អានតួអត្ថបទ

ការសិក្សា៖​ជំងឺរលាកថ្លើម C នឹង​ឆ្លង​លើ​មនុស្ស ១៥លាននាក់ និង​សម្លាប់​មនុស្ស ១លាន ៥សែននាក់

លទ្ធផល​នៃ​ការសិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី២៩ មករា​ឲ្យ​ដឹង​ថា ជំងឺ​រលាកថ្លើម​ប្រភេទ​សេ C នឹង​ឆ្លង​លើ​មនុស្ស​ចំនួន ១៥លាននាក់​បន្ថែម​ទៀត​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៣០។ ចំណែក​ចំនួន​អ្នក​ស្លាប់​ដែល​មិន​អាច​គេច​រួច​ដោយសារ​ជំងឺ​នេះ​នៅ​ក្រោម​រូបភាព​ជា​មហារីក​ថ្លើម និង​ក្រិនថ្លើម​នឹង​មាន ១លាន ៥សែន​នាក់។ ការ​សិក្សា​ដដែល​បាន​បន្ថែម​ថា ទោះ​បី​ជា​មាន​វិធានការ​គ្រប់​បែប​យ៉ាង​រាប់​តាំង​ពី​ការ​វិភាគ​រក​ជំងឺ ការ​ព្យាបាល និង​ការ​បង្ការ​ក៏​ដោយ​ក៏​គេ​នៅ​មិនទាន់​អាច​កំចាត់​ជំងឺរលាកថ្លើម​ប្រភេទ​សេ C បាន ១០០% ដែរ។

រូបភាព​របស់​ទស្សនាវដ្តីវេជ្ជសាស្រ្ The Lancet
រូបភាព​របស់​ទស្សនាវដ្តីវេជ្ជសាស្រ្ The Lancet LOIC VENANCE / AFP
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្រ្ត​ឈ្មោះ The Lancet ហើយ​អ្នក​ដែល​បាន​ដឹកនាំ​ការ​សិក្សា​នេះ គឺ​លោក Alastair Heffernan សាស្រ្តាចារ្យ​ជនជាតិ​អង់គ្លេស​នៃ​មហាវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ឡុងដ៏។ លោក Heffernan បាន​ទទួល​ស្គាល់​ថា​បើ​ធៀប​នឹង​ឆ្នាំ ២០១៥ ភាព​រីកចម្រើន​ក្នុង​វិស័យ​វេជ្ជសាស្រ្ត​តាម​រយៈ​ការ​វិភាគ​រក​ជំងឺ ការ​ព្យាបាល និង​ការ​បង្ការ​នឹង​អាច​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ថ្មី​បាន​ចំនួន ៨០% និង​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​បាន ៦០%។ តែ​ដើម្បី​អាច​ឈាន​ទៅ​ដល់​គោលដៅ​នេះ​បាន គឺ​ចាំ​បាច់​ត្រូវ​បង្កើន​កម្មវិធី​វិភាគ​រក​ជំងឺ​ក្រោម​ទ្រង់ទ្រាយ​ធំ និង​បង្កើន​ចំនួន​ព្យាបាល​ថ្មី​ដោយ​ប្រើ​រយៈ​ពេល​ខ្លី នេះ​ជា​ការ​គូសបញ្ជាក់​បន្ថែម​របស់​លោក Heffernan។

ផ្អែក​តាម​សាស្រ្តាចារ្យ​ជនជាតិ​អង់គ្លេស​រូប​នេះ​ដដែល ការ​បំបាត់​មេរោគ​ប្រភេទ​សេ C ទាំង​ស្រុង​ជា​កម្មវត្ថុ​អាទិភាព​មួយ​ដែល​ចាំ​បាច់​ត្រូវ​មាន​អន្តរាគមន៍​បង្ការ និង​ការ​វិភាគ​រក​មេរោគ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់ ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​អ្នក​ជំងឺរលាកថ្លើម​ប្រភេទ​សេ C ច្រើន​ជាង​គេ ដូច​ជា​ចិន ឥណ្ឌា និង​ប៉ាគីស្ថាន។ លោក Heffernan បាន​បញ្ជាក់​ថា​នៅ​ទូទាំង​ពិភពលោក មាន​មនុស្ស​ចំនួន ៧១លាននាក់​កំពុង​រស់នៅ​ជាមួយ​នឹង​មេរោគ​ប្រភេទ​សេ C ហើយ​មាន​ពី ១០ ទៅ ២០% ក្នុង​ចំណោម​ទាំង ៧១លាននាក់​នឹង​វិវត្តន៍​ទៅ​រក​ជំងឺក្រិន​ថ្លើម និង​មហារីកថ្លើម។

បើ​តាម​លទ្ធផល​សិក្សា​របស់​លោក Heffernan ជំងឺក្រិន​ថ្លើម និង​មហារីកថ្លើម​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន​ជាង ៤៧៥ ០០០នាក់​ក្នុង​ឆ្នាំ ២០១៥ ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៦ សមាជិក​ទាំង ១៩៤ប្រទេស​នៃ​អង្គការ​សុខភាព​ពិភពលោក OMS បាន​ចាត់​ទុក​មេរោគ​ប្រភេទ​សេ C ជា​ការ​គំរាម​សុខភាព​សាធារណៈ និង​បាន​សន្យា​កំចាត់​ចោល​ទាំង​ស្រុង។ តាម OMS យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ប្រភេទ​សេ C សម្រាប់​រយៈពេល​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២១ ត្រូវ​ចំណាយ​លុយ​ចំនួន ១១ ៩០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ