អានតួអត្ថបទ
ចិន-អ្នកកាសែតបរទេស

ក្រុម​អ្នកកាសែតបរទេស​បរិហារ និង​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​បំពេញ​ការងារ​នៅ​ចិន

ក្លឹបអ្នកកាសែត​បរទេស​នៅ​ចិន​បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៨ ស្តីពី​លក្ខខណ្ឌ​នៃ​ការ​បំពេញ​អាជីព​ជា​អ្នកកាសែត​នៅ​ក្នុង​ប្រទេស​ចិន។ របាយការណ៍​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ ទី២៩ មករា​ឲ្យ​ដឹង​ថា លក្ខខណ្ឌ​នៃ​ការ​បំពេញ​ការងារ​របស់​អ្នកកាសែត​បរទេស​នៅ​ចិន​សម្រាប់​ឆ្នាំ ២០១៨ ក៏​បាន​ធ្លាក់​ដុនដាប​ខ្លាំង។ ក្រុម​អ្នកកាសែតបរទេស​បាន​បរិហារ និង​ត្អូញត្អែរ​ពី​ការ​លំបាក​មួយ​ចំនួន​រួម​មាន បារម្ភ​ពី​ការ​លួច​ស្តាប់​ទូរស័ព្ទ រយៈពេល​នៃ​ការ​សុំបន្ត​ទិដ្ឋាការ​មាន​រយៈពេល​យូរ ឬ​មួយ​ក៏​មាន​ភ្នាក់ងារ​សម្ងាត់​ចុះ​តាមដាន​ក្នុង​ពេល​ធ្វើ​បទយការណ៍​ជា​ដើម។

លោក Victor Mallet អ្នកកាសែត​ម្នាក់​របស់​​កាសែត Financial Times និង​ជា​អនុប្រធាន​ទី១​នៃ​ក្លឹបអ្នកកាសែត​បរទេស
លោក Victor Mallet អ្នកកាសែត​ម្នាក់​របស់​​កាសែត Financial Times និង​ជា​អនុប្រធាន​ទី១​នៃ​ក្លឹបអ្នកកាសែត​បរទេស Paul Yeung/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៨ របស់​ក្លឹបអ្នកកាសែត​បរទេស​នៅ​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សួរ​អ្នកកាសែត​ចំនួន ១០៩នាក់។ នៅ​ក្នុង​ចម្លើយ អ្នកកាសែត ៥៥% បាន​យល់​ឃើញ​ថា លក្ខខណ្ឌ​ការងារ​របស់​ពួក​គេ​បាន​ធ្លាក់​ដុនដាប​ខ្លាំង​ក្នុង​ឆ្នាំ ២០១៨ ពោល​ច្រើន​ជាង​ឆ្នាំ ២០១៧ ដែល​មាន​តែ ៤០% ប៉ុណ្ណោះ។ ក្នុង​ចំណោម​អ្នកកាសែត​ដែល​បាន​យល់ព្រម​ឆ្លើយ​នឹង​ការ​ស្ទាបស្ទង់​មតិ មាន​ជិត​ពាក់កណ្តាល​បាន​បញ្ជាក់​ពី​ក្តីបារម្ភ​ពី​ការ​តាមដាន ឬ​តាម​ឃ្លាំមើល​លើ​ការងារ​របស់​ពួក​គេ​ពី​រដ្ឋអំណាច។ ចំណែក​ជាង ៩០% បាន​បារម្ភ​ពី​ការ​លួច​ស្តាប់​ទូរស័ព្ទ​របស់​ពួក​គេ​ជា​យថាហេតុ​ពី​សំណាក់​រដ្ឋអំណាច។

ដោយឡែក នៅ​ក្នុង​ចំណោម​អ្នកកាសែត​ចំនួន ២៧នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​តំបន់​ស៊ីនជាំង​កាល​ពី​ឆ្នាំ ២០១៨ មាន ២៤នាក់​បាន​បញ្ជាក់​ពី​ការ​មិន​អាច​បំពេញ​ការងារ​ត្រឹមត្រូវ និង​ការ​រំខាន​ពី​រដ្ឋអំណាច។ គួរ​រម្លឹក​ថា ស៊ីនជាំង​ដែល​ស្ថិត​ប៉ែក​ភាគពាយព្យ​ប្រទេស​ចិន​ជា​តំបន់​ដែល​សំបូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម​រស់នៅ។ យោង​តាម​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ មាន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​រហូត​ដល់ ១លាននាក់ និង​ជនជាតិ​ភាគតិច​ផ្សេង​ទៀត​ត្រូវ​បាន​រដ្ឋអំណាច​ក្រុង​ប៉េកាំង​ឃុំ​នៅ​តំបន់​ស៊ីនជាំង។

តាម​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៨ របស់​ក្លឹបអ្នកកាសែត​បរទេស​នៅ​ចិន ក្រុម​អ្នកកាសែត​បរទេស​ដែល​បាន​ចុះ​ទៅ​យក​ការណ៍​នៅ​តំបន់​ស៊ីនជាំង​បាន​បង្ខំចិត្ត​លុប​រូបថត ឬ​កម្ទេចទិន្ន័យ បញ្ឈប់​បទសម្ភាសន៍ ហើយ​មាន​អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​ទៀត។ តែ​ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​ថា អ្នក​កាសែតបរទេស​គ្រប់​រូប​នៅ​ចិន​មាន​សិទ្ធិ​សួរ​អ្នក​ណា​ក៏​បាន​តាម​ជម្រើស​របស់​ខ្លួន ប្រសិន​បើ​មនុស្ស​នោះ​យល់ព្រម​ឲ្យ​សួរ។ ក្រៅ​ពី​លំបាក​ក្នុង​ការ​បំពេញ​អាជីព​ជា​អ្នកកាសែត របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៨ របស់​ក្លឹបអ្នកកាសែត​បរទេស​នៅ​ចិន​ក៏​ប្រាប់​ពី​ការ​លំបាក​របស់​ក្រុម​អ្នកកាសែត​បរទេសនៅ​ចិន​ក្នុង​ការ​បន្ត​ទិដ្ឋាការ​ដែរ។ គួរ​បញ្ជាក់​ថា ក្រោម​ភ្នែក ច្រមុះ​របស់​រដ្ឋាភិបាល​ចិន ក្លឹបអ្នកកាសែត​បរទេស​នៅ​ចិន​ជា​ស្ថាប័ន​ខុស​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ