អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ជំនួបពូទីន-អាបេ ​លើក​នេះ​​ ដែល​ជប៉ុន​ថា ​មានន័យ​ជាប្រវត្តិសាស្ត្រ​ បាន​ចប់​ទៅដោយ​លទ្ធផល​យ៉ាងណា?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ ២២ ​មករាកន្លងទៅ​ លោកប្រធានាធិបតីរុស្ស៊ី​ វ៉្លាឌីមៀរ ពូទីន​ និង​ លោក​នាយករដ្ឋមន្ត្រី​ ជប៉ុន​ ស៊ីនហ្ស៊ោ អាបេ ​បានធ្វើកិច្ចចរចា​នឹងគ្នា​ នៅក្រុងម៉ូស្គូ ​ដែល​ពន្យារ​ទៅ​អស់​ជាង​ ៣ ម៉ោង​ ជុំវិញ​ បញ្ហា​ ចុះសន្ធិសញ្ញាសន្តិភាព ដើម្បីខ័ណ្ឌបញ្ចប់” សភាពសង្គ្រាម “ រវាង ជប៉ុន និង រុស្ស៊ី  ។​ “សភាពសង្គ្រាម”​នេះ ​បន្តសណ្ឋិត​នៅ ​រវាងប្រទេសទាំងពីរ​ ក្រោយពី​សហភាពសូវៀត​ ក្នុ​ង​ឆ្នាំ​ ១៩៤៥​ ជាតុល្យាការ​នៃសង្គ្រាម ​លោកលើក​ទី២​ បានតាំង​អធិបតេយ្យភាព​ខ្លួន​ លើអំបូរ​កោះ​គួរីល​ខាង​ត្បូងចំនួន ៤ ​ ដែលជប៉ុន​នៅតែបន្ត​ ចាត់ទុកជាដែនដីខ្លួន ហើយក្លាយជា​ដែនដី​ជាប់​វិវាទ​ ដោយទាមទារគ្មានឈប់ ចង់បានវាទៅវិញ។ ទោះបី ភាគីជប៉ុន សង្ឃឹមថា ជំនួបលើកនេះ មាន​ន័យជា”របត់”ក្តី ក៏ក្រោយពីវាចប់ទៅ គូភាគីឥតបាន ចុះ កិច្ច ព្រមព្រៀងអ្វីណាទេ ដោយ​គ្រាន់​តែ បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងសន្និសីទកាសែតរួម ថានឹងបន្តបរិច្ចាគ ការខំ​ប្រឹងប្រែង​រួម​គ្នា​ កាន់តែស្វាហាប់ និង កាន់តែស្វិតស្វាញ ទៅទៀត។ ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា បានមក​តាម​​ដានយកការណ៍​អំពីកិច្ចចរចាលើកនេះ ខាងភាគីជប៉ុន មានអ្នកកាសែត ដល់ទៅ ៨០ នាក់។

នាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe និង​ ប្រធានាធិបតី​រុស្ស៊ី ពូទីន​
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង​ ប្រធានាធិបតី​រុស្ស៊ី ពូទីន​ Sputnik/Alexei Druzhinin/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែក្នុងកន្លះឆ្នាំចុងក្រោយ រដ្ឋបុរសទាំងពីរ បានជួបគ្នា ដោយផ្តោត​លើ​បញ្ហាចុះ​សន្ធិសញ្ញា ​សន្តិភាព គឺ ៤ លើកឯណោះ ហើយគិតជាសរុប ជំនួបរវាងលោកពូទីន និង លោក អាបេ មានចំនួនដល់ទៅ ២៥ លើក ទៅហើយ។

ពីរសប្តាហ៍មុនដល់ជំនួបលើកនេះ លោក អាបេ បានស្បថនៅលើផ្នូរឪពុកគាត់ថា គាត់នឹងចម្លង​បញ្ហា​ ចុះ សន្ធិសញ្ញាសន្តិភាព ជាមួយរុស្ស៊ី លុះទាល់តែបានដល់ទីអវសាន។

ថ្លែងក្នុងសន្និសីទកាសែតរួម ក្រោយពីជំនួបលើកនេះចប់ទៅ ទាំង លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទាំង លោក នាយករដ្ឋមន្ត្រី ជប៉ុន ស៊ីនហ្ស៊ោ អាបេ បានសារភាពទទួលស្គាល់ថា ក្នុងថ្ងៃមុខ គូភាគី ត្រូវ អនុម័ត សេចក្តីសម្រេច ដែលមិនងាយស្រួលឡើយ និង ត្រូវ ធ្វើការងារ​រួម​គ្នា​​យ៉ាងស្វិតស្វាញ។

 តាមសំដី ប្រមុខរដ្ឋរុស្ស៊ី ៖ ម៉ូស្គូ និង តូក្យ៉ូ បានបញ្ជាក់ពីការយកចិត្តទុកដាក់ដូចគ្នា ចុះឲ្យបានជា សន្ធិសញ្ញាសន្តិភាព។

ថ្លែងក្នុងសន្និសីទសារពត៏មាន បូកសរុបតុល្យាការនៃកិច្ចចរចា លោកប្រធានាធិបតីរុស្ស៊ី មាន​ប្រសាសន៍

-ការងារដែលនៅរង់ចាំយើង ក្នុងថ្ងៃមុខ គឺ ការងារដ៏ស្វិតស្វាញ ដើម្បីបង្កើត ល័ក្ខខ័ណ្ឌ សម្រាប់​ឈាន ​ទៅ កាន់ ដំណោះស្រាយដែល ម្ខាងៗ អាចទទួលយកបានដូចគ្នា។

-ចោទនៅពីមុខប្រទេសទាំងពីរ គឺ ភារកិច្ចធានានូវការអភិវឌ្ឍន៍យូរអង្វែងទៅមុខ និង លើ​គ្រប់​វិស័យ ទំនាក់ទំនងរុស្ស៊ី-ជប៉ុន ឲ្យឡើងដល់កម្រិតដែលមានគុណភាពថ្មី។

-ដំណោះស្រាយដែលនឹងបន្តធ្វើ ដោយភាគីចរចាទាំងសងខាង ជុំវិញការចុះសន្ធិសញ្ញាសន្តិភាព ត្រូវតែ អាចទទួលយកបានដោយ ប្រជាជនរុស្ស៊ី និង ជប៉ុន ហើយ គាំទ្រដោយ សាធារណជន​ប្រទេស​ទាំងពីរ។

លោក ពូទីន ក៏បានឲ្យដឹងដែរថា ៖ ម៉ូស្គូ និង តូក្យ៉ូ គ្រោងបង្កើន សកម្មភាពសេដ្ឋកិច្ចរួមគ្នា នៅ​លើ ​អំបូរកោះ គួរីល ក្នុងវិស័យចំនួន ៥ ដែលមានអនុម័តទៅហើយ ពោលគឺ ៖ វិស័យជលវប្បកម្ម , វិស័យ ដាំដុះកសិផល ក្នុងទីផ្សាំជា បន្ទប់កញ្ចក់សម្រាប់ដាំដំណាំ , វិស័យផលិត​អគ្គសនី​ដោយ​ពឹង​លើកម្លាំងខ្យល់ , វិស័យទេសចរណ៍ , វិស័យកែឆ្នៃសម្រាម។

លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ោ អាបេ ពីចំណែកគាត់ ថ្លែងថា

-ថ្ងៃនេះ ខ្ញុំបានពិភាក្សាជាមួយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដោយឥតលាក់បំបាំង​អ្វីទេ​ពី​ម្ខាងៗ​ និង បានចំណាយពេលអស់យ៉ាងច្រើន។

-ការដោះស្រាយចំណោទ បន្សល់ទុកជាង ៧០ ឆ្នាំមកហើយ ក្រោយពីសង្គ្រាមលោកលើកទី២ ចប់​ទៅ ក្នុងឆ្នាំ ១៩៤៥ មិនមែនជា រឿងងាយស្រួលឡើយ ប៉ុន្តែយើងត្រូវតែធ្វើកិច្ចការនេះ ឲ្យ​បាន​រួច។

-ក្រោមការដឹកនាំដ៏មោះមុតរបស់ខ្ញុំរួមជាមួយលោក វ៉្លាឌីមៀរ ពូទីន  យើងបានណាត់គ្នាថា ធ្វើ​ការងារ​រួមគ្នា កាន់តែស្វាហាប់ ដោយសំដែងកាន់តែខ្លាំងឡើង ជំនឿទុកចិត្តគ្នា រវាង​ប្រជាពលរដ្ឋ​ជប៉ុន ​និង ប្រជាពលរដ្ឋ រុស្ស៊ី តាមរយៈការពង្រីកទំនាក់ទំនងរវាង មិត្តនិងមិត្ត និងស្វែងរក​ដំណោះ​ស្រាយដែលម្ខាងៗ អាចទទួល យកបាន ដូចគ្នា។

-ថ្ងៃនេះ ខ្ញុំនិងលោកប្រធានាធិបតីពូទីន បានបញ្ជាក់ពី ភាពប្តេជ្ញាចិត្ត ធ្វើការងារនេះ តាំងពីដើម លុះរហូត ដល់ចុង តែម្តង។   

លោក អាបេ ក៏បានប្រកាសអំពី ការពិគ្រោះប្តូរយោបល់មួយលើកថ្មី គឺ ក្នុងជាន់ថ្នាក់ រដ្ឋមន្ត្រី​ការបរទេស ប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅ ក្នុងបរិវេណនៃ សន្និសីទស្តីអំពី​សន្តិសុខ​អន្តរជាតិ​ នៅក្រុងអាល្លឺម៉ង់ Munich ក្នុងខែកុម្ភៈខាងមុខ។  

រីឯជំនួប រវាង មេដឹកនាំទាំងពីរ គឺលោក អាបេ និង លោក ពូទីន នឹងប្រព្រឹត្តទៅ ក្នុងខែមិថុនា ពេល ដែល ប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះទទួល កិច្ចប្រជុំកំពូល នៃក្រុម ២០ ប្រទេស ដែលមាន​សេដ្ឋកិច្ច​ហំហួនជាងគេ ហៅថា G-20

-ស្របនឹង សេចក្តីថ្លែងការណ៍សូវៀត-ជប៉ុន ឆ្នាំ ១៩៥៦ សហភាពសូវៀត ត្រៀមពិភាក្សាអំពី​ការ​ផ្ទេរ​​កោះ ២ តូចជាងគេ ពីក្នុងចំណោមកោះ ៤ នោះ ទៅឲ្យជប៉ុន លុះក្រោយពីមានចុះ សន្ធិសញ្ញា​សន្តិភាព។ ប៉ុន្តែ ជប៉ុន ចង់បាន កោះទាំង ៤ នោះតែម្តង ដោយ ចាត់ទុកវាជា ដែនដី​ខាង​ជើង​បង្អស់របស់ខ្លួន។

ប៉ុន្តែ ក្នុងផ្ទៃនៃស្ថានការណ៍ថ្មី ដែលលេចចេញមក បន្ទាប់ពីលោកពូទីន និង លោក អាបេ  បាន​ចុះ​សម្រុងគ្នា នៅឯ ក្រុងសិង្ហបុរី កាលពីខែវិច្ឆិកាកន្លងទៅ ថា ត្រូវតែន្លឿន កិច្ចចរចា​ដោយ​ឈរ​លើ​មូលដ្ឋាននៃ សេចក្តី ថ្លែងការណ៍សូវៀត-ជប៉ុន ឆ្នាំ ១៩៥៦  ក្រុមអ្នកតំណាងរាស្ត្ររុស្ស៊ី ខាង​បក្ស​ជាតិនិយម LDPR បានដាក់ជូន សភាឌូម៉ា ពិនិត្យនិងអនុម័ត គម្រោង​ច្បាប់​ដែល​ហាម​មិន​អោយ​បង្វែរប្រជុំកោះគួរីលនោះ ដែលជាដែនដី រុស្ស៊ី ទៅឲ្យជប៉ុនវិញ ជាដាច់ខាត។

ការដែលរុស្ស៊ីចេះតែពង្រឹង ហេដ្ឋារចនាសម្ព័ន្ធយោធានៅលើកោះទាំងនោះ ដែលញ៉ាំង​ឲ្យ​មាន​ការ​តវ៉ា​ជានិច្ច ពីខាងក្រុងតូក្យ៉ូ គឺជាឧបសគ្គថ្មី នៅលើផ្លូវ ចុះជាសន្ធិសញ្ញាសន្តិភាព។ តាមតួលេខដែលមាន បច្ចុប្បន្ន ឈរជើងនៅតាមកោះ៤ នោះ គឺមានយោធារុស្ស៊ី ប្រមាណ ១៣.០០០ នាក់។ ជាការប្រៀបធៀប កោះ៤ នោះ ដែលមានផ្ទៃដី ៥.០០០ គម ក្រឡា សព្វថ្ងៃ​រស់​នៅតែ​ដោយអ្នកស្រុក ជិត ២ ម៉ឺននាក់ ប៉ុន្តែជា ទឹកដី សម្បូណ័ដោយ ជលផល និង ធនធាន​ធម្មជាតិ​ផ្សេងៗ រួចសំខាន់បំផុត គឺវាមានន័យយុទ្ធសាស្ត្រ សម្រាប់ កងនាវារុស្ស៊ី ដែលប្រចាំ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ