ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/02 12h00 GMT
អាស៊ី

អង្គការ​Oxfam៖ ទ្រព្យសម្បត្តិ​ប្រមូល​ផ្តុំ​តែ​នៅក្នុង​ដៃ​របស់​អ្នកមាន

media  
កុមារ​កម្ពុជា​គេង​នៅ​លើ​ចិញ្ចើម​ថ្នល់​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាស៊ីណូ​ដ៏ទំនើប​នៅទីក្រុង​ភ្នំពេញ ខែ​សីហា ២០១២ ©TANG CHHIN SOTHY / AFP

អ្នកមាន​កាន់តែ​បង្កើន​ទ្រព្យសម្បត្តិ និង​ភាពមានបាន​របស់ខ្លួន។ តាម​របាយការណ៍​របស់​អង្គការ​អង់គ្លេស Oxfam ដែល​ចេញផ្សាយ​នៅថ្ងៃ អាទិត្យ​ម្សិលមិញ មហាសេដ្ឋី​តែ​២៦នាក់​ប៉ុណ្ណោះ មាន​ទ្រព្យសម្បត្តិ​ក្នុង​ដៃ ស្មើ​នឹង​ទ្រព្យសម្បត្តិ​បូកបញ្ចូល​គ្នា​របស់​មនុស្ស​៣ពាន់ ៨រយ​លាន​នាក់ ដែល​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក។ របាយការណ៍​របស់​Oxfam ដើម្បី បកអាក្រាត​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី ក្នុង​លោក ត្រូវ​បាន​ចុះផ្សាយ​នៅតែ​២​ថ្ងៃ​មុន​ពិភពលោក​បើក​វេទិកា​សេដ្ឋកិច្ច​ដាវ៉ូស (ប្រទេស​ស្វ៊ីស) ដែល​ប្រមូល​ផ្តុំ​ដោយ​មេដឹកនាំ​ប្រទេស​អ្នកមាន ហើយ​និង​ម្ចាស់​ក្រុមហ៊ុនធំៗ នៅ​ក្នុង​លោក។

 

នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ដែល​ខ្លួន​តែង​មាន​ទម្លាប់​ចេញផ្សាយ នៅ​ប៉ុន្មាន​ថ្ងៃ​មុន ពិភពលោក​បើក​វេទិការ​សេដ្ឋកិច្ច នៅក្រុង​ដាវ៉ូស អង្គការ​អង់គ្លេស Oxfam បាន​បរិហារ​រិះគន់​ប្រព័ន្ធ​នយោបាយ​សេដ្ឋកិច្ច ដែល​ជំរុញ​ឲ្យ​អ្នកមាន កាន់តែ​មាន ចំណែក​អ្នកដែល​ក្រីក្រ កាន់តែ​ចុះក្រ ឡើង។ តាម​ការវាយតម្លៃ របស់​Oxfam ដែល​ពឹងផ្អែក​លើ​តួលេខ និង​ទិន្នន័យ​របស់​ទីភ្នាក់ងារ​Forbes ហើយ​និង​ធនាគារ​ស្វ៊ីស ជាទូទៅ ទ្រព្យសម្បត្តិ​របស់​ក្រុមអ្នកមាន​ទ្រព្យសម្បត្តិ​ចាប់ពី​១ពាន់​លាន​ដុល្លារ​ឡើងទៅ បាន​កើនឡើង​ប្រមាណ ៩០០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៨ ពោល​គឺ​ក្នុង​កម្រិត​២,៥ពាន់​លាន​ដុល្លារ ក្នុង​មួយថ្ងៃ។

ផ្ទុយមកវិញ នៅ​ឆ្នាំ ២០១៨​ដដែល ក្រុម​អ្នកក្រខ្លាំង​ដែល​មាន​ចំនួន​ពាក់កណ្តាល​នៃ​មនុស្ស​នលើ​ផែនដី (៣,៥លាននាក់) បាន​ឃើញ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ថយចុះ​ប្រមាណ ១១​ភាគរយ។ គម្លាត​កាន់តែ​ធំ​រវាង​អ្នកមាន​ហើយ​និង​អ្នកក្រ ជាឧបសគ្គ​រាំងស្ទះ ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភាពក្រីក្រ​នៅក្នុង​ពិភពលោក។ តាម​អង្គការOxfam ដែល​មាន​ទីតាំង​នៅប្រទេស​អង់គ្លេស ចាប់​តាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ឆ្នាំ ២០០៨ ចំនួន​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ចាប់​ពី​១ពាន់​លាន​ដុល្លារឡើងទៅ បាន​កើនចំនួន​ទ្វេរដង។ ការណ៍​ស បញ្ជាក់​ឲ្យឃើញថា ក្រុមអ្នកមាន​មិនត្រឹម​តែ​កេង​យក​ប្រយោជន៍ នយោបាយ​សេដ្ឋកិច្ច ដើម្បី​បង្កើន​ទ្រព្យសម្បត្តិ​របស់ខ្លួន​តែប៉ុណ្ណោះទេ ប៉ុន្តែ នៅ​បាន​ឆ្លៀតឱកាស​ទាញ​យក​ប្រយោជន៍​ពី​ផែនការ​អនុគ្រោះពន្ធ ដ៏ទាប​ពី​រដ្ឋាភិបាល​ថែមទៀតផង។

សូមអាន៖ លោក​អូបាម៉ា​ប្រកាស​ឲ្យ​មហាសេដ្ឋី​បង់ប្រាក់​ពន្ធ​ឲ្យ​បាន​ច្រើន គឺ​ស្មើនឹង​អ្នកមាន​ជីវភាព​មធ្យម

Oxfam​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​មួយថា នៅក្នុង​ចំណោម​ប្រាក់​ប្រមូល​ពន្ធ ១ដុល្លារ ររបស់​រដ្ឋ ដែល​ស្មើ​នឹង​១០០​សេន គឺ​មានតែ ប្រាក់​៤សេន ប៉ុណ្ណោះ ដែលជា​ប្រាក់ពន្ធ​បង់​ដោយ​ក្រុមអ្នកមាន។ នៅ​ប្រទេស​មួយចំនួន ដូចជា​ប្រេស៊ីល ឬ​អង់គ្លេស ក្រុមអ្នកមាន​បាន​លាក់កំបាំង ទឹកប្រាក់​របស់ខ្លួន ប្រមាណ ៧៦០ ម៉ឺន​លាន​ដុល្លារ តាមរយៈ ការលួចគេច មិន​បង់ពន្ធ ឬ បង់ពន្ធតិច។ ជាលទ្ធផល គឺ​ជាប្រជាជន​ក្រីក្រ ដែល​បង់ពន្ធ​​​រដ្ឋ ច្រើនជាងអ្នកមាន។

សម្រាប់​អង្គការ​Oxfam គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ មិនត្រឹម​តែ​ស្តែង​ពី បញ្ហា​នៃ​គំរូសេដ្ឋកិច្ច​ពិភពលោក​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​កំពុង​តែ​ទៅ​ជួយ​ចិញ្ចឹម ដុតកំហឹង​សង្គម​កាន់តែ​ខ្លាំងឡើង។ នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន អង្គការ​Oxfam បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​យក​ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ លើ ក្រុមហ៊ុន និង​ក្រុម​អ្នកមាន​បំផុត ដើម្បី បាន​ប្រាក់​យកទៅ​ចំណាយ​សម្រាប់​វិស័យ​សាធារណៈ។ របាយការណ៍​របស់​Oxfam ដែល​ទាមទារ​ឲ្យ​យកពន្ធលើ​អ្នកមាន ត្រូវ​បាន​ចុះផ្សាយ នៅចំពេល​ដែល ចលនា​អាវកាក់លឿង នៅក្នុង​ប្រទេស​បារាំង បាន​បាតុកម្ម នៅ​ទូទាំងប្រទេស ជាង​១ខែ​មកហើយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង​អនុវត្ត​ឡើងវិញ ការយកពន្ធ​លើ​ទ្រព្យសម្បត្តិ​របស់​អ្នកមាន។ ការទាមទារ​របស់​ក្រុម​អាវកាក់លឿង​ត្រូវ​បាន​លោកម៉ាក្រុង បដិសេធ​មិន​ធ្វើ​តាម ក្នុង​ហេតុផល​រក្សា​ចំនួន​អ្នកមាន និង​ក្រុមហ៊ុន ដែល​ជា​អ្នកបង្កើត​ការងារ​ធ្វើ​នៅប្រទេស​បារាំង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ