អានតួអត្ថបទ
ថៃ

ថៃ៖គណៈកម្មការសោតទស្សន៍ផ្អាកការផ្សាយទូរទស្សន៍ Voice TV របស់កូនលោកថាក់ស៊ីន

នៅ​ក្នុង​ប្រទេស​ថៃ គណៈកម្មការ​សោតទស្សន៍​បាន​ប្រកាស​នា​ថ្ងៃ​អង្គារ ទី១២ កុម្ភៈ​ពី​ការ​ផ្អាក​ការ​ផ្សាយ​របស់​កាណាល់​ទូរទស្សន៍ Voice TV រយៈពេល ១៥ថ្ងៃ។ Voice TV ជា​ទូរទស្សន៍​របស់​កូន​លោក​ថាក់ស៊ីន អតីត​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ២០០៦។ ការ​សម្រេច​នេះ​ត្រូវ​បាន​គណៈកម្មការ​សោតទស្សន៍​ពន្យល់​ថា មក​ពី Voice TV បាន​រំលោភ​ច្រើន​ដង​លើ​ច្បាប់​សោតទស្សន៍​របស់​ប្រទេស។ តែ​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា វិធានការ​មួយ​នេះ​ជា​ការ​តាម​ដាក់​គំនាប​លើ​ក្រុម​អ្នកគាំទ្រ​លោក​ថាក់ស៊ីន​ក្នុង​ពេល​ដែល​ការ​រៀបចំ​បោះឆ្នោត​ខិត​ចូល​កាន់​តែ​ជិត ពោល​នៅ​ថ្ងៃទី២៤ មីនា​ខាង​មុខ។

លោក​នាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចា
លោក​នាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចា Odd ANDERSEN / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ព្យួរ​ការ​ផ្សាយ​របស់​ទូរទស្សន៍ Voice TV រយៈពេល ១៥ថ្ងៃ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកភីរ៉ាផុង ម៉ាណាគីត សមាជិក​ម្នាក់​នៃ​គណៈកម្មការ​សោតទស្សន៍​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ។ លោកម៉ាណាគីតបាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មាន​កម្មវិធី​ជា​ច្រើន​របស់ Voice TV អាច​មាន​លក្ខណៈ​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​ប្រទេស​ចំ​ពេល​ដែល​ការ​រៀបចំ​បោះឆ្នោត​កាន់​តែ​ខិត​ចូល​ជិត​មក​ដល់។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាណាគីតក៏​បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​ទូរទស្សន៍​របស់​កូន​លោក​ថាក់ស៊ីន​មួយ​នេះ​នៅ​តែ​បន្ត​ប្រពឹត្ត​កំហុស​ឆ្គង​ដដែល គណៈកម្មការ​សោតទស្សន៍​នឹង​បន្ត​ពន្យា​ពេល​ផ្អាក​ការ​ផ្សាយ​បន្ថែម​ទៀត និង​អាច​ឈាន​ទៅ​បិទ​កាណាល់​ទូរទស្សន៍ Voice TV ទាំង​ស្រុង​តែ​ម្តង។

លោកមេគីន ប៉េតផ្លៃ អគ្គនាយក​ទូរទស្សន៍ Voice TV បាន​ប្រាប់​ឲ្យ​ដឹង​ថា តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ២០១៤ ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ដែល​ជា​ប្អូនស្រី​របស់​លោក​ថាក់ស៊ីន​មក Voice TV ដែល​ជា​របស់​កូន​លោក​ថាក់ស៊ីន​ត្រូវ​បាន​គណៈកម្មការ​សោតទស្សន៍​ផ្អាក​ការផ្សាយ​ចំនួន ៤លើក និង​ថា លោក​នឹង​ដាក់​ពាក្យ​ប្តឹង​គណៈកម្មការ​សោតទស្សន៍​ទៅ​កាន់​តុលាការ​រដ្ឋបាល។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ប្រកាស​ព្យួរ​ការ​ផ្សាយ​របស់​ទូរទស្សន៍ Voice TV បាន​ធ្លាក់​មក ចំ​ពេល​ដែល​ភាព​តានតឹង​ហាក់​បាន​កក្រើក​ឡើង​វិញ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​រវាង​ក្រុម​យោធា​ដែល​កំពុង​កាន់​អំណាច និង​ក្រុម​សកម្មជន​គាំទ្រ​លោក​ថាក់ស៊ីន។

ក្នុង​ថ្ងៃ​សុក្រ ទី៨ កុម្ភៈ គណបក្ស​ថៃរ៉ាក់សាឆាត​ដែល​ជា​គណបក្ស​សម្ព័ន្ធមិត្ត​របស់​លោក​ថាក់ស៊ីន​បាន​ប្រកាស​បេក្ខភាព​ជា​នាយករដ្ឋមន្រ្តី​របស់​ព្រះម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​ដែល​ជា​បុត្រីច្បង​របស់​អតីត​ព្រះមហាក្សត្រ។ តែ​ក្រោយ​ពី​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​ព្រះមហាក្សត្រ​មក ម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​ក៏​សម្រេច​ដក​បេក្ខភាព​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​ចេញ​វិញ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កំពុង​ពិនិត្យ​មើល​ថា តើ​ការ​ដែល​គណបក្ស​ថៃរ៉ាក់សាឆាត​បាន​យក​សមាជិក​រាជវង្សសានុវង្ស​ម្នាក់​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​អាច​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ឬ​អត់។ បើ​ខុស​មែន នោះ​គណបក្ស​ថៃរ៉ាក់សាឆាត​អាច​ប្រឈម​នឹង​ការ​រំលាយ ហើយ​បើ​ត្រូវ​រំលាយ​មែន នោះ​ជា​ការ​សំពង​មួយ​ពំនូង​យ៉ាង​ចាស់​ដៃ​លើ​ក្រុម​សកម្មជន​លោក​ថាក់ស៊ីន​ដែល​សង្ឃឹម​វិល​ត្រឡប់​ចូល​ក្នុង​ឆាកនយោបាយ​ជា​ថ្មី។

សម្រាប់​ការ​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២៤ មីនា​ខាង​មុខ មាន​បេក្ខជន​នាយករដ្ឋមន្រ្តី​ចំនួន ៦៩នាក់​មក​ពី ៤៥​គណបក្ស​នយោបាយ​ត្រូវ​បាន​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​អនុម័ត​ទទួល​យក ក្នុង​នោះ ក៏​មាន​មេដឹកនាំ​របបសឹក​លោក​ប្រាយុទ្ធ ចាន់អូចា​ម្នាក់​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ