អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បេក្ខនារី​នាយករដ្ឋមន្រ្តី​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​នយោបាយ​ថៃ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ថៃ គណបក្សនយោបាយ និង​បេក្ខជន​កំពុង​បន្ត​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​បោះឆ្នោត​សភា​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២៤ មីនា​ខាង​មុខ។ នេះ​ជា​លើកទី១ គិត​តាំង​ពី​ក្រោយ​រដ្ឋប្រហារយោធា​ក្នុង​ឆ្នាំ ២០១៤ ដែល​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ត្រៀម​រៀបចំ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។ មាន​គណបក្ស​ធំ​ចំនួន​ពីរ​ដែល​លេច​ធ្លោ​ជាង​គេ គឺ​គណបក្ស « ផាឡាំង ប្រាឆារ៉ាត » ដែល​គាំទ្រ​យោធា និង​ដែល​លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ប្រាយុទ្ធ ចាន់អូចា​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី និង​គណបក្ស « ថៃរ៉ាក់សាឆាត » ដែល​គំាំទ្រ​អតីត​នាយករដ្ឋមន្រ្តី​លោក​ថាក់ស៊ីន និង​ដែល​បេក្ខជន​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​ឈរ​ឈ្មោះ​ដោយ​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់ រ៉ាជកាន់យ៉ា សិរិវឌ្ឍនាផាន់វ៉ាឌី​ដែល​ជា​បុត្រីច្បង​របស់​សពអតីត​ព្រះមហាក្សត្រ​ព្រះចៅ​ភូមិបុន។ ការ​ចូលប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

ព្រះអង្គម្ចាស់ក្សត្រីអ៊ុបុនរ៉ាត់ រ៉ាជកាន់យ៉ា សិរិវឌ្ឍនាផាន់វ៉ាឌីបាន​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខនារី​នាយករដ្ឋមន្រ្តី​ថៃ
ព្រះអង្គម្ចាស់ក្សត្រីអ៊ុបុនរ៉ាត់ រ៉ាជកាន់យ៉ា សិរិវឌ្ឍនាផាន់វ៉ាឌីបាន​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខនារី​នាយករដ្ឋមន្រ្តី​ថៃ Reuters
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​មាន​ព្រះជន្ម ៦៧ព្រះវស្សា ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​បាន​ចាប់​កំណើត​នៅ​ក្នុង​ទីក្រុង​ឡូសាន​នៃ​ប្រទេស​ស្វ៊ីស។ តាំង​ពី​បាន​យាង​ទៅ​សិក្សា រៀនសូត្រ​នៅ​អាមេរិក ព្រះអង្គម្ចាស់ក្សត្រី​អង្គ​នេះ​តែង​បង្ហាញ​ចេញ​នូវ​រូបភាព​ជា​ព្រះអង្គម្ចាស់ក្សត្រី​ឧទ្ទាម។ ក្នុង​ពេល​រស់នៅ​សិក្សា រៀនសូត្រ​ក្នុង​ទឹកដី​អាមេរិកាំង ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​បាន​ជួប​គូស្នេហ៍​អាមេរិកាំង​លោក Peter Ladd Jensen រួច​ក៏​បាន​បោះបង់​ចោល​ងារ​ជា​ព្រះអង្គម្ចាស់ក្សត្រី​ក្នុង​ឆ្នាំ ១៩៧២ ដើម្បី​រៀបការ​ជាមួយ​លោក Peter។ ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​មាន​កូន ៣នាក់​ជាមួយ​លោក Peter គឺ​កូន​ប្រុស​ម្នាក់​មាន​ជម្ងឺ​អូទីស និង​កូនស្រី​ពីរ​នាក់។ ក្នុង​ឆ្នាំ ១៩៩៨ ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់ និង​លោក Peter បាន​លែងលះ​គ្នា​ដោយ​ម្នាក់ៗ​បាន​សម្រេចចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន។

នៅ ៣ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ២០០១ ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​ក៏​បាន​សម្រេចចិត្ត​យាង​ទៅ​ប្រទេស​ថៃ​វិញ។ នៅ​ក្នុង​ប្រទេស​ថៃ ព្រះអង្គម្ចាស់ក្សត្រី​បាន​ផ្តើម​អនុវត្តន៍​ឡើង​វិញ​នូវ​កាតព្វកិច្ច​ខ្លះៗ​របស់​រាជវង្ស។ តែ​អពមង្គល​សម្រាប់​គ្រួសារ​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​មិន​បាន​ចប់​ត្រឹម​លែងលះ​ជាមួយ​លោក Peter ទេ ព្រោះ​កូនប្រុស​មាន​ជម្ងឺ​អូទីស​ដែល​ទើប​មាន​អាយុ ២១ឆ្នាំ​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​រលកយក្ស​ស៊ូណាមី​ក្នុង​ឆ្នាំ ២០០៤។ ក្រោយ​ការ​ចែក​ឋាន​របស់​កូនប្រុស ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​បាន​បង្កើត​មូលនិធិ​មួយ​ដោយ​ដាក់​ឈ្មោះ​ខ្លួន​ឯង​ដើម្បី​ជួយ​ក្មេង​ផ្សេង​ទៀត​ដែល​មាន​ជម្ងឺ​អូទីស។ នេះ​ហើយ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ចូលប្រឡូក​ក្នុង​កិច្ចការ​សង្គម​ជា​ចំហ និង​ជា​សាធារណៈ​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់។

ព្រឹត្តិការណ៍​នយោបាយ​លើកទី១ នៅ​ក្នុង​ប្រទេស​ថៃ

បន្ទាប់​ពី​បាន​ចូលប្រឡូក​ក្នុង​កិច្ចការ​សង្គម​យ៉ាង​សកម្ម ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​ក៏​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ទៀត។ ព្រះអង្គម្ចាស់ក្សត្រី​បាន​ប្រើ​បណ្តាញ​សង្គម Instagram ដើម្បី​ផ្តល់​ចំណាប់​អារម្មណ៍ រួម​ទាំង​ការ​រិះគន់​ជា​ចំហ និង​សាធារណៈ​លើ​បញ្ហា​សង្គម​ជា​ច្រើន​ដោយ​មិន​ញញើត។ ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​ថៃ ព្រះបរមរាជវាំង​ក៏​បាន​ចាប់​អារម្មណ៍​លើ​បញ្ហា​សង្គម​ដែរ តែ​ហាក់​មិន​ចំហ​ខ្លាំង​ទេ។ ថ្មីៗ​នេះ ពោល​ក្នុង​ពេល​ដែល​ក្រុង​បាងកក​គ្របដណ្តប់​ដោយ​ផ្សែងពុល និង​ដែល​ចៅហ្វាយ​ក្រុង​សម្រេច​បិទ​សាលា​ជាង ៤០០ ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​បាន​ផុស​រូបថត​ខ្លួន​ឯង​ដោយ​ពាក់​ម៉ាស់ រួច​សរសេរ​ថា បញ្ហា​មួយ​នេះ​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ក្មេង​មិន​អាច​ទៅ​សាលារៀន​បាន​ទេ។

ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​គ្មាន​គណបក្ស​ខ្លួន​ឯង​ទេ តែ​ព្រះអង្គម្ចាស់ក្សត្រី​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​សម្រាប់​គណបក្ស « ថៃរ៉ាក់សាឆាត »។ មាន​ការ​ភ្ញាក់ផ្អើល​ចំនួន​ពីរ​ទាក់ទង​នឹង​វត្តមាន​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​នៅ​ក្នុង​ឆាកនយោបាយ​ថៃ​ពេល​នេះ ទី១ តាំង​ពី​ការ​បង្កើត​របបជានិយម​ថៃ​ក្នុង​ឆ្នាំ ១៩៣២ មក នេះ​ជា​លើកទី១ ដែល​មាន​សមាជិក​រាជវង្សសានុវង្ស​មួយ​អង្គ​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត និង​ទី២ គណបក្ស « ថៃរ៉ាក់សាឆាត » ដែល​ព្រះអង្គម្ចាស់ក្សត្រី​បាន​យាង​ចូលរួម​ជាមួយ​ជា​គណបក្ស​គាំទ្រ​អតីត​នាយករដ្ឋមន្រ្តី​លោក​ថាក់ស៊ីន។ តាម​ពិត​ទៅ ភាព​ជិតដិត​ជាមួយ​ត្រកូល​ថាក់ស៊ីន និយាយ​ជា​រួម និង​ជាមួយ​លោក​ថាក់ស៊ីន និយាយ​ដោយឡែក​មិន​ត្រូវ​បាន​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​លាក់បាំង​ទេ។

ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​បាន​យាង​ទស្សនា​រួម​គ្នា​ជាមួយ​លោក​ថាក់ស៊ីន និង​ប្អូនស្រី​លោក​ថាក់ស៊ីន​នូវ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៨ ក្នុង​ប្រទេស​រុស្ស៊ី​រវាង​ក្រុម​កីឡាករ​បាល់ទាត់​អង់គ្លេស និង​ក្រូអាស៊ី​នា​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ផ្តើម​ចេញ​ពី​កម្រ​រូបភាព​នេះ រួម​ទាំង​ការ​ចូលប្រឡូក​ជាមួយ​គណបក្ស​នយោបាយ​ដែល​គាំទ្រ​លោក​ថាក់ស៊ីន​ត្រូវ​បាន​គ្រប់​គ្នា​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​រញ្ជួយ​នយោបាយ​ថៃ ព្រោះ​គេ​ដឹង​ថា​នៅ​ថៃ រាជានិយម និង​ក្រុមយោធា​មិន​ចូលចិត្ត​ត្រកូល​ថាក់ស៊ីន​ទេ។ កងទ័ព​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោក​ថាក់ស៊ីន​ក្នុង​ឆ្នាំ ២០០៦ ហើយ​ទម្លាក់​រដ្ឋាភិបាល​របស់​ប្អូនស្រី​លោក​ថាក់ស៊ីន គឺ​លោកស្រី​យីងឡាក់​ក្នុង​ឆ្នាំ ២០១៤។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ឥទ្ធិពល និង​ប្រជាប្រិយភាព​របស់​ត្រកូល​ថាក់ស៊ីន​កំពុង​បន្ត​មាន​នៅ​ក្នុង​សង្គមថៃ ពិសេស​ក្នុង​ចំណោម​ប្រជារាស្រ្ត​ថៃ​រស់​នៅ​តាម​ជនបទ។

បេក្ខជន​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​ជា​បេក្ខនារី​ដែល​លោក​ប្រាយុទ្ធ ចាន់អូចា​មិន​បាន​រង់ចាំ

គេ​អាច​និយាយ​បាន​ថា វត្តមាន​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​ដែល​ស្និទ្ធ​នឹង​ត្រកូលថាក់ស៊ីន​អាច​ជា​ឆ្អឹង​ទទឹង ក សម្រាប់​លោក​នាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​គណបក្ស « ផាឡាំង ប្រាឆារ៉ាត »។ តែ​ទៅ​ជា​យ៉ាង​នេះ​ក្តី នៅ​មាន​សំណួរ​ជា​ច្រើន​ដែល​គ្រប់​គ្នា​កំពុង​រង់​ចាំ​ចម្លើយ រួម​មាន តើ​សមាជិក​រាជវង្សសានុវង្ស​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឬ​អត់ និង​ថា​តើ​រដ្ឋធម្មនុញ្ញ​ថៃ​បាន​ចែង​ពី​អ្វី​ខ្លះ​ចំពោះ​បញ្ហា​នេះ?។ ក្រោយ​ការ​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់ មាន​គណបក្ស​តូច​មួយ​ដែល​គាំទ្រ​កងទ័ព​បាន​សរសេរ​លិខិត​ប្តឹង​ជំទាស់​នឹង​បេក្ខនារី​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត។ យ៉ាង​ណា​ក៏​ដោយ គណៈកម្មការជាតិ​រៀបចំ​បោះឆ្នោត គជប នឹង​សម្រេច​ប្រកាស​ទទួល​យក​បេក្ខជន​ទាំង​អស់​ជា​ផ្លូវការ​នៅ​ត្រឹម​ថ្ងៃទី១៥ កុម្ភៈ​ខាង​មុខ។ អ៊ីចឹង​ពី​ពេល​នេះ​ដល់​ថ្ងៃទី១៥ កុម្ភៈ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ?។ គួរ​រម្លឹក​ថា មាន​គណបក្ស និង​បេក្ខជន​ជា​ច្រើន​បាន​ចុះ​ឈ្មោះ និង​ឈរ​ឈ្មោះ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​សភា​ខាង​មុខ រួម​ទាំង​គណបក្ស​ភឿថៃ​របស់​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន​ផង។ តែ​លោក​ថាក់ស៊ីន​ក្តី ឬ​ប្អូន​ស្រី​របស់​លោក​ក្តី​កំពុង​បន្ត​ភៀសខ្លួន​រស់នៅ​បរទេស។

បើ​បេក្ខជន​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​នឹង​ត្រូវ​គជប​ទទួល​ស្គាល់​ជា​បេក្ខនារី​ស្របច្បាប់​ដូច​អ្នក​ផ្សេង​ដែរ វា​អាច​នឹង​ធ្វើ​ឲ្យ​បេក្ខជន​លោក​ប្រាយុទ្ធ ចាន់អូចា​ញ័រ​ខ្លួន​មិន​តិច​ទេ ព្រោះ​វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​មេ​របបសឹក​រូប​នេះ​មិន​បាន​រង់ចាំ​ទាល់​តែ​សោះ។ មិនមែន​ញ័រវ​ដោយសារ​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​ជា​សមាជិក​គ្រួសារ​រាជវង្សសានុវង្ស​ទេ តែ​ជា​មនុស្ស​ជំនិត​នឹង​ត្រកូល​ថាក់ស៊ីន។ ចូរ​កុំ​ភ្លេច​ថា មុន​នឹង​សម្រេចចិត្ត​ឲ្យ​រៀបចំ​បោះឆ្នោត​ពេល​នេះ លោក​ចាន់អូចា​ដែល​ជា​មេរដ្ឋប្រហារ​ក្នុង​ឆ្នាំ ២០១៤ បាន​រៀបចំ​ជើង​ព្រួល​គ្រប់យ៉ាង​ដើម្បី​កំចាត់​ត្រកូល​លោក​ថាក់ស៊ីន​ពី​ឆាកនយោបាយ​ថៃ ពិសេស​អនុម័ត​ច្បាប់រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូងចម្រាស​ឆ្នាំ ២០១៦ ដែល​អនុញ្ញាត​ឲ្យ​កងទ័ព​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ដោយ​មិន​បាច់​បោះឆ្នោត។

តែ​ទន្ទឹម​គ្នា​នេះ មាន​ចំណោត​មួយ​ទៀត​ទាក់ទង​នឹង​ច្បាប់​ប្រឆាំង​នឹង​ការ​ជេរ ប្រមាថ ដៀមដាម​ដាក់​ក្រុម​គ្រួសារ​រាជវង្សសានុវង្ស ព្រោះ​បើ​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​យាង​ចូល​ឃោសនា​បោះឆ្នោត​ដូច​គេ​ដូច​ឯង តើ​អ្នក​ណា​ហ៊ាន​និយាយ​វាយប្រហារ​រិះគន់​លើ​ព្រះអង្គម្ចាស់ក្សត្រី ទោះ​បី​ជា​ច្បាប់​នោះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រះអង្គម្ចាស់ក្សត្រី​ក៏​ដោយ​ក៏​គេ​ញញើត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ