ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/11 12h00 GMT
អាស៊ី

ហេតុអ្វី​បាន​ជា​វៀតណាម​សុខចិត្ត​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​រវាង​លោកត្រាំ និង​លោកគីម?

media  
លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (ស្តាំ)។ @CNN

គម្រោង​ជំនួបកំពូល​លើកទី២ រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី២៧ និង ២៨ កុម្ភៈ​ក្នុង​ប្រទេស​វៀតណាម។ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​លោក​ត្រាំ​នា​ឱកាស​ថ្លែង​សុន្ទកថា​ទៅ​កាន់​ប្រជាជាតិ​នា​ថ្ងៃ​អង្គារ ទី៥ កុម្ភៈ។ លោក​អ៊ូច ទែរត្រេ (Hugues Tertrais) សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​បារាំង​ម្នាក់​ក្នុង​ទីក្រុង​ប៉ារីស​បាន​មើល​ឃើញ ការ​ដែល​អាមេរិក​ជ្រើស​យក​វៀតណាម​ដើម្បី​រៀបចំ​ជំនួបកំពូល​ត្រាំ គីម​ពេល​នេះ​ជា​ជម្រើស​នយោបាយ ព្រោះ​អាមេរិក​សំឡឹង​ឃើញ​វៀតណាម​ជា​សម្ព័ន្ធមិត្តប្រឆាំង​ចិន។

« ការ​បែរងាក​របស់​សហរដ្ឋអាមេរិក​ទៅ​រក​វៀតណាម​ទទួល​បាន​​ជោគជ័យ ហើយ​វៀតណាម​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា ខ្លួន​នឹង​អាច​ពឹងពាក់​សហរដ្ឋអាមេរិក​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​សមុទ្រចិន​ខាងត្បូង​បាន។ ប្រទេស​វៀតណាម និង​ប្រទេស​កូរ៉េ​ធ្លាប់​មាន​ប្រវត្តិ​យូរលង់​ជាមួយ​ចិន។ វៀតណាម និង​កូរ៉េ​ជា​ប្រទេស​ពីរ​ដែល​ធ្លាប់​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន ហើយ​ចិន​ពិត​ជា​មិន​អាច​បំភ្លេច​បាន​ឡើយ។

វៀតណាម និង​កូរ៉េ​បាន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន​យ៉ាង​យូរ តែ​តាំង​ពី​ពេល​នោះ​មក អ្វីៗ​បាន​ប្រែប្រួល​អស់​ហើយ។ បន្ទាប់​មក​គេ​អាច​និយាយ​បាន​ថា វៀតណាម និង​កូរ៉េ​មាន​ប្រវត្តិ​សង្រ្គាម​ស្រដៀង​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋអាមេរិក។ សង្រ្គាមវៀតណាម​រវាង​វៀតណាមខាងជើង និង​វៀតណាម​ខាងត្បូង តែ​បាន​បិទបញ្ចប់​រួម​ជា​វៀតណាម​តែ​មួយ។ ចំណែក​សង្រ្គាមកូរ៉េ​ក៏​ជា​សង្រ្គាម​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង តែ​បាន​បិទបញ្ចប់​ជាមួយ​នឹង​ការ​ពុះ​ចែក​កូរ៉េ​ជា​ពីរ​មក​ដល់​សព្វថ្ងៃ។

ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា កូរ៉េខាងជើង​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​រំកិល​រក​វៀតណាម​តែ​នៅ​ក្នុង​ករណី​ណា​ដែល​កូរ៉េខាងជើង​ស្វែង​រក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​បើក​ចំហ​សេដ្ឋកិច្ច​ជាមួយ​អាស៊ី និង​ជាមួយ​ពិភពលោក។ ខ្ញុំ​មិន​ដឹង​ថា តើ​វៀតណាម​អាច​ជា​គំរូ​សម្រាប់​កូរ៉េខាងជើង​ឬ​អត់​ទេ តែ​បទពិសោធន៍​របស់​វៀតណាម​អាច​ជា​គំនិត​មួយ​សម្រាប់​កូរ៉េខាងជើង »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ