អានតួអត្ថបទ
បារាំង-ចិន

ភរិយា​អតីត​ប្រធាន​ប៉ូលិសអាំងទែរប៉ូល​ជនជាតិចិន​សុំ​សិទ្ធិជ្រកកោន​ក្នុង​ប្រទេស​បារាំង

លោកស្រី​ក្រាស ម៉េង ភរិយា​របស់​អតីត​ប្រធាន​ប៉ូលិស​អាំងទែរប៉ូល​ជនជាតិ​ចិន​លោក​ម៉េង ហុងវៃ​បាន​សុំ​សិទ្ធិជ្រកកោន​ក្នុង​ប្រទេស​បារាំង នេះ​ជា​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​វិទ្យុ និង​កាសែត​បារាំង​នា​ថ្ងៃ​សុក្រ ទី១៨ មករា។ គួរ​រម្លឹក​ថា លោក​ម៉េង ហុងវៃ​បាន​បាត់ខ្លួន​នា​ដំណាច់​ខែ​កញ្ញា ឆ្នាំ ២០១៨ ក្រោយ​ពី​លោក​បាន​ធ្វើ​ដំណើរ​ចូល​ប្រទេស​ចិន។ បន្ទាប់​ពី​បាន​បាត់​ដំណឹង​សូន្យ​ឈឹង លោក​ហុងវៃ​បាន​ផ្ញើ​លិខិត​លាលែង​ពី​តំណែង​ប្រធាន​អាំងទែរប៉ូល​ក្នុង​ថ្ងៃទី៧ តុលា ឆ្នាំ ២០១៨ ដដែល ហើយ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ពី​ការ​ចាប់​ឃុំ​ខ្លួន​លោក​ហុងវៃ​ក្រោម​ការ​ស៊ើបអង្កេត​រឿង​អាស្រូវពុករលួយ។ តាំង​ពី​ពេល​នោះ​មក លោកស្រី​ក្រាស ម៉េង​ជា​ភរិយា​បន្ត​រស់នៅ​តែ​ជាមួយ​កូន​ក្នុង​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង​ដែល​ជា​ទីស្នាក់ការ​របស់​ប៉ូលិសអាំងទែរប៉ូល។

លោក​ម៉េង ហុងវៃ (Meng Hongwei) អតីត​ប្រធាន​ប៉ូលិសអាំងទែរប៉ូល​ជនជាតិ​ចិន
លោក​ម៉េង ហុងវៃ (Meng Hongwei) អតីត​ប្រធាន​ប៉ូលិសអាំងទែរប៉ូល​ជនជាតិ​ចិន Jeff Pachoud/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

តាម​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​វិទ្យុ និង​កាសែត​បារាំង លោកស្រី​ក្រាស ម៉េង​បាន​អំពាវនាវ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​បារាំង និង​រៀបរាប់​ថា លោកស្រី​បាន​រងគ្រោះ​ពី​ការ​ប៉ុនប៉ង​ចាប់​ជំរឹត​ពី​សំណាក់​បុរស​អ្នកជំនួញ​ជនជាតិ​ចិន​ចំនួន ២នាក់។ តាម​លោកស្រី​ក្រាស ម៉េង បុរស​អ្នកជំនួញ​ជនជាតិ​ចិន​ទាំង ២នាក់​បាន​ទៅ​ផ្ទះ​លោកស្រី​នា​ដើម​ខែ​តុលា ឆ្នាំ ២០១៨ ហើយ​បាន​សុំ​ឲ្យ​លោកស្រី​ជួយ​ជូន​ដំណើរ​ទៅ​កាន់​សាធារណរដ្ឋ​ឆែក​តាម​យន្តហោះ​ឯកជន​មួយ​គ្រឿង។ តែ​លោកស្រី​បាន​បដិសេធ ហើយ​នៅ ២ថ្ងៃ​ក្រោយ​មក បុរស​អ្នកជំនួញ​ជនជាតិ​ចិនចំនួន​ទាំង ២នាក់​ក៏​បាន​មក​ផ្ទះ​លោកស្រី​ជា​ថ្មី​ដោយ​បបួល​លោកស្រី​ដើរ​លេង​មួយ​ជុំ​ទីក្រុង​អឺរ៉ុប​មួយ​ចំនួន។

លោកស្រី​ក៏​បាន​បដិសេធ​ជា​ថ្មី ហើយ​ក៏​បាន​ទៅ​ប្តឹង​ប៉ូលិស​ចំពោះ​រឿងរ៉ាវ​ទាំង​នេះ។ បន្ទាប់​មក ប៉ូលិស​ក៏​បាន​ចាត់​វិធានការ​ការពារ​លោកស្រី និង​កូនប្រុសភ្លោះ​អាយុ ៧ឆ្នាំ នេះ​ជា​ការ​អះអាង​របស់​លោកស្រី​ក្រាស ម៉េង។ នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​អង់គ្លេស BBC ក្នុង​ខែ​តុលា ឆ្នាំ ២០១៨ លោកស្រី​ក្រាស ម៉េង​ធ្លាប់​បាន​ថ្លែង​ពី​ក្តីបារម្ភ​ចំពោះ​សន្តិសុខ​ផ្ទាល់ខ្លួន និង​បាន​ចោទ​រដ្ឋាភិបាល​ចិន​ពី​បទ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។ ជា​ទូទៅ មនុស្ស​ជំនិត​របស់​អតីត​ប្រធាន​ប៉ូលិសអាំងទែរប៉ូល​ត្រូវ​បាន​រដ្ឋអំណាចចិន​រារាំង​មិន​ឲ្យ​បញ្ចេញ​យោបល់​អ្វី​ទេ។ ដូច្នេះ ការ​ថ្លែង​របស់​លោកស្រី​ក្រាស ម៉េង​ទៅ​កាន់​សារព័ត៌មាន​ពិត​ជា​រឿង​មួយ​ដែល​គេ​កម្រ​ឃើញ​មាន និង​អាច​ធ្វើ​ឲ្យ​រដ្ឋអំណាច​ចិន​ទើសទាល់​ចិត្ត​យ៉ាង​ខ្លាំង។

គួរ​រម្លឹក​ឡើង​វិញ​ថា ការ​ជាប់​ឆ្នោត​ជា​ប្រធាន​ប៉ូលិសអាំងទែរប៉ូល​របស់​លោក​ម៉េង ហុងវៃ​នា​ដំណាច់​ឆ្នាំ ២០១៦ ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ចាត់​ទុក​ជា​ជោគជ័យ​មួយ​សម្រាប់​ប្រទេស​ចិន នោះ​បើ​ទោះ​បី​ជា​ព្រឹត្តិការណ៍​កាលណោះ​បាន​ធ្វើ​ក្រុម​អ្នក​ការពារសិទ្ធិមនុស្ស​មួយ​ចំនួន​សម្តែង​ក្តីបារម្ភ​ក៏​ដោយ។ មាន​អាយុ ៦៥ឆ្នាំ លោក​ម៉េង ហុងវៃ​ធ្លាប់​មាន​តួនាទី​អនុរដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​ជាតិ​ចិន​ដែល​មាន​បទពិសោធន៍​ខាង​ប៉ូលិស​យុត្តិធម៌ ៤០ឆ្នាំ ពិសេស​ផ្នែក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ត្រួតពិនិត្យ​ព្រំដែន។ តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ តំណែង​ប្រធាន​ប៉ូលិសអាំងទែរប៉ូល​បាន​ធ្លាក់​ក្នុង​ដៃ​លោក​គីម ជុងយ៉ាង​ជា​ជនជាតិ​កូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ