ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT

សង្រ្គាមពាណិជ្ជកម្ម៖​តើ​ចិន​កំពុង​រួសរាន់​បញ្ចប់​ច្បាប់ថ្មី​ស្តីពី​វិនិយោគបរទេស​ដើម្បី​បំពេញចិត្ត​សហរដ្ឋអាមេរិក​ឬ?

សង្រ្គាមពាណិជ្ជកម្ម៖​តើ​ចិន​កំពុង​រួសរាន់​បញ្ចប់​ច្បាប់ថ្មី​ស្តីពី​វិនិយោគបរទេស​ដើម្បី​បំពេញចិត្ត​សហរដ្ឋអាមេរិក​ឬ?
 
លោក​ប្រធានាធិបតី​​ចិន​ស៊ី ជីនពីង និង​សមភាគី​អាមេរិក​ដូណាល់ ត្រាំ Reuters

ប្រទេស​ចិន​កំពុង​ប្រញិបប្រញាប់​បញ្ចប់​ច្បាប់​ថ្មី​ស្តីពី​វិនិយោគ​បរទេស និង​បញ្ជូន​ទៅ​ឲ្យ​សភា​បោះឆ្នោត​នៅ​ក្នុង​ខែ​មីនា​ខាង​មុខ។ ការ​បង្កើត​ឲ្យ​មាន​ច្បាប់ថ្មី​ស្តីពី​វិនិយោគបរទេស​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដើម្បី​ឆ្លើយតប​នឹង​ការ​ទាមទារ​របស់​ភាគី​អាមេរិក ពិសេស​ចំ​ពេល​ដែល​សង្រ្គាមពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​កំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ច្បាប់ថ្មី​ស្តីពី​វិនិយោគបរទេស​ដែល​ចិន​ទើប​បាន​បង្កើត​ថ្មី​ពេល​នេះ​មាន​គោលដៅ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប៉េកាំង និង​វ៉ាស៊ីនតោន​ឬ​មួយ​គ្រាន់​បំពេញ​ចិត្ត​អាមេរិក។

អ្វី​ដែល​គេ​ដឹង ក្រុមហ៊ុន និង​សហគ្រាសបរទេស​ដែល​រក​ស៊ី​នៅ​ចិន​បាន​សម្តែង​ក្តី​បារម្ភ​របស់​ខ្លួន​ពី​ភាព​តក់ក្រហល់​របស់​ចិន និង​ពី​ខ្លឹមសារ​លំអិត​ដែល​មាន​ចែង​នៅ​​ក្នុង​ច្បាប់​ថ្មី​នោះ។

គួរ​បញ្ជាក់​ថា គម្រោង​ច្បាប់​ស្តីពី​វិនិយោគ​បរទេស​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​បង្ហាញ​ម្តង​ក្នុង​ឆ្នាំ ២០១៥ តែ​ត្រូវ​បាន​ទម្លាក់​ចោល​វិញ​ភ្លាមៗ។ បន្ទាប់​មក គម្រោង​ច្បាប់​ថ្មី​ក៏​បាន​ផ្តើម​លេច​រូបរាង​ឡើង​វិញ​នា​ដំណាច់​ឆ្នាំ ២០១៨។ ដូច្នេះ គម្រោង​ច្បាប់ថ្មី​ឆ្នាំ ២០១៩ ជា​គម្រោង​ច្បាប់​ដែល​ចិន​បាន​យក​គម្រោងច្បាប់​ឆ្នាំ ២០១៨ ទៅ​បន្ថែម​បន្ថយ និង​កែប្រែ​លើ​ចំណុច​មួយ​ចំនួន​ដើម្បី​ឆ្លើយ​តប​នឹង​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​ចិន​កំពុង​ប្រឈម​ទល់​នឹង​អាមេរិក​សព្វថ្ងៃ។ តើ​ច្បាប់​ថ្មី​ស្តីពី​វិនិយោគ​បរទេស​ពេល​នេះ​នឹង​អាច​ចូលរួម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន ឬ​មួយ​គ្រាន់​ជា​រូបភាព​បន្លំ​ភ្នែក​មួយ​ដើម្បី​បំពេញ​ចិត្ត​នឹង​ការ​ទាមទារ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ?។

គេ​នៅ​មិន​ទាន់​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​ទេ តែ​អ្វី​ដែល​គេ​ដឹង​នៅ​ច្បាប់​ថ្មី​នេះ មាន​ចំណុច​មួយ​ចំនួន​បាន​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​លោក​ត្រាំ រួម​ទាំង​ការ​ទាមទារ​ចង់​បាន​របស់​ក្រុមហ៊ុន និង​សហគ្រាស​បរទេស​តាំង​ពី​យូរ។ ជាមួយ​នឹង​ច្បាប់​ថ្មី ក្រុមហ៊ុន និង​សហគ្រាស​បរទេស​លែង​មាន​កាតព្វកិច្ច​ដើម្បី​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ឲ្យ​ដៃគូ​ចិន ឬ​មួយ​ក៏​មាន​សមភាព​ក្នុង​ការ​ទទួល​ផល​ដូច​ក្រុមហ៊ុន​ម្ចាស់ស្រុក​ជា​ដើម។ បន្ទាប់​មក ច្បាប់​ថ្មី​ក៏​ចែង​ពី​ការ ការពារ​មូលធន​បរទេស​ប្រឆាំង​នឹង​ការ​លូកដៃ​ពី​រដ្ឋាភិបាល​ចិន។ តែ​យ៉ាង​ណា​ក៏​ដោយ ក្រុម​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​សហរដ្ឋអាមេរិក រួម​ទាំង​ក្រុមហ៊ុន សហគ្រាស​បរទេស​បន្ត​សម្តែង​ក្តីបារម្ភ​ចំពោះ​ច្បាប់​ថ្មី​នេះ។

ក្រុម​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​បារម្ភ​ពី​ការ​ប្រើ​ឃ្លាឃ្លោង​ទូលំទូលាយ​ខ្លាំង​ដោយ​គ្មាន​ការ​លំអិត​ច្បាស់លាស់។ មាន​ចំណុច​ពីរ​ដែល​ពួក​គេ​ចង់​បាន​ការ​ពន្យល់​បន្ថែម​ពី​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ច្បាប់​ថ្មី​នោះ ទី១ ការ​អនុញ្ញាត​ឲ្យ​រដ្ឋអំណាច​រឹបអូស​ទុនវិនិយោគបរទេស​ដោយ​បញ្ជាក់​ត្រឹម​ហេតុផល​ដើម្បី​ប្រយោជន៍​សាធារណៈ និង​ទី២ ទាក់ទង​នឹង​ការ​សិក្សា ត្រួតពិនិត្យ​ពី​រដ្ឋាភិបាល​ចិន​លើ​ទុនវិនិយោគ​បរទេស​ដើម្បី​ចង់​ដឹង​ថា តើ​មាន​ការ​បំពាន​លើ​សន្តិសុខជាតិ​ឬ​អត់។ គួរ​រម្លឹក​ថា​នៅ​ក្នុង​គម្រោង​ច្បាប់វិនិយោគ​បរទេស​ក្នុង​ឆ្នាំ ២០១៥ ដែល​រដ្ឋាភិបាល​ចិន​បាន​ទម្លាក់​ចោល​វិញ​ក៏​មាន​ចែង​ពី​ចំណុន​នេះ​ដែរ តែ​មាន​ការ​សរសេរ​លំអិត​ដល់​ទៅ ៥ទំព័រ​ដោយ​មាន​លើក​ឧទាហរណ៍​ជាក់ស្តែង​ទៅ​ពន្យល់។

តែ​ជាមួយ​នឹង​ច្បាប់​ថ្មី​ឆ្នាំ ២០១៩ បញ្ហា​មួយ​នេះ​ត្រូវ​បាន​សរសេរ​តែ​មួយ​ឃ្លា និង​បិទផ្លូវ​មិន​ឲ្យ​តវ៉ា។ ទន្ទឹម​នឹង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ចិន​លំអីត​លើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ថ្មី​នោះ ក្រុម​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចិន​បង្កើត​ច្បាប់​វិនិយោគ​តែ​មួយ​សម្រាប់​ក្រុមហ៊ុន​ចិន និង​បរទេស​នៅ​ចិន។ ពួក​គេ​យល់​ថា រដ្ឋាភិបាល​ចិន​មិន​គួរ​បង្កើត​ច្បាប់​ដាច់​ដោយ​ឡែក​ពី​គ្នា​ឡើយ ព្រោះ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​បរទេស​ដែល​ដាក់​ទុន​រក​ស៊ី​នៅ​ចិន​សុទ្ធ​តែ​បាន​រួម​ចំណែក​ផ្តល់​ផល​វិជ្ជមាន​ឲ្យ​ប្រទេស​ចិន​ដូច​គ្នា​នៅ​ក្នុង​ផ្នែក​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍។

រដ្ឋាភិបាល​ចិន​ត្រូវ​រួសរាន់​អនុម័ត​ច្បាប់​ថ្មី​ឲ្យ​បាន​មុន​ថ្ងៃទី១ មីនា

បើ​គ្មាន​អ្វី​ត្រូវ​កែប្រែ ឬ​ថែមថយ​ទេ ច្បាប់​ថ្មី​ស្តីពី​វិនិយោគបរទេស​នឹង​ត្រូវ​រដ្ឋាភិបាល​ចិន​ដាក់​ឲ្យ​សភា​បោះឆ្នោត​នៅ​ដើម​ខែ​មីនា​ខាង​មុខ ពោល​ក្នុង​ឱកាស​នៃ​ការ​បើក​សម័យ​ប្រជុំ​ពេញអង្គ​ប្រចាំឆ្នាំ​របស់​គណបក្ស​កម្មុយនិស្ត​ចិន​រយៈ​ពេល ១០ថ្ងៃ​ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃទី៥ មីនា​ខាង​មុខ។ រដ្ឋាភិបាល​ចិន​ត្រូវ​អនុម័ត​ច្បាប់​ថ្មី​មួយ​នេះ​ឲ្យ​បាន​មុន​ថ្ងៃទី១ មីនា ព្រោះ​ជា​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ឯកភាព​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ភាព​មិន​ចុះ​សម្រុង​គ្នា​ក្នុង​រឿង​ពាណិជ្ជកម្ម។ បើ​មិន​ដូច្នោះ​ទេ លោក​ត្រាំ​នឹង​បន្ត​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក។

លោក​ស៊ី ជីនពីង​ហាក់​មិន​អាច​ត្រេងត្រាង​អល់អែក​បាន​ទៀត​ឡើយ ប្រសិន​បើ​លោក​មិន​ចង់​ទទួល​ពំនូង​ថ្មី​ពី​លោក​ដូណាល់ ត្រាំ​ទេ។ មាន​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​បាន​មើល​ឃើញ​ថា ច្បាប់​ថ្មី​របស់​ចិន​ពេល​នេះ​ហាក់​បាន​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ជ្រុល​ដើម្បី​តម្រូវ​កាលៈទេសៈ មាន​ន័យ​ថា ដើម្បី​រំងាប់​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បច្ចុប្បន្ន។ តាម​ធម្មតា គម្រោង​ច្បាប់​នីមួយៗ​ត្រូវ​បាន​ចិន​ប្រើ​ពេល​យ៉ាង​តិច​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ ទំរាំ​នឹង​ដាក់​ឲ្យ​សភា​បោះឆ្នោត​អនុម័ត។ តែ​ច្បាប់​ថ្មី​ស្តីពី​វិនិយោគបរទេស​ពេល​នេះ​បាន​ប្រើ​ពេល​តាក់តែង​មិន​ដល់ ២ខែ​ស្រួលបួល​ផង៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សង្រ្គាមពាណិជ្ជកម្ម៖ ប៉េកាំង​ប្រាប់​កម្មាភិបាល​ឲ្យ​ត្រៀម​ប្រឈម​នឹង​ហានិភ័យ

    ស្វែងយល់បន្ថែម

  • អាមេរិកនិងចិន បោះ​ជំហាន​ទៅ​រក​ការព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​គ្នា

    ស្វែងយល់បន្ថែម

  • ចិន​ផ្អាក​ការដំឡើងពន្ធ​នាំ​ចូល​​​​​រថយន្ត​អាមេរិក​មួយរយៈ

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក-ចិន

    សង្រ្គាមពាណិជ្ជកម្ម៖ ចិន​បដិសេធ​មិនបន្ត​​ចរចា​ជាមួយ​អាមេរិក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ