អានតួអត្ថបទ

ICIMOD ៖ ទឹកកក​លើ​ភ្នំ​ហិមពាន្ត នឹង​រលាយ​អស់​១/៣ នៅ​ចុង​សតវត្សរ៍

​នៅ​ចុង​​សតវត្សរ៍​ទី ២១ ជាង​មួយភាគ​បី​នៃ​ទឹកកក​នៅ​លើកំពូល​​ភ្នំហិមពាន្ត (ហិមាល័យ) និង​ភ្នំហិណ្ឌូគុស្ហ នឹង​ត្រូវ​រលាយ​។ ការ​រលាយ​ទឹកក​ក​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​វារី​អគ្គី​សនី នៅ​ប្រទេស​ឥណ្ឌា និង​ចិន ព្រមទាំង​កសិកម្ម​នៅ​ក្នុង​តំបន់វាលទំនាប ជាប់​ដង​ទន្លេ​ ដែល​មាន​ប្រជាជន​ជាង​១៦៥០​លាន​នាក់​រស់​នៅ។ នេះ​បើ​តាម​របាយការណ៍​របស់​អ្នក​ជំនាញ​វិទ្យាសាស្ត្រ ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ​ នៅ​ថ្ងៃ​ចន្ទ​ទី ៤​កុម្ភៈ ឆ្នាំ​២០១៩។

​ជួ​រ​ភ្នំ​ហិមពាន្ទ ត្រង់​តំបន់​ខ្ពង់រាប​ទីបេ។ ទឹកកក​លើ​កំពូល​ភ្នំហិមពាន្ត​អាច​រលាយ​អស់​បើ​គ្មាន​វិធានការ​ទប់ស្កាត់ឧស្ម័ន​ផ្ទះ​កញ្ចក់
​ជួ​រ​ភ្នំ​ហិមពាន្ទ ត្រង់​តំបន់​ខ្ពង់រាប​ទីបេ។ ទឹកកក​លើ​កំពូល​ភ្នំហិមពាន្ត​អាច​រលាយ​អស់​បើ​គ្មាន​វិធានការ​ទប់ស្កាត់ឧស្ម័ន​ផ្ទះ​កញ្ចក់ (Photo : NASA)
ផ្សាយពាណិជ្ជកម្ម

“​ជា​វិបត្តិ​អាកាសធាតុ​ដែល​ពុំ​ឮ​នរណា​និយាយ​ដល់​សោះ ! ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​សតវត្សរ៍ផង ការឡើង​កម្តៅ​អាកាសធាតុ​ នឹង​​ធ្វើ​ឱ្យ​កំពូល​ភ្នំហិមពាន្ត Himalaya  និង​ភ្នំ​ហិណ្ឌូកុស្ហ Hindu Kush ដែល​ធ្លាប់តែ​​ដោយ​គ្រប​ដណ្តប់​ដោយ​ទឹកកក​ក្រាស់​ឃ្មឹករហូត​មក​ទល់​ពេល​នេះ នឹង​​ឡើង​ត្រងោល។” នេះ​ជាបើតាម​របាយការណ៍​របស់អ្នកស្រាវជ្រាវ​ ចំនួន​ ២១០​រូប នៃ​​មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​អភិវឌ្ឍតំបន់​ភ្នំ International Centre for intergrated Mountain Development (ICIMOD)។

បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ ដែល​កំពុង​បង្ហាញ​របាយការណ៍​ជា​សាធារណៈ​នៅ​ក្រុង​កាត់មង់ឌូ ប្រទេស​នេប៉ាល់ បើ​ទោះ​បី​ជា​រដ្ឋ​ចាត់​វិធានការ​យ៉ាង​តឹង​តែង ដូច​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស កាលពី​ឆ្នាំ​២០១៥​យ៉ាងណា​ក៏​ដោយ ក៏​ទឹកកក​នៅ​កំពូល​ភ្នំ​ នឹង​ត្រូវ​រលាយ​បាត់​បង់​អស់​យ៉ាង​ហោច​​​មួយ​ភាគ​បី​ នៅ​ឆ្នាំ​២១០០ បើ​ប្រៀប​ទៅ​នឹង​ទំហំ​កាលពី​ដើម​សតវត្សរ៍។ ចំណែក​២​ភាគ​ទៀត ក៏​នឹង​ត្រូវ​បាន​រលាយ​បាត់​បង់​ដែរ ប្រសិន​បើ​សហគមន៍​អន្តរជាតិ​មិនអាច​សម្រេច​ចាត់​វិធានការ​​ទប់ស្កាត់​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ឱ្យ​បាន​ក្នុងអំឡុង​ពេល​នេះ​ទេ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Philippus Wester ប្រធាន​ក្រុម​និពន្ធ​របាយការណ៍ដដែល ដោយ​បន្ថែម​ទៀត​ថា កំពូល​ភ្នំ​​​​ទឹកកក ​នៅ​ត្រង់​កន្លែង​ខ្លះ​នៃ​តំបន់​ហិមពាន្ត​ បាន​​ចាប់​រលាយ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​មក។

តំបន់​ហិមពាន្ត និង​ហិណ្ឌូគុស្ហ ជា​ជួរ​ភ្នំ​ដ៏​វែង លាត​សន្ធឹង​ប្រវែង​ ៣៥០០​គីឡូម៉ែត្រ ចាប់​ពី​អាហ្វហ្កានីស្ថាន ដល់​បង់ក្លាដែល ដោយ​កាត់​តាម​នេប៉ាល់ ចិន ប៊ូតង់ ឥណ្ឌា ភូមា និងប៉ាគីស្ថាន។ ​ប្រសិន​បើភ្នំ​​ទឹកកក​ត្រូវ​រលាយ​អស់ពី​កំពូល​ភ្នំ​ហិមពាន្ត​ នោះ​កំរិត​ទឹក​សមុទ្ទ​នឹង​កើន​ឡើង​១,៥​ម៉ែត្រ ព្រមទាំង​ផលវិបាក​ជា​ច្រើនផ្សេង​ទៀត ប៉ះពាល់​ដល់​បរិមាណ​ទឹក​​​​ទន្លេ ​យង់សេ មេគង្គ ហ្កង់ និង​ឥណ្ឌុស និង​​ដល់​ជីវិត​បណ្តា​ជនក្នុង​តំបន់ ​ដែល​រស់រំពឹង​លើ​ការ​រលាយ​ទឹកកកនៅ​រដូវ​ក្តៅ​​ ៖ ២៥០​លាននាក់ រស់​នៅ​តាម​តំបន់​ភ្នំ​ហិមពាន្ត និង​១៦៥០​លាន​នាក់ រស់​នៅ​តាម​តំបន់​វាល​ទំនាប​​ទន្លេ។

បម្រែបម្រួល​ធនធាន​ទឹក ក៏​អាច​នឹង​បំផ្លាញ​ការ​ផលិត​វារី​អគ្គីសនី និង​ពន្លឿន​ការ​ហូរ​ច្រោះ​ដី ព្រម​ទាំង​ហូរ​បាក់​ដី​ ក្នុង​តំបន់​ភ្នំ។ នេះ​ការ​ព្យាករ​របស់​របាយការណ៍​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ