ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/02 12h00 GMT
អាស៊ី

​វៀតណាម​កំពុង​ត្រៀមខ្លួន​ទទួល​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋ​របស់​លោក​គីម ជុងអ៊ុន​?

media  
ប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន KCNA via REUTERS

ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កំពុង​ត្រៀមខ្លួន​ទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន នេះ​ជា​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ Reuters ដែល​ទទួល​បាន​ពី​ប្រភព​ចំនួន​ពីរ។ យ៉ាង​ណា​ក៏​ដោយ មន្រ្តីផ្លូវការ និង​មន្រ្តីការទូត​មិន​បាន​បញ្ជាក់​លើ​ព័ត៌មាន​មួយ​នេះ​ទេ តែ​បាន​បញ្ជាក់​ថា វៀតណាម​មាន​បំណង​ចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​លើកទី២ រវាង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។

តើ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ក្នុង​ប្រទេស​វៀតណាម​នា​ពេល​ខាង​មុខ​ឬ​អត់ ?។ ប្រភព​មួយ​ស្និទ្ធ​នឹង​ព័ត៌មាន​នេះ​បាន​ឆ្លើយ​ថា ពិត​ជា​ទៅ ហើយ​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី៨ កុម្ភៈ​ខាង​មុខ។ ចំណែក​ប្រភព​មួយ​ទៀត​ក៏​បាន​បញ្ជាក់​ពី​វត្តមាន​លោក​គីម ជុងអ៊ុន​លើ​ទឹកដី​វៀតណាម​នា​ពេល​ខាង​មុខ​ដែរ តែ​មិន​បាន​ប្រាប់​ថ្ងៃខែ​ច្បាស់លាស់​ទេ។ យ៉ាង​ណា​ក៏​ដោយ ព័ត៌មាន​មួយ​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​គណៈប្រតិភូ​កូរ៉េខាងជើង​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ហើយ​ក្នុង​ពេល​ដែល​មន្រ្តីជាន់ខ្ពស់​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ជួប​ប្រាស្រ័យ​គ្នា​នៅ​វ៉ាស៊ីនតោន​ដើម្បី​កំណត់ទីកន្លែង និង​ថ្ងៃខែ​ជំនួបកំពូល​លើកទី២ រវាង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។

វៀតណាម​ដែល​កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក និង​កូរ៉េខាងជើង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ទីកន្លែង​ដ៏​ល្អ​សម្រាប់​ជំនួបកំពូល​គីម ត្រាំ​លើកទី២ ហើយ​បើ​មាន គឺ​អាច​រៀបចំ​នៅ​ក្នុង​ទីក្រុង​ហាណូយ និង​ដាណាង។ តែ​ប្រភព​ពី​វៀតណាម​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​គីម ជុងអ៊ុន​នៅ​វៀតណាម​មាន​ជាប់ទាក់ទង​នឹង​ជំនួបកំពូល​គីម ត្រាំ​លើកទី២ ឬ​អត់។ ចំណែក​ក្រសួង​ការបរទេស​វៀតណាម​ក៏​មិន​បាន​ឆ្លើយ​អ្វី​នឹង​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ Reuters ពេល​នេះ​ទេ។ បើ​មនុស្សខ្លាំង​កូរ៉េខាងជើង​រូប​នេះ​នឹង​ទៅ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ក្នុង​ប្រទេស​វៀតណាម​កុម្មុយនិស្ត​មួយ​នេះ​មែន តើ​ទៅ​ក្នុង​គោលដៅ​អ្វី?។

ក្រុម​អ្នក​វិភាគ​បាន​ឆ្លើយ​នឹង​សំណួរ​នេះ​ថា គឺ​ដើម្បី​រៀនសូត្រ​បទពិសោធន៍​ពី​វៀតណាម ពិសេស​បទពិសោធន៍​ក្នុង​ការ​ប្រែក្លាយ​ពី​សត្រូវ​ដ៏​ល្វីងជូរចត់​ជាមួយ​អាមេរិក​នៅ​ក្នុង​អតីតកាល​ទៅ​ជា​មិត្ត​ដ៏​ល្អូកល្អឺន​នា​ពេល​បច្ចុប្បន្ន។

ក្នុង​ឆ្នាំ ២០១៦ រដ្ឋបាល​អាមេរិក​បាន​ដក​ទណ្ឌកម្ម​អាវុធ​ចេញ​ពី​វៀតណាម ហើយ​ឆ្នាំ ២០១៨ កន្លង​ទៅ នាវាចម្បាំង​អាមេរិក​បាន​ចូលចត​នៅ​កំពង់ផែ​វៀតណាម​ជា​លើកទី១ តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​វៀតណាម។ ចំណែក​ការ​នាំ​ផលិតផល​វៀតណាម​ចេញ​ទៅ​អាមេរិក​ក្នុង​ឆ្នាំ ២០១៨ បាន​កើន​ជាង ១៤% ពោល​មាន​ទឹកប្រាក់ ៤៧ ៥៣០លានដុល្លារ។

វៀតណាម​មិន​អាច​បំភ្លេច​រឿង​អតីតកាល​បាន​ទេ តែ​វៀតណាម​ក៏​ត្រូវ​សម្លឹង​មើល​អនាគតកាល​ដែរ នេះ​ជា​សម្តី​ដែល​អ្នកសេដ្ឋកិច្ច និង​ជា​អតីត​ទីប្រឹក្សា​រដ្ឋាភិបាល​វៀតណាម​ម្នាក់​និយាយ​ប្រាប់​គណៈប្រតិភូ​កូរ៉េខាងជើង​ដែល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ