ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT

ភាពយន្ត Grandir រឿងជីវិតតែមួយរបស់កុមារអាស៊ី៦នាក់

ភាពយន្ត Grandir រឿងជីវិតតែមួយរបស់កុមារអាស៊ី៦នាក់
 
Photo d'affiche du film Grandir de Jill Coulon © RFI

មហោស្រព​​អន្តរជាតិ​នៃ​ភាព​យន្ត​អាស៊ី ឬមហោស្រព​ភាព​យន្ត​អាស៊ី តែ​មួយ​គត់​នៅអឺរ៉ុប​​ កំពុង​ប្រព្រឹត្ត​ទៅ​ ជា​លើក​ទី​២៥ ពី​ថ្ងៃទី ៥ដល់​ថ្ងៃទី ១២​កុម្ភៈ នៅ​វឺស្ហូល ទីក្រុងដ៏​តូច​មួយ​នៅភាគ​កើត​ប្រទេស​បារាំង។ ភាព​យន្ត​ដែល​មាន​កិត្តិយស​ចូល​មក​បើក​កម្មវិធី មាន​ជំណង​ជើង​ថា Grandir។ ផលិត​ដោយ​សមិទ្ធិករវ័យក្មេង​ជាតិ​បារាំង ហ្ស៊ីល គូឡុង​ Jill Coulon ភាពយន្ត​Grandir មិនត្រឹម​តែ​ជា​និម្មិត្ត​រូប​នៃ​ចំណង​វប្បធម៌​បារាំងជាមួយ​អាស៊ី​ទេ តែ​បាន​នាំ​ប្រិយមិត្ត​ទស្សនិកជន​ឱ្យ​បាន​ស្គាល់​អំពី​ដំណើរ​ជីវិត​តែ​មួយ​របស់​កុមារ​៦​រូប រស់​នៅក្នុង​ប្រទេស​ចំនួន ៦​ប្រទេស​ផ្សេង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​មាន​សំណាង​បាន​ទទួល​ការ​សិក្សា​អប់រំ​ត្រឹម​ត្រូវ តាម​រយៈ​ប្រព័ន្ធ​ឧបត្ថម្ភក្មេង​របស់​អង្គការ​កុមារ​មេគង្គ Enfants du Mékong។

-ព្រីន ជនជាតិ​ភាគតិច​ចារ៉ៃ​នៅ​ខ្ពង់រាប​វៀតណាម អាយុ​៦​ឆ្នាំ ចង់​ចេះភាសា​វៀតណាម ភាសាជាតិ​ ដើម្បី​គេច​ពី​ការម៉ាក់ងាយ

-មួយឡាតអូន អាយុ​១០​ឆ្នាំ រស់​ក្នុង​ជំរំ​ជនភៀស​ខ្លួន​សង្គ្រាមនៅភូមា ស្រមៃ​ចង់​ធ្វើ​គ្រូសាសនា មិនមែនកាន់​អាវុធ​ធ្វើ​ទាហាន

-ភូត កុមារី​ឡាវ ​ អាយុ​១៤​ឆ្នាំ ក្មេង​ពិការ​គថ្លង់ តែ​បាន​ចូល​រៀន​ចេះ​អាន​ចេះ​សរសេរ និងស្រមៃ​ចង់​ក្លាយ​ជា​អ្នក​កែសម្រស់

-បញ្ញា អាយុ​១៧​ឆ្នាំ កូន​ខ្មែរ​ រស់​នៅភូមិ​ដាច់ស្រយ៉ាល​ជាប់​ព្រំដែន​ថៃ ស្រមៃក្លាយ​ជា​វិស្វករ ដើម្បី​សាងសង់ផ្ទះ​មាន​ជញ្ជាំង​និង​ដំបូល​ត្រឹម​ត្រូវ​ជូន​ឪពុកម្តាយ

-ថូកូឡូ អាយុ​២១​ឆ្នាំ ជនជាតិការ៉ែន គ្មាន​អត្តសញ្ញាប័ន​ថៃ បានចាកចេញពី​តំបន់​ភ្នំ​មក​រៀន​និង​ធ្វើ​ការ​នៅ​បាងកក សង្ឃឹម​បានក្លាយ​ជា​ជាតិ​ថៃ​ពេញលក្ខណៈ

-ក្នុង​វ័យ​៣៤​ឆ្នាំ ហ្សូលីយ៉ែត ជា​កូន​កំព្រា រស់​ក្នុង​សង្ក្រាត់​ក្រីក្រ​លើ​គំនរសំរាម បាន​សម្រេច​បំណង​ក្នុង​ជីវិត​ ដោយ​អាច​រស់​នៅ​ប្រកប​ដោយ​សុភមង្គល មានផ្ទះ​សម្បែង មានស្វាមី មាន​កូនបួន​នាក់ និង​មាន​អាជីព​ជា​គ្រូ​បឋម​សិក្សា

ដំណើរ​ជីវិត​របស់​អ្នក​ទាំង​៦ ត្រូវ​បាន​សមិទ្ធិករ​ Jill Coulon ​ច្នៃ​​ត​ភ្ជាប់​គ្នា ដើម្បីផលិត​ជា​ភាព​យន្ត​ឯកសារ​ ក្រោម​​ចំណង​ជើង​ថា “Grandir” ដែល​អាច​ប្រែ​ថា “ធំឡើង”។

Grandir ជា​ភាព​យន្ត​ដែល​​កុមារនិង​ក្មេង​​៦​រូប អាយុ ៦-១០-១៤-១៧-២១ ឆ្នាំ​ រស់នៅក្នុង​ប្រទេសអាស៊ី​៦​ផ្សេង​គ្នា​ ​​តែ​មានប្រវត្តិ​គ្រួសារនិង​ស្ថានភាព​លំបាកលំបិន​ខ្លាំង​ដូច​គ្នា​ រៀប​រាប់​អំពី​ប្រវត្តិ​និង​រឿង​ជីវិតតែ​មួយ​ តគ្នា​ទម្រាំ​ដល់​ធំ។ ពី​ដំបូង​ជីវិត​របស់​ពួក​មានការ​លំបាក​លំបិន​ខ្លាំង តែ​ចុងក្រោយ​ដោយសារ​ជំនួយ​ឧបត្ថម្ភ​របស់​ឪពុកម្តាយ​ធម៌​នៅ​បារាំង ជីវិត​របស់​ពួកគេ​បាន​ប្រសើរ​ឡើងដូចករណី​ Juliet តួអង្គ​ជាតិ​ហ្វីលីពីន ដែល​អ្នក​និពន្ធ​បាន​ជ្រើសរើស​មក​សម្រាប់​បញ្ចប់​សាច់​រឿង។

​បំណង​ប្រាថ្នាចង់កសាងជីវិត​ឱ្យ​បាន​ប្រសើរ​ឡើង​នៅ​ពេល “ធំ”​ អាច​សម្រេចបាន​ ដោយសារ​​ប្រព័ន្ធ “កូនធម៌” របស់​​​អង្គការ ​Enfants du Mékong ​ដែល​ជា​អ្នក​ចាត់​ចែង​ស្វែង​រក​​គ្រួសារ​បារាំងមួយ ឱ្យទទួល​ខុស​ត្រូវផ្តល់​​ជំនួយ​ឧបត្ថម្ភជា​ថវិកានិង​ទឹកចិត្ត ​ ដល់ក្មេង​ម្នាក់​ឬពីរនាក់ ដោយចំពោះ ឱ្យ​​បាន​ទទួល​ការ​សិក្សា​អប់រំដ៏​ត្រឹម​ត្រូវ។

ភាព​យន្តនេះ​ ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ខួប​ ៦០ ឆ្នាំ របស់​អង្គការ​ Enfants du Mékong ដែល​បាន​ចាប់​ផ្តើម​សកម្មភាព​មនុស្សធម៌​ជួយ​កុមារ​នៅតំបន់​អាស៊ីអាគ្នេយ៍ តាំង​ពី​ឆ្នាំ ១៩៥៨​មក ក្នុង​ប្រទេស​ចំនួន ៧ គឺ វៀតណាម ថៃ ឡាវ ហ្វីលីពីន កម្ពុជា ភូមា និង​ចិន។ ប៉ុន្តែ​មូលហេតុ​ដ៏​ចំបងដែល​ជំរុញ​ឱ្យ​ ហ្ស៊ីល គូឡុង ផលិត​​រឿង​Grandir​នេះឡើង មក​ពីអ្នក​ស្រី ​ចង់ផលិត​ភាព​យន្ត​ដែល​មាន​ប្រយោជន៍ អាច​ចែករំលែក​ឱ្យពិភពលោក​បាន​ឃើញ​អំពី​ជីវិត​​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ក្មេង​នៅ​តំបន់ និ​ងចង់​ឱ្យមាន​ការ​ជួយ​​ក្មេងផ្សេង​ទៀត ឱ្យ​បាន​កាន់​តែ​ច្រើន។

អ្នកស្រី Jill Coulon ៖

“យើង​សង្ឃឹម​ថា​ក្រោយ​ពី​បាន​ឃើញ​ភាពយន្ត​នេះ​ហើយ​ ទស្សនិជន​នឹង​បាន​យល់​អំពី​ផល​ដ៏​ល្អ​នៃ​ការ​ចិញ្ចឹម​កូន​ធម៌ អំពី​ឥទ្ធិពល​នៃ​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​ ជាពិសេស​ជំនួយ​ហិរញ្ញវត្ថុ​តែ​ម្តង សម្រាប់​ឱ្យ​កុមារ​បាន​ទៅ​សាលា និង​ឥទ្ធិពល​ផ្លូវចិត្ត ជាក់ស្តែង​គឺ​ករណី​នាង ប៉ាអូឡូ ជនជាតិ​ការ៉ែន​នៅ​ថៃ ដែល​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​តាំង​ពី​៧​ឆ្នាំ​មក បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​រហូត​ពី​ឪពុកម្តាយ​ធម៌​ជា​ជនជាតិ​បារាំង រស់​នៅ​ស្រុក​បារាំង។ គឺ​ដោយ​សារ​តែជំនួយ​ទឹកចិត្ត​នេះ​ទើប​នាង​អាច​ធ្វើការ​សិក្សា​បាន​វែងឆ្ងាយ។ ក្មេង​ពិការ​នៅ​អាស៊ី គឺ​ជា​កម្មផល ! កើត​មក​គថ្លង់ ត្រូវ​រស់​កៀន​កន្លៀត​ ប៉ុន្តែ​តាម​រយៈ​ជំនួយ​របស់ឪពុកម្តាយ​ធម៌ ភូត កូនឡាវ​លើត​មក​គថ្លង់ អាច​ចូល​សាលាភាសា​គ​របស់​អង្គការ Enfants du Mékong បាន។

ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ឱ្យ​ភាព​យន្ត​នេះ​ក្លាយ​ជា​មធ្យោបាយ​ជួយ​កុមារ​ជា​ច្រើន​ផ្សេង​ទៀត មាន​សំណាង​បាន​ជំនួយ​ឧបត្ថម្ភ​ដែរ និង​មើល​ក្មេង​សុំ​ទានមុខអង្គរ​វត្ត​ក្នុង​ន័យ​ផ្សេង។ ​ហើយ​ជា​ចុងក្រោយ​ខ្ញុំ​ចង់​ឱ្យ​កុមារ​បារាំង​បាន​យល់​អំពី​តើ​ពួកគេមាន​​សំណាងធំ​ប៉ុណ្ណា​​ ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​សិក្សា​ ដោយ​ឥតគិតថ្លៃ។ បាន​ទទួល​ការ​អប់រំ​ គឺ​ជា​ថាមពល​ដ៏​ធំធេង!”

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ