អានតួអត្ថបទ
ថៃ

ថៃ៖​តំបន់​ប៉ែកខាងត្បូង​បាន​ផ្តើម​ពុះកញ្រ្ជោល​ជា​ថ្មី​ដោយ​ក្រុមឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី

នៅ​ក្នុង​ប្រទេស​ថៃ តំបន់​ប៉ែកខាងត្បូង​បាន​ផ្តើម​កក្រើក​ជា​ថ្មី​ដែល​បង្ក​ដោយ​ក្រុម​ឧទ្ទាម​អ្នក​ទាមទារ​ផ្តាច់ទឹកដី​កាន់​សាសនាអ៊ីស្លាម។ ប៉ូលិស​ថៃ​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍ ទី១៩ មករា​នេះ​ថា ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​មួយ​ក្រុម​បាន​សម្លាប់​ព្រះសង្ឃ​ចំនួន ២អង្គ និង​របួស ២អង្គ​នៅ​ក្នុង​វត្ត​មួយ​ស្ថិត​ក្នុង​ស្រុក​សាន់ហ្កាយ ប៉ាឌី​ក្បែរ​ព្រំដែន​ប្រទេស​ម៉ាឡេស៊ី។ គួរ​រម្លឹក​ជូន​ថា តំបន់​ប៉ែកខាងត្បូង​ប្រទេស​ថៃ​ដែល​សំបូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម​បាន​ស្ថិត​ក្រោម​ការ​បះបោរ​របស់​ក្រុម​ឧទ្ទាម​អ្នក​ទាមទារ​ផ្តាច់​ទឹកដី​តាំង​ពី​ឆ្នាំ ២០០៤ ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៧ ០០០នាក់។

នៅថៃ ​តំបន់​ប៉ែកខាងត្បូង​បាន​ផ្តើម​ពុះកញ្រ្ជោល​ជា​ថ្មី​ដោយ​ក្រុមឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី
នៅថៃ ​តំបន់​ប៉ែកខាងត្បូង​បាន​ផ្តើម​ពុះកញ្រ្ជោល​ជា​ថ្មី​ដោយ​ក្រុមឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​វេលា​ម៉ោង​ជិត ៧ និង​៣០នាទី​យប់​ថ្ងៃ​សុក្រ ទី១៨ មករា បុរស​មួយ​ក្រុម​មាន​សម្លៀកបំពាក់​ពណ៌ខ្មៅ និង​កាន់​កាំភ្លើង​គ្រប់ដៃ​បាន​ចូល​ទៅ​ក្នុង​វត្ត​មួយ​ស្ថិត​ក្នុង​ស្រុក​សាន់ហ្កាយ ប៉ាឌី រួច​បើក​ការ​បាញ់​រះ​លើ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​នោះ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ប៉ាកឌី ព្រីចាន់ចន នាយក​ប៉ូលិស​ស្រុក​សាន់ហ្កាយ ប៉ាឌី។ តាម​លោក​ព្រីចាន់ចន គឺ​នៅ​ក្នុង​ស្រុក​នេះ​ដដែល​ដែល​មាន​ប្រមុខ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ថ្ងៃទី១១ មករា​កន្លង​ទៅ។ តែ​នាយក​ប៉ូលិស​រូប​នេះ​ដដែល​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ព្រឹត្តិការណ៍​សម្លាប់​ព្រះសង្ឃ និង​ការ​ស្លាប់​ប្រមុខ​សាសនា​អ៊ីស្លាម​អាច​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​ឬ​អត់។

យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​ក្រុង​បាងកក​បាន​សម្រេច​ចាត់​វិធានការ​សន្តិសុខ​បន្ថែម​ដើម្បី​ការពារ​សហគមន៍​អ៊ីស្លាម​នៅ​ក្នុង​តំបន់។ ចំណែក​ប្រមុខ​រដ្ឋាភិបាល​លោក​ប្រាយុទ្ធ ចាន់អូចា​ដែល​បាន​កាន់​តំណែង​តាំង​ពី​ឆ្នាំ ២០១៤ បាន​ថ្កោលទោស​លើ​ការ​វាយប្រហារ​សម្លាប់​ព្រះសង្ឃ និង​ធានា​ថា រដ្ឋាភិបាល​នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ការពារ​ប្រទេស និង​ប្រជារាស្រ្ត។ ដោយឡែក នាយក​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​លោក Brad Adams បាន​យល់​ឃើញ​ថា ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម​ជា​បទឧក្រិដ្ឋកម្មសង្រ្គាម។

គួរ​រម្លឹក​ថា តាំង​ពី ២០០៤ មក​ម្ល៉េះ​ដែល​តំបន់​ប៉ែកខាងត្បូង​ប្រទេស​ថៃ​ដែល​សំបូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម​រស់នៅ​បាន​ស្ថិត​ក្រោម​ការ​បះបោរ​របស់​ក្រុម​ឧទ្ទាម​អ្នក​ទាមទារ​ផ្តាច់​ទឹកដីនិយម។ ជម្លោះ​រុំារ៉ែ​រយៈពេល ១៥ឆ្នាំ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៧ ០០០នាក់ ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិល។ គេ​សម្គាល់​ឃើញ​ថា តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ២០១៤ មក អំពើ​ភេរវកម្ម​​នៅ​តំបន់​ប៉ែកខាង​ត្បូង​ហាក់​មិន​សូវ​កើត​មាន ព្រោះ​របបសឹក​បាន​ពង្រឹង​កម្លាំង​ល្បាត និង​ដាក់​បម្រាមគោចរ​នៅ​ក្នុង​តំបន់។ ពេញ​មួយ​ឆ្នាំ ២០១៨ មាន​មនុស្ស​ស្លាប់ ២១៨នាក់ ពោល​តិច​ជាង​ឆ្ងាយ​កាល​ពី ១០ឆ្នាំ​មុន​ដែល​មាន​មនុស្ស​ស្លាប់​ជិត ៩០០នាក់។

ទន្ទឹម​គ្នា​នេះ កិច្ចចរចា​ហាក់​បាន​ជាប់គាំង ព្រោះ​រដ្ឋាភិបាល​នៅ​មិន​ទាន់​អាច​ប្រមូល​ក្រុម​ឧទ្ទាម​ឲ្យ​ចូល​អង្គុយ​តុចរចា​បាន​នៅ​ឡើយ​ទេ។ នេះ​ក៏​ដោយសារ​ថា ចលនា​ឧទ្ទាម​ត្រូវ​បាន​បែងចែក​ជា​ច្រើន​ក្រុម និង​ពេល​ខ្លះ​ពិបាក​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់លាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ