទាក់ទង នឹង​ល្បឿន ហើយ​និង​កំពស់​ហោះហើរ​របស់​យន្តហោះ ប៊ូអ៊ីង៧៣៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air។

ជាក់ស្តែង នៅ​ក្នុង​ជើង​ហោះហើរ ដែល​ជួប​គ្រោះថ្នាក់ កាល​ពី​ថ្ងៃទី២៩ តុលា ក្រុម​អ្នកបើកបរ បានសួរ​ទៅ​ក្រុម​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស នៅ​ព្រលានយន្តហោះ​ពី​ល្បឿន ហើយ​និង​កម្ពស់​របស់​យន្តហោះ​ខ្លួន បន្ទាប់​ពី​ម៉ាស៊ីន​បញ្ជា​របស់​យន្តហោះ​ជួបបញ្ហា។

តាម​របាយការណ៍​ស៊ើបអង្កេត​បឋម​របស់​គណៈកម្មាធិការ​សន្តិសុខ​ផ្នែក​ដឹកជញ្ជូន យន្តហោះ​ប៊ូអ៊ីង ៧៣៧ ធ្លាប់​បាន​ជួប​បញ្ហា​ដូចគ្នានេះ នៅ​ក្នុង​ជើងហោះហើរ​លើក​មុន​ម្តង​ហើយ ប៉ុន្តែ កាល​ណោះ ក្រុម​អ្នកបើកបរ​ចេះ​ដោះស្រាយ បញ្ហា មិន​ឲ្យ​យន្តហោះ​ធ្លាក់ ដោយ​ជ្រើសរើស​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ។ ដូច្នេះ ជាមួយ នឹង​សំលេង​ថត​បាន​នៅក្នុង​ប្រអប់​ខ្មៅ​ទី២ គេនឹង​ដឹងថា ហេតុអ្វី បាន​ជា នៅ​ក្នុង​ពេល​ហោះហើរ​ក្នុង​ថ្ងៃទី២៩ តុលា ក្រុម​អ្នកបើកបរ​មិន​បាន​ធ្វើកិច្ចការ ដូច​ដែល​ខ្លួន​បាន​ធ្វើ នៅ​ក្នុង​ពេល​ហោះហើរ​លើក​មុន។

នៅថ្ងៃទី​២៩​តុលា យន្តហោះ​ Boeing ​៧៣៧ បាន​ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ នៅ​ក្រោយ​ហោះហើរ​បាន​១៣​នាទី ចេញ​ពី​រដ្ឋធានី​ហ្សាកាតា។ ទៅតាម​ការទាមទារ​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ទាំង​១៨៩​នាក់​ដែល​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់ លើកនេះ ក្រុមហ៊ុន​អាកាសចរណ៍Lion Air បាន​ចំណាយ​ ប្រាក់​ជាង ២លាន​ដុល្លារ ដើម្បី​ជួល​កប៉ាល់​នូវែលហ្សេឡង់ ឲ្យបន្តស្រាវជ្រាវ នៅក្រោយ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​សម្រេច​បិទបញ្ចប់​ការងារ​ស្រាវជ្រាវ កាលពី​ពេលថ្មីៗនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ