ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT

កូរ៉េ​ខាងត្បូង​​ព្រម​ដំឡើង​ចំណាយ ដើម្បី​​ទ្រទ្រង់​​វត្តមាន​​កងទ័ព​​អាមេរិក លើ​ទឹកដីខ្លួន

កូរ៉េ​ខាងត្បូង​​ព្រម​ដំឡើង​ចំណាយ ដើម្បី​​ទ្រទ្រង់​​វត្តមាន​​កងទ័ព​​អាមេរិក លើ​ទឹកដីខ្លួន
 
លោកស្រី​រដ្ឋមន្ត្រីក្រសួងការបរទេស​កូរ៉េ និង​តំណាងក្រសួងការបរទេស​​អាមេរិក ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ដំឡើង​ចំណាយ​ទ្រទ្រង់​វត្តមានកងទ័ព​អាមេរិក​នៅ​កូរ៉េខាង​ត្បូង​ © Reuters

នៅ​ថ្ងៃអាទិត្យ​នេះ កូរ៉េខាង​ត្បូង បាន​ចុះ​ហត្ថលេខា​លើ​ពិធីការមួយ​ ដែល​បញ្ជាក់​អំពី​ការ​ព្រមព្រៀង​​ដំឡើងចំណាយ​ហិរញ្ញវត្ថុ​ ​ចំនួន​ជិត​១០% ដើម្បី​ជួយ​​ទ្រទ្រង់​វត្តមានកងទ័ព​អាមេរិក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ ការព្រម​​​ជួយ​រំលែក​បន្ទុកផ្នែក​ថវិកានេះ​ ជា​បិទ​បញ្ចប់​ភាព​តាន​តឹង​រវាង​ រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ​​ជុំ​វិញ​តម្លៃ​នៃ​ការ​រក្សា​កងទ័ព​អាមេរិក​ចំនួន​ជាង​២៨៥០០​នាក់នៅ​កូរ៉េខាង​ត្បូង​។ អាមេរិក​និង​កូរ៉េខាង​ត្បូង រក​ឃើញការ​​​ព្រមព្រៀង ​តែ​ប៉ុន្មាន​​ថ្ងៃ​មុន​ជំនួប​ជា​លើក​ទីពីរ​រវាង​លោក​ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន។

តាំង​ពី​លោក​ត្រាំ​បានក្លាយ​ជា​ប្រធានាធិបតី​អាមេរិកមក លោកតែង​តែរ​អ៊ូ​​ ចង់​ឱ្យ​កូរ៉េខាង​ត្បូង ជួយ​រំលែក​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ខ្លះ និង​ធ្លាប់​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​ដូណាល់ ត្រាំ ចង់​ដក​កងទ័ព​​ ចេញ​ពី​កូរ៉េខាង​ត្បូង​តែ​ម្តង​ផង កាលពី​ឆ្នាំ​ទៅ ​ព្រោះ​វត្តមាន​កងទ័ព​អាមេរិក​ជាង​ពីរ​ម៉ឺននាក់ នៅ​លើ​ទឹកដី​សាធារណរដ្ឋ​កូរ៉េ ជា​​ចំណាយដ៏​ច្រើន​មហិមា។

​​​បើ​តាមប្រភព​​សារព័ត៌មាន​កូរ៉េខាង​ត្បូង វ៉ាស៊ីនតោន បាន​ទាមទារ​ឱ្យ​សេអ៊ូល​​បង្កើនវិភាគ​ទាន​​​ទ្វេដង​ ក្នុងការ​ចំណាយ​ជួយ​​ទ្រទ្រង់​វត្តមាន​កងទ័ព​អាមេរិកនេះ។​ អាមេរិក​ទាមទារ​ច្រើន​ខ្លាំងណាស់ ប៉ុន្តែ​នៅ​ទី​បំផុត ដោយ​យល់​អំពី​ភាព​ចាំបាច់​នៃ​សម្ព័ន្ធភាព​ដ៏​រឹង​មាំ​រវាង​អាមេរិក​និង​កូរ៉េខាង​ត្បូង និង​តម្រូវការ​ចាំបាច់​នៃ​វត្តមាន​កងទ័ព​អាមេរិក ប្រទេស​ទាំង​ពីរ​បាន​រក​ឃើញ​​កិច្ចព្រមព្រៀងមួយ​​ព្រឹក​មិញ សេអ៊ូល​គ្រោង​នឹង​បង់​ថវិកា​តែ​ប្រមាណ​៨១៦​លាន​អឺរ៉ូ​ប៉ុណ្ណោះ​ សម្រាប់​ឆ្នាំ​២០១៩ ពោល​គឺ​ដំឡើង​ចំណាយ​តែ​ ៨,២%​ប៉ុណ្ណោះ បើ​ប្រៀប​ទៅ​នឹង​ប្រាក់​វិភាគ​ទាន​ដែល​កូរ៉េខាងត្បូង​តែង​តែ​ផ្តល់​ទៅ​ឱ្យ​អាមេរិក​ ជា​រៀង​រាល់​ឆ្នាំ តាំង​ពី​ឆ្នាំ​២០១៣មក។ នេះ​​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កូរ៉េខាង​ត្បូង ដោយ​បញ្ជាក់​ទៀត​ថា ​ប្រទេស​ទាំង​ពីរបាន​​​សម្រេច​កិច្ចព្រមព្រៀង​ ដែល​​គិត​គូរ​ដល់​បញ្ហាសន្តិសុខ​​​ស្ថិរភាព​របស់​ឧបទ្វីប។

ក្រោយ​យសង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ឆ្នាំ ១៩៥៣​មក កូរ៉េខាង​ជើង និង​ខាង​ត្បូង មិន​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទេ គឺ​មាន​តែ​ត្រឹម​យុទ្ធសន្តិភាព​ប៉ុណ្ណោះ។ ពោល​គឺ​កូរ៉េខាង​ជើង​និង​ខាង​ត្បូង​ កំពុង​មាន​សង្គ្រាម​នឹង​គ្នា​នៅ​ឡើយ​ទេ បើ​និយាយ​តាម​បច្ចេកទេស​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សេអ៊ូល បាន​ដាក់​ពង្រាយ​កងទ័ព​ខ្លួន​ជាង​២៨០០០​នាក់​ តាំងពី​ពេល​នោះ​មក​ ដើម្បី​ការពារ​កូរ៉េខាង​ត្បូង​ពី​ការ​គំរាមកំហែង​របស់​កូរ៉េខាង​ជើង។​

មាន​អ្នក​ជំនាញ​មិន​តិច​ទេ​​ដែល​ បារម្ភណាស់​ខ្លាច​លោក​ត្រាំ​យក​បញ្ហា​តម្លៃ​និង​ការ​ចំណាយ ជា​លេស​សម្រាប់​ប្រកាស​ដក​កងទ័ព​អាមេរិក​ចេញ​ពី​កូរ៉េខាង​ត្បូងនោះ។

​យូរ​ឬ​ឆាប់​ អាមេរិក​នឹង​​ដក​កងទ័ព​ ចេញ​ពីកូរ៉េខាង​ត្បូង

​លោក ត្រាំ និង​លោក គីមជុងអ៊ុន ត្រូ​វ​ជួប​ពិភាក្សា​គ្នា​ជា​លើក​ទីពីរ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅចុង​ខែ​កុម្ភៈ​នេះ​ហើយ។ កម្មវត្ថុ​នៃ​ជំនួប​ គឺ​ធ្វើ​យ៉ាងណា​ស្វែង​រក​ឱ្យ​ឃើញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ បិទ​បញ្ចប់​សង្គ្រាម​រវាង​កូរ៉េខាង​ជើង និង​កូរ៉េខាង​ត្បូង ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ជូន​ឧបទ្វីប​កូរ៉េ​។

កាលពី​មុន​ជំនួប​កំពូល​ជា​លើក​ទីមួយ នៅ​សិង្ហបុរី លោក ដូណាល់ ត្រាំ បាន​ធ្វើ​សម្បទាន​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​មួយ ដោយ​បាន​ប្រកាស​ផ្អាកលំហាត់​សឹក​រវាង​វ៉ាស៊ីនតោន និង​សេអ៊ូល។ សម្រាប់​​លោក ត្រាំ ឈប់​ធ្វើ​សមយុទ្ធ​ជា​ការ​សន្សំ​សំចៃ​ថវិកា​បាន​យ៉ាង​អនេក។ ប៉ុន្តែ​ទន្ទឹម​នឹង​ហេតុ​ផល​ថវិកា ការ​ផ្អាក​លំហាត់​សឹក​ជាអ្វី​ដែល​កូរ៉េខាង​ជើង​តែង​ទាមទារ​រហូត​មក។ ឯ​ការ​ដកកងទ័ព​អាមេរិក​ចេញ​ទឹកដី​កូរ៉េខាង​ត្បូង ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​កូរ៉េខាង​ជើង​តែង​តែ​បាន​ភ្ជាប់​ជា​លក្ខខណ្ឌ​នៃ​ការ​ចរចាផ្សេងៗ​ដែរ។

ប៉ុន្តែ​បើ​តាម​ លោក​ដូណាល់ ត្រាំ គ្មាន​ទេការ​ភ្ជាប់​គម្រោង​ដក​កងទ័ព​អាមេរិក​ចេញ​ពី​កូរ៉េខា​ងត្បូង ទៅ​នឹង​​ក្របខ័ណ្ឌ​នៃ​ជំនួប​ចរចា​ នៅ​ទីក្រុង​ហាណូយ។ តែ​ការដកកងទ័ព​អាមេរិក​ នឹង​អាច​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ណា​មួយ​ ដោយ​ចៀស​មិន​រួច ព្រោះ​ជា​ថ្មី​ម្តង​ទៀត សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក​ ការ​រក្សាវត្តមាន​កងទ័ព​អាមេរិក​នៅ​កូរ៉េខាង​ត្បូង ជា​ចំណាយ​ដ៏​ថ្លៃ​ខ្លាំងណាស់ !

​ម្យ៉ាង​ទៀត កិច្ចព្រមព្រៀង​​ដំឡើងចំណាយ​​នេះ​មាន​សុពលភាព​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ! ភាគី​ទាំង​ពីរ​ត្រូវ​វិល​មក​ពិភាក្សា​គ្នា​ជា​ថ្មី​ទៀត អំពី​បញ្ហា​លុយ​នេះ​ដដែល​នៅ​ឆ្នាំ​ក្រោយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ជំនួប​លើកទី២​រវាង​លោកត្រាំ​និង​លោក​គីម ជុងអ៊ុន​ គ្រោងធ្វើនា​​ចុងខែកុម្ភៈ​

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង

    អាមេរិក និង​កូរ៉េ​ខាងត្បូង លប់​ចោល​សមយុទ្ធ​យោធា ដើម្បី​ថ្នមចិត្ត​កូរ៉េ​ខាងជើង

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    New York Times៖​លោក​ដូណាល់ ត្រាំ​កំពុង​ពិចារណា​លើ​សេណារីយ៉ូ​ដើម្បី​កាត់​បន្ថយ​ទ័ពអាមេរិក​នៅ​កូរ៉េខាងត្បូង

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    កូរ៉េខាងត្បូងបង្កើន​​កំរិត​​អាសន្ន ខណៈ​ដែល​​​ចិន​ប្រមូល​ផ្តុំ​ទ័ព​នៅ​ព្រំដែន​កូរ៉េខាងជើង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ