អានតួអត្ថបទ

មហោស្រព​អន្តរជាតិ​នៃ​ភាពយន្ត​អាស៊ី​ នៅ​Vesoul មាន​អាយុ ២៥ ឆ្នាំ

មហោស្រពអន្តរជាតិនៃភាពយន្តអាស៊ី លើកទី២៥នឹងចាប់បើក ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២កុម្ភៈ នៅក្រុងវឺស្ហូលVesoul ភាគខាងកើតប្រទេសបារាំង ដោយមានការចាក់បញ្ចាំងខ្សែភាពយន្តអាស៊ីចំនួន ៩០ រឿង និងមានទស្សនិជនចូលទស្សនាជាងបីម៉ឺននាក់។ ជាលើកទីមួយ មហោស្រពបានការចូលរួមបើកកម្មវិធី ដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌។

ការ​បើក​កម្មវិធី​មហាស្រពអន្តរជាតិ​នៃភាព​យន្ត​អាស៊ី នៅ​Vesoul
ការ​បើក​កម្មវិធី​មហាស្រពអន្តរជាតិ​នៃភាព​យន្ត​អាស៊ី នៅ​Vesoul FICA
ផ្សាយពាណិជ្ជកម្ម

មហោស្រពអន្តរជាតិនៃភាពយន្តអាស៊ី ឆ្នាំ២០១៩ ប្រារព្វធ្វើក្រោមប្រធានបទ គូស្នេហ៍អាស៊ី ដើម្បីឧទ្ទិសដល់ជីវិតស្នេហ៍របស់ស្ថាបនិកនៃមហោស្រព លោកនិងលោកស្រី ទេវ័ន្ត។ ជាអ្នកស្រលាញ់និងចូលចិត្តអក្សរសិល្ប៍ភាពយន្តដូចគ្នា ហ្សង់ម៉ាក និង ម៉ាទីន បានជួបគ្នាជាលើកទីមួយ នៅប្រទេសថៃ នៅឆ្នាំ១៩៨២ និងបានរួមរស់នៅជាមួយជាគូស្វាមីភរីយា តាំងពីឆ្នា១៩៩៥ រហូតមកទល់ពេលបច្ចុប្បន្ននេះ។

កំណើតស្នេហ៍អាស៊ី លេចជាគំនិតបង្កើតមហោស្រពឧទ្ទិសដល់ភាពយន្តអាស៊ី នៅវឺស្ហូល ក្រុងតូចមួយនៅភាគខាងកើតប្រទេសបារាំង បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែសម្រាប់ស្ថាបនិកទាំងពីរ វឺស្ហូល ជាចំណុចកណ្តាលនៃអឺរ៉ុប។ ពីដំបូង មហោស្រពនេះ មានទម្រង់ជាងក្លឹបអ្នកចូលចិត្តភាពយន្ត បើកឱ្យចូលទស្សនាតែគ្រូបង្រៀន ក្រុមអាជីពសេរី និងអ្នកជំនាញតែប៉ុណ្ណោះ ប៉ុន្តែបន្តិចម្តងៗ មហាស្រពបានទទួលការគាំទ្រ និងបានបើកទូលាយកាន់តែធំ ទទួលទស្សនិកជនគ្រប់លំដាប់ថ្នាក់ ពោលគឺសាធារណជនទូទទៅ ដោយមានការប្រកួតប្រជែងភាពយន្តគ្រប់ប្រភេទ ខ្នាតវែង ខ្នាតខ្លី មធ្យម ឯកសារ។ ក្នុងរយៈពេល២៥ឆ្នាំ មហោស្រពបានបញ្ចាំងភាពយន្តចំនួន ១៦០០រឿង អញ្ជើញសមិទ្ធិករផលិតករ បានជាង៥៥០នាក់ និងទស្សនិជនជាង៦០ម៉ឺននាក់។

នៅឆ្នាំនេះ មហោស្រពមានបញ្ចាំងភាពយន្តចំនួន៩០រឿង មកពីស្ទើរគ្រប់ប្រទេសទាំងអស់នៃទ្វីបអាស៊ី ព្រមទាំង ភាព​យន្តកូនកាត់ បារាំង-ខ្មែរ បារាំង-ចិន បារាំង-រុស្ស៊ី ។ល។ ដែលភាគច្រើនជាភាពយន្តកម្រ និងជាភាពយន្តដែលផ្តល់តម្លៃដល់សិល្បៈបែបស្រាវជ្រាវ និងបែបការពារបេតិកភណ្ឌភាពយន្ត។ ក្នុងមហោស្របនេះ នឹងការចែកពានរង្វាន់ ១១ ក្នុងនោះពានរង្វាន់ដែលខ្ពស់ជាងគេតំណាងដោយរូបស៊ីក្លូមាស។ ប្រធានគណៈមេប្រយោគអន្តរជាតិ សម្រាប់មហោស្រពលើកទី២៥នេះ ដឹកនាំដោយសមិទ្ធិករជាតិសិង្ហបុរី លោក អេរិក ខូ។ ទស្សនិជនក៏មានចំណែកបញ្ចេញមតិ តាមរយៈការបោះឆ្នោត លើកទឹកចិត្តដល់ភាពយន្តដោយអ្នកចូលចិត្តជាងគេ។

មហោស្រពភាព​យន្តវឺស្ហូល​ បាន​ក្លាយ​ជា​អត្តសញ្ញាណ​ជាតិ​មួយ​របស់​បារាំង។ សម្រាប់​​លោករដ្ឋមន្ត្រី ក្រសួង​វប្បធម៌ មហោស្រពអន្តរជាតិនៃភាពយន្តអាស៊ី ជាស្ពានភ្ជាប់​បារាំង​និង​អាស៊ី ភ្ជាប់​វឺស្ហូលទៅសេអ៊ូល ដោយឆ្លងកាត់ ឥណ្ឌា ចិន ជប៉ុន កូរ៉េ ហុងកុង តៃវ៉ាន់ សិង្ហបុរី អាហ្វហ្កានីស្ថាន អ៊ីរ៉ង់ ហ្វីលីពីន ស៊ីរី។

ភាពយន្តដែលនឹងមកបើកឆាកមហោស្រព គឺភាពយន្តអាស៊ីបារាំង របស់សមិទ្ធិករ ហ្ស៊ីល គូឡុង មានចំណងជើងថា ហ្ក្រង់ដៀ។ ជា​ភាពយន្តដែលបង្ហាញអំពីជីវិតរបស់កុមារ៦​នាក់រស់​នៅក្នុងប្រទេសចំនួន ៦ ភូមា ឡាវ ខ្មែរ ថៃ វៀតណាម និងហ្វីលីពីន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ