អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពលរដ្ឋ​ចំណាកស្រុក​​ចិន​​នៅ​​អាស៊ី​អាគ្នេយ៍ ៖​ ទិដ្ឋភាព​​ប្រវត្តិសាស្ត្រ​​និង​​បច្ចុប្បន្នភាព​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជនចិន​យ៉ាង​ច្រើន​ បានធ្វើ​ចំណាកស្រុក​ពីមាតុភូមិ​របស់ខ្លួន​ មក​កាន់​​តំបន់​​អាស៊ីអាគ្នេយ៍ ​តាំងពី​ចន្លោះសតវត្សរ៍​ទី​១០ ​និង​ទី១៥​ ហើយ​​បន្ត​រហូត​មកទល់​​នឹង​​ពេល​បច្ចុប្បន្ន។​ តើ​ចលនា​ចំណាកស្រុក​នេះ ​មាន​ដំណើរ​វិវ​ឌ្ឍ​ន៍​​យ៉ាង​​ដូចម្ដេច​​ តាម​​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​ និង​បច្ចុប្បន្នភាព?​

ជនជាតិចិន​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​
ជនជាតិចិន​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ @នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

យោង​​តាម​ទិដ្ឋភាពប្រវត្តិសាស្ត្រ ចលនា​ចំណាកស្រុក​របស់​ប្រជាជន​ចិន មក​កាន់​តំបន់អាស៊ីអាគ្នេយ៍ អាច​បែង​ចែក​ជា បួន​ដំណាក់​កាល​សំខាន់​ៗ។

ដំណាក់​កាល​ដំបូង កើត​ឡើង​នៅ​ចន្លោះ​សតវត្សរ៍​ទី​១០ និង​ទី​១៥ ដែល​ប្រជាជន​ចិន នាពេល​នោះ ​បាន​ធ្វើ​ដំណើរ មក​កាន់​ដែន​ដីអាស៊ីអាគ្នេយ៍ នៅ​តំបន់​ដែល​ស្ថិត​នៅ​លើ​ដែន​ដី​បច្ចុប្បន្ន ដូចជា កម្ពុជា ថៃ ឥណ្ឌូណេស៊ី និង​ម៉ាឡេ​ស៊ី។ ជនជាតិ​ចិន​ជំនាន់​នោះ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនជាតិ​ដើម​ និងបាន​សម្រប​ខ្លួន​ក្លាយ​ជា​ប្រជាជន​ម្ចាស់​ស្រុក​ក្នុង​​តំបន់​នីមួយៗ។

ដំណាក់​កាល​ទីពីរ ចាប់​ផ្តើមនៅ​កំឡុង​ពេល​នៃ​ការ​ធ្លាក់​ចុះ​របស់​រាជវង្ស​ម៉េង នៅ​កំឡុង​សតវត្សរ៍ទី​១៧ ហើយ​ភាគ​ច្រើន​នៃ​ប្រជាជនចិន​​នៅ​ជំនាន់នោះ បាន​ធ្វើ​ដំណើរ​​មក​តាំងទី​លំនៅ ​លើ​​ដែនដី​ដែល​បច្ចុប្បន្ន ​ស្ថិត​នៅ​ប្រទេស​កម្ពុជា និង​ឧបទ្វីបម៉ាឡេ។

ដំណាក់​កាល​ទី​បី ជា​ពេល​ដែល​​ប្រជាជន​ចិន​បាន​ធ្វើ​ចំណាក​ស្រុក​ ក្នុង​ចំនួនមួយ​​ដ៏​ច្រើន​ នៅ​​សម័យ​អាណានិគម​នៃ​ចក្រភព​អង់គ្លេស លើ​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក រួម​ទាំង​ប្រទេស​នៅ​អាស៊ី ដូចជា​ចិន ឬ​ឥណ្ឌា។ ភាគច្រើននៃប្រជាជនចិន​​ជំនាន់​នោះ ធ្វើ​ចំណាក​ស្រុក​ ក៏​ព្រោះ​មូល​ហេតុ​នៃ​ កង្វះខាតស្បៀងអាហារ និង​សង្គ្រាមមិន​ឈប់​ឈរ​ក្នុង​ប្រទេស​ចិន។

រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ពោល​គឺ​ស្ថិត​ក្នុង​យុគសម័យ​នៃ​សាកល​ភាវូបនីយកម្ម​ទំនើប ប្រជាជន​ចិន​ បាន​និង​កំពុង​បន្ត​​ធ្វើ​ដំណើរមក​តាំងទីលំនៅ ក្នុង​តំបន់​អាស៊ី ​ក៏ព្រោះ​ ដើម្បី​ស្វែងរក ​ឱកាស​ការងារ និង​ការ​វិនិយោគ នៅ​ក្នុង​វិស័យ​ចម្បងៗ​ដូច​ជា ការ​សាង​សង់​​ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ថាមពល ឧស្សាហកម្ម ហិរញ្ញវត្ថុ និងទេសចរណ៍។ ជាឧទាហរណ៍ ក្នុង​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Alibaba និង Tencent បាន​ព្យាករណ៍​ថា អាស៊ីអាគ្នេយ៍នឹងក្លាយជាដែន​ដី​នៃការអភិវឌ្ឍ និង​ការ​វិនិយោគ​ សម្រាប់​​ក្រុម​ហ៊ុន​យក្ស​ចិន។

យោង​តាម​ការប៉ាន់ស្មាន របស់អង្គការសហប្រជាជាតិ បង្ហាញថា ចំនួននៃពលរដ្ឋ​ចំណាក​ស្រុក​ជនជាតិ​ចិន​ បាន​កើន​ឡើង​យ៉ាងគំហុក ជា​ពិសេស​ នៅតំបន់​អាស៊ី​អាគ្នេយ៍។ គិត​ត្រឹម​ឆ្នាំ​២០១៥ ចំនួនប្រជាជន​ចិន​ដែល​រស់នៅ​ក្រៅ​ប្រទេស បានកើន​ឡើង​ទ្វេដងពី ៤,២ លាននាក់​ក្នុង​ឆ្នាំ១៩៩០ មក​ដល់​ប្រមាណ ៩,៥​លាននាក់​ នៅ​ពេល​បច្ចុប្បន្ន។ ក្នុង​នោះ តំបន់​អាស៊ី​តំណាង​ឱ្យ​ ច្រើនជាងពាក់កណ្តាលនៃ​ចំនួន​សរុប។

កត្តា​ចម្បង​មួយផ្សេង​ទៀត ដែលបាន​​ជំរុញ​ឱ្យ​មាន ការធ្វើចំណាកស្រុកថ្មីៗ​របស់​ប្រជាជន​ចិនគឺ គំនិត​ផ្តួចផ្តើមឱ្យ​មាន​ គម្រោង​ផ្លូវ​សូត្រ ដែល​វា​បាន​និង​កំពុង​នាំ​មក​នូវ​គម្រោង​វិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាង​ណា មិន​ដូច​​ប្រជាជន​ចិន​ជំនាន់​មុន ដែល​ភាគ​ច្រើន​នៃ​ពលរដ្ឋចំណាក​ស្រុក ជា​អ្នក​ក្រ និង​មាន​ការ​អប់រំ​តិចតួច ប្រជាជន​ចំណាក​ស្រុក​ជនជាតិ​ចិននាល​ពេល​​បច្ចុប្បន្ន ច្រើន​ជា​វិនិយោគិន និង​សហគ្រិន។

ទោះ​ជា​យ៉ាង​ណា ក៏​មាន​ការ​បារម្ភ​ផង​ដែរ​លើ​ ការ​​វិនិយោគរបស់​​ចិន ដែល​បាន​និង​កំពុង​​វិនិយោគលើ​គ្រប់​វិស័យ​ និង​សូម្បី​តែ​ កាស៊ីណូ និងពេស្យាចារ្យ។

ប្រាកដ​ណាស់​ វិនិយោគគិន​ចិន​នៅបរទេស ជាពិសេស​ក្នុង​ប្រទេស​ក្រីក្រ ជារឿយៗ ត្រូវ​បានគេ​រិះគន់​អំពី ​ការវិនិយោគ​ដែលបង្កផលប៉ះពាល់​ដល់ ​ការ​រំលោភបំពានសិទ្ធិមនុស្ស ​បរិស្ថាន និង​ការ​ផ្តល់​សេវាកម្ម ឬ​ទំនិញគ្មាន​ស្ដង់ដារគុណភាព ខណៈ​ការ​វិនិយោគ ​ក្នុង​ការ​សាងសង់​ផ្លូវ និង​ស្ពាន ​ភាគច្រើន​ប្រើប្រាស់​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​​ជនជាតិ​ចិន​​ផ្ទាល់ ហើយ​វា​មិន​សូវផ្តល់​​ផល​ចំណេញ​ទៅ​ឱ្យ​ ពលរដ្ឋ​ម្ចាស់​ស្រុក​នោះ​ទេ។ លើស​ពី​នេះ ប្រទេស​ខ្លះ​ក៏​កំពុង​ជាប់​ផុងផង​ដែរ ក្នុង​បញ្ហា​កើន​ឡើង​បំណុល​សាធារណៈរបស់​ខ្លួន​ ជាមួយ​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ