កំណើនសេដ្ឋកិច្ចចិនចុះទាបខ្លាំងមិនធ្លាប់មានគិតចាប់តាំងពី២៨ឆ្នាំមក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៥
ឆ្នាំ២០១៨ ជាឆ្នាំមិនល្អរបស់ចិនឬ ? ពេញមួយឆ្នាំកន្លងមកនេះ កំណើនសេដ្ឋកិច្ចចិន បានបន្ថយល្បឿនយ៉ាងខ្លាំង។ បើតាមតួលេខផ្លូវការដែលរដ្ឋាភិបាលចិនបានប្រកាសជាសាធារណៈ នៅថ្ងៃចន្ទនេះ ចិនបានកត់ត្រាកំណើនសេដ្ឋកិច្ចត្រឹមតែ ៦,៦%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០១៨។ ជាកំណើនដ៏ទាបខ្លាំង ដែលចិនមិនធ្លាប់ជួបប្រទះទេ គិតចាប់តាំងពី២៨ឆ្នាំមក។ ភាពទន់ខ្សោយនេះ បានបំផុសឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះចិនជាក្បាលម៉ាស៊ីនអូសទាញសេដ្ឋកិច្ច និងជាតំណាងឱ្យ១ភាគ៣នៃកំណើនពិភពលោក។
កំណើនសេដ្ឋកិច្ចចិន បានបន្ថយល្បឿនយ៉ាងខ្លាំង នៅឆ្នាំ២០១៨។ នេះ បើតាមតួលេខផ្លូវការដែលរដ្ឋាភិបាលចិនទើបបានប្រកាសជាសាធារណៈ នៅព្រឹកមិញ ដោយកត់ត្រាឃើញមានកំណើនសេដ្ឋកិច្ចត្រឹមតែ ៦,៦%ប៉ុណ្ណោះ។
ជាកំណើនសេដ្ឋកិច្ច ដែលមានកំរិតប្រសើរជាងការព្យាករទុក (៦,៥%)បន្តិចផង។ ប៉ុន្តែ ៦,៦% ជាអត្រាដ៏ទាបបំផុត ជាលើកទីមួយ ត្រឹមតែគិតតាំងពីឆ្នាំ១៩៩០ ដែលកាលណោះចិនមានកំណើនសេដ្ឋកិច្ច ធ្លាក់ទាបខ្លាំងដល់៣,៩% (មុននឹងស្ទុះឡើងយ៉ាងខ្លាំងនិងបន្តរហូតមក ក្នុងកំរិតស្ទើរដល់ទៅ១០%ផងនោះ)។
គួរឱ្យកត់សម្គាល់មួយបន្ថែមទៀត គឺ នៅឆ្នាំ២០១៨ ការបន្ថយល្បឿនមានលក្ខណៈ ចុះតគ្នារហូត។ នៅត្រីមាសទីបួននៃឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះដល់៦,៤% ទល់នឹង៦,៥ នៅត្រីមាសទីបី ពោលគឺជាកំរិតដ៏ទាប គិតចាប់តាំងពីឆ្នាំ២០០៩ (ឆ្នាំដែលមានវិបត្តិហិរញ្ញវត្ថុអន្តរជាតិដ៏ធ្ងន់ធ្ងរ)។
ហេតុដូច្នេះហើយបានជា ពិភពលោកទាំងមូលអត់មិនព្រួយបារម្ភ មិនបាន។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីពីរ និងក្នុងនាមជាក្បាលម៉ាស៊ីនអូសទាញសេដ្ឋកិច្ចពិភពលោក ការបន្ថយល្បឿនរបស់ចិន អាចប៉ះពាល់សេដ្ឋកិច្ចអន្តរជាតិ ព្រោះ បន្ថែមពីលើកត្តាមិនជាក់ កំណើនសេដ្ឋកិច្ចចិនតំណាងឱ្យមួយភាគបីនៃកំណើនសេដ្ឋកិច្ចពិភពលោក ឯណោះ។
បើតាមអ្នកវិភាគ ការបន្ថយល្បឿននេះ មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងវិធានការរបស់ប៉េកាំង ដែលចង់កាត់បន្ថយបំណុលជាតិ ចង់ទប់កម្ចីនិងចំណាយផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ហើយនៅចំពោះមុខការបន្ថយល្បឿនសេដ្ឋកិច្ច ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៨មក រដ្ឋាភិបាលចិន បានបន្ធូរបន្ថយនយោបាយរបស់ខ្លួន និងបានបញ្ចុះពន្ធដើម្បីជំរុញការលទ្ធភាពចាយវាយរបស់ពលរដ្ឋ។
កំណើនសេដ្ឋកិច្ចទាប ជាផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ?
ឆ្នាំ២០១៨ សម្គាល់ដោយការបំផុសសង្គ្រាមពាណិជ្ជកម្មពីសំណាក់លោកដូណាល់ ត្រាំ តាមរយៈការដំឡើងពន្ធនាំចូលពីចិនទៅអាមេរិក នូវផលិតផលមួយចំនួន។ ប៉ុន្តែការដំឡើងពន្ធនោះមិនទាន់មានឥទ្ធិពលអ្វីប៉ះពាល់កំណើនសេដ្ឋកិច្ចនៅឡើយទេ។ សល់ផលពាណិជ្ជកម្មរបស់ចិន ជាមួយអាមេរិកបានកើនឡើងដល់ទៅ១៧% នៅឆ្នាំ២០១៧ ពោលគឺជាអត្រាដ៏ខ្ពស់បំផុតគិតតាំងពីឆ្នាំ ២០០៦មក។ បើតាមអ្នកជំនាញសេដ្ឋកិច្ចមួយចំនួន វិធានការរបស់លោកត្រាំ ប្រឆាំងនឹងចិន គ្មានប្រសិទ្ធភាពហើយ នាំផលឱ្យចិនវិញផង ព្រោះដើម្បីជាបង្ការការដំឡើងពន្ធ ចិនបានសម្រុកនាំចេញផលិតផលរបស់ខ្លួនទៅអាមេរិកឱ្យបានមុន ការដំឡើងពន្ធ។ ហើយឥលូវភាគីទាំងពីរ បានសម្រេចផ្អាកការដំឡើងពន្ធគយរហូតដល់ខែចុងមីនា ដើម្បីចរចាគ្នា។
តម្រូវការ និងវិនិយោគថយចុះ
កំណើនសេដ្ឋកិច្ចរបស់ចិនចុះថយ តាមសម្រួល ទំនងជាអ្វីដែលកើតឡើងស្របតាមការព្យាករណ៍ទុកតាំងពីយូរមកហើយ ! តាំងពីឆ្នាំ ១៩៨០មក កំណើនសេដ្ឋកិច្ចបានស្ទុះឡើងដោយឈរនិងរំពឹងខ្លាំងទៅលើសន្ទុះនៃការវិនិយោគ ដែលបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលនេះ។ ជាមួយនឹងច្បាប់ដាក់ឱ្យក្រុមហ៊ុនបរទេសដែលចង់តាំងទីនៅចិន ត្រូវផ្ទេរបច្ចេកវិទ្យាមកជាមួយផង ព្រមទាំងច្បាប់ដ៏តឹងតែងមួយចំនួនផ្សេងទៀត និងជាពិសេសកម្លាំងពលកម្ម ចាប់ឡើងខ្ពស់ អ្នកវិនិយោគបរទេសក៏ចាប់ដកចេញពីចិន ទៅរកប្រទេសផ្សេង។
កាលពីមុន ចិនមានផលិតកម្មខ្លាំង ស្ទើរហួសពីសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការដ៏មហិមាររបស់ប្រទេស ប៉ុន្តែពេលនេះ ចិនរត់ជិតទាន់ពិភពលោក សេចក្តីត្រូវការហាក់ត្រូវបានបំពេញជិតសព្វគ្រប់។ ម្យ៉ាងវិញទៀត កំណើនសេដ្ឋកិច្ចពិភពលោក កំពុងយ៉ាងយឺន ទើបមិនសូវការអ្វីពីចិនច្រើនដូចមុន។
ចាប់មានស្ថិរភាព នៅពាក់កណ្តាលឆ្នាំ២០១៩ ?
សម្រាប់ឆ្នាំ២០១៩នេះ ទស្សនៈវិស័យសេដ្ឋកិច្ចពុំសូវមានសុទិដ្ឋនិយមប៉ុន្មានទេ។ អាចជាការធ្លាក់ចុះថែមទៀតផងនៅដើមត្រីមាសដំបូង បន្ទាប់មកទើបអាចមានស្ថិរភាពឡើងវិញតាមក្រោយ។ បើតាមអង្កេតរបស់Reuters នឹងមានកំណើនសេដ្ឋកិច្ចឆ្នាំ២០១៩ មានត្រឹម៦,៣%។
បច្ចុប្បន្ននេះ ចិនពុំមានលទ្ធភាពអ្វីច្រើន សម្រាប់ផ្តល់សន្ទុះ ទីផ្សារអចលនទ្រព្យនិងហេរដ្ឋារចនាសម្ព័ន្ធទៀត ដូចសម័យឆ្នាំ២០០៨-២០០៩ ដើម្បីផ្លុំកំណើនសេដ្ឋកិច្ចឱ្យស្ទុះឡើងលឿនដូចព្រួញបានទៀតហើយ។ វិនិយោគផ្នែកអចលនទ្រព្យមានកំណើនតែ៥%៥,៩%ប៉ុណ្ណោះនៅរវាងពីខែធ្នូ -មករា បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ពលោកគឺទាបខ្លាំងណាស់គិតចាប់ពីឆ្នាំ១៩៩៦មក។
គ្រប់គ្នាមើលឃើញជាស្រេចហើយ ថា កំណើនសេដ្ឋកិច្ចចិននឹងបន្ត ដើរយឺតៗ ក្នុងល្បឿន៦,៥% ក្នុងរយៈពេលយ៉ាងហោច ក៏ពីរ-បីឆ្នាំទៀតដែរ។ អ្នកវិភាគខ្លះទៀត យល់ថា នៅរវាង៤-ទៅ៥ឆ្នាំទៀត កំណើនសេដ្ឋកិច្ចអាចមានត្រឹមតែ៥% ដែលជាកំរិតធម្មតាសម្រាប់ចិន និងដែលចិនគួរមាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ