អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ចោទប្រកាន់ Huawei ជាផ្លូវការ ពី​បទរំលោភ​ទណ្ឌកម្ម​អ៊ីរ៉ង់ និង​លួច​បច្ចេកវិទ្យា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ​ទី ២៨​មករា​នេះ ក្រសួង​យុត្តិធម៌​អាមេរិកបាន​សម្រេច​​ធ្វើការ​ចោទប្រកាន់ ​ជាផ្លូវការ​ ក្រុមហ៊ុនHuawei ព្រមទាំង​សាខា​ចំនួន​ពីរទៀត ពីបទប៉ុនប៉ង​រំលោភ​ទណ្ឌកម្ម​ដែល​អន្តរជាតិ​ដាក់​ប្រឆាំង​នឹង​អ៊ីរ៉ង់ និង​ពី​បទ​បាន​លួច​បច្ចេវិទ្យា​​​ពី​ក្រុមហ៊ុន​អាមេរិក។ ជា​សរុប​ក្រុមហ៊ុន​ចិន​ រង​ការ​បទ​ចោទ​ប្រកាន់​ចំនួន២៣​ករណី។ ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​នេះ ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​មុន​ការ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​Matthew Whitaker ប្រកាស​ចោទ​ប្រកាន់​ជា​ផ្លូវការ​ក្រុុមហ៊ុន​Huawei
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​Matthew Whitaker ប្រកាស​ចោទ​ប្រកាន់​ជា​ផ្លូវការ​ក្រុុមហ៊ុន​Huawei REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

គ្រប់​គ្នា​​ដឹង​​​ហើយអំពី​ករណី​អាមេរិក​​ចោទ ​ក្រុមហ៊ុន​Huawei​យ៉ាងណានោះ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ ចន្ទ​ម្សិលមិញ ​អាមេរិក​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ និង​ជា​ការ​ចោទ​ប្រកាន់​ ដ៏​ធ្ងន់ធ្ងរ​ បើ​មើល​ទៅ​លើ​ទម្រង់​នៃសេចក្តី​ប្រកាស។

អាជ្ញាធរ​អាមេរិក តំណាង​ដោយ​ឥស្សរជន​១១​រូប មាន​ជាអាទិ៍ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​​ស្តីទី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង មហាផ្ទៃ រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម នាយក​ភ្នាក់ងារ​ចារកិច្ចFBI ព្រម​ទាំង​រដ្ឋ​អាជ្ញារពីររូប​មកពី​ញូវយ៉ក​ និង​វ៉ាស៊ីនតោន បាន​បង្ហាញ​វត្តមាន​រួម​គ្នា​លើ​វេទិកា ប្រកាសធ្វើការ​​ចោទ​ប្រកាន់​ ក្រុមហ៊ុន​ Huawei​ និង​សាខា​របស់​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត ពីបទ​រំលោភ​ទណ្ឌកម្ម​អ៊ីរ៉ង់ និង​លួច​បច្ចេកវិទ្យា​អាមេរិក។ ជា​សរុប​ក្រុមហ៊ុន​យក្ស​ផ្នែកទូរសព្ទ​និង​ទូរគមនាគមន៍ចិន ត្រូវ​ជាប់​ចោទ​នៅ​​តុលាការ​សហព័ន្ធ វ៉ាស៊ីនតោន ​ចំនួន​១០​ករណី​ និង​១៣​ករណី នៅ​​តុលាការ​ក្រុង​ញូវយ៉ក។

តុលាការ​ក្រុង​ញូវយ៉ក បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ក្រុមហ៊ុន Huawei​ ថា​បាន​រំលោភ​ទណ្ឌកម្ម​អាមេរិក​ដែល​ដាក់​ប្រឆាំង​នឹង​អ៊ីរ៉ង់ ចាប់​ពី​ឆ្នាំ​២០០៧​មក ដោយ​បាន​បន្លំ​ធនាគារ​អន្តរជាតិ​ ក្នុង​ការ​​ផ្តោះប្តូរ​លុយ​រាប់​លាន​ដុល្លារ​ជាមួយ​អ៊ីរ៉ង់។ ឯ​តុលាការ​រដ្ឋ​វ៉ាស៊ីនតោនវិញ បាន​ចោទ​ពី​បទ​លួចការណ៍​សម្ងាត់​ពាណិជ្ជកម្ម ​អេឡិចត្រូនិក​​ ព្រមទាំង​លួច​ចម្លង​​ កាលពី​ឆ្នាំ​២០១២ បច្ចេកវិទ្យា​រ៉ូបូ​របស់​ក្រុមហ៊ុន​T-mobile ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដ៏​ធំមួយ​របស់​អាមេរិក។

អាជ្ញាធរ​អាមេរិក​បាន​បន្ទោស​ក្រុមហ៊ុន​ Huawei​ និង​សាខា ចំពោះ​សកម្មភាព​​​ផ្តល់​ប្រាក់​រង្វាន់​ដល់​គ្រប់​បុគ្គលិក​នៅពេល​​លួច​ការណ៍​សម្ងាត់​ ​របស់​ក្រុមហ៊ុន​ដទៃផ្សេង​​នៅ​ទូទាំង​ពិភពលោក​បាន​។ ​រដ្ឋមន្ត្រី​ស្តីទី​ក្រសួងយុត្តិធម៌ បាន​ពន្យល់​ថា​មាន​ភស្តុតាង ជា​សារ​អ៊ីមែល​រវាង​បុគ្គលិក​ Huawei​នៅ​អាមេរិក​និងនៅ​​ចិន ឆ្លើយ​ឆ្លង​គ្នា​ ផ្តល់​រង្វាន់​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ព័ត៌មាន​ដែល​លួច​បាន។ ទង្វើ​បែប​នេះ មិន​មែន​ជាសកម្មភាព​​ល្មើស​របស់​បុគ្គលិកណា​ម្នាក់​​ទេ តែ​ជា​នយោបាយ​របស់​ក្រុមហ៊ុន​ សម្រេច​ដោយ​ថ្នាក់​លើ។​

បត្យាប័ន​លោកស្រី​​ប្រធាន​ហិរញ្ញវត្ថុ ?

​ម្សិលមិញនេះ​ តុលាការ​អាមេរិក​ក៏​បានធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការដែរ ​ ​លោកស្រី ម៉េង វ៉ាន់ចូវ ដែល​ជា​នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ហួរវៃ និង​ជា​កូន​ស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​ផង​នោះ ពី​បទ​រំលោភ​ទណ្ឌកម្ម​អ៊ីរ៉ង់។ បើ​មាន​បទ​ចោទ​ប្រកាន់​របស់​តុលាការ​ហើយ ដំណើរ​ការ​ធ្វើ​បត្យាប័ន​ក៏​នឹង​អា​ចចាប់​ផ្តើម​ដែរ។ ​​រដ្ឋមន្ត្រីស្តីទី ក្រសួង​យុត្តិធម៌​ បាន​​បញ្ជាក់​​ថា រដ្ឋាភិបាល​អាមេរិក​នឹង​ដាក់​​សំណើសុំ​​ធ្វើ​បត្សាប័ន​លោកស្រី ម៉េងវ៉ាន់ចូវ ជា​ផ្លូវការ​ ឱ្យ​បាន​មុន​ថ្ងៃ​ទី ៣០​មករា​ស្អែក​នេះ។ តុលាការ​កាណាដា​ នឹងបើក​សវនាការ​​ស្តី​អំពី​ការ​ធ្វើ​បត្យប័ន​លោកស្រី ម៉េង វ៉ាន់ចូវ នៅ​ថ្ងៃទី ៦​កុម្ភៈ​ ខាង​មុខ។

សូម​រំលឹក​ថា​ ចាប់​ខ្លួន​នៅ​ថ្ងៃទី ១​ធ្នូ ២០១៨ នៅ​ក្រុង​វ៉ាន់កូវ័រ ប្រទេស​កាណាដា និង​​ជាប់​ឃុំនៅក្នុង​គេហដ្ឋាន​ ករណីលោកស្រី​ ម៉េង​ វ៉ាន់ចូវ បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ចិន​និង​កាណាដា​ ធ្លាក់​ស្រុត​យ៉ាង​ខ្លាំង​។ ក្នុង​អត្ថន័យ​ជា​​ការ​សង​សឹក​កាណាដា ដែល​ចាប់​ខ្លួន​លោក​ស្រី​ម៉េងវ៉ាន់ចូវ តាម​សំណើ​អាមេរិក ចិន​បាន​កាត់​ទោស​ប្រហារ​ជីវិត​ពលរដ្ឋ​ម្នាក់​ ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន​ម្នាក់​ និង​ចាប់​ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ម្នាក់​ជាអតីត​​មន្ត្រីការទូតផង។

គេ​មិន​ដឹង​ថា​នៅ​ពេល​កាណាដា​ព្រម​ធ្វើ​បត្យាប័ន តើ​ចិន​នឹង​ក្តៅ​ក្រហាយ​ និង​បញ្ចេញ​ប្រតិកម្ម​យ៉ាងណា​ទេ។

សំណុំ​រឿង​ Huawei​ គ្មាន​ពាក់ព័ន្ធ​នឹង​​​សង្គ្រាម​ពាណិជ្ជកម្ម​

ចិន​បាន​បញ្ចេញ​ប្រតិកម្ម ​ ចោទ​សហរដ្ឋ​អាមេរិក​វិញ​ថា ប្រើ​ឧបាយកល​នយោបាយ។ អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិន​ បាន​ប្រកាស​ក្នុង​​សេចក្តី​ថ្លែងការណ៍ថា​ “សហរដ្ឋ​អាមេរិក​បាន​បើអំណាច​រដ្ឋ​ មក​វាយប្រហារ​ និង​បង្ខូច​ ក្រុមហ៊ុនចិន ដើម្បី​​ច្របាច់​ក​បន្ថប់​សកម្មភាព​រកស៊ី​ដ៏​ស្របច្បាប់​ និង​ត្រូវ​ត្រឹមត្រូវ »។

ប៉ុន្តែ​អាជ្ញាធរ​អាមេរិក​បាន​ដឹង​ច្បាស់​ណាស់ ថា​ឧបនាយក​រដ្ឋមន្ត្រី​ចិន ត្រូវធ្វើ​ដំណើរ​មក​​វ៉ាស៊ីនតោន ដើម្បី​​​ចរចារក​ដំណោះស្រាយ​បិទ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​អាមេរិក។ លោកឧបនាយក​រដ្ឋមន្ត្រី ត្រូវ​ចូល​ជួប​លោកប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ នៅ​ថ្ងៃពុធ​​ទៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​ ក្រោយ​ពី​ប្រកាស​​ធ្វើ​ការ​ចោទប្រកាន់​ក្រុមហ៊ុនចិន​ជា​ផ្លូវការ​ហើយ រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​យុត្តិធម៌​អាមេរិក​ថ្លែង​​ព្រមាន​អាជ្ញាធរ​ចិន​ដោយ​ចំៗជាមុន​តែ​ម្តង​ « ចិន​ត្រូវមាន​ទំនួល​ខុសត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​​ពលរដ្ឋ​និង​​ក្រុមហ៊ុន​ចេះ​គោរពច្បាប់”។ ជា​របៀប​បង្ការ ដោយ​​​ជូន​ដំណឹង​ជា​ផ្លូវការ​ ជា​មុន​តែ​ម្តង។

​សម្រាប់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​យល់​ថា តុលាការ​ជូន​ដំណឹង​ជា​មុន​ហើយ ហើយ​រឿង​រ៉ាវ​នេះ គ្មាន​ពាក់ព័ន្ធ​សោះ​នឹង​ការ​ចរចា​ពាណិជ្ជកម្ម​។ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក៏​ដូច​គ្នា​ លោក​មាន​សុទដ្ឋិនិយម​ហើយ​បាន​ប្រកាស​ថា​លទ្ធផល​នៃ​ជំនួប​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នឹង​ជឿន​លឿន​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ